ថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០
​​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២២)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី១ ជំពូក១៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​ឯង ឱ​បេថ្លេហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅ​ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​អញ អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់គ្រង​លើ​អ៊ីស្រាអែល ដើម​កំណើត​របស់​អ្នក​នោះ​បាន​ចាប់​តាំង​ពី​បុរាណ គឺ​ពី​អស់កល្ប​រៀង​មក។ មីកា ៥:១

ជាមួយនឹងអំណាចដែលអាចផ្លាស់ប្តូរចិត្ត លោកប៉ុលបានលើកហេតុផលពីគម្ពីរសញ្ញាចាស់មកថា «ព្រះគ្រិស្តត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពី​សុគត​ឡើងវិញ»។ តើលោកមីកាមិនបានទស្សទាយទេឬអីថា «អ្នកនោះនឹងត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល» (មីកា ៥:១) ។ ហើយតើព្រះនៃសេចក្តីសន្យាមិនបានទស្សទាយពីព្រះអង្គផ្ទាល់តាមរយៈលោកអេសាយ ទេឬអីថា «ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកអ្នក​ដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការ ស្តោះទឹកមាត់ទេ» (អេសាយ ៥០:៦)។ ព្រះគ្រិស្តបានទស្សទាយអំពីការប្រព្រឹត្តដែលទ្រង់នឹងត្រូវទទួលរងពីសំណាក់មនុស្ស តាមរយៈអ្នកនិពន្ធ គម្ពីរទំនុកតម្កើងថា «ចំណែកទូលបង្គំៗ … មិនមែនជាមនុស្សទេ ជាទីត្មះតិះ ដៀលរបស់មនុស្ស ហើយជាទីស្អប់ខ្ពើមនៃពួកបណ្តាជន អស់អ្នកដែល ឃើញទូលបង្គំក៏ឡកឡឺយឲ្យ គេបូញមាត់ ហើយគ្រវីក្បាល ដោយថា វា បានទុកចិត្តនឹងព្រះយេហូវ៉ា ថាទ្រង់នឹងប្រោសឲ្យរួច ចូរឲ្យទ្រង់ជួយ សង្គ្រោះវាចុះ ដ្បិតវាបានយកទ្រង់ជាទីគាប់ចិត្តហើយ» ។ «អស់ទាំងឆ្អឹងក្នុងរាងកាយនៃទូលបង្គំរាប់បានទាំងអស់ គេគន់មើល ហើយសម្លឹងមកទូលបង្គំ គេយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេក៏ធ្វើឆ្នោត ចាប់យក ឱព្រះយេហូវ៉ាអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះដ៏ជា កម្លាំងនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង» ។ «ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃចំពោះបងប្អូនទូលបង្គំ គឺដូចជាសាសន៍ក្រៅដល់ពួកអ្នកពោះមួយនឹងទូលបង្គំ ។ ដ្បិតសេចក្តីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ ឯសេចក្តីត្មះតិះដៀលទាំងប៉ុន្មានដែលគេដៀលដល់ទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ» ។ «សេចក្តីត្មះតិះដៀលបានញាំញីចិត្តទូលបង្គំ ក៏មានសេចក្តីទម្ងន់សង្កត់នៅពេញក្នុងខ្លួន ហើយទូលបង្គំបានគន់រកអ្នកណាដែលនឹងអាណិតមេត្តា តែឥតមានមួយសោះ ក៏ស្វែងរកអ្នកណាដែលនឹងកម្សាន្តចិត្ត តែមិនឃើញមួយទេ» (ទំនុកតម្កើង ២២:៦-៨; ១៧, ១៨ និង ៦៩:៨, ៩, ២០)។

អស្ចារ្យណាស់ លោកអេសាយទស្សទាយយ៉ាងច្បាស់ឥតប្រកែកបានអំពីការឈឺចាប់និងការសុគតរបស់ព្រះគ្រិស្ត! ហោរាបានសួរថា «តើមានអ្នក ណាបានជឿដំណឹង ដែលយើងប្រាប់» «ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសម្តែងចេញឲ្យអ្នកណាឃើញ ដ្បិតទ្រង់បានចម្រើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥត មានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលម្អណា ដែលឲ្យយើងរីករាយចិត្តដែរ ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់ សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខ ចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»។

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែ យើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែល រងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ យើងទាំងអស់គ្នាបានទាសចេញដូចជា ចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»។

«ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋ សោះ គឺដូចជាកូនចៀមដែលគេដឹកទៅសម្លាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីឋានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ» (អេសាយ ៥៣:១-៨)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប្រយោជន៍​នឹង​តាំង​ចិត្ត​អ្នក​រាល់​គ្នាឲ្យ​បរិសុទ្ធ ឥត​សៅហ្មងនៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​របស់​យើង​រាល់​គ្នាក្នុង​កាល​ដែល​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើងទ្រង់​យាង​មកជា​មួយ​នឹង​អស់​ទាំង​អ្នក​បរិសុទ្ធ​របស់​ទ្រង់។ (ថែស្សាឡូនីចទី១ ៣:១៣)

Powered by CAM