ថ្ងៃច័ន្ទ ទី១២ ខែតុលា ឆ្នាំ២០២០
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក២៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ដោយខ្ញុំមានចិត្តលំបាក ហើយថប់ព្រួយ ព្រមទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយដែរនោះទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់សេចក្តីស្រឡាញ់ ដែលខ្ញុំមានជាបរិបូរដល់អ្នករាល់គ្នាប៉ុណ្ណោះឯង។ កូរិនថូសទី២ ២:៤
នៅសតវត្សរ៍ទីមួយនៃសម័យគ្រិស្តបរិស័ទ កូរិនថូសគឺជាទីក្រុងមួយដែលនាំមុខគេនៃទីក្រុងទាំងឡាយ មិនត្រឹមតែនៅក្នុងប្រទេសក្រិកប៉ុណ្ណោះទេ គឺនៅលើពិភពលោកទាំងមូល សាសន៍ក្រិក យូដា និងរ៉ូម ជាមួយនឹងពួកអ្នកដំណើរមកពីគ្រប់ទិសទី ដើរពពាក់ពពូនតាមវិថីនានា ក្នុងគោលបំណងធ្វើជំនួញនិងស្វែងរកការសប្បាយផ្សេងៗ។ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំ តាំងនៅកន្លែងដែលមានផ្លូវចូលមកកាន់យ៉ាងងាយស្រូល ពីគ្រប់ផ្នែកទាំងអស់នៃចក្រភពរ៉ូម ទីក្រុងនេះ គឺជាកន្លែងដ៏សំខាន់ក្នុងការបង្កើតការរំឭកអំពីព្រះនិងសេចក្តីពិតរបស់ទ្រង់។
នៅក្នុងចំណោមជនជាតិយូដាដែលបានតាំងទីលំនៅក្នុងទីក្រុងកូរិនថូស មានអ័គីឡា និងព្រីស៊ីល ដែលក្រោយមកបានក្លាយជាអ្នកល្បីឈ្មោះថាជាអ្នកធ្វើការថ្វាយព្រះគ្រិស្តដ៏ស្មោះត្រង់។ ដោយបានស្គាល់អត្តចរិតរបស់មនុស្សទាំងនេះយ៉ាងច្បាស់ លោកប៉ុល «ស្នាក់នៅ ហើយធ្វើការជាមួយនឹងគេ»។នៅគ្រាដំបូងបំផុតនៃកិច្ចការរបស់លោកនៅតាមផ្លូវនៃការធ្វើដំណើរនេះ លោកប៉ុលបានមើលឃើញឧបសគ្គធំៗរារាំងដល់ការជឿនលឿននៃកិច្ចការរបស់លោកនៅគ្រប់ទិសទី។ ទីក្រុងទាំងមូលសឹងតែត្រូវបានញាំញីដោយការថ្វាយបង្គំរូបព្រះ។ ព្រះនាងកាមទេពគឺជាព្រះដែលគេនិយមចូលចិត្តជាងគេ ហើយពិធីខាងសាសនានិងពិធីបុណ្យផ្សេងៗជាច្រើនដែលនាំឲ្យប្រព្រឹត្តខុស ត្រូវបានភ្ជាប់ជាមួយនឹងការថ្វាយបង្គំព្រះនាងកាមទេពនេះ។ កូរិនថូសបានក្លាយជាទីក្រុងដែលលេចធ្លោជាងគេ សូម្បីនៅក្នុងចំណោមប្រជាជាតិនានា ដោយសារភាពគ្មានសីលធម៌របស់ពួកគេ។ ពួកគេហាក់ដូចជាមិនគិតឬខ្វល់ខ្វាយអំពីអ្វីក្រៅពីឱកាសនៃការសប្បាយនិងភាពសប្បាយរីករាយនោះឡើយ។
ក្នុងការអធិប្បាយដំណឹងល្អនៅទីក្រុងកូរិនថូស សាវ័កប៉ុលបានប្រើរបៀបផ្សេងពីកាលដែលលោកបានធ្វើនៅទីក្រុងអាថែន។ ចំណែកនៅតាមកន្លែងក្រោយៗមកទៀត លោកបានតម្រូវវិធីសាស្រ្តរបស់លោកទៅតាមអត្តចរិតរបស់អ្នកស្តាប់ លោកបានប្រើហេតុផលទល់នឹងហេតុផល វិទ្យាសាស្រ្តតទល់នឹងវិទ្យាសាស្រ្ត ទស្សនវិជ្ជាទល់នឹងទស្សនវិជ្ជា។ នៅពេលដែលលោកបានគិតពីពេលវេលាដែលលោកបានចំណាយ ហើយបានដឹងថាការបង្រៀនរបស់លោកនៅទីក្រុងអាថែនបានបង្កើតផលផ្លែតិចតួចប៉ុណ្ណោះ លោកក៏បានសម្រេចចិត្តប្រើផែនការមួយផ្សេងទៀតនៅទីក្រុងកូរិនថូស នៅក្នុងការខំប្រឹងប្រែងរបស់លោកដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកដែលមិនយកចិត្តទុកដាក់និងពួកអ្នកដែលព្រងើយកន្តើយ។ លោកបានតាំងចិត្តចៀសវាងការជជែកវែកញែក និងការពិភាក្សា ហើយ «នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រិស្តទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង» នៅក្នុងចំណោមអ្នកក្រុងកូរិនថូសទេ។ លោកបានអធិប្បាយប្រាប់ពួកគេ «មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសម្តែងចេញជាព្រះវិញ្ញាណ និងព្រះចេស្តាវិញទេតើ» (កូរិនថូសទី២ ២:២, ៤) ។ ព្រះយេស៊ូវដែលលោកប៉ុលនឹងបង្ហាញដល់សាសន៍ក្រិក នៅទីក្រុងកូរិនថូសថាជាព្រះគ្រិស្តនោះ មានដើមកំណើតនៅទីក្រុងដែលសុភាសិតបានចែងថាជាទីក្រុងដ៏អាក្រក់ ជាសាសន៍យូដាដែលមានត្រកូលទន់ទាប ។ ទ្រង់ត្រូវសាសន៍របស់ព្រះអង្គបដិសេធ ហើយទីបំផុត គេបានយកទ្រង់ទៅឆ្កាងដូចជាឧក្រិដ្ឋជន។ សាសន៍ក្រិកជឿថាពួកគេត្រូវការមនុស្សដែលមានត្រកូលខ្ពស់ ប៉ុន្តែ ពួកគេបានគោរពការសិក្សាទស្សនវិជ្ជានិងវិទ្យាសាស្រ្តថាជាមធ្យោបាយតែមួយគត់ដើម្បីទទួលបាននូវភាពខ្ពង់ខ្ពស់និងកិត្តិយសពិតប្រាកដ។ តើលោកប៉ុលអាចដឹកនាំពួកគេឲ្យជឿថា ជំនឿទៅលើអំណាចនៃសាសន៍យូដាដែលងងឹតងងល់នឹងលើកតម្កើងនិងធ្វើឲ្យអំណាចរបស់មនុស្សមានតម្លៃបានដែរឬទេ?
ចំពោះគំនិតរបស់មនុស្សជាច្រើនដែលរស់នៅសម័យបច្ចុប្បន្ននេះ ឈើឆ្កាងនៅកាល់វ៉ារីព័ទ្ធជុំវិញដោយអនុស្សាវរីយ៍ដ៏ពិសិដ្ឋជាច្រើន។ សហគមដ៏បរិសុទ្ធជាច្រើនបានភ្ជាប់ទំនាក់ទំនងជាមួយនឹងកន្លែងកើតហេតុនៃការជាប់ឆ្កាង។ ប៉ុន្តែ នៅសម័យលោកប៉ុល ឈើឆ្កាងត្រូវបានគេចាត់ទុកថាជាការស្អប់ខ្ពើមនិងអំពើអាក្រក់ ។ ការលើកតម្កើងព្រះដែលជួយសង្រ្គោះមនុស្សលោកដែលបានសុគតនៅលើឈើឆ្កាងនោះបង្កើតឲ្យមានការចំអក និងការប្រឆាំងយ៉ាងពិតប្រាកដ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយនឹកចាំជាដរាបពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមយ៉ាងមាំមួនដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើង។ (ថែស្សាឡូនីចទី១ ១:៣)