ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៦)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំ​បាន​សាបព្រោះ អ័ប៉ុឡូស​ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ។​ កូរិនថូសទី១ ៣:៦

លោកប៉ុលបានបង្ហាញយ៉ាងច្បាស់ នៅចំពោះមុខពួកជំនុំនូវគ្រោះថ្នាក់និងការលំបាកដែលលោកនិងសហការីរបស់លោកបានស៊ូទ្រាំយ៉ាងអត់ធ្មត់ ក្នុងកិច្ចការរបស់ពួកលោកសម្រាប់ព្រះគ្រិស្ត។ លោកបានមានប្រសាសន៍ ថា «លុះមកដល់ឥឡូវនេះ យើងខ្ញុំត្រូវទាំងឃ្លាន ទាំងស្រេក ហើយនៅ អាក្រាត ទាំងត្រូវគេវាយ ហើយក៏ដើរសាត់អណ្តែត យើងខ្ញុំធ្វើការនឿយហត់ នឹងដៃយើង កាលណាគេជេរ នោះយើងខ្ញុំឲ្យពរវិញ កាលណាគេបៀតបៀន នោះយើងខ្ញុំទ្រាំទ្រ កាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ យើងខ្ញុំបានត្រឡប់ដូចជាសំរាមរបស់លោកិយ ហើយដូចជាកម្អែលនៃមនុស្សទាំងអស់ ដរាបដល់ឥឡូវនេះ ខ្ញុំសរសេរសេចក្តីទាំងនេះ មិនមែនចង់ឲ្យអ្នករាល់គ្នាមានសេចក្តីខ្មាសទេ ខ្ញុំគ្រាន់តែទូន្មានដល់អ្នករាល់គ្នា ទុកដូចជាកូនស្ងួនភ្ងាវិញ ប៉ុណ្ណោះ ដ្បិតថ្វីបើអ្នករាល់គ្នាមានគ្រូទាំងម៉ឺនក្នុងព្រះគ្រិស្ត តែគ្មានឪពុក ជាច្រើនទេ មានតែខ្ញុំមួយប៉ុណ្ណោះ ដែលបានបង្កើតអ្នករាល់ក្នុងព្រះគ្រិស្ត តែគ្មានឪពុកជាច្រើនទេ មានតែមួយប៉ុណ្ណោះ ដែលបានបង្កើតអ្នករាល់គ្នាក្នុងព្រះគ្រិស្ត ដោយសារដំណឹងល្អ» (ខ ១១-១៥)។

ព្រះដែលបានបញ្ជូនអ្នកធ្វើកិច្ចការនៃដំណឹងល្អ ជារាជទូតរបស់ទ្រង់ នឹងត្រូវបានគេមើលងាយ នៅពេលមានអ្នកស្តាប់ជាច្រើនបានឮអ្នកបម្រើការដែលគេពេញចិត្តម្នាក់មិនមាន ឆន្ទៈក្នុងការទទួលយកការបង្រៀនរបស់គ្រូបង្រៀនផ្សេងទៀត ។ ព្រះអម្ចាស់បានប្រទានជំនួយដល់អ្នកបម្រើរបស់ព្រះអង្គ មិនមែននៅពេលដែលពួកគេជ្រើសរើសជានិច្ចនោះទេ ប៉ុន្តែ នៅពេល ដែលពួកគេត្រូវការ ព្រោះមនុស្សខ្វះការគិតគូរ និងមិនអាចដឹងពីអ្វីដែលជាការល្អបំផុតរបស់ពួកគេឡើយ ។ កម្រមានអ្នកបម្រើម្នាក់មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើឲ្យពួកជំនុំបានគ្រប់លក្ខណ៍ នៅក្នុងគ្រប់ទាំងតម្រូវការនៃសាសនាគ្រិស្តនោះណាស់ ហេតុនេះហើយបានជាព្រះតែងតែចាត់ពួកគេឲ្យទៅបំពេញកិច្ចការ ជាមួយនឹងអ្នកបម្រើដទៃផ្សេងទៀត ម្នាក់ៗមានលក្ខណៈ​សម្បត្តិមួយចំនួន ដែលអ្នកដទៃផ្សេងទៀតមិនមាន។

ពួកជំនុំគួរទទួលដោយអំណរគុណនូវអ្នកបម្រើរបស់ព្រះគ្រិស្តទាំងនេះ ដូចជាពួកគេបានទទួលយកព្រះជាម្ចាស់ផ្ទាល់ដូច្នោះដែរ។ ពួកគេគួរតែស្វែងរកទាញយកអត្ថប្រយោជន៍ទាំងអស់ដែលអាចធ្វើទៅបាន ចេញពីការណែនាំដែលអ្នកបម្រើរបស់ព្រះម្នាក់ៗអាចផ្តល់ឲ្យពួកគេ ពីព្រះបន្ទូលរបស់ព្រះ ។ សេចក្ដីពិតដែលអ្នកបម្រើរបស់ព្រះនាំមកនោះត្រូវបានទទួលយកនិងកោតសរសើរ ដោយការបន្ទាបខ្លួនយ៉ាងស្លូតបូត តែមិនត្រូវឲ្យអ្នកបម្រើរបស់ព្រះណាម្នាក់តាំងខ្លួនជាវីរបុរសឡើយ។

តាមរយៈព្រះគុណនៃព្រះគ្រិស្ត ព្រះបានធ្វើឲ្យគ្រូគង្វាលទាំងឡាយធ្វើជាអ្នកនាំសារនៃពន្លឺនិងព្រះពរ។ ដោយការអធិដ្ឋានដោយអត់ធ្មត់និងស្មោះអស់ពីចិត្ត ពួកគេទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយដើរទៅមុខដោយមានបន្ទុកនៃការនេសាទមនុស្ស ចិត្តរបស់ពួកគេពោរពេញដោយការពុះកញ្រ្ជោលចង់ពង្រីកជ័យជម្នះនៃឈើឆ្កាង ពួកគេនឹងឃើញផលផ្លែនៃការងាររបស់ពួកគេ។ ដោយបដិសេធជាដាច់ខាតមិនសំញែងពីប្រាជ្ញារបស់មនុស្ស ឬដើម្បីលើកតម្កើងខ្លួនឯង នោះពួកគេនឹងសម្រេចកិច្ចការដែលនឹងអាចទប់ទល់នឹងការវាយប្រហាររបស់សាតាំងបាន។ មនុស្សជា ច្រើននឹងងាកចេញពីភាពងងឹត មកឯពន្លឺហើយពួកជំនុំជាច្រើននឹងត្រូវបានបង្កើតឡើង។ មនុស្សនឹងត្រូវបានកែប្រែចិត្ដ មិនមែនមកឯមនុស្សដែល ឧបករណ៍នោះទេ តែគឺមកឯព្រះគ្រិស្តវិញ។ ភាពអាត្មានិយមនឹងត្រូវបាន លាក់ទុកនៅពីក្រោយ មានតែព្រះយេស៊ូវ ដែលជាព្រះនៃកាល់វ៉ារី តែមួយគត់ ដែលនឹងលេចមក។

អស់អ្នកដែលកំពុងធ្វើការសម្រាប់ព្រះគ្រិស្តនៅពេលសព្វថ្ងៃនេះ នឹងបង្ហាញពីភាពល្អអស្ចារ្យ ដូចជាពួកអ្នកដែលបង្ហាញនៅសម័យពួកសាវ័កបានប្រកាសដំណឹងល្អដូច្នោះដែរ។ ព្រះជាម្ចាស់កំពុងត្រៀមព្រះកាយប្រទានព្រះចេស្តាដល់ពួកអ្នកបម្រើរបស់ទ្រង់ នៅពេលសព្វថ្ងៃនេះ ដូចជាទ្រង់បានប្រទានព្រះចេស្តាដល់សាវ័កប៉ុល អ័ប៉ុឡូស ស៊ីឡាសនិងធីម៉ូថេ ពេត្រុស យ៉ាកុប និងយ៉ូហាន ដូច្នោះដែរ។

នៅសម័យពួកសាវ័កមានមនុស្សខុសឆ្គងមួយចំនួនដែលបានអះអាងថា ជឿលើព្រះគ្រិស្ត តែបានបដិសេធមិនបង្ហាញការគោរពចំពោះរាជទូតរបស់ទ្រង់ទៅវិញ ។ ពួកគេបានប្រកាសថាពួកគេមិនបានធ្វើតាមគ្រូបង្រៀនដែលជាមនុស្សទេ ប៉ុន្តែ ត្រូវបានបង្រៀនដោយផ្ទាល់ពីព្រះគ្រិស្ត ដោយគ្មានជំនួយពីពួកអ្នកបម្រើនៃដំណឹងល្អទេ។ ពួកគេមានភាពឯករាជខាងវិញ្ញាណ ហើយមិនមានឆន្ទៈចង់ស្ដាប់តាមសំឡេងនៃពួកជំនុំឡើយ។ ពួកមនុស្សបែបនោះមានគ្រោះថ្នាក់ក្នុងការធ្លាក់ចូលទៅក្នុងការបោកបញ្ឆោតយ៉ាងធ្ងន់ធ្ងរ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ នោះ​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំដោយ​អំណរ​ចុះ ព្រម​ទាំង​ការងារដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះអម្ចាស់យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​ព្រះ​វិញ។ ​(កិច្ចការ ២០:២៤)

Powered by CAM