ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៥)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​បង​ប្អូន​អើយ យើង​ខ្ញុំ​អង្វរ​អ្នក​រាល់​គ្នា​ថា ចូរ​ចំណាំ​ឲ្យ​ស្គាល់​ពួក​អ្នក​ដែល​ខំ​ធ្វើ​កិច្ចការ​ក្នុង​ពួក​អ្នក​រាល់​គ្នា និង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ព្រះអម្ចាស់ ហើយ​និង​ពួក​អ្នក​ដែល​ទូន្មាន​ដែរ។​ ថែស្សាឡូនីចទី១ ៥:១២

ពួកអ្នកជឿនៅក្រុងថែស្សាឡូនីចត្រូវបានធុញថប់ជាខ្លាំងដោយមនុស្សដែលនិយមគំនិតនិងគោលលទ្ធិសាសនាជ្រុលហួស នៅក្នុងចំណោមពួកគេ ពួកគេខ្លះ «ក្នុងពួកអ្នករាល់គ្នា ដែលប្រព្រឹត្តឥតរបៀប ឥតមានធ្វើការអ្វីសោះ គឺគេរវល់តែចំពោះការឥតប្រយោជន៍វិញ»។ ពួកជំនុំត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ ហើយមន្ត្រីផ្សេងត្រូវបានតែងតាំងឲ្យបំពេញសកម្មភាពជា គ្រូគង្វាល និងជាអ្នកជំនួយការ។ ប៉ុន្តែ នៅមានអ្នកខ្លះនៅមានគំនិតអាត្មានិយមនិងមិនយកចិត្តទុកដាក់ ជាអ្នកដែលមិនព្រមចុះចូលជាមួយ នឹងអ្នកដែលមានតួនាទីជាអ្នកគ្រប់គ្រងនៅក្នុងពួកជំនុំដែរ។ ពួកគេមិនគ្រាន់តែទាមទារសិទ្ធិនៃការជំនុំជម្រះជាឯកជនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជំរុញជាសាធារណៈនូវគំនិតរបស់ពួកគេទៅលើពួកជនដទៃទៀតផង ។ ដោយមើលឃើញដូច្នេះ លោកប៉ុលបានទាក់ទាញអារម្មណ៍របស់ពួកអ្នកក្រុងថែស្សាឡូនីចឲ្យគោរពនិងញែកឲ្យឃើញតម្លៃអ្នកដែលគេបានតែងតាំង ឲ្យមានមុខនាទីគ្រប់គ្រងនៅក្នុងពួកជំនុំ។

នៅក្នុងការថប់បារម្ភរបស់លោក ចង់ឲ្យពួកអ្នកជឿនៅទីក្រុងថែស្សាឡូនីច ដើរដោយការកោតខ្លាចព្រះ លោកប៉ុលបានអង្វរករដល់ពួកគេឲ្យបង្ហាញពីភាពមានព្រះនៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ពួកគេ។ លោកបាន សរសេរថា «មួយសោតទៀត បងប្អូនអើយ យើងខ្ញុំអង្វរ ហើយទូន្មានដល់អ្នករាល់គ្នា ក្នុងព្រះអម្ចាស់យេស៊ូវថា ចូរដើរតាមដែលគួរគប្បី ដើម្បីឲ្យបានគាប់ដល់ព្រះហឫទ័យព្រះកាន់តែខ្លាំងឡើង ដូចជាបានទទួលបង្គាប់ពីយើងខ្ញុំរួចហើយដ្បិតអ្នករាល់គ្នាស្គាល់សេចក្តីបញ្ញត្តិ ដែលយើងខ្ញុំបានប្រគល់មកអ្នករាល់គ្នា ដោយនូវព្រះអម្ចាស់យេស៊ូវហើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យអ្នក រាល់គ្នាបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីសេចក្តីកំផិតចេញ» ។ «ត្រូវឲ្យអ្នករាល់គ្នានីមួយៗចេះរក្សាអត្តភាពខ្លួន ដោយសេចក្តីបរិសុទ្ធ និងសេចក្តី ប្រសើរ»។

សាវ័កបានដឹងថាលោកមានការទទួលខុសត្រូវយ៉ាងទូលំទូលាយ អំពីសុខុមាលភាពខាងព្រលឹងវិញ្ញាណរបស់អ្នកដែលបានកែប្រែចិត្តដោយសារកិច្ចការរបស់លោក ។ សេចក្តីប្រាថ្នារបស់លោកគឺចង់ឲ្យពួកគេមានការរីកចម្រើនខាងចំណេះដឹងនៃព្រះពិតតែមួយអង្គគត់ និងព្រះយេស៊ូវគ្រិស្តដែលព្រះបានបញ្ជូនមក ។ នៅក្នុងបេសកកម្មរបស់គាត់ លោកតែងតែជួបជាមួយក្រុមមនុស្សប្រុសស្រីដែលបានស្រឡាញ់ព្រះយេស៊ូវ និងបានឱនអធិដ្ឋាន ជាមួយពួកគេ សុំឲ្យព្រះបង្រៀនដល់ពួកគេឲ្យនៅជាប់ហើយនឹងរស់នៅដោយភ្ជាប់ទំនាក់ទំនងជាមួយនឹងទ្រង់។ ហើយនៅពេលដែលលោកបានចាកចេញពីពួកអ្នកដែលលោកធ្លាប់បានធ្វើការបម្រើនោះ លោកតែងតែទូលអង្វរដល់ព្រះឲ្យជួយរក្សាពួកគេឲ្យរួចផុតពីអំពើអាក្រក់ ហើយជួយដល់ពួកគេឲ្យនៅតែស្មោះត្រង់និងសកម្មនៅក្នុងបេសកកម្មជាបេសកជនរបស់ពួកគេជានិច្ច។

ភស្តុតាងដ៏ខ្លាំងបំផុតមួយនៅក្នុងចំណោមភស្តុតាងជាច្រើននៃការកែប្រែចិត្តពិតប្រាកដនោះគឺការស្រឡាញ់ដល់ព្រះនិងការស្រឡាញ់ដល់មនុស្ស។ អស់អ្នកដែលទទួលព្រះយេស៊ូវជាព្រះដ៏ប្រោសលោះមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រដល់អ្នកដទៃ ដែលមានជំនឿដ៏មានតម្លៃដូចគ្នា។ នេះហើយគឺជាសេចក្តីស្រឡាញ់ដែលពួកអ្នកជឿនៅទីក្រុងថែស្សាឡូនីចមាន។ សាវ័កប៉ុលបានសរសេរថា «រីឯសេចក្តីស្រឡាញ់ជាបងប្អូន នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ ពីព្រោះព្រះទ្រង់បង្រៀន ឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ហើយអ្នករាល់គ្នាក៏ស្រឡាញ់ដល់អស់ទាំងពួកបងប្អូន នៅគ្រប់ក្នុងស្រុកម៉ាសេដូនដែរ តែបងប្អូនអើយ យើងខ្ញុំ​សូម​ទូន្មាន ឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់នោះ កាន់តែខ្លាំងឡើងចុះ ហើយ​ខំប្រឹងឲ្យអស់ពីចិត្ត និងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿង​ជារបស់​ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង ដូចជាយើងខ្ញុំបានបង្គាប់ហើយ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តដោយគួរគប្បី ដល់មនុស្សខាងក្រៅ ឥតត្រូវ​ការអ្វីឡើយ»។

«សូមឲ្យព្រះអម្ចាស់ចម្រើនសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា ឲ្យបានពេញពោរហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ផង ដូចជាយើងខ្ញុំស្រឡាញ់ដល់អ្នករាល់គ្នាដែរ ប្រយោជន៍នឹងតាំងចិត្តអ្នករាល់គ្នា ឲ្យបរិសុទ្ធ ឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតារបស់យើងរាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក ជាមួយនឹងអស់ទាំងអ្នកបរិសុទ្ធរបស់ទ្រង់»។

«បងប្អូនអើយ យើងខ្ញុំទូន្មានឲ្យអ្នករាល់គ្នាបន្ទោសដល់ពួកអ្នកដែលគ្មានសណ្តាប់ធ្នាប់ ហើយជួយកម្សាន្តដល់ពួកអ្នកណាដែលមានសេចក្តីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ និងអត់ឱនចំពោះមនុស្សទាំងអស់ ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរដេញ​តាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផង​ទាំងឡាយ​ដែរ ចូរអរសប្បាយជានិច្ច ចូរអធិដ្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រិស្តយេស៊ូវ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយ​នឹក​ចាំ​ជា​ដរាបពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្តី​ជំនឿ និង​ពី​ការ​នឿយ​ហត់ដែល​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួនដល់​ព្រះយេស៊ូវគ្រីស្ទជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​។​ (ថែស្សាឡូនីចទី១ ១:៣)

Powered by CAM