កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក២៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដោយហេតុនេះទៀត បានជាយើងខ្ញុំអរព្រះគុណដល់ព្រះ ឥតមានដាច់ គឺដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូល ជាដំណឹងពីព្រះ ដោយសារយើងខ្ញុំ នោះមិនបានទទួល ទុកដូចជាពាក្យរបស់មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះដែលបណ្តាលមកក្នុងអ្នករាល់គ្នាជាពួកអ្នកជឿ។ ថែស្សាឡូនីចទី១ ២:១៣
សាវ័កប៉ុលបានបន្តថា «អ្នករាល់គ្នា ហើយព្រះផង ជាស្មរបន្ទាល់អំពីយើងខ្ញុំ ដែលយើងខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ជាពួកអ្នកជឿបែបយ៉ាងណា ដោយបរិសុទ្ធ សុចរិត ហើយឥតកន្លែងបន្ទោសបាន ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានីមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកម្សាន្តចិត្តផង ហើយទាំងធ្វើបន្ទាល់ ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់»។
«ដោយហេតុនេះទៀត បានជាយើងខ្ញុំអរព្រះគុណដល់ព្រះ ឥតមានដាច់ គឺដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូល ជាដំណឹងពីព្រះ ដោយសារយើងខ្ញុំ នោះមិនបានទទួល ទុកដូចជាពាក្យរបស់មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញគឺជាព្រះបន្ទូលនៃព្រះ ដែលបណ្តាលមកក្នុងអ្នករាល់គ្នាជាពួកអ្នកជឿ» «ដ្បិតតើសេចក្តីសង្ឃឹម សេចក្តីអំណរ និងមកុដដែលនាំឲ្យយើងខ្ញុំរីករាយឡើងនោះជាអ្វី? បើមិនមែនជាអ្នករាល់គ្នានៅចំពោះព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើង ក្នុងកាលដែលទ្រង់យាង មកប៉ុណ្ណោះ? ដ្បិតអ្នករាល់គ្នាជាសិរីល្អ ហើយជាសេចក្តីអំណររបស់យើងខ្ញុំពិតមែន»។
នៅក្នុងសំបុត្រលើកទីមួយ ផ្ញើទៅជូនពួកអ្នកជឿនៅក្រុងថែស្សាឡូនីច លោកប៉ុលបានខំប្រឹងប្រែងបង្រៀនដល់ពួកគេអំពីលក្ខណៈនៃសេក្តីស្លាប់ ។ លោកបានមានប្រសាសន៍ថា អ្នកដែលបានស្លាប់គឺដូចជាដេកលក់ដូច្នោះដែរ គឺឋិតនៅក្នុងលក្ខណៈនៃការសន្លប់មិនដឹងខ្លួន៖ «បងប្អូនអើយ ខ្ញុំមិនចង់ ឲ្យអ្នករាល់គ្នាឥតដឹង ពីពួកអ្នកដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នា កើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់ នឹងនាំអស់អ្នកដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ ដែរ ។ … ព្រោះព្រះអម្ចាស់ ទ្រង់នឹងយាងចុះពីឋានសួគ៌មក ដោយស្រែក បង្គាប់មួយព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រិស្តនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នា ដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»។
ពួកអ្នកក្រុងថែស្សាឡូនីចបានទទួលយកគំនិតដែលថា ព្រះនឹងយាងមកដើម្បីបំផ្លាស់បំប្រែពួកអ្នកស្មោះត្រង់ដែលរស់នៅ ហើយយកពួកគេទៅឯ ទ្រង់។ ពួកគេបានថែរក្សាជីវិតមិត្តភក្តិរបស់ពួកគេយ៉ាងប្រុងប្រយ័ត្នក្រែង ពួកគេត្រូវស្លាប់ ហើយខកខានមិនបានទទួលព្រះពរនៅគ្រានៃការយាងមកវិញនៃព្រះជាម្ចាស់ ។ ប៉ុន្តែ មនុស្សដែលពួកគេស្រឡាញ់បានឃ្លាតចាកពីគេម្តងមួយៗ ហើយពួកអ្នកក្រុងថែស្សាឡូនីចបានសម្លឹងមើលមុខអ្នកដែលស្លាប់ជាលើកចុងក្រោយបង្អស់ ដោយទុក្ខក្រៀមក្រំ ពិបាកនឹងសង្ឃឹមថាបានជួបគ្នានៅជីវិតខាងមុខនោះខ្លាំងណាស់។
កាលពួកគេបានបើកសំបុត្ររបស់លោកប៉ុលអានពាក្យពេចន៍ដែល បង្ហាញពីលក្ខណៈពិតប្រាកដនៃសេចក្តីស្លាប់បាននាំមកនូវអំណរនិងការស្បើយទុក្ខដល់ពួកជំនុំ ។ លោកប៉ុលបានបង្ហាញថា នៅពេលដែលព្រះគ្រិស្ត យាងមកវិញ អ្នកដែលកំពុងរស់នៅមិនបានឡើងទៅជួបព្រះអម្ចាស់របស់ពួកគេ មុនពួកអ្នកដែលបានដេកលក់នៅក្នុងព្រះយេស៊ូវនោះឡើយ។ សំឡេងមហាទេវតានិងត្រែរបស់ព្រះនឹងបន្លឺឡើង ទៅកាន់ពួកអ្នកដែល បានដេកលក់ ហើយពួកអ្នកស្លាប់ក្នុងព្រះគ្រិស្តនឹងរស់ឡើងវិញជាមុនបង្អស់ មុននឹងពួកអ្នកដែលរស់នៅត្រូវបានលើកឡើងទៅក្នុងពពក ឲ្យបានជួបជាមួយនឹងអ្នកដែលបានរស់ឡើងវិញ។ «រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ ដូច្នេះ ចូរកម្សាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ»។
សេចក្តីសង្ឃឹមនិងក្តីអំណរដែលការធានាអះអាង បាននាំមកដល់ពួក ជំនុំដ៏ក្មេងខ្ចីនៅទីក្រុងថែស្សាឡូនីចនេះ យើងរាល់គ្នាក៏គួរតែកោតសរសើរដោយកម្រផងដែរ ។ ពួកគេបានជឿនិងរីករាយសាទរចំពោះសំបុត្រដែលបានផ្ញើមកជូនពួកគេ ដោយឪពុកក្នុងដំណឹងល្អរបស់ពួកគេ ហើយចិត្តរបស់ពួកគេមានពេញទៅដោយសេចក្តីស្រឡាញ់ចំពោះរូបលោក។ លោកប៉ុលបានប្រាប់អំពីរឿងនេះកាលពីមុនរួចមកហើយ ប៉ុន្តែ នៅពេលនោះ ចិត្តរបស់ ពួកគេ កំពុងប្រឹងប្រែងចាប់យកគោលលទ្ធិដែលហាក់ដូចជាថ្មីនិងចម្លែកនេះ ហើយវាមិនមែនជាការភ្ញាក់ផ្អើលទេ ដែលកម្លាំងនៃចំណុចមួយចំនួនមិនត្រូវបានដិតដាមនៅក្នុងគំនិតរបស់ពួកគេយ៉ាងរស់រវើកនោះ ។ ប៉ុន្តែ ពួក គេស្រេកឃ្លាននូវសេចក្តីពិត ហើយសំបុត្ររបស់លោកប៉ុលបានផ្តល់នូវសេចក្តីសង្ឃឹមនិងកម្លាំងថ្មីដល់ពួកគេ ជំនឿដ៏រឹងមាំនិងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះព្រះដែលបាននាំមកនូវជីវិតនិងភាពមិនចេះស្លាប់ឲ្យមានពន្លឺ តាមរយៈការសុគតរបស់ព្រះអង្គ។
ឥឡូវនេះ ពួកគេមានអំណរនៅក្នុងចំណេះដឹងដែលថាព្រះនឹងប្រោសមិត្តភក្តិរបស់ពួកគេដែលបានជឿដល់ព្រះយេស៊ូវឲ្យចេញពីផ្នូរ ហើយរស់ នៅក្នុងនគររបស់ព្រះ ជារៀងរហូត។ ភាពងងឹតដែលបានហ៊ុំព័ទ្ធកន្លែងសម្រាក របស់អ្នកស្លាប់ត្រូវបានដកយកចេញ។ ភាពរុងរឿងថ្មីមួយបានបំពាក់ម្កុដ ដល់ជំនឿរបស់គ្រិស្តបរិស័ទ ហើយពួកគេបានមើលឃើញសិរីល្អថ្មីនៅក្នុងព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រិស្ត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ។ (ថែស្សាឡូនីចទី១ ៥:១៨)