កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក២៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ។ យូ៉ហាន ១២:៣២
លោកប៉ុលបានបង្ហាញថា ព្រះគ្រិស្តបានយាងមកដើម្បីនឹងផ្តល់សេចក្តីសង្រ្គោះជាមុនដំបូងបង្អស់ ដល់សាសន៍ដែលកំពុងរង់ចាំការយាងមករបស់ព្រះមែស្ស៊ី ជាការបំពេញឲ្យបានបរិបូរ និងជាសិរីល្អដល់ជីវិតនៃសាសន៍របស់ពួកគេ។ ប៉ុន្តែ សាសន៍នោះបានបដិសេធទ្រង់ ជាព្រះដែលបានប្រទានជីវិតដល់ពួកគេ ហើយបានជ្រើសយកអ្នកដឹកនាំមួយផ្សេង ដែលរាជរបស់អ្នកនោះនឹងត្រូវបបញ្ចប់ដោយសេចក្តីស្លាប់។ លោកបានខិតខំធ្វើឲ្យអ្នកស្តាប់របស់លោកនឹកឃើញថាមានតែការកែប្រែចិត្តមួយមុខប៉ុណ្ណោះ ដែលអាចជួយសង្រ្គោះសាសន៍យូដាឲ្យរួចពីសេចក្តីវិនាសដែលកំពុងគំរាមកំហែង។ លោកបានបង្ហាញដល់ភាពល្ងិតល្ងង់របស់ពួកគេទាក់ទងនឹងអត្ថន័យនៃព្រះគម្ពីរ ដែលពួកមេដឹកនាំរបស់ពួកគេបានអួតអាងថាពួកគេបានយល់យ៉ាងច្បាស់នោះ ។ លោកបានស្តីបន្ទោសដល់ភាពជាលោកិយរបស់ពួកគេ ការស្រឡាញ់ តួនាទី មុខតំណែង និងភាពសំញែង និងភាពអាត្មានិយមជ្រុលហួសហេតុរបស់ពួកគេ។
លោកប៉ុលបានរៀបរាប់អំពីរឿងរ៉ាវនៃការផ្លាស់ប្តូរជំនឿដ៏អស្ចារ្យរបស់លោក និងពីទំនុកចិត្តរបស់លោកទៅលើគម្ពីរសញ្ញាចាស់ ដែលបានសម្រេចយ៉ាងត្រឹមត្រូវនៅក្នុងព្រះយេស៊ូវពីស្រុកណាសារ៉ែត។ លោកបានមានប្រសាសន៍ដោយភាពស្មោះត្រង់ដ៏អស្ចារ្យ ហើយពួកអ្នកស្តាប់របស់លោកអាចមើលឃើញថា លោកបានស្រឡាញ់ដល់ព្រះអង្គសង្រ្គោះដែលគេបានឆ្កាងនិងបានមានព្រះជន្មរស់ឡើងវិញ យ៉ាងអស់ពីចិត្ត។ លោកបានបង្ហាញថាចិត្តរបស់លោកមានមូលដ្ឋាននៅក្នុងព្រះគ្រិស្ត ដែលជីវិតរបស់លោកទាំងមូលត្រូវបានចងភ្ជាប់ជាមួយនឹងព្រះអម្ចាស់។ សម្តីរបស់លោកធ្វើឲ្យមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដែលមានតែអ្នកដែលប្រឆាំងនឹងសាសនារបស់គ្រិស្តបរិស័ទដ៏ជូរចត់ប៉ុណ្ណោះ ដែលអាចឈរមិនកម្រើកដោយសារពាក្យសម្តីទាំងនោះ។
ប៉ុន្តែ សាសន៍យូដានៅទីក្រុងកូរិនថូសបានបិទភ្នែក មើលមិនឃើញភ័ស្តុតាងយ៉ាងច្បាស់ដែលសាវ័កប៉ុលបានបង្ហាញនោះទេ ហើយបានបដិសេធមិនស្តាប់ការអំពាវនាវរបស់លោកឡើយ។ វិញ្ញាណដដែល ដែលបានដឹកនាំពួកគេឲ្យបដិសេធព្រះគ្រិស្តនោះ បានបំពេញចិត្តពួកគេនូវកំហឹងនិងសេចក្តីក្រេវក្រោធទាស់នឹងអ្នកបម្រើរបស់ទ្រង់ ហើយប្រសិនបើព្រះមិនបានការពារលោកជាពិសេស សម្រាប់បន្តផ្សាយសារនៃដំណឹងល្អដល់សាន៍ដទៃទេ ម្លេ៉ះសមពួកគេបានបញ្ចប់ជីវិតរបស់លោកបាត់ទៅហើយ។
«តែដោយព្រោះគេតាំងខ្លួនទាស់ទទឹង ហើយក៏ជេរប្រមាថផង បានជាប៉ុលរលាស់អាវខ្លួន និយាយថា ចូរឲ្យឈាមអ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាវិញចុះ ឯខ្ញុំៗ បរិសុទ្ធទេ អំណឹះទៅមុខ ខ្ញុំនឹងទៅឯសាសន៍ដទៃហើយ គាត់ក៏ចេញពីទីនោះចូលទៅក្នុងផ្ទះម្នាក់ ឈ្មោះយូស្ទុស ជាអ្នកថ្វាយបង្គំព្រះ ដែលមានផ្ទះនៅជាប់នឹងសាលាប្រជុំ»។
លោកស៊ីឡាសនិងធីម៉ូថេ «បានមកពីទីក្រុងម៉ាសេដូន» ដើម្បីមកជួយដល់លោកប៉ុល ហើយពួកលោកបានធ្វើការបម្រើដល់សាសន៍ដទៃទាំងអស់គ្នា។ លោកប៉ុលនិងគូកនរបស់លោកបានអធិប្បាយអំពីព្រះគ្រិស្តជាព្រះអង្គសង្រ្គោះដល់មនុស្សដែលមានបាប ប្រាប់ដល់សាសន៍ដទៃព្រមទាំងសាសន៍យូដាផងដែរ។ ដោយចៀសវាងការគិតគូររកហេតុផលដែលស្មុគស្មាញ ពិបាកយល់ ពួកអ្នកនាំសារនៃឈើឆ្កាងបាននិយាយអំពីលក្ខណៈរបស់ព្រះអាទិករនៃពិភពលោក ព្រះដែលជាកំពូលអ្នកដឹកនាំនៃចក្រវាល។ ចិត្តរបស់ពួកគេបញ្ចេញពន្លឺសន្ធោសន្ធៅពីសេចក្តីស្រឡាញ់របស់ព្រះ និងព្រះរាជបុត្រានៃទ្រង់ ពួកគេបានអំពាវនាវដល់សាសន៍នានាដែលមិនជឿព្រះ ឲ្យមើលឃើញការលះបង់ដ៏ធំគ្មានព្រំដែន ដែលព្រះបានធ្វើជំនួសមនុស្សលោក។ ពួកលោក បានដឹងថា ប្រសិនបើអ្នកដែលបានឋិតនៅក្នុងភាពងងឹតនៃសាសន៍ដទៃជាយូរមកហើយអាចមើលឃើញពន្លឺដែលចែងចាំងចេញពីឈើឆ្កាងនៅកាល់វ៉ារី នោះពួកគេនឹងត្រូវបានទាញទៅឯព្រះដ៏ប្រោសលោះជាក់ជាមិនខាន ។ ព្រះអង្គសង្រ្គោះបានមានបន្ទូលថា «ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ» (យ៉ូហាន ១២:៣២)។
អ្នកបម្រើដំណឹងល្អនៅទីក្រុងកូរិនថូសបានដឹងពីគ្រោះថ្នាក់យ៉ាង ធ្ងន់ធ្ងរ ដែលកំពុងគំរាមកំហែងដល់ចិត្តរបស់មនុស្សដែលពួកគេកំពុងធ្វើការបម្រើ ហើយដោយបានដឹងពីទំនួលខុសត្រូវដែលបានធ្លាក់មកលើពួកគេ ដោយពួកគេបង្ហាញសេចក្តីពិតដែលមាននៅក្នុងព្រះយេស៊ូវ។ សាររបស់ ពួកគេច្បាស់ៗ ចំៗ និងពិតប្រាកដ ជាសារនៃរសជាតិដែលនាំឲ្យបានជីវិត ឬសេចក្តីស្លាប់ដល់មនុស្សជាច្រើន ។ ហើយពួកគេមិនត្រឹមតែបង្ហាញដំណឹងល្អតាមរយៈពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែ ដោយជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេថែមទៀតផង ។ ពួកទេវតាបានរួមសហការជាមួយនឹងពួកគេ ហើយព្រះគុណនិងព្រះចេស្តារបស់ព្រះត្រូវបានបង្ហាញនៅក្នុងការផ្លាស់ប្តូរជំនឿរបស់មនុស្សជាច្រើន។ «ឯគ្រីសប៉ុស ជាមេសាលាប្រជុំ គាត់ជឿដល់ ព្រះអម្ចាស់ ព្រមទាំងពួកគ្រួ (សារ) គាត់ទាំងអស់ដែរក៏មានពួកក្រុង កូរិនថូសបានស្តាប់ ហើយជឿជាច្រើន ទាំងទទួលបុណ្យជ្រមុជទឹកផង»។
ឥឡូវនេះ សម្អប់ដែលពួកយូដាតែងតែមានមកលើពួកសាវ័កបានពុះពោរកាន់តែខ្លាំងឡើង។ ការផ្លាស់ប្តូរជំនឿនិងការទទួលបុណ្យជ្រមុជទឹក របស់លោកគ្រីសប៉ុស បានជះឥទ្ធិពលទៅលើកំហឹងដែលកំពុងតែឆេះឆួល គឺមិនបានបំផ្លាស់បំប្រែពួកអ្នកប្រឆាំងក្បាលរឹងទាំងនោះទេ។ ពួកគេមិនអាចនាំមកនូវការជជែកវែកញែកដើម្បីបញ្ជាក់ឲ្យឃើញថាការអធិប្បាយរបស់លោកប៉ុលខុសនោះទេ ហើយដោយមិនមានភស្តុតាងគ្រប់គ្រាន់ដូច្នេះ ពួកគេក៏បានប្រើប្រាស់ការបោកបញ្ឆោតនិងការវាយប្រហារដោយការមួលបង្កាច់។ ពួកគេបានប្រមាថដល់ដំណឹងល្អ និងដល់ព្រះនាមរបស់ព្រះយេស៊ូវ។ នៅក្នុងកំហឹងដ៏ជូរចត់របស់ពួកគេ ពួកគេបានប្រើសុទ្ធតែពាក្យពេចន៍ដ៏សែនល្វីងជូរចត់ ឧបាយកលដ៏មហាថោកទាប ។ ពួកគេមិនអាចប្រកែកមិនទទួលស្គាល់ថាព្រះគ្រិស្តបានធ្វើការអស្ចារ្យទេ ប៉ុន្តែ ពួកគេបានអះអាងថាព្រះអង្គបានធ្វើការនោះដោយសារអំណាចរបស់អារក្សទេ ហើយពួកគេក៏បានអះអាងដោយក្លាហានផងដែរថាការអស្ចារ្យដែលលោកប៉ុលបានធ្វើនោះក៏បានសម្រេចដោយសារតែភ្នាក់ងារដដែល (អារក្ស) នោះដែរ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយនឹកចាំជាដរាបពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមយ៉ាងមាំមួនដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើង។ (ថែស្សាឡូនីចទី១ ១:៣)