កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៧)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក១២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។ ទំនុកតម្កើង ១១៩:១៣០
គឺដោយការស្រឡាញ់ស្មារតីចេះបន្ទាបខ្លួន និងស្មារតីទទួលយកការបង្រៀនទាំងនេះហើយ ដែលពួកគេទទួលបានបទពិសោធន៍ ធ្វើឲ្យពួកគេចេញទៅធ្វើជាអ្នកច្រូតនៅក្នុងស្រែដែលមានស្រូវទុំនៅផែនដី។ គំរូរបស់ពួកគេបង្ហាញជាមេរៀនដ៏មានតម្លៃជាខ្លាំង ដល់គ្រិស្តបរិស័ទទាំងឡាយ។ មានមនុស្សជាច្រើនដែលធ្វើឲ្យមានការជឿនលឿនតិចតួចនៅក្នុងជីវិតជាមួយនឹងព្រះ ដោយសារតែពួកគេមានទំនុកចិត្តខ្លួនឯងខ្លាំងពេក មិនព្រមសិក្សាបន្ថែមទៀត ពួកគេស្កប់ចិត្ដនឹងចំណេះដឹងដ៏ជ្រាលជ្រៅនៃព្រះបន្ទូលរបស់ព្រះ ។ ពួកគេមិនមានបំណងផ្លាស់ប្តូរជំនឿឬការអនុវត្តន៍របស់ពួកគេទេ ហើយហេតុដូច្នេះ គេមិនខំប្រឹងប្រែងដើម្បីឲ្យទទួលបានពន្លឺកាន់តែច្រើនឡើយ។
ប្រសិនបើអ្នកដើរតាមព្រះគ្រិស្តជាអ្នកស្វែងរកប្រាជ្ញាដោយស្មោះត្រង់ ព្រះនឹងដឹកនាំពួកគេឲ្យចូលទៅក្នុងវាលស្រែដែលពោរពេញដោយសេចក្តីពិត ដែលមនុស្សមិនទាន់បានស្គាល់សេចក្តីពិតទាំងនោះច្បាស់នៅឡើយ។ អ្នកដែលបានថ្វាយខ្លួនចំពោះព្រះទាំងស្រុង នឹងត្រូវបានដឹកនាំដោយព្រះហស្តរបស់ព្រះ។ អ្នកនោះប្រហែលជាមានអំណោយទានតិចតួច ប៉ុន្តែ ជាមួយនឹងចិត្តដែលពេញដោយសេចក្តីស្រឡាញ់និងទំនុកចិត្ត អ្នកនោះនឹងគោរពតាមបំណងព្រះហឫទ័យរបស់ព្រះ ព្រះអង្គនឹងបន្សុទ្ធអំណាចរបស់អ្នកនោះ ឲ្យមានសមត្ថភាព និងមានភាពស្វាហាប់ ហើយសមត្ថភាពរបស់អ្នកនោះនឹងកាន់តែកើនឡើង ។ នៅពេលពួកគេយកមេរៀននៃប្រាជ្ញារបស់ព្រះមកធ្វើជាមរតក ព្រះនឹងប្រទានបេសកកម្មដ៏ពិសិដ្ឋដល់គេ។ គេនឹងអាច ធ្វើឲ្យជីវិតរបស់គេក្លាយទៅជាកិត្តិយសដល់ព្រះ និងជាព្រះពរដល់ពិភព លោក។ «ការបើកសម្តែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់» (ទំនុកតម្កើង ១១៩: ១៣០)។
សព្វថ្ងៃនេះក៏នៅមានមនុស្សជាច្រើនដែលនៅល្ងិតល្ងង់ មិនបានដឹងពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ដូចជាពួកអ្នកជឿនៅសម័យទីក្រុងអេភេសូរដូច្នោះដែរគ្មានសេចក្តីពិតណាដែលត្រូវបានបង្រៀនយ៉ាងច្បាស់លាស់ដូចជានៅក្នុងព្រះបន្ទូលរបស់ព្រះនោះឡើយ។ ពួកហោរានិងពួកសាវ័កបានរស់នៅក្នុងប្រធានបទនេះ។ ព្រះគ្រិស្តបានទាក់ទាញអារម្មណ៍យើងដោយផ្ទាល់ព្រះអង្គ ទៅកាន់ការលូតលាស់នៃពិភពលោកដែលល្ងិតល្ងង់នេះ ទុកជាការបកស្រាយអំពីភ្នាក់ងារនៃព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការទ្រទ្រង់ជីវិតខាងព្រលឹងវិញ្ញាណ។ ដើមទំពាំងបាយជូរ ដុះឡើងចេញពីឫស ហើយដុះចេញជាមែកធាង បន្តលូតលាស់ រួចបង្កើតផ្លែផ្កា ។ ដូចគ្នានេះដែរ អំណាចនៃជីវិតខាងព្រលឹងវិញ្ញាណដែលលូតលាស់ កើតឡើងពីព្រះអង្គសង្រ្គោះ បានជ្រួតជ្រាបចូលទៅក្នុងចិត្ត ធ្វើឲ្យមានសេចក្តីស្រឡាញ់និងគោលបំណងជាថ្មីឡើងវិញ ហើយថែមទាំងនាំមកនូវគំនិតចូលមកក្នុងការស្តាប់បង្គាប់តាមព្រះរាជគោលបំណងរបស់ព្រះ ធ្វើឲ្យអ្នកទទួលអាចបង្កើតផលផ្លែនៃអំពើល្អដ៏មានតម្លៃ។
មនុស្សមិនអាចមើលព្រះដែលជាអ្នកនិពន្ធនៃជីវិតខាងព្រះវិញ្ញាណនេះឃើញទេ ហើយវិធីសាស្រ្តពិតប្រាកដដែលព្រះអង្គបានប្រទាននិងទ្រទ្រង់ជីវិតនេះ ក៏ទស្សនៈវិជ្ជារបស់មនុស្សមិនអាចពន្យល់បានដែរ ។ ប៉ុន្តែ ការ ប្រតិបត្តិនៃព្រះវិញ្ញាណតែងតែស្របជាមួយនឹងព្រះបន្ទូលក្នុងព្រះគម្ពីរជានិច្ច។ ពិភពលោកខាងវិញ្ញាណ ក៏ដូចជាពិភពនៃធម្មជាតិដែរ។ ជីវិតនៃធម្មជាតិត្រូវបានថែរក្សាពីពេលមួយទៅពេលមួយ ដោយព្រះចេស្តារបស់ព្រះ ប៉ុន្តែ ព្រះអង្គមិនបានទ្រទ្រង់ដោយការអស្ចារ្យផ្ទាល់នោះទេ គឺតាមរយៈការប្រើ ប្រាស់ព្រះពរ ដែលបានដាក់នៅក្នុងដៃរបស់យើងវិញ។ ដូច្នេះ ជីវិតខាងវិញ្ញាណត្រូវបានទ្រទ្រង់ដោយការប្រើប្រាស់មធ្យោបាយដែលព្រះបានប្រទានឲ្យទាំងនោះ ។ ប្រសិនបើអ្នកដើរតាមព្រះគ្រិស្តបានរីកលូតលាស់រហូត «ដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញផងព្រះគ្រិស្ត» (អេភេសូរ ៤:១៣) អ្នកនោះត្រូវបរិភោគនំបុ័ងជីវិតហើយផឹកទឹកនៃសេចក្ដីសង្រ្គោះ គេត្រូវតែចាំយាម អធិដ្ឋាន ហើយធ្វើការ ក្នុងគ្រប់ការទាំងអស់ដោយយកចិត្តទុកដាក់ស្តាប់តាមសេចក្តីបង្គាប់របស់ព្រះនៅក្នុងព្រះបន្ទូលទ្រង់។
នៅមានមេរៀនមួយទៀតសម្រាប់យើង នៅក្នុងបទពិសោធន៍របស់ពួកយូដាដែលបានកែប្រែចិត្ដទាំងនោះ ។ ពេលពួកគេបានទទួលបុណ្យជ្រមុជទឹកដោយដៃរបស់លោកយ៉ូហាន ពួកគេមិនបានយល់ច្បាស់ពីបេសកកម្មរបស់ព្រះយេស៊ូវ ថាជាការទទួលបាបរបស់មនុស្សទេ ពួកគេមានកំហុស យ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែ ដោយមានពន្លឺយ៉ាងច្បាស់ ពួកគេបានទទួលយកព្រះគ្រិស្តដោយអំណរ ថាជាព្រះដ៏ប្រោសលោះរបស់ពួកគេ ហើយជាមួយនឹងជំហាននៃការជឿនលឿនទៅមុខនេះ កាតព្វកិច្ចរបស់ពួកគេក៏មានការ ផ្លាស់ប្តូរ។ នៅពេលពួកគេទទួលបាននូវជំនឿដ៏បរិសុទ្ធ នោះទំនាក់ទំនងនៅក្នុងជីវិតរបស់ពួកគេមានការផ្លាស់ប្តូរ ។ ជានិមិត្តសញ្ញានៃការផ្លាស់ប្តូរនេះ និងជាការប្រកាសជំនឿរបស់ពួកគេ ទៅលើព្រះគ្រិស្ត ពួកគេត្រូវបានទទួលបុណ្យជ្រមុជទឹកជាថ្មីនៅក្នុងព្រះនាមព្រះយេស៊ូវ។
តាមទំនៀមទម្លាប់របស់គាត់ លោកប៉ុលបានចាប់ផ្ដើមធ្វើកិច្ចការនៅឯក្រុងអេភេសូរដោយការអធិប្បាយនៅក្នុងសាលាប្រជុំរបស់សាសន៍យូដា។ លោកបានបន្ដធ្វើការនៅទីនោះអស់រយៈពេលបីខែ ដោយ «គាត់ចេះតែ ជជែកពន្យល់ ព្រមទាំងបញ្ចុះបញ្ចូលគេ ឲ្យជឿតាមអស់ទាំងសេចក្តីពីនគរព្រះ» ។ ដំបូងលោកបានជួបជាមួយនឹងការទទួលយកដែលគួរជាទីពេញចិត្ត ប៉ុន្ដែ មិនយូរប៉ុន្មាន លោកក៏បានជួបនឹងការប្រឆាំងដោយហិង្សា ដូច នៅកន្លែងផ្សេងទៀតដែរ «លុះកាលអ្នកខ្លះកើតមានចិត្តរឹងទទឹង ហើយ ចចេស ព្រមទាំងនិយាយអាក្រក់ពីផ្លូវនោះ នៅមុខប្រជាជន» ។ នៅពេល ពួកគេបានបន្តបដិសេធដំណឹងល្អ សាវ័កប៉ុលក៏បានឈប់អធិប្បាយ នៅក្នុងសាលាប្រជុំ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ នោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះទុកជារបស់វិសេសដល់ខ្ញុំដែរឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំដោយអំណរចុះ ព្រមទាំងការងារដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ពីដំណឹងល្អនៃព្រះគុណព្រះវិញ។ (កិច្ចការ ២០:២៤)