ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៦)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក៦

លោកប៉ុលបានតម្រូវលក្ខណៈនៃការបង្រៀនរបស់លោកទៅតាម​ស្ថានភាព​នៃពួកជំនុំ «ឯខ្ញុំ បងប្អូនអើយ ខ្ញុំពុំអាចនិយាយនឹងអ្នករាល់គ្នា ដូច​នឹងមនុស្សខាងឯវិញ្ញាណបានទេ» បន្ទាប់មកគាត់ពន្យល់ប្រាប់ពួកគេថា៖ «ខ្ញុំបានឲ្យទឹកដោះមកអ្នករាល់គ្នាផឹក មិនបានឲ្យសាច់បរិភោគទេ ដ្បិតកាល​ណោះអ្នករាល់គ្នាពុំអាចនឹងបរិភោគបាន ហើយឥឡូវនេះ ក៏មិនទាន់​បានដែរ» (កូរិនថូសទី១ ៣:១, ២) ។ ពួកអ្នកជឿនៅទីក្រុងកូរិនថូសជាច្រើនមានភាពយឺតយ៉ាវក្នុងការរៀនមេរៀនដែលលោកកំពុងព្យាយាមបង្រៀនពួកគេនោះណាស់ ។ ការរីកចម្រើននៃចំណេះខាងវិញ្ញាណ​របស់ពួកគេមិនសមស្របទៅនឹងឯកសិទ្ធិនិងឱកាសរបស់ពួកគេឡើយ។ នៅពេលដែលពួកគេត្រូវបានជឿនលឿនទៅមុខនៅក្នុងបទពិសោធន៍គ្រិស្តបរិស័ទ ហើយអាចយល់និងអាចអនុវត្តព្រះបន្ទូលនៃសេចក្ដីពិតដ៏ជ្រាលជ្រៅ ពួកគេឈរនៅកន្លែងដែលពួកសិស្សបានឈរនៅពេលព្រះគ្រិស្តមានបន្ទូលទៅកាន់ពួកគេថា «ខ្ញុំនៅ​មានសេចក្តីជាច្រើនទៀត នឹងប្រាប់ដល់អ្នករាល់គ្នា តែឥឡូវនេះ អ្នករាល់​គ្នាពុំអាចនឹងទទួលបានទេ» (យ៉ូហាន ១៦:១២)។ ការច្រណែនការ​សន្និដ្ឋាន​អាក្រក់ និងការចោទប្រកាន់ បានបិទចិត្តបងប្អូនជាច្រើននៅក្រុងកូរិនថូស ប្រឆាំងនឹងការបំពេញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែល «ទ្រង់ស្ទង់​មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្តីជ្រាលជ្រៅនៃព្រះដែរ» (កូរិនថូសទី១ ២:១០) ។ ទោះបីជាពួកគេមានចំណេះដឹងខាងលោកិយទូលំទូលាយយ៉ាងណាក៏ដោយ ក៏ពួកគេនៅមានភាពក្មេងខ្ចីខាងព្រះគ្រិស្ដ ដូចជាទារកដែរ។

គឺជាការងាររបស់លោកប៉ុល ក្នុងការបង្រៀនដល់ពួកអ្នកជឿនៅក្រុងកូរិនថូស អំពីចំណុចចាប់ផ្តើមដំបូងនៃជំនឿរបស់ពួកគ្រិស្តបរិស័ទ។ លោកមានកាតព្វកិច្ចណែនាំដល់ពួកគេដូចជាអ្នកដែលមិនដឹងពីដំណើរការនៃអំណាចរបស់ព្រះនៅក្នុងចិត្តដូច្នោះដែរ។ នៅពេលនោះពួកគេមិនអាចយល់ពីអាថ៌កំបាំងនៃសេចក្ដីសង្គ្រោះបានឡើយ ដ្បិត «មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើ​ដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារ​ណា​យល់​ខាងវិញ្ញាណវិញ» (កូរិនថូសទី១ ២:១៤) ។ លោកប៉ុលបានខំប្រឹងប្រែងសាបព្រោះគ្រាប់ពូជ ដែលអ្នកដទៃផ្សេងទៀតត្រូវស្រោចទឹក។ អ្នកដែលដើរតាមលោកត្រូវតែបន្តធ្វើកិច្ចការពីចំណុចដែលលោកបានបន្សល់ទុកតទៅ ដោយផ្តល់ពន្លឺនិងចំណេះដឹងខាងព្រលឹងវិញ្ញាណឲ្យត្រូវទៅនឹងពេលវេលា ខណៈដែលពួកជំនុំអាចបញ្ចេញពន្លឹនោះ។

នៅពេលដែលសាវ័កប៉ុលនៅឯទីក្រុងកូរិនថូស លោកបានដឹងថាលោកត្រូវតែណែនាំដោយប្រុងប្រយ័ត្នបំផុតអំពីសេចក្តីពិតដែលលោកចង់បង្រៀន។ លោកបានជ្រាបថា នឹងមានវីរបុរសនៅក្នុងចំណោមពួកអ្នកដែលបានស្តាប់លោកទាំងនោះ ហើយបង្រៀនអំពីការថ្វាយបង្គំមិនត្រឹមត្រូវជាអ្នកដែលស្ទាប ដោយភ្នែកងងឹត ដោយសង្ឃឹមថានឹងរកឃើញសៀវភៅទ្រឹស្តីនៃធម្មជាតិ ដែលនឹងផ្ទុយពីការពិតនៃជីវិតខាងព្រលឹងវិញ្ញាណដូចដែលបានបើកបង្ហាញនៅក្នុងព្រះគម្ពីរ ។ លោកក៏បានជ្រាបផងដែរថាការរិះគន់នឹងខំប្រឹងប្រែងបង្វែរការបកស្រាយរបស់គ្រិស្ទបរិស័ទ ពីពាក្យដែលព្រះបានបើកបង្ហាញ និងថាការសង្ស័យនឹងប្រព្រឹត្តមកលើដំណឹងល្អនៃព្រះគ្រិស្តដោយការចំអកមើលងាយ។

នៅពេលដែលលោកបានខំប្រឹងប្រែងដឹកនាំមនុស្សមកឯជើងឈើឆ្កាង លោកប៉ុលមិនបានប្រថុយស្តីបន្ទោសចំៗ ទៅកាន់អ្នកដែលប្រព្រឹត្តខុស ឬបង្ហាញអំពីទោសនៃអំពើបាបរបស់ពួកគេ នៅចំពោះព្រះនេត្ររបស់ព្រះដ៏បរិសុទ្ធនោះទេ ។ ប៉ុន្តែ លោកបានយកមកដាក់ពីមុខពួកគេនូវកម្មបទពិតនៃជីវិត ហើយលោកបានព្យាយាមសង្កត់នៅក្នុងគំនិតរបស់ពួកគេ នូវមេរៀន របស់ព្រះយេស៊ូវ ជាគ្រូបង្រៀនដែលនឹងលើកពួកគេចេញពីលោកិយ និង អំពើបាប ទៅជាភាពបរិសុទ្ធ និងសេចក្តីសុចរិត ប្រសិនបើពួកគេបានទទួល។ លោកបានមានប្រសាសន៍ជាពិសេសទៅកាន់អ្នកអនុវត្តតាមព្រះនិងភាពបរិសុទ្ធ ទៅកាន់អ្នកដែលត្រូវទទួលអ្នកដែលត្រូវបានចាត់ទុកថាមានតម្លៃនៅក្នុងនគររបស់ព្រះ។ លោកអន្ទះសាចង់ឃើញពន្លឺនៃដំណឹងល្អអំពីព្រះគ្រិស្តចាក់ទម្លុះភាពងងឹតនៃគំនិតរបស់ពួកគេ ដើម្បីឲ្យពួកគេអាចមើលឃើញកំហុសនៃការប្រព្រឹត្តអសីលធម៌របស់ពួកគេ នៅក្នុងព្រះនេត្ររបស់ព្រះ។ ហេតុនេះហើយបានជាបន្ទុកនៃការបង្រៀនរបស់លោកនៅក្នុងចំណោមពួកគេ គឺព្រះគ្រិស្តនិងការឆ្កាងរបស់ទ្រង់។ លោកបានខំប្រឹងប្រែងបង្ហាញដល់ពួកគេថាការសិក្សាដ៏ស្មោះត្រង់បំផុតរបស់ពួកគេ និងក្តីអំណរដ៏ធំធេងរបស់ពួកគេត្រូវតែជាសេចក្តីពិតដ៏អស្ចារ្យ ស្តីអំពីសេចក្តីសង្រ្គោះ តាមរយៈការ កែប្រែចិត្តឆ្ពោះទៅរកព្រះ និងការមានជំនឿទៅលើព្រះអម្ចាស់ព្រះយេស៊ូវ។

ទស្សនវិទូ បានបែរចេញពីសេចក្តីសង្រ្គោះ ពីព្រោះសេចក្តីសង្រ្គោះបានធ្វើឲ្យទ្រឹស្តីរបស់ពួកគេមានភាពអាម៉ាស់ មនុស្សនៃលោកិយបដិសេធមិនព្រមទទួលសេចក្តីសង្រ្គោះ ពីព្រោះសេចក្តីសង្រ្គោះនោះបំបែកពួកគេចេញពីរូបព្រះនៃលោកិយ។ លោកប៉ុលបានឃើញថាមនុស្សត្រូវតែយល់ពីលក្ខណៈរបស់ព្រះគ្រិស្តឬមើលឃើញឈើឆ្កាង ដោយភ្នែកនៃសេចក្តីជំនឿជាមុនសិន មុននឹងពួកគេអាចស្រឡាញ់ដល់ព្រះអង្គ។ នៅទីនេះ គេត្រូវតែចាប់ផ្តើមការសិក្សាដែលជាវិទ្យាសាស្រ្ត និងចម្រៀងនៃការប្រោសលោះ ដ៏នៅអស់ទាំង កល្ប។ នៅក្នុងពន្លឺនៃឈើឆ្កាងតែម្យ៉ាងគត់ ដែលអាចវាយតម្លៃពិតប្រាកដដល់មនុស្សបាន។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដោយ​នឹក​ចាំ​ជា​ដរាបពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្តី​ជំនឿ និង​ពី​ការ​នឿយ​ហត់ដែល​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួនដល់​ព្រះយេស៊ូវគ្រីស្ទជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​។​ (ថែស្សាឡូនីចទី១ ១:៣)

Powered by CAM