កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក២៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង។ រ៉ូម ១:១៦
លោកប៉ុលបានជ្រាបច្បាស់ថាទាំងសាសន៍ក្រិកនិងសាសន៍យូដា នៅក្នុងទីក្រុងកូរិនថូសនឹងចាត់ទុកសាររបស់លោកនេះទៅជាយ៉ាងណា។ លោកបានទទួលស្គាល់ថា «យើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រិស្ត ដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងង់ល្ងើដល់សាសន៍ក្រិក» (កូរិនថូសទី១ ១:២៣)។ នៅក្នុងចំណោមពួកអ្នកដែលស្តាប់លោកជាសាសន៍យូដា មានមនុស្សជាច្រើនបានខឹងសម្បាដោយសារដែលលោកបម្រុងនឹងប្រកាសនេះ។ នៅក្នុងការប៉ាន់ប្រមាណរបស់សាសន៍ក្រិក សម្តីរបស់លោកគឺជាពាក្យមិនសមហេតុផលយ៉ាងលីលា។ ពួកគេបានចាត់ទុកលោកប៉ុលជាមនុស្សដែលមានគំនិតទន់ខ្សោយ ដោយលោកប៉ុនប៉ងបង្ហាញថាឈើឆ្កាងមានទំនាក់ទំនងទៅនឹងការលើកតម្កើងដល់មនុស្សជាតិ ឬសេចក្តីសង្រ្គោះរបស់មនុស្សលោកនោះ។
ប៉ុន្តែ សម្រាប់លោកប៉ុល ឈើឆ្កាងគឺជាវត្ថុដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្ពង់ខ្ពស់។ ចាប់តាំងពីព្រះបានចាប់លោកនៅក្នុងកិច្ចការធ្វើទុក្ខបៀតបៀន ប្រឆាំងនឹងអ្នកដើរតាមព្រះយេស៊ូវពីស្រុកណាសារ៉ែតដែលជាប់ឆ្កាងមក លោកមិនដែលឈប់លើកតម្កើងឈើឆ្កាងទេ។ នៅពេលនោះ ព្រះបានបើកបង្ហាញឲ្យលោកបានឃើញនូវសេចក្តីស្រឡាញ់ដ៏គ្មានព្រំដែនរបស់ព្រះ ដែលបានបង្ហាញឲ្យឃើញនៅក្នុងការសុគតរបស់ព្រះគ្រិស្ត និងការបំផ្លាស់បំប្រែដ៏អស្ចារ្យ ដែលបាននាំមកដល់ជីវិតរបស់លោក និងបាននាំមកនូវផែនការទាំងអស់របស់លោកឲ្យស្របទៅនឹងឋានសួគ៌។ ចាប់តាំងពីពេលនោះមក លោកគឺជាមនុស្សថ្មីនៅក្នុងព្រះគ្រិស្ត។ លោកបានដឹងដោយបទពិសោធន៍ផ្ទាល់ខ្លួនថា នៅពេលដែលមនុស្សមានបាបបានឃើញសេចក្តីស្រឡាញ់នៃព្រះវរបិតា នៅក្នុងការលះបង់ព្រះរាជបុត្រារបស់ទ្រង់ ហើយបានទោរទន់ទៅរកឥទ្ធិពលនៃព្រះ ការផ្លាស់ប្តូរចិត្តបានកើតឡើង ហើយចាប់តាំងពីពេលនោះមកព្រះគ្រិស្តគឺជាគ្រប់ទាំងអស់។
នៅពេលនៃការផ្លាស់ប្តូរជំនឿរបស់គាត់ ព្រះបានលើកទឹកចិត្តដល់លោកប៉ុលឲ្យមានចិត្តចង់ជួយដល់មនុស្សឲ្យមើលឃើញព្រះយេស៊ូវ ថាជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ដែលមានព្រះចេស្តាអាចផ្លាស់ប្តូរចិត្ត និងអាចជួយសង្រ្គោះ។ ចាប់តាំងពីពេលនោះមក ជីវិតរបស់លោកត្រូវបានលះបង់ទាំងស្រុងសម្រាប់ការខិតខំពណ៌នាអំពីសេចក្តីស្រឡាញ់ និងព្រះចេស្តានៃព្រះអង្គដែលត្រូវបានគេឆ្កាង។ ចិត្តលោកមានការអាណិតអាសូរដ៏ធំចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈ។ លោកបានមានប្រសាសន៍ថា «ខ្ញុំមានសេចក្តីជំពាក់ទាំងសាសន៍ក្រិក និងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ និងអ្នកខ្លៅផង» (រ៉ូម ១:១៤) ។ សេចក្តីស្រឡាញ់ចំពោះព្រះនៃសិរីល្អ ជាព្រះដែលត្រូវគេធ្វើទុក្ខបៀតបៀនឥតឈប់ឈរ នៅក្នុងភាពជាមនុស្សបរិសុទ្ធរបស់ទ្រង់ គឺជាគោលការណ៍ដ៏មុតស្រួចក្នុងអាកប្បកិរិយានិងអំណាចនៃមូលហេតុ របស់លោក ប្រសិនបើភាពក្លៀវក្លានៅក្នុងផ្លូវនៃភារកិច្ចរបស់លោកបានទ្រោមចុះ ការក្រឡេកមើលទៅឈើឆ្កាងមួយភ្លែត ហើយសេចក្តីស្រឡាញ់ដ៏អស្ចារ្យដែលបានបង្ហាញនៅទីនោះ ក៏ល្មមឲ្យលោកយកជ័យជម្នះលើតោកំណាចនៅក្នុងគំនិតរបស់លោក ហើយបោះជំហានទៅមុខតាមផ្លូវនៃការលះបង់ខ្លួនឯង។
មើល សាវ័កប៉ុលកំពុងអធិប្បាយនៅក្នុងសាលាប្រជុំនៅទីក្រុងកូរិនថូស រៀបរាប់ពីសំណេររបស់លោកម៉ូសេ និងពួកហោរា ហើយបាននាំអ្នកស្តាប់របស់លោកចុះទៅរហូតដល់ការយាងមករបស់ព្រះមែស្ស៊ី។ ដោយបានស្តាប់ការរៀបរាប់យ៉ាងជាក់ច្បាស់អំពីកិច្ចការរបស់ព្រះដ៏ប្រោសលោះ ជាសម្តេចសង្ឃរបស់មនុស្សលោក ជាព្រះមួយអង្គដែលបានលះបង់ព្រះជន្មរបស់ទ្រង់ដើម្បីជាតង្វាយឲ្យធួននឹងបាបរបស់មនុស្ស មួយដងជាសម្រេច ហើយបន្ទាប់មកបានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទីបរិសុទ្ធនៃឋានសួគ៌។ ពួកអ្នកស្តាប់របស់លោកប៉ុលបានយល់ថាព្រះមែស្ស៊ីដែលពួកគេបានរង់ចាំទ្រង់នោះ បានយាងមករួចទៅហើយ និងថាការសុគតរបស់ទ្រង់គឺជាការសម្រេចពិតប្រាកដនៃតង្វាយយញ្ញបូជាទាំងឡាយ ហើយព្រះរាជកិច្ចរបស់ទ្រង់នៅក្នុងរោងឧបោសថនៅឋានសួគ៌គឺជាសេចក្តីពិតនៃស្រមោលស្តីពីកិច្ចការរបស់ពួកសង្ឃនៃសាសន៍យូដាកន្លងមក។
លោកប៉ុល «ក៏ធ្វើបន្ទាល់អស់ពីចិត្តដល់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រិស្តពិត» ។ ចេញពីគម្ពីរសញ្ញាចាស់ លោកបានបង្ហាញថា យោងតាមបទទំនាយ និងការរំពឹងរង់ចាំជាសាកលរបស់សាសន៍យូដា ព្រះមែស្ស៊ីគឺជាសែស្រឡាយរបស់លោកអ័ប្រាហាំ និងស្តេចដាវីឌ បន្ទាប់មក លោកបានរៀបរាប់ពីពូជអំបូររបស់លោកតាអ័ប្រាហាំ រហូតដល់រាជវង្សស្តេចដែលសរសេរគម្ពីរទំនុកតម្កើង។ លោកបានអានទីបន្ទាល់របស់ពួកហោរា ទាក់ទងនឹងលក្ខណៈនិងកិច្ចការរបស់ព្រះមែស្ស៊ីដែលព្រះបានសន្យា និងការទទួលយកនិងការប្រព្រឹត្តមកលើទ្រង់នៅលើផែនដី បន្ទាប់មក លោកបានបង្ហាញថាទាំងអស់នេះត្រូវបានសម្រេចនៅក្នុងព្រះជន្ម ព្រះរាជកិច្ច និងការសុគតរបស់ព្រះយេស៊ូវពីស្រុកណាសារ៉ែតរួចរាល់ហើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយនឹកចាំជាដរាបពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមយ៉ាងមាំមួនដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើង។ (ថែស្សាឡូនីចទី១ ១:៣)