កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៦)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯអ្នកដែលសាបព្រោះ និងអ្នកដែលស្រោច នោះដូចគ្នាទេ ហើយក្នុងអ្នកនិមួយៗ នោះនឹងបានរង្វាន់តាមការដែលខ្លួនធ្វើ។ កូរិនថូសទី១ ៣:៨
«ឯអ្នកដែលសាបព្រោះ និងអ្នកដែលស្រោច នោះដូចគ្នាទេ ហើយក្នុង អ្នកនីមួយៗ នោះនឹងបានរង្វាន់តាមការដែលខ្លួនធ្វើ ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះ ដែលព្រះទ្រង់ធ្វើ» (ខ ៨ និង ៩)។ នៅក្នុងបទគម្ពីរនេះសាវ័កប្រៀបធៀបពួក ជំនុំទៅនឹងចម្ការដែលកសិករភ្ជួររាស់ ហើយថែរក្សាដើមទំពាំងបាយជូរដែលព្រះបានដាំនិងទៅនឹងអាគារមួយ ដែលត្រូវរីកលូតលាស់ទៅជាព្រះវិហារបរិសុទ្ធ សម្រាប់ព្រះជាម្ចាស់។ ព្រះជាម្ចាស់គឺជាម្ចាស់ចម្ការ ហើយទ្រង់បានតែងតាំងមនុស្សម្នាក់ៗជាអ្នកធ្វើការថ្វាយទ្រង់។ អ្នកធ្វើការទាំងអស់គ្នាត្រូវធ្វើការក្រោមការទទួលខុសត្រូវរបស់ទ្រង់ដោយអនុញ្ញាតឲ្យទ្រង់ធ្វើការសម្រាប់និងតាមរយៈអ្នកធ្វើការរបស់ទ្រង់។ ទ្រង់ប្រទានឲ្យពួកគេមានភាពប៉ិនប្រសប់និងជំនាញ ហើយប្រសិនបើពួកគេធ្វើតាមការណែនាំរបស់ទ្រង់ នោះពួកគេនឹងទទួលបានជោគជ័យជាក់ជាមិនខាន។
ពួកអ្នកបម្រើរបស់ព្រះត្រូវធ្វើការជាមួយគ្នា ដោយច្របាច់បញ្ចូលគ្នានៅក្នុងរបៀបរៀបរយដ៏សប្បុរសនិងសុភាពរាបសា «ចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ» (រ៉ូម ១២:១០) ។ មិនត្រូវមានការរិះគន់មិនសប្បុរស មិនត្រូវហែកហួរការងាររបស់អ្នកដទៃឡើយ ហើយក៏មិនត្រូវបែកបាក់គ្នាជាបក្សពួកដែរ។ ព្រះជាម្ចាស់បានប្រទានសារដែលមានកិច្ចការជាក់លាក់ដល់មនុស្សរាល់គ្នា។ មនុស្សម្នាក់ៗមានកិច្ចការជាក់លាក់រៀងៗខ្លួន ដែលមិនបានយល់ពីកិច្ចការរបស់អ្នកផ្សេងឡើយ។ ប៉ុន្តែ ម្នាក់ៗត្រូវធ្វើការស្រុះស្រួលជាមួយបងប្អូន របស់ខ្លួន ។ អ្នកបម្រើរបស់ព្រះត្រូវតែរួបរួមគ្នាតែមួយជាការចាំបាច់។ គ្មាននរណាម្នាក់អាចតាំងខ្លួនឯងជាអ្នកវិនិច្ឆ័យ ដោយនិយាយប្រមាថដល់អ្នកធ្វើការដូចគ្នា ឬប្រព្រឹត្តទៅលើពួកគេដូចជាមនុស្សទាបថោកនោះឡើយ។ នៅ ក្រោមការដឹកនាំរបស់ព្រះ មនុស្សម្នាក់ៗត្រូវធ្វើការងារដែលទ្រង់បានចាត់តាំង ដោយបានទទួលការគោរព ស្រឡាញ់ និងការលើកទឹកចិត្តដោយអ្នកធ្វើការដទៃផ្សេងទៀត។ ពួកគេទាំងអស់គ្នាត្រូវអនុវត្តការងារនេះឆ្ពោះទៅមុខឲ្យបានសម្រេច។
គោលការណ៍ទាំងនេះមាននៅពាសពេញក្នុងសំបុត្រទីមួយរបស់លោកប៉ុល ផ្ញើទៅកាន់ពួកជំនុំនៅទីក្រុងកូរិនថូស។ សាវ័កប៉ុលបានចាត់ពួក «អ្នកជំនួយនៃព្រះគ្រិស្ត» ជាអ្នក «រ៉ាប់រងចំពោះសេចក្តីអាថ៌កំបាំងនៃព្រះ» ហើយចំពោះកិច្ចការរបស់លោក លោកបានមានប្រសាសន៍ថា «រីឯអ្នករ៉ាប់រង ត្រូវឲ្យគេបានស្មោះត្រង់ តែខាងឯដំណើររបស់ខ្ញុំ ដែលអ្នករាល់គ្នា ឬមនុស្ស ណាក៏ដោយ ចោទប្រកាន់ទោសខ្ញុំ នោះមិនជាការអំពល់អ្វីដល់ខ្ញុំឡើយ ខ្ញុំក៏មិនចោទទោសខ្លួនខ្ញុំផង ពីព្រោះខ្ញុំមិនឃើញមានអ្វីនៅក្នុងខ្លួនខ្ញុំសោះ ប៉ុន្តែ ខ្ញុំមិនបានរាប់ជាសុចរិតដោយសារហេតុនោះទេ អ្នកដែលចោទប្រកាន់ ទោស នោះគឺជាព្រះអម្ចាស់វិញទេតើ ដូច្នេះ កុំឲ្យចោទប្រកាន់ទោសគ្នាមុនកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់ទ្រង់យាងមក ដែលទ្រង់នឹងយកអស់ទាំងអំពើលាក់កំបាំង ដែលធ្វើនៅទីងងឹត មកដាក់នៅទីភ្លឺវិញ ហើយនិង បើកសម្តែង ឲ្យឃើញអស់ទាំងគំនិត ក្នុងចិត្តរបស់មនុស្សផង នោះគ្រប់គ្នានឹងបានសេចក្តីសរសើរពីព្រះរៀងខ្លួន» (កូរិនថូសទី១ ៤: ១-៥)។
ព្រះមិនបានប្រទានឲ្យមនុស្សណាម្នាក់វិនិច្ឆ័យដល់អ្នកបម្រើផ្សេងទៀតរបស់ព្រះទេ។ ព្រះអម្ចាស់តែមួយអង្គគត់ដែលជាចៅក្រមនៃកិច្ចការរបស់មនុស្ស ហើយព្រះអង្គនឹងប្រទានរង្វាន់ដ៏យុត្តិធម៌របស់ទ្រង់ដល់អ្នកនោះ។
សាវ័កប៉ុលបន្តមានប្រសាសន៍សំដៅទៅលើការប្រៀបធៀបរវាងកិច្ចការរបស់លោក និងកិច្ចការដែលលោកអ័ប៉ុឡូសបានធ្វើដោយលោកបានមាន ប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំបានបង្វែរសេចក្តីទាំងនេះមកលើខ្លួនខ្ញុំ និង អ័ប៉ុឡូស ដោយព្រោះតែអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង មិនឲ្យគិតខ្ពស់លើសជាងសេចក្តីដែលបានចែងទុកមក ប្រយោជន៍កុំឲ្យអ្នកណាមានសេចក្តីអំនួត អួតពីអ្នកមួយទាស់នឹងអ្នកមួយឡើយ ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកផ្សេងពីគេ តើអ្នកមានអ្វីខ្លះ ដែលអ្នកមិនបានទទួល ចុះបើបានទទួលមែន ហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញ?»
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ នោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះទុកជារបស់វិសេសដល់ខ្ញុំដែរឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំដោយអំណរចុះ ព្រមទាំងការងារដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ពីដំណឹងល្អនៃព្រះគុណព្រះវិញ។ (កិច្ចការ ២០:២៤)