កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក២២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ។ កូរិនថូសទី១ ១:១៨
នៅក្នុងចំណោមមនុស្សដែលបានស្តាប់ប្រសាសន៍របស់លោកប៉ុល មានខ្លះដែរ ដែលសេចក្តីពិតបាននាំមកនូវការកែប្រែចិត្តដល់គំនិតរបស់ពួកគេ ប៉ុន្តែ ពួកគេមិនបានបន្ទាបខ្លួនទៅរកចំណេះដឹងពីព្រះ និងទទួលផែនការ នៃសេចក្តីសង្រ្គោះទេ។ មិនមានវោហារកោសល្យណា កម្លាំងនៃការជជែក វែកញែកណា ដែលអាចបំផ្លាស់បំប្រែបាបជនបានឡើយ មានតែព្រះចេស្តា របស់ព្រះប៉ុណ្ណោះ ដែលអាចដាក់សេចក្តីពិតនៅក្នុងចិត្តបាន។ អ្នកដែល បានងាកបែរចេញពីអំណាចនេះ គ្មានអ្នកណាផ្សេងទៀតអាចចូលទៅដល់ បានឡើយ។ ពួកសាសន៍ក្រិកបានស្វែងរកប្រាជ្ញា ប៉ុន្តែ សារនៃឈើឆ្កាងជា ការឆោតល្ងង់សម្រាប់ពួកគេ ពីព្រោះ ពួកគេបានឲ្យតម្លៃប្រាជ្ញារបស់ខ្លួនឯងខ្ពស់ជាងប្រាជ្ញាដែលមកពីឋានលើ។
ប្រហែលជាដោយសារតែអំនួតនៃចំណេះដឹងនិងប្រាជ្ញារបស់មនុស្សនេះហើយ ដែលជាមូលហេតុនាំឲ្យសារខាងដំណឹងល្អបានទទួលជោគជ័យយ៉ាងតិចតួចស្តួចស្តើង នៅទីក្រុងអាថែន។ មនុស្សមានប្រាជ្ញាខាងលោកិយដែលចូលមកឯព្រះគ្រិស្តជាអ្នកមានបាបដែលត្រូវបាត់បង់យ៉ាងកម្សត់ នឹងក្លាយជាអ្នកមានប្រាជ្ញានៅក្នុងសេចក្តីសង្រ្គោះ ប៉ុន្តែ អ្នកដែលមករកទ្រង់ក្នុងលក្ខណៈខុសប្លែកពីអ្នកខាងដើមនេះ ដោយលើកតម្កើងប្រាជ្ញារបស់ខ្លួនឯង នឹងមិនបានទទួលពន្លឺនិងចំណេះដឹងដែលមានតែព្រះមួយអង្គគត់ទើបអាចប្រទានឲ្យបាននោះទេ។
ដូច្នេះ លោកប៉ុលបានជួបជាមួយនឹងពួកអ្នកមិនជឿសាសនានៅសម័យរបស់លោក។ កិច្ចការរបស់លោកនៅទីក្រុងអាថែនមិនឥតប្រយោជន៍ទាំងស្រុងនោះទេ។ លោកឌេវនីស ជាពលរដ្ឋម្នាក់ដែលលេចមុខជាងគេ និងមនុស្សដទៃទៀតដែលបានទទួលសារនៃដំណឹងល្អ ហើយរួបរួមទាំងស្រុង ជាមួយនឹងពួកអ្នកជឿ។
ព្រះវិញ្ញាណបានប្រទានពន្លឺនៅក្នុងជីវិតអ្នកក្រុងអាថែន ដែលមានភាពស្អាតស្អំនិងសិល្បៈរុងរឿង ព្រមទាំងមានចំណេះដឹងគ្រប់បែបយ៉ាង តែនៅខ្វះប្រាជ្ញាដែលអាចមើលឃើញព្រះ បានស្តីបន្ទោសដល់ការថ្វាយបង្គំរូបព្រះ និងអំពើបាបនៃអំនួត និងមនុស្សដែលស្កប់ស្កល់នឹងជីវិតខ្លួនឯង តាមរយៈ ពួកអ្នកបម្រើរបស់ទ្រង់។ ពាក្យសម្តីរបស់សាវ័ក និងការពណ៌នាពីអាកប្បកិរិយានិងការហ៊ុំព័ទ្ធរបស់លោក ដូចដែលព្រះគម្ពីរបានចារទុកមក ត្រូវបានទុកបន្តឲ្យមនុស្សប្រកាន់ខ្ជាប់នៅគ្រប់សម័យកាល ដោយធ្វើបន្ទាល់ពីទំនុកចិត្តដែលមិនរង្គើរបស់លោក សេចក្តីក្លាហាននៅក្នុងភាពឯកោ និងភាពខ្វះខាតរបស់ លោក ព្រមទាំងជោគជ័យដែលលោកទទួលបានសម្រាប់គ្រិស្តសាសនា នៅក្នុងចិត្តនៃពួកអ្នកមិនជឿសាសនាគ្រប់ៗគ្នា។
ប្រសាសន៍របស់លោកប៉ុលមានពេញទៅដោយចំណេះដឹងដ៏មហាសាលសម្រាប់ពួកជំនុំ។ លោកបាននៅក្នុងស្ថានភាពដែលលោកអាចនិយាយបានថាអាចបង្កកំហឹងដល់អ្នកស្តាប់ដ៏អំនួតរបស់លោក ហើយនាំឲ្យលោកធ្លាក់ចូលទៅក្នុងការពិបាកបានយ៉ាងងាយ។ ប្រសិនបើសុន្ទរកថារបស់លោកបានវាយប្រហារដោយផ្ទាល់ ទៅលើព្រះនិងវីរបុរសរបស់ពួកគេ នៅក្នុងទីក្រុង នោះ លោកនឹងធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ ដូចជាវាសនារបស់ពួកលោក សូក្រាតជាក់ជាមិនខាន។ ប៉ុន្តែ ដោយភាពឆ្លាតវាងវៃនៃសេចក្តីស្រឡាញ់របស់ព្រះ លោកបានទាក់ទាញគំនិតរបស់ពួកគេចេញពីព្រះក្លែងក្លាយនៃពួកអ្នកមិនជឿសាសនា ដោយប្រុងប្រយ័ត្នដោយបង្ហាញដល់ពួកគេអំពី ព្រះពិតជាព្រះដែលពួកគេមិនស្គាល់។
សព្វថ្ងៃនេះ បទគម្ពីរបាននាំមកនៅចំពោះវីរបុរសទាំងឡាយនៅលើពិភពលោកនេះ ដើម្បីឲ្យពួកគេជ្រើសរើសរវាងការស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះនិងភក្តីភាពចំពោះមេនៃអំពើអាក្រក់។ ព្រះបានដាក់សេចក្តីពិតដ៏នៅអស់កល្បនៅចំពោះមុខពួកគេ ជាសេចក្តីពិតដែលធ្វើឲ្យពួកគេមានប្រាជ្ញាអំពីសេចក្តីសង្រ្គោះ ប៉ុន្តែ ព្រះអង្គមិនបានបង្ខំពួកគេឲ្យទទួលសេចក្តី ពិតនោះទេ។ ប្រសិនបើពូកគេបែរចេញពីសេចក្តីពិតនោះ ព្រះអង្គទុកពួកគេឲ្យរស់នៅដោយខ្លួនឯងឲ្យពោរពេញទៅដោយផលផ្លែនៃអំពើដែលពួកគេប្រព្រឹត្តដោយផ្ទាល់។
«ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចម្កួតដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ ព្រោះមានសេចក្តីចែងទុកមកថា អញនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយនឹងលើកចំណេះរបស់ពួកអ្នកដែលចេះ ចោលចេញ»។ «ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកិយនេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមាន សេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកម្សោយនៅលោកិយនេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស ហើយទ្រង់បានរើសអ្នកទាបថោកនៅលោកិយនេះ និងពួកអ្នកដែលគេមើលងាយ ព្រមទាំងរបស់ដែលគ្មានផង ដើម្បីនឹង លើកចោលរបស់ដែលមានចេញ» (កូរិនថូសទី១ ១:១៨, ១៩; ២៧, ២៨) ។ ពួកអ្នកប្រាជ្ញនិងពួកបុរសជាច្រើន ជាមនុស្សខ្ពង់ខ្ពស់បំផុតនៅលើពិភព លោក នឹងរត់ចេញពីពន្លឺនៅសម័យចុងក្រោយនេះ ពីព្រោះដោយសារប្រាជ្ញា នៃលោកិយ ពួកគេមិនបានស្គាល់ព្រះឡើយ។ ប៉ុន្តែ ព្រះនៅតែបង្កើនឱកាសឲ្យអ្នកបម្រើរបស់ទ្រង់បង្ហាញពីសេចក្តីពិតជាមួយនឹងពួកមនុស្សទាំងអស់នេះ។ ពួកគេមួយចំនួននឹងទទួលស្គាល់ភាពល្ងិតល្ងង់អំពីកិច្ចការខាងឯព្រះរបស់ពួកគេ ហើយដាក់ខ្លួនជាអ្នករៀនសូត្រដ៏បន្ទាបខ្លួននៅទៀបព្រះបាទព្រះយេស៊ូវ ជាព្រះគ្រូដ៏ធំរបស់ពួកគេ។
នៅក្នុងការខំប្រឹងប្រែងឈោងចាប់មនុស្សដែលមានឋានៈខ្ពង់ខ្ពស់ ពួកអ្នកបម្រើរបស់ព្រះត្រូវតែមានជំនឿរឹងមាំ។ សភាពការណ៍មើលទៅហាក់ដូចជាគួរឲ្យខ្លាច ប៉ុន្តែ នៅក្នុងពេលវេលាដ៏ខ្មៅងងឹត នឹងមានពន្លឺមកពីលើ កម្លាំងរបស់អ្នកស្រឡាញ់និងអ្នកដែលធ្វើការបម្រើដល់ព្រះនឹងត្រូវបាន បង្កើតជាថ្មីឡើងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ។ ការយល់អំពីព្រះដ៏គ្មានព្រំដែន នឹងត្រូវបានសាកនៅក្នុងកិច្ចការរបស់ពួកគេ ដែលនៅក្នុងការអនុវត្តន៍តាមគោលបំណងរបស់ព្រះអង្គ ពួកគេនឹងមិនដែលមានកំហុសឡើយ។ សូមឲ្យពួកអ្នកធ្វើការទាំងនេះប្រកាន់ខ្ជាប់នូវទំនុកចិត្តយ៉ាងរឹងមាំ តាំងពីដើមរហូត ដល់ទីបញ្ចប់ ដោយចងចាំថាពន្លឺនៃសេចក្តីពិតរបស់ព្រះ នឹងភ្លឺចែងចាំងទៅលើពិភពលោកដ៏ងងឹតរបស់យើងនេះ។ មិនមានការអាក់អន់ចិត្តណានៅក្នុងកិច្ចការរបស់ព្រះឡើយ។ ជំនឿរបស់អ្នកធ្វើការដែលមានការលះបង់ត្រូវតែឈរនៅលើរាល់ការសាកល្បងដែលកើតឡើងដល់ជំនឿនោះ។ ព្រះអាចនិងសព្វព្រះហឫទ័យចង់ប្រទានកម្លាំង និងប្រាជ្ញាដែលពួកគេត្រូវការជាចាំបាច់ដល់អ្នកបម្រើការរបស់ទ្រង់។ ព្រះអង្គនឹងបំពេញការរំពឹងចង់បានយ៉ាងខ្ពស់បំផុតរបស់អ្នកដែលទុកចិត្តទៅលើទ្រង់។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយនឹកចាំជាដរាបពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមយ៉ាងមាំមួនដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើង។ (ថែស្សាឡូនីចទី១ ១:៣)