កិច្ចការនៃពួកសាវ័ក (ជំពូកទី-២១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក១២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំជឿសេចក្តីនេះជាយ៉ាងជាក់ថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ។ ភីលីព ១:៦
ដោយបំពេញសកម្មភាពតាមការណែនាំដែលព្រះគ្រិស្តបានប្រទាន ពួកសាវ័កមិនបានជំរុញវត្តមានរបស់ពួកគេទៅកាន់កន្លែងណា ដែលមនុស្សមិនមានសេចក្តីប្រាថ្នាចង់ឮពួកគេនិយាយឡើយ ។ «កាលចេញពីគុកហើយ ទើបនាំគ្នាទៅឯនាងលីឌា លុះបានឃើញពួកជំនុំ នោះក៏ទូន្មានដល់គេ រួចចេញដំណើរទៅ»។
ពួកសាវ័កមិនបានចាត់ទុកកិច្ចការរបស់ពួកគេនៅក្រុងភីលីពជាឥតប្រយោជន៍ទេ ។ ពួកគេបានជួបនឹងការប្រឆាំងនិងការបៀតបៀនជាច្រើន ប៉ុន្តែ អន្តរាគមន៍នៃការការពាររបស់ព្រះជំនួសពួកគេ និងការផ្លាស់ប្តូរជំនឿរបស់ឆ្មាំគុក និងគ្រួសាររបស់គាត់ មានទំហំធំធេងជាងទណ្ឌកម្មនិងការឈឺចាប់ដែលពួកលោកបានរងទ្រាំ ។ ដំណឹងអំពីការចាប់ពួកលោកដាក់គុកយ៉ាងអយុត្តិធម៌ និងការរំដោះដោយការអស្ចារ្យត្រូវបានគេដឹងឮពាសពេញទាំងតំបន់នោះ ហើយការនេះបាននាំឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ជាខ្លាំង ទៅនឹងកិច្ចការរបស់ពួកសាវ័ក ដែលគ្មានវិធីណាក្រៅពីនេះអាចចូលទៅបានឡើយ។
កិច្ចការរបស់លោកប៉ុលនៅក្រុងភីលីព បានធ្វើឲ្យមានពួកជំនុំមួយកើតឡើង ដែលសមាជិកនៃពួកជំនុំនេះមានជំនឿយ៉ាងរឹងមាំ។ ចិត្តពុះកញ្រ្ជោល និងជំនឿស៊ប់ក្នុងសាសនារបស់លោក ជាពិសេស ឆន្ទៈរបស់លោកដែលសុខចិត្តរងការឈឺចាប់ដើម្បីព្រះគ្រិស្ត បានក្លាយជាឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងយូរអង្វែង ដល់ពួកអ្នកដែលបានផ្លាស់ប្តូរជំនឿ។ ពួកគេបានឲ្យតម្លៃយ៉ាងខ្ពស់ ដល់សេចក្តីពិតដែលពួកសាវ័កសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងដើម្បីការពារ ហើយបានលះបង់ខ្លួនឯងដើម្បីបុព្វហេតុនៃព្រះដ៏ប្រោលោះរបស់ពួកគេ។
មានការពិបាកជាខ្លាំងបានកើតឡើងរវាងកម្លាំងនៃអំពើល្អនិងការអាក្រក់ នៅតាមកន្លែងសំខាន់ៗ ដែលព្រះបានត្រាស់ហៅឲ្យអ្នកនាំសាររបស់ព្រះអង្គចូលទៅធ្វើការ ។ លោកប៉ុលមានប្រសាសន៍ថា «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកិយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅឋានដ៏ខ្ពស់ដែរ» (អេភេសូរ ៦:១២)។ នឹងមានទំនាស់រវាងពួកជំនុំរបស់ព្រះជាមួយនឹងពួកទេវតារបស់អារក្ស រហូតដល់គ្រាចុងបំផុតកល្ប។ព្រះតែងតែត្រាស់ហៅឲ្យពួកគ្រិស្តបរិស័ទដំបូង ជួបប្រទះនឹងអំណាចនៃសេចក្តីងងឹតមុខទល់នឹងមុខ។ សត្រូវនេះបានខំបង្វែរពួកគេចេញពីជំនឿពិតដោយការបោកបញ្ឆោតនិងការធ្វើទុក្ខបៀតបៀន។ នៅសម័យបច្ចុប្បន្ននេះ កាលទីបញ្ចប់នៃអ្វីៗគ្រប់យ៉ាងនៅលើផែនដីកំពុងតែចូលមកដល់យ៉ាងរហ័ស នោះសាតាំងក៏កំពុងខំប្រឹងប្រែងដាក់អន្ទាក់ពិភពលោកនេះដែរ។ វាកំពុងរៀបចំផែនការណ៍ជាច្រើន ដើម្បីកាន់កាប់គំនិត និងបង្វែរចំណាប់អារម្មណ៍មនុស្សជាច្រើន ចេញពីសេចក្តីពិតដ៏សំខាន់នៃសេចក្តីសង្រ្គោះ ។ ភ្នាក់ងាររបស់វាកំពុងរៀបចំជាបក្សផ្សេងៗ យ៉ាងមមាញឹក នៅក្នុងអស់អ្នកណាដែលប្រឆាំងទៅនឹងក្រឹត្យវិន័យរបស់ព្រះ ។ មេបោកកំពុងធ្វើការដើម្បីបង្កើតភាពច្របូកច្របល់និងការប្រឆាំងបះបោរ ហើយមនុស្សកំពុងតែមានចិត្តពុះកញ្រ្ជោលជាមួយនឹងអ្វីដែលមិនមែនជាចំណេះដឹង។
អំពើអាក្រក់កំពុងកើនឡើងដល់កំពូល ដែលមិនធ្លាប់មានពីមុនមក ហើយអ្នកបម្រើដំណឹងល្អជាច្រើនកំពុងតែស្រែកថា «មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ»។ ប៉ុន្តែ អ្នកនាំសារដ៏ស្មោះត្រង់របស់ព្រះត្រូវតែបោះជំហានទៅមុខយ៉ាងស្វាហាប់ ជាមួយនឹងកិច្ចការរបស់ខ្លួន។ ទាំងប្រដាប់កាយដោយសព្វាវុធនៃឋានសួគ៌ ពួកគេបោះជំហានទៅមុខដោយគ្មានការភ័យខ្លាច និងដោយជោគជ័យ មិនដែលឈប់បំពេញកិច្ចការរបស់ពួកគេឡើយ រហូតទាល់តែមនុស្សគ្រប់គ្នានៅក្នុងទឹកដីដែលពួកគេទៅដល់បានទទួលសារនៃសេចក្តីពិតសម្រាប់សម័យនេះ៕
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាពជាព្រះវិញ្ញាណនៃសេចក្តីចេះដឹង និងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា។ (អេសាយ ១១:២)