កិច្ចការនៃពួកសាវ័ក (ជំពូកទី-២២)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក១៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្តីអំណរដ៏ពោរពេញ នៅព្រះហស្តស្តាំទ្រង់មានសេចក្តីអរសប្បាយជាដរាបតទៅ។ ទំនុកតម្កើង ១៦:១១
សូម្បីតែលក្ខណៈនៃការសុគតរបស់ទ្រង់ក៏បានផ្តល់ជាស្រមោលឲ្យដឹងជាមុនដែរ ។ ដូចជាពស់លង្ហិនត្រូវបានលើកឡើងនៅវាលរហោស្ថានយ៉ាងណា នោះព្រះដ៏ប្រោសលោះក៏បានលើកឡើងយ៉ាងនោះដែរ «ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៦)។
«នោះម្នាក់នឹងសួរថា ចុះតើរបួសអ្វីនុ៎ះនៅដៃអ្នក រួចអ្នកនោះនឹងឆ្លើយថា គឺយ៉ាងនេះដែលខ្ញុំត្រូវរបួសនៅក្នុងផ្ទះរបស់មិត្រសំឡាញ់ខ្ញុំ» (សាការី ១៣:៦)។
«ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ផង។ ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក ជាយញ្ញបូជាលោះបាបហើយ នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចម្រើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់» (អេសាយ ៥៣:៩, ១០)។
ប៉ុន្តែ ព្រះដែលបានសុគតដោយសារស្នាដៃរបស់មនុស្សអាក្រក់នឹងមានព្រះជន្មរស់ឡើងវិញ ជាព្រះដែលមានជ័យជម្នះលើអំពើបាបនិងសេចក្តីស្លាប់ ។ នៅក្រោមការលើកទឹកចិត្តពីសំណាក់ព្រះដែលជាអ្នកចម្រៀងដ៏ពីរោះនៃសាសន៍អ៊ីស្រាអែល បានបញ្ជាក់អំពីសិរីរុងរឿងនៃពេលព្រឹកដែលព្រះគ្រិស្តមានព្រះជន្មរស់ឡើងវិញ ។ លោកបានប្រកាសដោយអំណរថា «ហេតុនោះចិត្តទូលបង្គំអរសប្បាយ ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង រូបសាច់នៃទូលបង្គំក៏នឹងនៅដោយសាន្តត្រាណដែរ ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំនៅក្នុងឋានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនព្រមឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្តីពុករលួយដែរ» (ទំនុកតម្កើង ១៦:៩, ១០)។
លោកប៉ុលបានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធអំពីពិធីថ្វាយតង្វាយយញ្ញបូជា ជាមួយនឹងបទទំនាយដែលទាក់ទងទៅនឹងព្រះមួយអង្គដែល «ដូចជាកូនចៀមដែលគេដឹកទៅសម្លាប់» ព្រះមែស្ស៊ីត្រូវតែលះបង់ព្រះជន្មរបស់ទ្រង់ទុកជា «យញ្ញបូជាលោះបាប» ។ ដោយសម្លឹងមើលទៅការប្រោសលោះឲ្យធួននឹងបាបរបស់ព្រះអង្គសង្រ្គោះ នៅគ្រប់សតវត្សរ៍ ហោរាអេសាយបានបញ្ជាក់ថាកូនចៀមរបស់ព្រះ «បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែ ទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ» (អេសាយ ៥៣:៧, ១០, ១២)។
ព្រះអង្គសង្រ្គោះនៃបទទំនាយនឹងយាងមកមិនមែនជាស្តេច ដែលសោយរាជ្យបណ្តោះ អាសន្ន ឬយាងមករំដោះសាសន៍យូដាឲ្យរួចពីការសង្កត់សង្កិននៅលោកិយនេះប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ប្រសូតជាមនុស្ស នៅក្នុងចំណោមមនុស្ស រស់នៅក្នុងជីវិតជាអ្នកទ័លក្រ និងការបន្ទាបខ្លួន ហើយទីបំផុត ត្រូវគេមើលងាយ គេបដិសេធ និងសម្លាប់បង់ ។ ព្រះអង្គសង្រ្គោះដែលគម្ពីរសញ្ញាចាស់បានប្រាប់ឲ្យដឹងជាមុននោះ ត្រូវតែលះបង់ព្រះអង្គទ្រង់ទុកជាតង្វាយយញ្ញបូជាជំនួសមនុស្សលោកដែលបានធ្លាក់ចុះ ដើម្បីឲ្យបានសម្រេចតាមតម្រូវការនៃក្រឹត្យវិន័យដែលមនុស្សលោកបានរំលោភបំពាន ។ នៅក្នុងទ្រង់ តង្វាយយញ្ញបូជាដែលជានិមិត្តរូប បានជួបជាមួយនឹងតង្វាយយញ្ញបូជាពិតប្រាកដ ហើយការសុគតរបស់ទ្រង់នៅលើឈើឆ្កាងបានធ្វើឲ្យពិធីបុណ្យនៃសាសន៍យូដាមានសារៈសំខាន់។
លោកប៉ុលបានប្រាប់ដល់សាសន៍យូដានៅក្រុងថែស្សាឡូនីច អំពីចិត្តពុះកញ្ជ្រោលរបស់លោកកន្លងមក អំពីច្បាប់នៃពិធីបុណ្យ និងពីបទពិសោធន៍ដ៏អស្ចារ្យរបស់លោកនៅមាត់ទ្វារចូលទៅកាន់ទីក្រុងដាម៉ាស ។ មុនពេលលោកបានផ្លាស់ប្តូរជំនឿ លោកធ្លាប់ត្រូវបានគេ បង្ខាំងនៅក្នុងការគោរពស្រឡាញ់សាសនាមកពីឪពុកម្តាយ ជាសេចក្តីសង្ឃឹមខុស។ ជំនឿរបស់លោកមិនបានបោះយុថ្កាភ្ជាប់ទៅនឹងព្រះគ្រិស្តទេ ផ្ទុយទៅវិញ លោកបានទុកចិត្តទៅលើទម្រង់និងពិធីបុណ្យផ្សេងៗទៅវិញ។ ចិត្តរបស់លោកចំពោះក្រឹត្យវិន័យត្រូវបានកាត់ផ្តាច់ចេញពីជំនឿនៅក្នុងព្រះគ្រិស្ត ហើយគ្មានតម្លៃអ្វីឡើយ ។ នៅពេលអួតខ្លួនឯងថាលោកបរិសុទ្ធគ្មានកន្លែងបន្ទោសបាន នៅក្នុងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះ លោកបានបដិសេធព្រះដែលបានបង្កើតតម្លៃនៃក្រឹត្យវិន័យនោះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប្រយោជន៍នឹងតាំងចិត្តអ្នករាល់គ្នាឲ្យបរិសុទ្ធ ឥតសៅហ្មងនៅចំពោះព្រះដ៏ជាព្រះវរបិតារបស់យើងរាល់គ្នាក្នុងកាលដែលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងទ្រង់យាងមកជាមួយនឹងអស់ទាំងអ្នកបរិសុទ្ធរបស់ទ្រង់។ (ថែស្សាឡូនីចទី១ ៣:១៣)