កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក២៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ។ កាឡាទី ២:២០
លោកប៉ុលគឺជាអ្នកនិយាយដែលប្រកបដោយវោហារសាស្រ្ត។ នៅ មុនការផ្លាស់ប្តូរជំនឿរបស់គាត់ លោកតែងតែស្វះស្វែងទាក់ទាញចំណាប់អារម្មណ៍អ្នកស្តាប់របស់លោកដោយការបណ្តែតអារម្មណ៍ទៅតាមវោហារស័ព្ទ។ ប៉ុន្តែ ឥឡូវនេះ លោកបានទុករបៀបនោះចោលមួយអន្លើ ។ ជំនួសឲ្យការបណ្តែតបណ្តោយទៅតាមការពណ៌នាបែបកំណាព្យនិងការបកស្រាយ តាមបែបមនោសញ្ចេតនា ដែលបំពេញដល់វិញ្ញាណនិងចម្អែតក្តីស្រមៃ ប៉ុន្តែ មិនបានប៉ះពាល់ដល់បទពិសោធន៍ប្រចាំថ្ងៃសោះនោះ លោកប៉ុលបានប្រើ ភាសាសាមញ្ញ ដើម្បីធ្វើឲ្យអ្នកស្តាប់របស់លោកបានយល់ពីសេចក្តីពិត ដែលមានសារៈសំខាន់ស្មើនឹងអាយុជីវិត។ ការបកស្រាយពីសេចក្តីពិត បែបមនោ សញ្ចេតនា អាចបណ្តាលឲ្យមានអារម្មណ៍អណ្តែតអណ្តូង ប៉ុន្តែ សេចក្តីពិតទាំងឡាយដែលត្រូវបានបកស្រាយតាមរបៀបនេះមិនបានផ្តល់ចំណីអាហារជាចាំបាច់ដើម្បីពង្រឹងកម្លាំងនិងការពារពួកអ្នកជឿសម្រាប់សមរភូមិនៃជីវិតទេ។ សេចក្តីត្រូវការជាបន្ទាន់ ការពិបាកៗនៅពេលបច្ចុប្បន្ន ចិត្តខ្ទេចខ្ទាំទាំង អស់នេះត្រូវតែដោះស្រាយដោយការបង្រៀនត្រឹមត្រូវ និងសាមញ្ញ នៅក្នុងគោលការណ៍គ្រឹះនៃគ្រិស្តសាសនា។
ការខំប្រឹងប្រែងរបស់លោកប៉ុលនៅទីក្រុងកូរិនថូស មិនដែលខកខាន មិនបានបង្កើតផលផ្លែទេ។ មនុស្សជាច្រើនបានងាកបែរចេញពីការថ្វាយបង្គំរូបព្រះ មកថ្វាយបង្គំដល់ព្រះដ៏មានព្រះជន្មរស់ ហើយពួកជំនុំដ៏ធំត្រូវបានបង្កើតឡើងនៅក្រោមផ្ទាំងបដារបស់ព្រះគ្រិស្ត។ អ្នកខ្លះត្រូវបានជួយសង្រ្គោះឲ្យរួចពីការបោះបង់យ៉ាងធ្ងន់ធ្ងរបំផុតនៃសាសន៍ដទៃ ហើយបានក្លាយជាស្នាដៃនៃសេចក្តីមេត្តាករុណារបស់ព្រះ និងជាភាពសក្តិសិទ្ធិនៃព្រះលោហិតរបស់ព្រះគ្រិស្តក្នុងការលាងសម្អាតបាប។
ជោគជ័យដែលចេះតែកើនឡើង ដែលលោកប៉ុលមានក្នុងការបង្ហាញពីព្រះគ្រិស្តបានបំផុសសាសន៍យូដាដែលមិនជឿឲ្យតាំងចិត្តប្រឆាំងកាន់តែខ្លាំងឡើង ។ ពួកគេបានលើកគ្នា «ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅ ឯទី ជំនុំក្តី» គឺទៅឯលោកកាលីយ៉ូ ដែលធ្វើជាអ្នកតំណាងសាសន៍រ៉ូម នៅស្រុក អាខៃ។ ពួកគេបានរំពឹងថារដ្ឋអំណាចនឹងចូលដៃខាងពួកគេដូចកាលពីលើកមុនៗ ហើយពួកគេបានស្រែកទាស់នឹងសាវ័កប៉ុលដោយសំឡេងខ្លាំងៗថា “អ្នកនេះជាអ្នកបញ្ចុះបញ្ចូលមនុស្ស ឲ្យថ្វាយបង្គំព្រះខុសច្បាប់”។
សាសនាយូដាត្រូវបានការពារដោយអំណាចទីក្រុងរ៉ូម ហើយពួកអ្នកដែលចោទប្រកាន់ដល់លោកប៉ុលបានគិតថា ប្រសិនបើពួកគេអាចធ្វើឲ្យលោកប៉ុលជាប់ចោទពីបទបំពាននឹងច្បាប់សាសនានោះ ពួកចៅក្រមមុខជាប្រគល់លោកប៉ុលមកក្នុងកណ្តាប់ដៃពួកគេ ឲ្យជំនុំជម្រះនិងកាត់ទោសជាក់ជាមិនខាន ។ ពួកគេបានសង្ឃឹមថាប្រសិនបើយ៉ាងដូច្នោះមែន ពួកគេ នឹងឡោមព័ទ្ធសម្លាប់លោកចោល។ ប៉ុន្តែ លោកកាលីយ៉ូគឺជាមនុស្សដែលមានកេរ្តិ៍ឈ្មោះ លោកបានបដិសេធមិនព្រមធ្វើជាមនុស្សដែលគេបោកបានដោយងាយៗ ដោយសារការច្រណែននិងល្បិចទុច្ចរិតរបស់សាសន៍យូដានោះទេ។ ដោយការស្អប់ខ្ពើមចំពោះអំពើឆ្កួតលីលានិងសេចក្តីសុចរិត ផ្ទាល់ ខ្លួន របស់ពួកគេ លោកមិនបានចាប់អារម្មណ៍ទៅនឹងការចោទប្រកាន់នោះទេ។ កាលលោកប៉ុលរៀបនឹងនិយាយការពារខ្លួន លោកកាលីយ៉ូបានប្រាប់ថាមិនចាំបាច់ទេ។ រួចលោកបែរទៅនិយាយជាមួយដើមចោទដែលពោរពេញដោយកំហឹងថា៖ «នែ ពួកសាសន៍ យូដាអើយ បើសិនណាជាមានការ ទុច្ចរិតណា ឬទោសកំណាចអ្វីដទៃ នោះតាមទំនងខ្ញុំត្រូវតែទទួលស្តាប់អ្នករាល់គ្នា ប៉ុន្តែ បើសិនជាកើតក្តីពីដំណើរពាក្យសម្តី ឬពីនាមឈ្មោះ ឬពីក្រឹត្យ វិន័យរបស់អ្នករាល់គ្នាវិញ នោះស្រេចនឹងអ្នករាល់គ្នាចុះ ខ្ញុំមិនចូលចិត្តនឹងជំនុំជម្រះចំពោះការយ៉ាងនោះទេ លោកក៏បណ្តេញគេចេញពីសាលាជំនុំ ជម្រះទៅ»។
ទាំងសាសន៍យូដានិងសាសន៍ក្រិកបានរង់ចាំការសម្រេចចិត្តរបស់លោកកាលីយ៉ូជាអ្នកដែលមិនបានចាប់អារម្មណ៍ទៅនឹងសាធារណៈជនសោះ យ៉ាងអន្ទះសា ហើយលោកក៏បានបំបែកអង្គសាវនាការជាបន្ទាន់ ដែលធ្វើឲ្យសាសន៍យូដាកប់យោបល់ ទ័លគំនិតនិងខឹងសម្បាជាខ្លាំង។ ការសម្រេចចិត្តរបស់អ្នកតំណាងខេត្តរ៉ូមនេះបានបើកភ្នែកមើលហ្វូងមនុស្សដែលស្រែកឡូឡាដែលបានចូលរួមគាំទ្រដល់ពួកយូដា។ នេះជាលើកទីមួយ នៅក្នុងការបំពេញភារកិច្ចរបស់លោកប៉ុល នៅអឺរ៉ុប ដែលហ្វូងមនុស្សដ៏ពោរពេញដោយកំហឹងបានចូលរួមជាមួយលោក នៅក្រោមក្រសែភ្នែកនៃអ្នកតំណាងខេត្តរ៉ូម ដោយគ្មានការរំខានពីសំណាក់លោកអភិបាលខេត្ត ពួកគេបានចោមរោមចោទប្រកាន់ដល់ពួកសាវ័ក។ «នោះគេក៏ចាប់សូស្ថេន ជាមេសាលា ប្រជុំ មកវាយផ្ចាលនៅមុខសាលាជំនុំតែលោកកាលីយ៉ូមិនរវល់សោះ»។ ដូច្នេះ គ្រិស្តសាសនាក៏ទទួលបានសញ្ញានៃជ័យជម្នះ។
«ឯប៉ុល គាត់នៅទីនោះជាយូរថ្ងៃទៀត» ។ ប្រសិនបើសាវ័កប៉ុលបានចាកចេញពីទីក្រុងកូរិនថូស នៅពេលនោះ ពួកអ្នកផ្លាស់ប្តូរជំនឿនៃព្រះយេស៊ូវប្រាកដជាជួបប្រទះនឹងស្ថានភាពដ៏មានគ្រោះថ្នាក់ជាក់ជាមិនខាន។ ពួកសាសន៍យូដាបានខំប្រឹងប្រែងបន្តកេងយកចំណេញជានិច្ច ទោះបីជាត្រូវបំផ្លាញគ្រិស្តសាសនាក៏ដោយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយនឹកចាំជាដរាបពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមយ៉ាងមាំមួនដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើង។ (ថែស្សាឡូនីចទី១ ១:៣)