ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី២៦)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១៨:១៨-២៨។

លោកអ័ប៉ុឡូសនៅទីក្រុងកូរិនថូស

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ។​ ថែស្សាឡូនីចទី១ ៥:១៦-១៧

បន្ទាប់ពីចាកចេញពីទីក្រុងកូរិនថូសមក ទីកន្លែងដែលត្រូវបំពេញកិច្ចការជាបន្តរបស់លោកប៉ុលគឺទីក្រុងអេភេសូរ ។ លោកកំពុងធ្វើដំណើរទៅទីក្រុងយេរូសាឡិមដើម្បីចូលរួមក្នុងពិធីបុណ្យប្រចាំឆ្នាំមួយដែលនឹងចូលមកដល់នៅពេលខាងមុខដ៏ខ្លីនេះ ហើយការស្នាក់នៅទីក្រុងអេភេសូររបស់លោកត្រូវចំណាយពេលដ៏ខ្លីប៉ុណ្ណោះ ។ លោកបានសន្ទនារកហេតុផលជាមួយនឹង​សាសន៍យូដានៅក្នុងសាលាប្រជុំ ហើយពួកគេមានចំណាប់អារម្មណ៍ចង់ឲ្យលោកស្នាក់នៅជាមួយពួកគេឲ្យបានយូរបន្តិចទៀត ដើម្បីឲ្យពួកលោកបាន​បន្តធ្វើការក្នុងចំណោមពួកគេ។ ផែនការរបស់គាត់ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងយេរូសាឡិមបានរារាំងគាត់មិនឲ្យនៅជាមួយពួកគេតទៅទៀតបាននៅពេលនោះទេ ប៉ុន្ដែ គាត់បានសន្យាថា​នឹងត្រឡប់​មកឯ​ពួក​គេវិញ «បើព្រះទ្រង់សព្វព្រះហឫទ័យ»។ អាគីឡានិងព្រីស៊ីលបានរួមដំណើរជាមួយលោកទៅកាន់ទីក្រុងអេភេសូរ ហើយលោកបានទុកពួកគេឲ្យនៅទីនោះដើម្បីបំពេញកិច្ចការដែលលោកបានចាប់ផ្ដើមបន្តទៅទៀត ។

គឺនៅពេលនោះហើយដែល «មានសាសន៍យូដាម្នាក់ ឈ្មោះអ័ប៉ុឡូស ដែលកើតនៅក្រុងអ័លេក្សានទ្រា ជាអ្នកមានវោហារ ហើយក៏ចេះ​ស្ទាត់ក្នុង​គម្ពីរដែរ គាត់មកដល់ក្រុងអេភេសូរ» ។ គាត់ធ្លាប់​បានឮការអធិប្បាយ​របស់​លោកយ៉ូហានបាទីស្ទ ហើយបានទទួលបុណ្យជ្រមុជទឹកនៃការប្រែចិត្ត និងកំពុងរស់នៅជាស្មរបន្ទាល់ដែលបង្ហាញថាកិច្ចការរបស់ហោរានេះមិនឥតប្រយោជន៍ទេ ។ កំណត់ត្រានៃព្រះគម្ពីរអំពីលោកអ័ប៉ុឡូសគឺថា «គាត់បានសិក្សាខាងឯផ្លូវព្រះអម្ចាស់ ហើយដោយព្រោះគាត់មានចិត្តឧស្សាហ៍ បាន​ជា​គាត់អធិប្បាយ ហើយបង្រៀនយ៉ាងត្រឹមត្រូវ ពីអស់​ទាំងសេចក្តីខាង​ឯព្រះ​អម្ចាស់ ទោះបើស្គាល់តែបុណ្យជ្រមុជរបស់លោកយ៉ូហានក៏ដោយ»។

កាលនៅទីក្រុងអេភេសូរ អ័ប៉ុឡូស «ចាប់តាំងអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន» ក្នុងចំណោមអ្នកស្ដាប់របស់គាត់ មានអ័គីឡានិងព្រីស៊ីល ដែលបានដឹងថាគាត់មិនទាន់បានទទួលពន្លឺពេញលេញនៃដំណឹងល្អ «នោះ​ក៏នាំទៅពន្យល់ពីផ្លូវព្រះ ឲ្យរឹតតែច្បាស់ទៅទៀត» ។ តាមរយៈការបង្រៀន​របស់ពួកគេ គាត់បានទទួលការយល់ដឹងកាន់តែច្បាស់អំពីបទព្រះគម្ពីរ ហើយបានក្លាយជាអ្នកគាំទ្រដ៏ខ្ពង់ខ្ពស់បំផុតខាងជំនឿនៃពួកគ្រិស្តបរិស័ទ។

លោកអ័ប៉ុឡូសចង់ចូលទៅស្រុកអាខៃជាខ្លាំង ហើយ «ពួកបងប្អូននៅក្រុងអេភេសូរបានសរសេរសំបុត្រឲ្យពួកសិស្សទទួលគាត់» ជាគ្រូបង្រៀន​ដែលស្របទៅតាមពួកជំនុំរបស់ព្រះគ្រិស្ត ។ គាត់បានធ្វើដំណើរ​ទៅកាន់​ទីក្រុងកូរិនថូស ជាកន្លែងដែលគាត់ធ្វើកិច្ចការជាសាធារណៈ ហើយពីផ្ទះ​មួយទៅផ្ទះមួយ «គាត់ជជែកផ្ចាញ់ពួកសាសន៍យូដា … ទាំងបង្ហាញ​តាម​គម្ពីរថា ព្រះយេស៊ូវជាព្រះគ្រិស្តមែន» ។ លោកប៉ុលបានដាំគ្រាប់ពូជនៃសេចក្តីពិត ហើយឥឡូវនេះ លោកអ័ប៉ុឡូសបានស្រោចទឹក ។ ជោគជ័យដែលបានកើតឡើងដល់លោកអ័ប៉ុឡូសក្នុងការផ្សព្វផ្សាយដំណឹងល្អបានដឹកនាំអ្នកជឿខ្លះឲ្យលើកតម្កើងការងាររបស់គាត់ លើសជាងកិច្ចការ​ដែល​ប៉ុល​បាន​ធ្វើ។ ការប្រៀបធៀបមនុស្សជាមួយនឹងមនុស្សម្នាក់ទៀតនេះ បាននាំចូលមកក្នុងក្រុមជំនុំនូវស្មារតីបក្សពួកដែលគំរាមកំហែងនិងរារាំងដល់ការរីកចម្រើននៃដំណឹងល្អ។

ក្នុងអំឡុងពេលមួយឆ្នាំកន្លះដែលប៉ុលបានចំណាយនៅទីក្រុងកូរិនថូស លោកបានបង្ហាញពីដំណឹងល្អដោយចេតនា តាមរបៀបងាយៗ។ «មិនបាន​ប្រើសំនួនវោហារ ឬប្រាជ្ញាខ្ពស់ទេ» ។ ប៉ុន្តែ ដោយការភ័យខ្លាចហើយ​ការ​ញាប់ញ័រ និង «គឺព្រះវិញ្ញាណបានសម្តែងឫទ្ធានុភាពវិញ» ។ លោកបានប្រកាសថា «ដើម្បីកុំឲ្យជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែងពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់» (កូរិនថូសទី១ ២: ១, ៤, ៥)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយ​នឹក​ចាំ​ជា​ដរាបពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្តី​ជំនឿ និង​ពី​ការ​នឿយ​ហត់ដែល​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួនដល់​ព្រះយេស៊ូវគ្រីស្ទជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​។​ (ថែស្សាឡូនីចទី១ ១:៣)

Powered by CAM