ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី២៥)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងសំបុត្រផ្ញើទៅកាន់ពួកជំនុំនៅទីក្រុងថែស្សាឡូនីច។​

សំបុត្រផ្ញើទៅកាន់ពួកជំនុំនៅទីក្រុងថែស្សាឡូនីច

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី១ ជំពូក២៨

ការវិលត្រឡប់មកពីទីក្រុងម៉ាសេដូនរបស់លោកស៊ីឡាស និងធីម៉ូថេ នៅក្នុងអំឡុងពេលនៃការស្នាក់នៅជាបណ្តោះអាសន្នរបស់លោកប៉ុលនៅទីក្រុងកូរិនថូស បានធ្វើឲ្យលោកមានអំណរជាខ្លាំង ។ ពួកគេបាននាំ​មកជូន​លោកនូវ «ដំណឹងល្អ» ពី «សេចក្តីជំនឿ និងសេចក្តីស្រឡាញ់» របស់អ្នក​ដែលបានទទួលសេចក្តីពិត នៅក្នុងអំឡុងពេលនៃការមកសួរសុខទុក្ខ របស់​អ្នកនាំសារនៃដំណឹងល្អ មកកាន់ទីក្រុងថែស្សាឡូនីចជាលើកដំបូង។ ចិត្ត​របស់លោកប៉ុលបានចេញទៅដោយការអាណិតអាសូរយ៉ាងស្រទន់ ចំពោះ​ពួកអ្នកជឿទាំងនេះ ដែលនៅតែស្មោះត្រង់ជាមួយនឹងព្រះ នៅកណ្តាលការពិបាកក្នុងចំណោមខ្មាំងសត្រូវ ។ លោកមានបំណងចង់ទៅសួរសុខទុក្ខពួកគេដោយផ្ទាល់ ប៉ុន្តែ ដោយកាលៈទេសៈមិនអនុញ្ញាត លោកក៏បានសរសេរសំបុត្រផ្ញើទៅជូនពួកគេ។

នៅក្នុងសំបុត្រផ្ញើទៅជូនពួកជំនុំនៅទីក្រុងថែស្សាឡូនីច សាវ័កប៉ុល​បញ្ជាក់​ពីសេចក្តីថ្លែងអំណរគុណរបស់លោកចំពោះព្រះ សម្រាប់ដំណឹងដ៏មានអំណរនៃការរីកចម្រើនខាងសេចក្តីជំនឿរបស់ពួកគេ ។ លោកបាន​សរសេរថា «ដូច្នេះ បងប្អូនអើយ ក្នុងខណៈដែលយើងខ្ញុំកំពុងតែមានសេចក្តីទុក្ខព្រួយ និងសេចក្តីលំបាកជាច្រើន នោះយើងខ្ញុំមានសេចក្តីក្សាន្តចិត្តពី​ដំណើរអ្នករាល់គ្នាឡើងវិញ ដោយសារសេចក្តីជំនឿរបស់អ្នករាល់គ្នា ដ្បិត​ឥឡូវនេះ បើអ្នករាល់គ្នាឈរនៅមាំមួនក្នុងព្រះអម្ចាស់ នោះទើបយើង​ខ្ញុំនឹង​រស់នៅ តើយើងខ្ញុំអាចនឹងអរព្រះគុណដល់ព្រះ ពីដំណើរអ្នករាល់គ្នា ដោយ​ប្រការដូចម្តេច ឲ្យបានល្មមធួននឹងអស់ទាំងសេចក្តីអំណរ ដែលយើង​ខ្ញុំមាន​នៅចំពោះព្រះនៃយើង ដោយព្រោះអ្នករាល់គ្នាបាន? យើងខ្ញុំទូលអង្វរ ដោយ​​ទទូចទាំងយប់ទាំងថ្ងៃ សូមឲ្យបានឃើញមុខអ្នករាល់គ្នា ហើយឲ្យបានបំពេញសេចក្តីអ្វីដែលខ្វះ ខាងឯសេចក្តីជំនឿរបស់អ្នករាល់គ្នាផង»។

«យើងខ្ញុំអរព្រះគុណដល់ព្រះជានិច្ច ពីដំណើរអ្នករាល់គ្នា ហើយកាល​ណាយើងខ្ញុំអធិដ្ឋាន នោះក៏តែងដំណាលពីអ្នករាល់គ្នា ដោយនឹកចាំជាដរាប ពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ ដែលធ្វើ​ដោយសេចក្តីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើងផង»។

ពួកអ្នកជឿនៅក្រុងថែស្សាឡូនីចជាច្រើនបាន «ទាំងបែរ … មកឯព្រះ​ដ៏ពិត ឲ្យបានគោរពប្រតិបត្តិដល់ព្រះដ៏មានព្រះជន្មរស់នៅនោះវិញ»។ ពួក​គេ «បានទទួលព្រះបន្ទូល ដោយសេចក្តីអំណរ» ហើយចិត្តរបស់​ពួកគេ​ពោរពេញ​ទៅដោយ «សេចក្តីអំណររបស់ព្រះវិញ្ញាណបរិសុទ្ធ» ។ ពួកសាវ័ក​បានថ្លែងថា នៅក្នុងភាពស្មោះត្រង់របស់ពួកគេក្នុងការដើរតាមព្រះជាម្ចាស់ ពួកគេ «បានត្រឡប់ជាគំរូ ដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន និង​ស្រុកអាខៃ»។ ពាក្យពេចន៍កោតសរសើរទាំងនេះមិនមែនឥតមានសគុណទេ លោកបានសរសេរថា «ដ្បិតព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺរហូត​ដល់​គ្រប់ទាំងកន្លែង ដែលឮនិយាយពីសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះថែមទៀតផង បានជាមិនចាំបាច់ឲ្យយើងខ្ញុំនិយាយអ្វីទៀតទេ»។

ពួកអ្នកជឿនៅទីក្រុងថែស្សាឡូនីចគឺជាបេសកជនដ៏ពិតប្រាកដ ។ ចិត្តរបស់ពួកគេឆេះឆួលចំពោះព្រះអង្គសង្រ្គោះរបស់គេ ដែលបានរំដោះពួកគេឲ្យរួចពីការភ័យខ្លាច «សេចក្តីខ្ញាល់ទៅមុខ» ។ ការផ្លាស់ប្រែដ៏អស្ចារ្យ​បាន​កើតឡើងនៅក្នុងជីវិតរបស់ពួកគេ តាមរយៈព្រះគុណរបស់ព្រះគ្រិស្ត និង​ព្រះបន្ទូលរបស់ព្រះ ដែលបានមានបន្ទូលតាមរយៈពួកគេ ដែលមានទាំង អំណាចមកជាមួយផង។ សេចក្តីពិតដែលពួកគេបានបង្ហាញបានយកជ័យជម្នះលើចិត្តមនុស្សជាច្រើន ហើយមានចំនួនមនុស្សបន្ថែមចូលមកក្នុងពួកអ្នកជឿជាច្រើនផងដែរ។

នៅក្នុងសំបុត្រទីមួយនេះ លោកប៉ុលបានបង្ហាញពីលក្ខណៈនៃកិច្ចការរបស់លោកនៅក្នុងចំណោមអ្នកក្រុងថែស្សាឡូនីច។ លោកបានមានប្រសាសន៍ថាលោកមិនបានយកឈ្នះលើអ្នកដែលបានផ្លាស់ប្តូរជំនឿតាមរយៈការបោកបញ្ឆោតឬឩបាយកលទេ «តែតាមដែលព្រះទ្រង់ល្បងល ឃើញថាគួរនឹងផ្ញើព្រះបន្ទូលទុកនឹងយើងខ្ញុំជាយ៉ាងណា នោះយើងខ្ញុំបានអធិប្បាយតាមបែបយ៉ាងនោះឯង មិនមែនដូចជាចង់ផ្គាប់ដល់ចិត្តមនុស្សទេ គឺផ្គាប់ដល់ព្រះហឫទ័យ​​នៃព្រះវិញ ដែលទ្រង់ល្បងលចិត្តរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំមិនដែលប្រើពាក្យបញ្ចើច ដូចជាអ្នករាល់គ្នាដឹងស្រាប់ ឬប្រព្រឹត្តដោយចិត្តលោភឡើយ សឹង​មានព្រះទ្រង់ជាសាក្សីហើយ ហើយទោះបើយើងខ្ញុំមានអំណាច និងនៅជា​បន្ទុកលើអ្នករាល់គ្នា ទុកដូចជាសាវ័កនៃព្រះគ្រិស្តក៏ដោយ គង់តែយើងខ្ញុំមិនរកឲ្យមនុស្សគោរពប្រតិបត្តិដល់យើងខ្ញុំឡើយ ទោះអ្នករាល់គ្នា ឬអ្នកណា​ទៀតក្តី យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូច​ជា​ម្តាយថ្នមកូន ដែលកំពុងនៅបៅ គឺយ៉ាងនោះហើយ ដែលយើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នា ដល់ម៉្លេះបានជាយើងខ្ញុំចូលចិត្តចែកដំណឹងល្អពីព្រះ មកអ្នករាល់គ្នា មិនត្រឹមតែប៉ុណ្ណោះ ក៏ចូលចិត្តចែកទាំងជីវិតយើងខ្ញុំផង ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាស្ងួនភ្ងាដល់យើងខ្ញុំ ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយ​ដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយ​នឹក​ចាំ​ជា​ដរាបពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្តី​ជំនឿ និង​ពី​ការ​នឿយ​ហត់ដែល​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួនដល់​ព្រះយេស៊ូវគ្រីស្ទជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​។​ (ថែស្សាឡូនីចទី១ ១:៣)

Powered by CAM