កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។ ថែស្សាឡូនីចទី១ ៥:១១
លោកប៉ុលបានសរសេរថា «ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នកដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ» ។ មនុស្សជាច្រើនបានបកស្រាយសារនេះមានន័យថាអ្នកដែលដេកលក់នឹងត្រូវបាននាំយកទៅជាមួយនឹងព្រះគ្រិស្តមកពីឋានសួគ៌ ប៉ុន្តែ លោកប៉ុលចង់មានប្រសាសន៍ថាកាលព្រះគ្រិស្តត្រូវបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ដូច្នេះ ព្រះក៏នឹងត្រាស់ហៅពួកបរិសុទ្ធដែលដេកលក់ឲ្យចេញពីផ្នូររបស់ពួកគេដែរ ហើយយកពួកគេទៅនៅឋានសួគ៌ជាមួយនឹងទ្រង់។ នេះជាការបង្រួបបង្រួមដ៏ មានតម្លៃ! ជាសេចក្តីសង្ឃឹមដ៏មានសិរីរុងរឿង! មិនមែនគ្រាន់តែចំពោះពួកជំនុំនៅទីក្រុងថែស្សាឡូនីចប៉ុណ្ណោះទេ ប៉ុន្តែ ចំពោះគ្រិស្តបរិស័ទដែលរស់នៅគ្រប់ទីកន្លែងផងដែរ។
កាលបម្រើការនៅទីក្រុងថែស្សាឡូនីច លោកប៉ុលបានរាយការណ៍យ៉ាងពេញលេញអំពីប្រធានបទនៃសញ្ញានៃពេលវេលា ដោយបង្ហាញអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅមុនការលេចមករបស់កូនមនុស្ស នៅក្នុង ពពកនាអាកាស ដែលលោកគិតថាមិនចាំបាច់ត្រូវសរសេរពីពេលវេលា យ៉ាងវែងទាក់ទងនឹងប្រធានបទនេះទេ។ ទោះជាយ៉ាងនេះក្តី ក៏លោកសំអាងដោយចង្អុលទៅការបង្រៀនពីលើកមុនរបស់លោកដែរ។ លោកបានមាន ប្រសាសន៍ថា «បងប្អូនអើយ ឯត្រង់ពេលវេលា នោះមិនបាច់ឲ្យខ្ញុំសរសេរប្រាប់មកអ្នករាល់គ្នាទេ ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់ នឹងមកដល់ ដូចជាចោរមកនៅពេលយប់ដ្បិតកាលណាគេកំពុងតែនិយាយ ថា មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ នោះលោតែមានសេចក្តីហិនវិនាសមកលើគេភ្លាម»។
នៅលើពិភពលោកសព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលបានបិទភ្នែក មិនមើលទៅឯភស្តុតាងដែលព្រះគ្រិស្តបានប្រទានដល់មនុស្សទុកជាការព្រមាន អំពីការយាងមកវិញរបស់ទ្រង់នោះ ។ ពួកគេស្វះស្វែងធ្វើឲ្យការថប់បារម្ភទាំងឡាយត្រូវស្ងៀមស្ងាត់ ខណៈដែលនៅពេលជាមួយគ្នានេះសញ្ញានៃទីចុងបំផុតកំពុងបានសម្រេចយ៉ាងឆាប់រហ័ស ហើយពិភពលោកកំពុងប្រញាប់ប្រញាល់ធ្វើដំណើរឆ្ពោះទៅកាន់ពេលវេលាដែលកូនមនុស្សនឹងត្រូវលេចមក នៅក្នុងពពកនៅលើអាកាស។ លោកប៉ុលបង្រៀនថា ការមិនអើពើ នឹងសញ្ញាដែលកើតឡើងនៅមុនពេលការយាងមកជាលើកទីពីររបស់ព្រះគ្រិស្តនោះគឺជាអំពើបាប។ លោកបានហៅពួកអ្នកដែលមានទោសចំពោះការមិនយកចិត្តទុកដាក់នេះ ថាជាកូននៃពេលយប់ ឬកូននៃភាពងងឹតលោកលើកទឹកចិត្តដល់ពួកអ្នកប្រុងប្រយ័ត្ននិងពួកអ្នកចាំយាមដោយពាក្យទាំងនេះ៖ «តែបងប្អូនអើយ អ្នករាល់គ្នាមិនមែននៅក្នុងសេចក្តីងងឹត ឲ្យថ្ងៃនោះ បានមកដល់អ្នករាល់គ្នា ដូចជាចោរនោះទេ អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺ ហើយជាពួកនៃថ្ងៃ យើងមិនមែនជាពួកនៃយប់ ឬនៃសេចក្តីងងឹតឡើយ ដូច្នេះ ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន មិនត្រូវឲ្យដេកលក់ ដូចជាមនុស្ស ឯទៀតទេ»។
ការបង្រៀនរបស់សាវ័កនៅលើចំណុចនេះគឺជាការសំខាន់ជាពិសេស សម្រាប់ពួកជំនុំនៅក្នុងសម័យយើងនេះ ។ ចំពោះអ្នកដែលកំពុងរស់នៅជិតការសម្រេចដ៏ធំនេះ ប្រសាសន៍របស់លោកប៉ុលគួរតែកើតឡើងដោយកម្លាំងនៃការប្រាប់ថា៖ «តែយើងដែលជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួន ទាំងប្រដាប់ កាយដោយសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ ទុកជាប្រដាប់បាំងដើមទ្រូង ហើយសេចក្តីសង្ឃឹមរបស់ផងសេចក្តីសង្គ្រោះ ទុកជាមួកសឹក ដ្បិតព្រះទ្រង់ មិនបានតម្រូវយើង ទុកសម្រាប់សេចក្តីក្រោធទេ គឺសម្រាប់ឲ្យបានសេចក្តីសង្គ្រោះវិញដោយសារព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើងដែលទ្រង់ សុគតជំនួសយើង ដើម្បីឲ្យយើងរាល់គ្នាបានរស់នៅជាមួយនឹងទ្រង់ ទោះបើចាំយាមឬដេកលក់ក្តី»។
គ្រិស្តបរិស័ទដែលចាំយាមគឺជាគ្រិស្តបរិស័ទដែលធ្វើការ ជាអ្នកដែល ស្វះស្វែងធ្វើកិច្ចការគ្រប់យ៉ាងដោយចិត្តស្រួចស្រាវ នៅក្នុងអំណាចរបស់ខ្លួនដើម្បីជំរុញដំណឹងល្អឲ្យបោះជំហានទៅមុខ។ ខណៈដែលសេចក្តីស្រឡាញ់ចំពោះព្រះដ៏ប្រោសលោះបានកើនឡើង នោះសេចក្តីស្រឡាញ់ដល់មនុស្សក៏កាន់តែកើនឡើងដែរ។ អ្នកនោះបានទទួលការកាត់ទោសដូចជាព្រះជាម្ចាស់របស់គេដែរ ប៉ុន្តែ គេមិនបណ្តោយឲ្យទុក្ខព្រួយធ្វើឲ្យសៅហ្មងដល់អារម្មណ៍របស់គេ ឬបំផ្លាញសេចក្តីសុខសាន្តនៅក្នុងចិត្តរបស់គេឡើយ។ គេដឹងថាការពិបាកនឹងចម្រាញ់និងសម្អាតគេ ហើយនឹងនាំគេឲ្យចូលទៅកាន់តែកៀកនឹងព្រះគ្រិស្ត ប្រសិនបើគេទ្រាំទ្របាន។ អស់អ្នកដែលជាអ្នកចូលរួមចំណែកក្នុងការពិបាករបស់ព្រះគ្រិស្ត នឹងចូលរួមចំណែកនៅក្នុងការរួបរួមជាមួយនឹងទ្រង់ ហើយនៅចុងបំផុតគឺជាអ្នកទទួលចំណែកនៃសិរីល្អរបស់ទ្រង់។
លោកប៉ុលបានបន្តនៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកជំនុំនៅទីក្រុងថែស្សាឡូនីចថា «តែបងប្អូនអើយ យើងខ្ញុំអង្វរអ្នករាល់គ្នាថា ចូរចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា និងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយនិងពួកអ្នកដែលទូន្មានដែរ ដើម្បីឲ្យបាន រាប់អានជាខ្លាំង ចំពោះពួកអ្នកយ៉ាងនោះ ដោយសេចក្តីស្រឡាញ់ ដោយ ព្រោះការដែលគេធ្វើ ចូរនៅជាមួយគ្នាដោយមេត្រីចុះ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយនឹកចាំជាដរាបពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមយ៉ាងមាំមួនដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើង។ (ថែស្សាឡូនីចទី១ ១:៣)