កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៦)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក១០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្តីយុត្តិធម៌ ហើយនឹង បង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់។ ទំនុកតម្កើង ២៥:៩
ព្រះជាម្ចាស់បានដាក់អ្នកជំនួយដែលទ្រង់បានតែងតាំង ជាមនុស្ស ដែលមានទេពកោសល្យជាច្រើន នៅក្នុងពួកជំនុំ ដែលព្រះវិញ្ញាណនឹងជួបជាមួយនឹងគំនិតមនុស្សដែលមានប្រាជ្ញារួមគ្នាជាច្រើន។ មនុស្សដែលធ្វើការតាមតែចរិតលក្ខណៈរឹងមាំរបស់ខ្លួនដោយបដិសេធមិនទទួលការណែនាំពីអ្នកដទៃដែលមានបទពិសោធន៍យូរយារ នៅក្នុងកិច្ចការរបស់ព្រះ អ្នកនោះនឹងទៅជាមានភាពងងឹតងងល់ដោយទំនុកចិត្តលើខ្លួនឯង មិនអាចបែងចែករឿងក្លែងក្លាយពីសេចក្តីពិតបានឡើយ ។ ការជ្រើសរើសមនុស្សបែបនេះឲ្យ ធ្វើជាអ្នកដឹកនាំនៅក្នុងពួកជំនុំ នឹងមិនមានសុវត្ថិភាពទេ ព្រោះពួកគេនឹងធ្វើតាមការវិនិច្ឆ័យនិងផែនការណ៍របស់ខ្លួនផ្ទាល់ ដោយមិនគិតពីការវិនិច្ឆ័យពីបងប្អូនរបស់ពួកគេឡើយ ។ វាជាការងាយស្រួលសម្រាប់សត្រូវធ្វើការតាម រយៈអ្នកដែលត្រួត្រាលើមនុស្សដោយកម្លាំងរបស់ខ្លួន ដោយមិនបានរៀនសូត្រពីភាពសុភាពរបស់ព្រះគ្រិស្តនោះ។
ការចាប់អារម្មណ៍មួយមុខ មិនអាចធ្វើឲ្យមានសុវត្ថិភាពដល់កាតព្វកិច្ចបានទេ ។ សត្រូវតែងតែបញ្ចុះបញ្ចូលមនុស្សឲ្យជឿថា គឺជាព្រះដែលដឹកនាំ ពួកគេ នៅពេលដែលពួកគេកំពុងតែធ្វើតាមចំណូលចិត្តរបស់មនុស្សទៅវិញនោះ ។ ប៉ុន្តែ ប្រសិនបើយើងពិនិត្យពិច័យឲ្យបានដិតដល់ ហើយទទួលយកដំបូន្មានពីបងប្អូនរួមជំនឿរបស់យើង ព្រះអម្ចាស់នឹងធ្វើឲ្យយើងយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ដ្បិតទ្រង់បានសន្យាថា «ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្តីយុត្តិធម៌ ហើយនឹងបង្រៀនមនុស្សរាបទាបឲ្យស្គាល់ផ្លូវ ទ្រង់» (ទំនុកតម្កើង ២៥:៩)។
នៅក្នុងពួកជំនុំគ្រិស្តបរិស័ទដំបូង មានអ្នកខ្លះដែលបដិសេធមិន ទទួល ស្គាល់លោក ប៉ុល ឬអ័ប៉ុឡូសដែរ ប៉ុន្តែ គេបានចាត់ទុកថាលោកពេត្រុសគឺជាមេដឹកនាំរបស់ពួកគេ ។ ពួកគេបានបញ្ជាក់ថាពេត្រុសជាអ្នកជិតស្និទ្ធជាមួយព្រះគ្រិស្តបំផុត នៅពេលដែលព្រះជាម្ចាស់គង់នៅលើផែនដីនេះ ខណៈដែលប៉ុលបានធ្វើទុក្ខបុកម្នេញដល់ពួកអ្នកជឿនៅឡើយ ។ ទស្សនៈនិងអារម្មណ៍របស់ពួកគេជាប់ទាក់ទងនឹងការរើសអើង។ ពួកគេមិនបានបង្ហាញភាពក្លៀវក្លា ភាពសប្បុរស ភាពទន់ភ្លន់ ដែលបង្ហាញថាព្រះគ្រិស្តកំពុងគង់នៅក្នុងចិត្តទេ។
ការបែងចែកនេះធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់ពួកជំនុំគ្រិស្តបរិស័ទ ហើយព្រះជាម្ចាស់បានណែនាំលោកប៉ុល ឲ្យដាស់តឿនយ៉ាងម៉ឺងម៉ាត់និងប្រឆាំងតទល់យ៉ាងឧឡារិក ។ ចំពោះពួកអ្នកដែលនិយាយថា «ខ្លួនជាសិស្ស របស់ប៉ុល ជារបស់អ័ប៉ុឡូស ជារបស់កេផាស ឬជារបស់ព្រះគ្រិស្ត» លោក ប៉ុលបានសួរថា «ដូច្នេះ តើព្រះគ្រិស្តបានបាក់បែកឬអី តើប៉ុលត្រូវឆ្កាងជំនួសអ្នករាល់គ្នាឬអី តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជដោយនូវឈ្មោះ ប៉ុល ឬអី?» លោកបានអង្វរថា «ដូច្នេះ កុំឲ្យអ្នកណាអួតពីមនុស្សឡើយ ដ្បិតគ្រប់ទាំងអស់ជារបស់ផងអ្នករាល់គ្នា ទោះទាំងប៉ុល ឬអ័ប៉ុឡូស កេផាស លោកិយ ជីវិត សេចក្តីស្លាប់ របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់ តែឯអ្នករាល់គ្នាជារបស់ផងព្រះគ្រិស្តវិញ ហើយ ព្រះគ្រិស្ត ទ្រង់ជារបស់ព្រះ» (កូរិនថូសទី១ ១:១២, ១៣ និង ៣: ២១-២៣)។
លោកប៉ុលនិងអ័ប៉ុឡូសមានភាពស្រុះស្រួលគ្នាល្អឥតខ្ចោះ ។ ក្រោយមក មានការខកចិត្តនិងមានទុក្ខកង្វល់ ពីព្រោះតែវិវាទនៅក្នុងពួកជំនុំនៅទីក្រុងកូរិនថូស។ គាត់មិនបានទាញយកផលប្រយោជន៍ពីការចូលចិត្ដ បង្ហាញខ្លួនឯងនោះទេ ហើយលោកក៏មិនបានលើកទឹកចិត្តអ្នកដទៃឲ្យប្រព្រឹត្តដូច្នោះដែរ តែលោកបានចាកចេញពីវាលនៃជម្លោះយ៉ាងរហ័ស។ ក្រោយ មក កាលលោកប៉ុលបានដាស់តឿនគាត់ឲ្យត្រឡប់ទៅក្រុងកូរិនថូសវិញ គាត់បានបដិសេធហើយមិនបានធ្វើការនៅទីនោះម្ដងទៀតទេ រហូតដល់យូរក្រោយមកទៀត នៅពេលដែលពួកជំនុំបានឈានដល់ស្ថានភាពល្អខាងព្រលឹងវិញ្ញាណឡើងវិញ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ នោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះទុកជារបស់វិសេសដល់ខ្ញុំដែរឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំដោយអំណរចុះ ព្រមទាំងការងារដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ពីដំណឹងល្អនៃព្រះគុណព្រះវិញ។ (កិច្ចការ ២០:២៤)