កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ។ ថែស្សាឡូនីចទី១ ៥:១៥
សាវ័កប៉ុលបានដាស់តឿនដល់ពួកអ្នកក្រុងថែស្សាឡូនីច កុំឲ្យមើលងាយអំណោយទាននៃសេចក្តីទំនាយឡើយ លោកមានប្រសាសន៍ថា «កុំឲ្យពន្លត់ព្រះវិញ្ញាណ កុំឲ្យមើលងាយការអធិប្បាយឡើយ ចូរលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្តីដែលត្រឹមត្រូវ» លោកបានបង្គាប់ឲ្យមានការប្រុងប្រយ័ត្នចំពោះការរើសអើង ក្នុងការបែងចែកភាពក្លែងក្លាយចេញពីការពិត ។ លោកបានទទូចអង្វរពួកគេឲ្យ «ចៀសចេញពីសេចក្តីអាក្រក់គ្រប់យ៉ាង» ហើយលោកបានបញ្ចប់សំបុត្ររបស់លោក ដោយអធិដ្ឋានសុំឲ្យព្រះសម្អាតពួកគេទាំងស្រុង ដែលនៅក្នុង «ព្រលឹងនិងវិញ្ញាណហើយរូបកាយទាំងមូល» ពួកគេ «បានបម្រុងទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក ព្រះដែលបានហៅអ្នករាល់គ្នា» លោកបានបន្ថែមថា «ទ្រង់នឹងធ្វើសម្រេចការនោះ»។
ការបង្រៀនដែលលោកប៉ុលបានផ្ញើទៅជូនពួកអ្នកក្រុងថែស្សាឡូនីច នៅក្នុងសំបុត្រទីមួយរបស់លោក ទាក់ទងនឹងការយាងមកជាលើកទីពីររបស់ព្រះគ្រិស្ត ក៏ស្របគ្នាយ៉ាងត្រឹមត្រូវទៅនឹងការបង្រៀនលើកមុនរបស់លោកដែរ ។ ប៉ុន្តែ ពួកបងប្អូនរួមជំនឿនៅទីក្រុងថែស្សាឡូនីចខ្លះបានយល់ខុសនូវប្រសាសន៍របស់លោក ។ ពួកគេបានយល់ថាលោកបានបញ្ជាក់ពីសេចក្តីសង្ឃឹមថាលោកនឹងរស់នៅ បានឃើញព្រឹត្តិការណ៍នៃការយាងមករបស់ព្រះអង្គសង្រ្គោះដោយផ្ទាល់។ ជំនឿនេះបានបង្កើនភាពរីករាយនិងការរំភើបរបស់ពួកគេឡើង។ អស់អ្នកដែលបានបដិសេធការទទួលខុសត្រូវនិងតួនាទីរបស់ខ្លួន ឥឡូវនេះ បានជម្នះក្នុងការជំរុញគំនិតខុសរបស់ពួកគេកាន់តែខ្លាំងឡើង។
នៅក្នុងសំបុត្រទីពីររបស់គាត់ លោកប៉ុលបានស្វះស្វែងកែតម្រូវការយល់ខុសរបស់ពួកគេ ស្តីពីការបង្រៀនរបស់លោក និងដើម្បីដាក់បង្ហាញនៅចំពោះពួកគេនូវតួនាទីពិតប្រាកដរបស់លោក។ លោកបានបញ្ជាក់អំពីទំនុកចិត្តរបស់លោក នៅក្នុងសេចក្តីសុចរិតរបស់ពួកគេ ម្តងទៀត និងការកោតសរសើររបស់លោកដែលជំនឿរបស់ពួកគេនៅរឹងមាំ និងចំពោះសេចក្តីស្រឡាញ់ជាច្រើនបរិបូរ ដែលពួកគេមានដល់គ្នាទៅវិញទៅមក និងចំពោះព្រះដែលជាលោកម្ចាស់របស់ពួកគេ។ លោកបានប្រាប់ដល់ពួកគេថា លោកបានបង្ហាញពួកគេដល់ពួកជំនុំដទៃទៀត ទុកជាគំរូនៃការអត់ធ្មត់ ជំនឿស្វិតស្វាញដែលឈរយ៉ាងរឹងមាំ ទប់ទល់នឹងការធ្វើទុក្ខបៀតបៀននិងទុក្ខលំបាក ហើយលោកបានដឹកនាំគំនិតពួកគេឆ្ពោះទៅកាន់ពេលវេលានៃការយាងមកជាលើកទីពីររបស់ព្រះគ្រិស្ត នៅពេលដែលរាស្រ្តរបស់ព្រះនឹងត្រូវសម្រាកពីកង្វល់និងភាពអល់អែកទាំងឡាយរបស់ពួកគេ។
លោកបានសរសេរថា «ដល់ម៉្លេះបានជាយើងខ្ញុំអួតពីអ្នករាល់គ្នា នៅក្នុងអស់ទាំងពួកជំនុំនៃព្រះ ពីដំណើរសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីជំនឿរបស់អ្នករាល់គ្នា ដែលមានក្នុងសេចក្តីបៀតបៀន និងសេចក្តីទុក្ខលំបាកទាំងប៉ុន្មាន ដែលអ្នករាល់គ្នារងទ្រាំ … នោះជាភស្តុតាងពីសេចក្តីជំនុំជម្រះដ៏សុចរិតរបស់ព្រះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរាប់ជាគួរនឹងនគរព្រះ ដែលអ្នករាល់គ្នាកំពុងតែរងទុក្ខ ដោយព្រោះនគរនោះឯង ដ្បិតនេះជាសេចក្តីសុចរិតនៅចំពោះព្រះ គឺនឹងសងសេចក្តីទុក្ខលំបាក ដល់ពួកអ្នកដែលធ្វើទុក្ខដល់អ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសម្រាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីឋានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនិងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រិស្តជាព្រះអម្ចាស់នៃយើង គេនឹងរងទុក្ខទោស ជាសេចក្តីហិនវិនាសអស់កល្បជានិច្ច ឃ្លាតពីព្រះភក្ត្រនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃព្រះចេស្តាទ្រង់ … ដូច្នេះ យើងខ្ញុំអធិដ្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងខ្ញុំបានរាប់អ្នករាល់គ្នាជាគួរនឹងការដែលទ្រង់ហៅមកធ្វើ ហើយឲ្យទ្រង់បានបំពេញគ្រប់អស់ទាំងសេចក្តីបំណងខាងឯការល្អ និងការដែលធ្វើដោយជំនឿ ដោយព្រះចេស្តា ដើម្បីឲ្យព្រះនាមនៃព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើង បានតម្កើងឡើងក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក្នុងទ្រង់ផង តាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រិស្ត»។
ប៉ុន្តែ មុននឹងការយាងមករបស់ព្រះគ្រិស្ត ការជឿនលឿនខាងពិភពសាសនាដ៏សំខាន់ ដូចមានចែងនៅក្នុងបទទំនាយនឹងកើតឡើង។ សាវ័កប៉ុលបានប្រកាសថា «កុំឲ្យអ្នករាល់គ្នាឆាប់មានគំនិតរវើរវាយ ឬថប់ព្រួយអ្វី ទោះបើដោយសារវិញ្ញាណណា ឬពាក្យសម្តីណា ឬសំបុត្រណា ដូចជាមកពីយើងខ្ញុំក្តី ដែលថាថ្ងៃនៃព្រះអម្ចាស់ជិតដល់ហើយនោះឡើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស ដែលទាស់ទទឹង ហើយលើកខ្លួនឡើង ខ្ពស់លើសជាងអស់ទាំងអ្វី ដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅ ដូចជាព្រះក្នុងវិហារនៃព្រះ ទាំងសម្តែងខ្លួនថាជាព្រះផង»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយនឹកចាំជាដរាបពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមយ៉ាងមាំមួនដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើង។ (ថែស្សាឡូនីចទី១ ១:៣)