កម្មវិធីសំណេះសំណាលនៅសាលា ICC

ថ្នាក់ដឹកនាំរបស់មិសិនកម្ពុជាបានចុះទៅជួបសំណេះសំណាលជាមួយបុគ្គលិក លោកក្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលមួយចំនួនរបស់សិស្សនៅឯសាលា ICC ដែលស្ថិតនៅភូមិយាយតៀង ឃុំបាល័ង្ក ស្រុកបារាយ៍ ខេត្តកំពុងធំ។ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ប៉ាស្ទ័រ ហង្ស តារាជានាយកមិសិនកម្ពុជា និងលោក សៀង គឹមស្រេងប្រធាននាយកដ្ឋានអប់រំរបស់មិសិនកម្ពុជាបានចុះជួបសំណេះសំណាលដោយផ្ទាល់។ នៅក្នុងឳកាសដ៏ពិសេសនោះប្រធាននាយកដ្ឋានអប់រំបានចែករំលែកនូវព៌ត័មានមួយចំនួនដែលទាក់ទងទៅនឹងប្រព័ន្ធអប់រំរបស់ព្រះវិហារអាត់វេនទីស្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូលផងដែរ។ លោក សៀង គឹមស្រេងបានមានប្រសាសន៍ថា៖ «អ្នកមិនឯកកោតែម្នាក់ឯងនោះទេ!»។ ត្រង់ចំណុចនេះលោកចង់លើកទឹកចិត្តដល់គ្រប់គ្នាអោយដឹងថា យើងមានសាលារបស់ជាច្រើកន្លែងនៅក្នុងប្រទេសកម្ពុជាព្រមទាំងមានសិស្សរហូតទៅដល់រាប់ពាន់អ្នក។ រីឯនៅទូទាំងពិភពលោកវិញយើងមានសាលារាប់ពាន់ព្រមទាំងមានសិស្សរហូតដល់រាប់លានអ្នកឯណោះ។

 

នៅក្នុងឳកាសដ៏សោមនស្សនោះ លោកនាយកមិសិនបានចែកចាយនូវព្រះបន្ទូលរបស់ព្រះក្នុងការលើកកំពស់ចំណេះរបស់អ្នកដែលបានចូលរួមទាំងអស់អោយបានយល់បន្ថែមទាក់ទងទៅនឹងសេចក្តីជំនឿ និងការប្រព្រឹត្តនៅក្នុងជីវិតប្រចាំថ្ងៃ។ ប៉ាស្ទ័រ ហង្ស តារា បានលើកទឹកចិត្តយ៉ាងពិសេសចំពោះសិស្សានុសិស្សទាំងអស់ទាំក់ទងទៅនឹងចំណេះដឹងសម្រាប់ពេលបច្ចុប្បន្ន និងចំណេះសម្រាប់នគររបស់ព្រះជាម្ចាស់ផងដែរ។ 

 

នៅចុងបញ្ចប់នៃកម្មវិធីនោះ ក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចំណាយពេលសំណេះសំណាល សួរសុខទុក្ខគ្នាទៅវិញទៅមកជាមួយបុគ្គលិក លោកក្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលមួយចំនួនរបស់សិស្សយ៉ាងជិតស្និទ្ធ និងកក់ក្តៅនៅក្រោមព្រះគុណរបសើព្រះជាម្ចាស់។