ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក១១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ រួចប៉ុលនិយាយថា លោកយ៉ូហានបានធ្វើបុណ្យជ្រមុជទឹក ពីដំណើរការប្រែចិត្ត ទាំងប្រាប់ពួកជនឲ្យជឿដល់ព្រះអង្គ ដែលយាងមកក្រោយលោកវិញ គឺដល់ព្រះយេស៊ូវគ្រីស្ទ។ កិច្ចការ ១៩:៤
កាលអ័ប៉ុឡូសកំពុងអធិប្បាយនៅទីក្រុងកូរិនថូស លោកប៉ុលបានធ្វើតាមសេចក្ដីសន្យារបស់លោកក្នុងការវិលត្រឡប់ទៅក្រុងអេភេសូរវិញ។ លោកបានធ្វើដំណើរទស្សនកិច្ចមួយដ៏ខ្លីមួយទៅកាន់ក្រុងយេរូសាឡិម ហើយគាត់បានចំណាយពេលខ្លះនៅឯក្រុងអាន់ទីយ៉ូកជាកន្លែងដែលគាត់ធ្វើការកាលពីលើកមុន ។ ពីកន្លែងនោះ លោកបានធ្វើដំណើរពាសពេញតំបន់អាស៊ីនិរតី «ដើរកាត់ស្រុកកាឡាទី និងស្រុកព្រីគា» (កិច្ចការ ១៨:២៣) ដោយបានទៅសួរសុខទុក្ខដល់ពួកជំនុំដែលលោកបានបង្កើត និងពង្រឹងជំនឿរបស់ពួកអ្នកជឿ។
នៅសម័យពួកសាវ័ក ភាគខាងលិចនៃតំបន់អាស៊ីនិរតី ត្រូវបានគេស្គាល់ថាជាខេត្ដរ៉ូមនៅទ្វីបអាស៊ី ដែលមានទីក្រុងអេភេសូរគឺជារាជធានី និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ ។ កំពង់ផែនៃទីក្រុងនេះមានពេញទៅដោយនាវាដឹកទំនិញ ហើយផ្លូវនៃទីក្រុងត្រូវបានប្រមូលផ្តុំទៅដោយប្រជាជនមកពីគ្រប់ប្រទេស។ ទីក្រុងអេភេសូរបានបង្ហាញពីកន្លែងធ្វើការផ្សព្វផ្សាយដំណឹងល្អតាមសេចក្តីសន្យា ដូចជាទីក្រុងកូរិនថូសដែរ។
ឥឡូវនេះ សាសន៍យូដាបានរីករាលដាលយ៉ាងទូលំទូលាយ នៅគ្រប់ទាំងស្រុកដែលមានវប្បធម៌រុងរឿង ជាទឹកដីដែលគេសង្ឃឹមថាព្រះមែស្ស៊ីនឹងយាងមកនោះ។ នៅពេលលោកយ៉ូហានបាទីស្ទកំពុងតែអធិប្បាយ មនុស្សជាច្រើន ដែលបានធ្វើដំណើរទៅកាន់ក្រុងយេរូសាឡិម បានចេញទៅស្តាប់គាត់នៅមាត់ទន្លេយ័រដាន់។ នៅទីនោះពួកគេបានឮព្រះយេស៊ូវបានប្រកាសថាទ្រង់គឺជាព្រះមែស្ស៊ីដែលព្រះបានសន្យា ហើយពួកគេបាននាំដំណឹងនោះទៅគ្រប់ទីកន្លែងនៃពិភពលោក។ ដូច្នេះ ការនោះហើយដែលបានរៀបចំផ្លូវសម្រាប់អ្នកធ្វើការផ្សាយដំណឹងល្អ។
នៅពេលមកដល់ទីក្រុងអេភេសូរ លោកប៉ុលបានរកឃើញបងប្អូនដប់ពីរនាក់ ដែលធ្លាប់ជាសិស្សរបស់លោកយ៉ូហានបាទីស្ទដូចជាលោកអ័ប៉ុឡូសដែរ ហើយដែលបានទទួលចំណេះដឹងពីបេសកកម្មរបស់ព្រះគ្រិស្តដូចជារូបលោកផង ។ ពួកគេមិនមានលទ្ធភាពដូចលោកអ័ប៉ុឡូសទេ ប៉ុន្តែ ជាមួយនឹងភាពស្មោះត្រង់និងជំនឿដូចគ្នា ពួកគេកំពុងស្វះស្វែងផ្សព្វផ្សាយចំណេះដឹងដ៏ទូលំទូលាយដែលពួកគេបានទទួល។
ពួកបងប្អូនទាំងនេះមិនបានដឹងអ្វីអំពីបេសកកម្មនៃព្រះវិញ្ញាណបរិសុទ្ធទេ ពួកគេបានឆ្លើយថា «យើងខ្ញុំមិនបានទាំងឮនិយាយពីព្រះវិញ្ញាណបរិសុទ្ធផង» ។ លោកប៉ុលបានសួរថា «ដូច្នេះ តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជទឹកដោយនូវអ្វី?» គេឆ្លើយថា «គឺដោយនូវបុណ្យជ្រមុជរបស់លោកយ៉ូហានទេ»។
ពេលនោះ សាវ័កប៉ុលបានបង្ហាញដល់ពួកគេអំពីសេចក្តីពិតដ៏ធំដែលជាគ្រឹះនៃសេចក្តីសង្ឃឹមរបស់ពួកគ្រិស្តបរិស័ទ ។ លោកបានប្រាប់ពួកគេអំពីព្រះជន្មរបស់ព្រះគ្រិស្តនៅលើផែនដី និងការសុគតយ៉ាងឃោរឃៅគួរឲ្យអាម៉ាស់របស់ទ្រង់ ។ លោកបានប្រាប់ដល់ពួកគេអំពីរបៀបដែលព្រះជាម្ចាស់នៃជីវិតបានបំបាក់រនាំងនៃផ្នូរ ហើយមានព្រះជន្មរស់ឡើងវិញដែលជាជ័យជម្នះលើសេចក្តីស្លាប់ ។ លោកបានមានប្រសាសន៍ឡើងវិញអំពីការត្រាស់បង្គាប់របស់ព្រះអង្គសង្រ្គោះចំពោះពួកសាវ័ករបស់ទ្រង់៖ «គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើឋានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ» (ម៉ាថាយ ២៨:១៨-១៩) ។ លោកក៏បានប្រាប់ពួកគេផងដែរ អំពីសេចក្តីសន្យារបស់ព្រះគ្រិស្តថានឹងបញ្ជូនព្រះដ៏ជាជំនួយមួយអង្គ ដែលសញ្ញាដ៏អស្ចារ្យនឹងកើតឡើងតាមរយៈព្រះចេស្តារបស់ព្រះអង្គនោះ ហើយលោកបានពណ៌នាថាសេចក្តីសន្យាដ៏រុងរឿងនេះបានសម្រេចនៅថ្ងៃប៉ង់តាកូស។
ដោយមានការចាប់អារម្មណ៍និងដឹងគុណយ៉ាងជ្រាលជ្រៅ បងប្អូនរួមជំនឿទាំងអស់បានស្ដាប់ប្រសាសន៍របស់លោកប៉ុលដោយក្តីអំណរដ៏អស្ចារ្យ។ ដោយសារសេចក្ដីជំនឿ ពួកគេបានយល់សេចក្ដីពិតដ៏អស្ចារ្យនៃតង្វាយយញ្ញបូជាធួននឹងបាបរបស់ព្រះគ្រិស្ត ហើយបានទទួលទ្រង់ជាព្រះដ៏ប្រោសលោះរបស់ពួកគេ។ ហើយពេលនោះ ពួកគេបានទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រិស្ត ហើយនៅពេលដែលលោកប៉ុល «បានដាក់ដៃលើពួកគេ» ពួកគេក៏បានទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើឲ្យពួកគេអាចនិយាយភាសារបស់សាសន៍ដទៃនិងទាយទំនាយបាន។ ដូច្នោះពួកគេមានសមត្ថភាពអាចធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អនៅទីក្រុងអេភេសូរ និងតំបន់ដែលនៅជុំវិញទីក្រុងនេះ ហើយចេញទៅប្រកាសដំណឹងល្អនៅក្នុងតំបន់អាស៊ីនិរតីទាំងមូល។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ នោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះទុកជារបស់វិសេសដល់ខ្ញុំដែរឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំដោយអំណរចុះ ព្រមទាំងការងារដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ពីដំណឹងល្អនៃព្រះគុណព្រះវិញ។ (កិច្ចការ ២០:២៤)