ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៤)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី១ ជំពូក២៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ហើយ​យើង​ក៏​និយាយ​ពី​សេចក្តី​ទាំង​នោះ​ឯង មិន​មែន​ដោយ​ពាក្យ​សំដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សំដី ដែល​ព្រះវិញ្ញាណ​បង្រៀន​វិញ ព្រម​ទាំង​ផ្ទឹម​ពន្យល់​សេចក្តី​ខាង​វិញ្ញាណ ដោយសារ​សេចក្តី​ខាង​ឯ​វិញ្ញាណ​ផង។ កូរិនថូសទី១ ២:១៣

ទោះបីជាលោកប៉ុលមានជោគជ័យយ៉ាងធំធេងនៅទីក្រុងកូរិនថូសក៏ដោយ ក៏ពួកមនុស្សដែលបានឃើញនិងបានឮនៅក្នុងទីក្រុងដ៏អាក្រក់នេះ សឹងតែធុញទ្រាន់នឹងលោកដែរ ភាពគ្មានគុណធម៌ដែលលោកបានឃើញ ក្នុងចំណោមសាសន៍យូដា ព្រមទាំងការមើលងាយនិងការប្រមាថដែលលោកបានទទួលពីពួកគេ បានបណ្តាលឲ្យលោកមានសេចក្តីវេទនាយ៉ាងធំ។ លោកមានមន្ទិលសង្ស័យអំពីប្រាជ្ញានៃការខំប្រឹងប្រែងស្ថាបនាពួកជំនុំចេញពីសម្ភារៈដែលលោកបានរកឃើញនៅទីនោះ។

កាលលោកបម្រុងនឹងចាកចេញពីទីក្រុងនោះ ដើម្បីបំពេញកិច្ចការនៅកន្លែងផ្សេងទៀតតាមសេចក្តីសន្យា និងស្វែងយល់យ៉ាងស្មោះអស់ពីចិត្តនូវភារកិច្ចរបស់លោក ព្រះជាម្ចាស់បានលេចមកឲ្យលោកឃើញនៅក្នុងការជាក់ស្តែងមួយ ហើយបានមានបន្ទូលថា «កុំខ្លាចអ្វី ចូរសម្តែងទៅ កុំនៅស្ងៀម ឡើយ ដ្បិតខ្ញុំនៅជាមួយនឹងអ្នកហើយ គ្មានអ្នកណានឹងប្រទូស្តដល់អ្នកបាន ទេ ខ្ញុំក៏មានមនុស្សជាច្រើននៅក្នុងទីក្រុងនេះដែរ» ។ លោកប៉ុលបានយល់ថាព្រះបន្ទូលនេះគឺជាការត្រាស់បង្គាប់ឲ្យលោកបន្តនៅក្នុងទីក្រុងកូរិនថូស និងជាការធានារ៉ាប់រងថាព្រះជាម្ចាស់នឹងធ្វើឲ្យគ្រាប់ពូជដែលលោកបានសាបព្រោះបានរីកចម្រើនឡើង ។ លោកបានបន្តធ្វើការនៅទីនោះដោយមានកម្លាំងនិងសេចក្តីក្លាហានជាមួយនឹងទឹកចិត្តពុះកញ្ជ្រោលនិងការតស៊ូស្វិតស្វាញ។

ការខំប្រឹងប្រែងរបស់ពួកសាវ័កមិនត្រូវបានបង្ខាំងទុកឲ្យនៅត្រឹមតែការនិយាយជាសាធារណៈប៉ុណ្ណោះទេ មានមនុស្សជាច្រើនដែល មិនបានឮ ដោយសារវិធីនេះ ។ លោកបានចំណាយពេលធ្វើការពីផ្ទះមួយទៅផ្ទះមួយ ធ្វើដូច្នេះ ធ្វើឲ្យលោកអាចប្រស្រ័យទាក់ទងបានយ៉ាងជិតស្និទ្ធជាមួយនឹងរង្វង់ក្រុមគ្រួសារ ។ លោកបានទៅសួរសុខទុក្ខអ្នកមានជំងឺនិងអ្នកមានទុក្ខព្រួយ កម្សាន្តចិត្តអ្នកមានវិបត្តិ និងលើកអ្នកដែលត្រូវគេជិះជាន់ឡើង។ ហើយនៅគ្រប់ទាំងពាក្យសម្តីដែលលោកបាននិយាយ និងសកម្មភាពដែលលោកបាន ធ្វើ លោកបានបង្ហាញពីព្រះនាមរបស់ព្រះយេស៊ូវ។ ដូច្នេះ លោកបានធ្វើការ «ជាមួយនឹងអ្នករាល់គ្នា ទាំងមានសេចក្តីកម្សោយភិតភ័យ ហើយញាប់ ញ័រជាច្រើនដែរ» (កូរិនថូសទី១ ២:៣)។ លោកបារម្ភក្រែងពួកគេយកចិត្តទុកដាក់លើការបង្រៀនរបស់មនុស្ស ខ្លាំងជាងការបង្រៀនរបស់ព្រះ។

បន្ទាប់មក លោកប៉ុលបានមានប្រសាសន៍ថា «ប៉ុន្តែ នៅក្នុងចំណោម មនុស្សគ្រប់លក្ខណ៍ នោះយើងខ្ញុំក៏និយាយតាមប្រាជ្ញាដែរតែមិនមែនតាម ប្រាជ្ញារបស់លោកិយនេះ ឬរបស់ពួកចៅហ្វាយនៅលោកិយនេះ ដែលត្រូវ សាបសូន្យនោះទេ គឺនិយាយតាមតែប្រាជ្ញានៃព្រះវិញ ជាសេចក្តីអាថ៌កំបាំង ដ៏លាក់ទុក ដែលព្រះបានគិតគូរ តាំងពីមុនអស់ទាំងកល្បសម្រាប់ជាសិរីល្អ ដល់យើងរាល់គ្នា គ្មានចៅហ្វាយណា ក្នុងលោកិយនេះបានស្គាល់សេចក្តីអាថ៌កំបាំងនោះឡើយ បើបានស្គាល់ នោះគេមិនបានឆ្កាងព្រះអម្ចាស់ដ៏មានសិរីទេដូចមានសេចក្តីចែងទុកមកថា សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់» ព្រះទ្រង់បានសម្តែង ឲ្យយើងរាល់គ្នាឃើញសេចក្តីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្តីជ្រាលជ្រៅនៃព្រះដែរ ដ្បិតបើមិនមែនជាវិញ្ញាណ ដែលនៅក្នុងខ្លួនមនុស្សទេ នោះតើមានអ្វីនឹងស្គាល់សណ្ឋានមនុស្សនោះបាន ហើយបើមិនមែនជាព្រះវិញ្ញាណ នៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ។

«ឯយើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកិយទេ គឺទទួល​វិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែល​ព្រះបានផ្តល់មកយើង ហើយយើងក៏និយាយពីសេចក្តីទាំងនោះឯង មិនមែនដោយពាក្យសម្តី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយ​ពាក្យសម្តី ដែលព្រះវិញ្ញាណបង្រៀនវិញ ព្រមទាំងផ្ទឹមពន្យល់សេចក្តីខាងវិញ្ញាណដោយសារសេចក្តីខាងឯវិញ្ញាណផង» (កូរិនថូសទី១ ២:៦-១៣)។

លោកប៉ុលបានដឹងថា សមត្ថភាពរបស់លោកមិនមែនមាននៅក្នុងជីវិតរបស់លោកទេ ប៉ុន្តែ នៅក្នុងព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធវិញ ដែលឥទ្ធពលដ៏ប្រកបដោយព្រះគុណរបស់ទ្រង់បានបំពេញចិត្តលោក ដោយនាំគំនិតមនុស្សគ្រប់គ្នាឲ្យចុះចូលជាមួយនឹងព្រះគ្រិស្ត។ លោកបានមាន ប្រសាសន៍ពីខ្លួនលោកថា «យើងខ្ញុំផ្ទុកសេចក្តីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសម្តែងមកក្នុង រូបកាយយើងខ្ញុំដែរ» (កូរិនថូសទី២ ៤:១០)។ ព្រះគ្រិស្តគឺជាគំនិតដ៏សំខាន់នៅក្នុងកាបង្រៀនរបស់ពួកសាវ័ក។ លោកបានមានប្រសាសន៍ថា «ប៉ុន្តែ ខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រិស្តទ្រង់រស់ក្នុងខ្ញុំវិញ» (កាឡាទី ២:២០)។ លោកបានលាក់ភាពអាត្មានិយមទុក ហើយបានបង្ហាញនិងលើកតម្កើងព្រះគ្រិស្តវិញ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយ​នឹក​ចាំ​ជា​ដរាបពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្តី​ជំនឿ និង​ពី​ការ​នឿយ​ហត់ដែល​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួនដល់​ព្រះយេស៊ូវគ្រីស្ទជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​។​ (ថែស្សាឡូនីចទី១ ១:៣)

Powered by CAM