ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៥)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើរវាយ ឬ​ថប់​ព្រួយ​អ្វី ទោះ​បើ​ដោយសារ​វិញ្ញាណ​ណា ឬ​ពាក្យ​សំដី​ណា ឬ​សំបុត្រ​ណា ដូច​ជា​មក​ពី​យើង​ខ្ញុំ​ក្តី ដែល​ថា​ថ្ងៃ​នៃ​ព្រះអម្ចាស់​ជិត​ដល់​ហើយ​នោះ​ឡើយ ។​ ថែស្សាឡូនីចទី២ ២:២

ពួកគេមិនអាចបកស្រាយប្រសាសន៍របស់លោកប៉ុលខុសទេ។ ប្រសាសន៍នោះមិនមែនជាការបង្រៀនថាលោកបានព្រមានដល់ពួកអ្នកក្រុងថែស្សាឡូនីចអំពីការយាងមករបស់ព្រះគ្រិស្តភ្លាមៗ ដោយការបង្ហាញឲ្យឃើញជាពិសេសណាមួយនោះទេ ។ ស្ថានភាពបែបនេះនឹងបណ្តាលឲ្យមាន​ការច្របូកច្របល់​ខាងជំនឿ ដ្បិតការខកចិត្តតែងតែដឹកនាំឲ្យមានការមិនជឿ ។ ហេតុដូច្នេះហើយបានជាលោកប៉ុលបានទូន្មានដល់បងប្អូនរួមជំនឿរបស់លោក ឲ្យប្រុងប្រយ័ត្នកុំទទួលសារបែបនេះថាមកពីលោកឡើយ ហើយលោកបានចាត់ចែងបញ្ជាក់ថាអំណាចរបស់សម្តេចប៉ាប ដែលបានពណ៌នាយ៉ាងច្បាស់ដោយហោរាដានីយ៉ែលនោះនឹងកើតឡើងហើយធ្វើសង្រ្គាមច្បាំងជាមួយនឹងរាស្រ្តរបស់ព្រះ។ រហូតដល់អំណាចនេះនឹងធ្វើការប្រមាថយ៉ាងគួរឲ្យខ្លាចនោះ ពួកជំនុំនឹងសម្លឹងមើលទៅការយាងមកវិញនៃព្រះអម្ចាស់របស់ពួកគេជាការឥតប្រយោជន៍ទេ។ លោកប៉ុលបានសួរសំណួរថា «តើឯងអ្នករាល់គ្នាមិននឹក​ចាំ​ទេ​ឬអីថា ក្នុងគ្រាដែលខ្ញុំនៅជាមួយ នោះខ្ញុំបានប្រាប់អ្នករាល់គ្នាពីសេចក្តីទាំងនេះដែរ?»

ការពិបាកយ៉ាងធ្ងន់ធ្ងរនឹងកើតឡើងដល់ពួកជំនុំពិតប្រាកដ។ សូម្បីតែនៅពេលដែលសាវ័កប៉ុលកំពុងតែសរសេរនោះ «អាថ៌កំបាំងនៃ​អាទទឹង​ច្បាប់» បានចាប់ផ្តើមធ្វើការរួចទៅហើយ ។ ការជឿនលឿនដែលនឹង​កើត​ឡើង​នៅពេលអនាគត «អាទទឹងច្បាប់នោះនឹងមកទាំងធ្វើការ ដូចជាអារក្ស​សាតាំង ដោយនូវគ្រប់ទាំងឫទ្ធិ ទីសម្គាល់ និងការអស្ចារ្យដ៏កំភូត ហើយដោយគ្រប់ទាំងសេចក្តីឆបោករបស់សេចក្តីទុច្ចរិត ក្នុងពួកអ្នកដែល​ត្រូវ​វិនាស»។

ភាពឧឡារិកជាពិសេស គឺប្រយោគនៃដំណឹងល្អដែលទាក់ទងជាមួយនឹងអ្នកដែលមិនបាន «ស្រឡាញ់ដល់សេចក្តីពិត» ។ «ដ្បិតហេតុនោះ» លោកបានប្រកាសអំពីអស់អ្នកដែលបានបដិសេធសារនៃសេចក្តីពិតដោយមិនដឹងខ្លួនថា «ព្រះទ្រង់នឹងឲ្យសេចក្តីខុសឆ្គងមក បណ្តាលឲ្យគេជឿ​តាមសេចក្តី​ភូតភរវិញ ដើម្បីឲ្យអស់មនុស្សណាដែលមិនជឿតាមសេចក្តីពិត គឺពេញ​ចិត្តនឹងសេចក្តីទុច្ចរិត នោះបានជាប់មានទោសវិញ» ។ មនុស្សមិនអាចបដិសេធការព្រមានដែលព្រះបានប្រទានដល់ពួកគេថាជាការគ្មានទោសនោះទេ ។ ព្រះនឹងដកយកព្រះវិញ្ញាណរបស់ទ្រង់ចេញពីអស់អ្នកដែលរឹងចចេស ងាកបែរចេញពីការព្រមានរបស់ទ្រង់ ដោយទុកពួកគេឲ្យនៅវង្វេងដែលពួកគេចូលចិត្តនោះ។

ដូច្នេះ លោកប៉ុលបានសង្ខេបពីកិច្ចការដ៏អាក្រក់ ដែលអំណាចនៃការអាក្រក់នឹងបន្តភាពងងឹតនិងការធ្វើទុក្ខបៀតបៀនយ៉ាងយូររាប់សតវត្សរ៍ ដែលកើតឡើងនៅមុនការយាងមកជាលើកទីពីររបស់ព្រះគ្រិស្ត។ ពួកអ្នកជឿនៅទីក្រុងថែស្សាឡូនីចបានសង្ឃឹមថានឹងបានរំដោះភ្លាមៗ ឥឡូវនេះ ពួកគេត្រូវបានដាស់តឿនក្រើនរំឭកឲ្យបំពេញភារកិច្ចដែលនៅចំពោះមុខពួកគេដោយការកោតខ្លាចព្រះ និងដោយក្លាហាន។ សាវ័កប៉ុលបានទូន្មានដល់​ពួកគេកុំឲ្យធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្លួន ឬដកខ្លួនមករង់ចាំដោយខ្ជិលស្រអូសឡើយ ។ បន្ទាប់ពីការប្រមើលមើលពីការរំដោះភ្លាមៗ យ៉ាងត្រេកត្រអាល​នោះមក រង្វង់នៃជីវិតប្រចាំថ្ងៃនិងការប្រឆាំងដែលពួកគេត្រូវតែជួបប្រទះនោះបានកើតឡើងទ្វេមួយជាពីរ។ ហេតុនោះហើយបានជាលោកបានអង្វរដល់ពួកគេឲ្យឈររឹងមាំនៅក្នុងជំនឿ៖

«ដូច្នេះ បងប្អូនអើយ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់តាមសេចក្តី​បញ្ញត្តិ ដែលយើងខ្ញុំបានបង្រៀនដល់អ្នករាល់គ្នាចុះ ទោះបើដោយពាក្យសម្តី ឬសំបុត្រក្តី សូមឲ្យព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើង និងព្រះដ៏ជា​ព្រះវរបិតា ដែលទ្រង់បានស្រឡាញ់យើង ព្រមទាំងប្រទានឲ្យមានសេចក្តីកម្សាន្តអស់កល្បជានិច្ច និងសេចក្តីសង្ឃឹមយ៉ាងល្អ ដោយព្រះគុណទ្រង់» ។ «តែព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយ​ការពារអ្នករាល់គ្នាឲ្យរួចពីសេចក្តីអាក្រក់ផង យើងខ្ញុំក៏ទុកចិត្តនឹងព្រះអម្ចាស់ ពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ហើយនឹងប្រព្រឹត្ត​តទៅ​ទៀត តាមអស់ទាំងសេចក្តីដែលយើងខ្ញុំបានផ្តាំទុកដែរ សូមឲ្យព្រះអម្ចាស់តម្រង់ចិត្តអ្នករាល់គ្នា ទៅក្នុងសេចក្តីស្រឡាញ់នៃព្រះ និងសេចក្តីខ្ជាប់ខ្ជួនរបស់ព្រះគ្រិស្តចុះ»។

ព្រះបានប្រទានកិច្ចការដល់ពួកអ្នកជឿ។ ដោយការលះបង់ខ្លួនដ៏ស្មោះត្រង់ចំពោះសេចក្តីពិត ពួកគេត្រូវតែចែកចាយដល់អ្នកដទៃនូវពន្លឺដែលពួកគេបានទទួល ។ សាវ័កប៉ុលបានអង្វរដល់ពួកគេកុំឲ្យនឿយ​ណាយ​នឹង​ការធ្វើល្អឡើយ ហើយលោកបានចង្អុលបង្ហាញដល់ពួកគេពីគំរូរបស់លោកផ្ទាល់ ស្តីពីការឩស្សាហ៍ព្យាយាមនៅក្នុងកិច្ចការជាបណ្តោះអាសន្ន នៅពេល​កំពុងធ្វើការដោយចិត្តរឹងមាំ នៅក្នុងបុព្វហេតុនៃព្រះគ្រិស្ត ។ លោកបានស្តីបន្ទោសដល់អ្នកដែលបណ្តែតបណ្តោយខ្លួនទៅក្នុងភាពខ្ជិលច្រអូស និងការ​រំភើប​ដ៏សោះកក្រោះ ហើយលោកបានផ្តាំគេថា «ឲ្យគេបរិភោគបាយ​របស់​ខ្លួន​គេចុះ ទាំងធ្វើការដោយស្រគត់ស្រគំផង» ។ លោកក៏បានដាស់​តឿន​ដល់ពួកជំនុំ ឲ្យបំបែកខ្លួនចេញពីការរួបរួមជាមួយនឹងពួកអ្នកដែលមានះ មិនព្រមធ្វើតាមការបង្រៀនរបស់គ្រូគង្វាលរបស់ព្រះ ។ លោកបានបន្ថែមថា «តែកុំឲ្យរាប់គេទុកដូចជាខ្មាំងសត្រូវឡើយ ចូរទូន្មានគេ ដូចជាបងប្អូនវិញ»។

នៅក្នុងសំបុត្រនេះ លោកប៉ុលបានសរុបសេចក្តីដោយការអធិដ្ឋានថានៅកណ្តាលទុក្ខវេទនានិងការពិបាកនៃជីវិត សូមឲ្យសេចក្តីសុខសាន្ត​របស់​ព្រះ និងព្រះគុណនៃព្រះអម្ចាស់នៃព្រះយេស៊ូវគ្រិស្តបានក្លាយជាការបង្រួបបង្រួមនិងជាការគាំទ្រដល់ពួកគេ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយ​នឹក​ចាំ​ជា​ដរាបពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្តី​ជំនឿ និង​ពី​ការ​នឿយ​ហត់ដែល​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួនដល់​ព្រះយេស៊ូវគ្រីស្ទជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​។​ (ថែស្សាឡូនីចទី១ ១:៣)

Powered by CAM