ថ្ងៃសុក្រ ទី០២​ ខែតុលា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី២២)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១៧:១-១០។​

ទីក្រុងថែស្សាឡូនីច

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី១ ជំពូក១៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្តី ដែល​តម្រូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំងឡាយ ឲ្យ​គេ​ស្តាប់ ចាប់​តាំង​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ពួក​ហោរា​រៀង​មក។ លូកា ២៤:២៧

បន្ទាប់ពីចាកចេញពីទីក្រុងភីលីពមក លោកប៉ុលនិងស៊ីឡាសបានចេញដំណើរទៅកាន់ទីក្រុងថែស្សាឡូនីច។ នៅទីនេះ ពួកលោកបានទទួលកិតិ្តយសឲ្យបញ្ចេញយោបល់ទៅកាន់ពួកជំនុំដ៏ធំនៅក្នុងសាលាប្រជុំរបស់សាសន៍យូដា។ លក្ខណៈរបស់ពួកលោកបានបង្ហាញភស្តុតាងពីការប្រព្រឹត្តដ៏គួរឲ្យអៀនខ្មាស ដែលពួកលោកបានទទួលកាលពីពេលថ្មីៗកន្លងមកនេះ ហើយតម្រូវឲ្យពួកលោកពន្យល់អំពីរឿងរ៉ាវដែលបានកើតឡើងនេះ។ ពួកគេបានធ្វើការនេះដោយមិនបានលើកតម្កើងខ្លួនឯងទេ ប៉ុន្តែ បានបង្ហាញអំពីព្រះ ដែលបានធ្វើការរំដោះពួកលោកទៅវិញ។

ក្នុងការអធិប្បាយទៅកាន់ពួកអ្នកក្រុងថែស្សាឡូនីច លោកប៉ុលបានអំពាវនាវអំពីបទទំនាយនៅក្នុងគម្ពីរសញ្ញាចាស់ ទាក់ទងទៅនឹងព្រះមែស្ស៊ី។ នៅក្នុងការបំពេញព្រះរាជកិច្ចរបស់ព្រះអង្គនៅលើផែនដី ព្រះគ្រិស្តបានបើកគំនិតពួកសិស្សរបស់ទ្រង់អំពីបទទំនាយទាំងនេះ «រួចទ្រង់ក៏ស្រាយន័យ សេចក្តីដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ចាប់តាំងពី គម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក» (លូកា ២៤:២៧)។ នៅក្នុងការអធិប្បាយអំពីព្រះគ្រិស្ត លោកពេត្រុសបានបង្កើតភស្តុតាងចេញពីគម្ពីរសញ្ញាចាស់។ លោកស្ទេផានក៏បានធ្វើដូចគ្នានេះដែរ។ ហើយនៅក្នុងការបំពេញកិច្ចការរបស់គាត់ លោកប៉ុលបានលើកពីបទគម្ពីរ ប្រាប់ឲ្យដឹងជាមុន អំពីកំណើត ការឈឺចាប់ ការសុគត ការមានព្រះជន្មរស់ឡើងវិញ និងការ យាងឡើងទៅកាន់ឋានសួគ៌របស់ព្រះគ្រិស្ត។ ដោយការលើកទឹកចិត្តពីទីបន្ទាល់របស់លោក ម៉ូសេនិងពួកហោរា លោកបានបញ្ជាក់យ៉ាងច្បាស់ពីអត្តសញ្ញាណរបស់ព្រះយេស៊ូវពីស្រុកណាសារ៉ែត ជាមួយនឹងព្រះមែស្ស៊ី និងបានបង្ហាញថា មានព្រះសូរសៀងរបស់ព្រះគ្រិស្តដែលបានមានបន្ទូល តាមរយៈពួកអយ្យកោនិងពួកហោរា ចាប់តាំងពីសម័យលោកអ័ដាមរៀងមក។

ព្រះបានប្រទានបទទំនាយយ៉ាងច្បាស់និងជាក់លាក់ទាក់ទងនឹងលក្ខណៈនៃព្រះមួយអង្គតាមសេចក្តីសន្យា។ ទ្រង់បានប្រទានការធានាអះអាងដល់លោកអ័ដាមអំពីព្រះដ៏ប្រោសលោះ ដែលនឹងយាងមក។ ការកាត់ទោសដែលព្រះបានប្រកាសដល់សាតាំងថា «អញនឹងធ្វើឲ្យឯង ហើយនិង ស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាល ឯង ហើយឯងនឹងចឹកកែងជើងគេ» (លោកុប្បត្តិ ៣:១៥) គឺជាសេចក្តីសន្យាដែលព្រះបានប្រទានដល់ឪពុកម្តាយដើមដំបូងរបស់យើង អំពីការប្រោសលោះដែលនឹងកើតឡើងតាមរយៈព្រះគ្រិស្ត។

ព្រះបានសន្យាជាមួយនឹងលោកអ័ដាមថា ព្រះអង្គសង្រ្គោះនឹងប្រសូតមកនៅក្នុងពូជអំបូររបស់លោក៖ «គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង» ។ «តែទ្រង់មិនបានមានព្រះបន្ទូលថា នឹងពូជទាំងប៉ុន្មាន ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែមួយវិញ ដោយថា និងពូជ លោកមួយនោះឯង គឺជាព្រះគ្រិស្ត» (លោកុប្បត្តិ ២២:១៨ និងកាឡាទី ៣:១៦)។

នៅជិតចុងបញ្ចប់នៃកិច្ចរបស់គាត់ ជាមេដឹកនាំនិង ជាគ្រូបង្រៀនដល់ សាសន៍អ៊ីស្រាអែល លោកម៉ូសេបានទស្សទាយយ៉ាងច្បាស់អំពីព្រះមែស្ស៊ីដែលនឹងយាងមក លោកបានមានប្រសាសន៍ប្រាប់ដល់រាស្រ្តអ៊ីស្រាអែលដែលបានប្រជុំគ្នានោះថា៖ «ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបណ្តាលឲ្យមានហោរាមួយកើតឡើង ពីពួកបងប្អូនឯង ឲ្យដូចជាអញ ត្រូវឲ្យឯងរាល់គ្នាស្តាប់តាមអ្នកនោះចុះ» ។ ហើយលោកម៉ូសេបានបញ្ជាក់ប្រាប់ដល់រាស្រ្តអ៊ីស្រាអែលថា ព្រះបានបង្ហាញអំពីរឿងនេះប្រាប់លោកដោយផ្ទាល់ កាលទ្រង់បានមានបន្ទូលនៅភ្នំហោរ៉ែបថា «អញនឹងបណ្តាលឲ្យមានហោរាមួយកើតឡើងពីពួកបងប្អូនគេ សម្រាប់គេ ឲ្យដូចឯង ហើយអញនឹងដាក់ពាក្យអញទៅក្នុងមាត់ហោរានោះ អ្នកនោះនឹងប្រាប់ដល់គេតាមគ្រប់ទាំងសេចក្តីដែលអញនឹងបង្គាប់មក» (ចោទិយកថា ១៨:១៥, ១៨)។

ព្រះមែស្ស៊ីត្រូវតែជាសែស្រឡាយរាជវង្ស ព្រោះនៅក្នុងបទទំនាយដែលបានរៀបរាប់ប្រាប់ដោយលោកយ៉ាកុប ព្រះជាម្ចាស់បានមានបន្ទូលថា «ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់» (លោកុប្បត្តិ ៤៩:១០)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះវិញ្ញាណ​នៃ​ព្រះយេហូវ៉ានឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា​នឹង​យោបល់ ជា​ព្រះវិញ្ញាណ​នៃ​គំនិត​វាងវៃ និង​ឫទ្ធានុភាពជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ចេះ​ដឹង និង​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា។ (អេសាយ ១១:២)

Powered by CAM