កិច្ចការនៃពួកសាវ័ក (ជំពូកទី-២២)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក១៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះយេហូវ៉ាទ្រង់ជាចំណែកនៃមរដក ហើយជាចំណែកក្នុងពែងរបស់ទូលបង្គំ គឺទ្រង់ហើយ ដែលត្រួតមើលចំណែកទូលបង្គំ ។ ទំនុកតម្កើង ១៦:៥
ប៉ុន្តែ អ្វីៗទាំងអស់នេះបានផ្លាស់ប្រែ នៅពេលលោកផ្លាស់ប្តូរជំនឿ ។ ព្រះយេស៊ូវពីស្រុកណាសារ៉ែតដែលលោកកំពុងបៀតបៀន នៅក្នុងភាពជាមនុស្សនៃពួកបរិសុទ្ធរបស់ទ្រង់ បានបង្ហាញអង្គទ្រង់នៅជំពោះមុខលោកជាព្រះមែស្ស៊ីនៃសេចក្តីសន្យា។ លោកប៉ុលជាអ្នកបៀតបៀនបានមើលឃើញទ្រង់ជាព្រះរាជបុត្រារបស់ព្រះ ជាព្រះដែលបានយាងមកកាន់ផែនដីដើម្បីសម្រេចតាមបទទំនាយ និងជាតួអង្គដែលសម្រេចទៅតាមសំណេរនៃព្រះគម្ពីរដ៏ពិសិដ្ឋឥតមានខុសត្រង់ណាសោះ។
លោកប៉ុលបានប្រកាសដំណឹងល្អក្នុងសាលាប្រជុំនៅទីក្រុងថែស្សាឡូនីច ដោយសេចក្តីក្លាហានដ៏បរិសុទ្ធ ជំនន់នៃពន្លឺបានជះទៅលើអត្ថន័យពិតប្រាកដនៃពិធីខាងសាសនានិងពិធីបុណ្យផ្សេងៗ ទាក់ទងទៅនឹងពិធីថ្វាយតង្វាយនៅក្នុងរោងឧបោសថ ។ លោកបាននាំគំនិតអ្នកស្តាប់របស់លោកទៅហួសពីព្រះរាជកិច្ចរបស់ព្រះគ្រិស្តនៅផែនដី ដោយបានសម្រេចកិច្ចការជាអ្នកសម្របសម្រួលរបស់ទ្រង់ នៅគ្រាដែលព្រះគ្រិស្តនឹងយាងមកវិញម្តងទៀត ដោយព្រះចេស្តានិងសិរីល្អដ៏អស្ចារ្យ ហើយបង្កើតនគររបស់ទ្រង់នៅលើផែនដី ។ លោកប៉ុលគឺជាអ្នកជឿទៅលើការយាងមកវិញជាលើកទីពីររបស់ព្រះគ្រិស្ត ដូច្នេះ លោកបានបង្ហាញពីព្រឹត្តិការណ៍នេះយ៉ាងច្បាស់និងមានទម្ងន់ ដែលអ្នកបានឮរឿងនេះនឹងដក់ជាប់នៅក្នុងចិត្តមិនងាយនឹងរលុបបានឡើយ។
លោកប៉ុលបានអធិប្បាយទៅកាន់ពួកជំនុំនៅក្រុងថែស្សាឡូនីច បីសប្បាតហ៏ដ៏មានជោគជ័យជាប់ៗគ្នា ដោយរៀបរាប់ប្រាប់ដល់ពួកគេ ចេញពីព្រះគម្ពីរ ទាក់ទងទៅនឹង ព្រះជន្ម ការសុគត ការមានព្រះជន្មរស់ឡើងវិញ កន្លែងដែលទ្រង់បំពេញកិច្ចការ និងអនាគតសិរីល្អរបស់ព្រះគ្រិស្ត ដែលជា «កូនចៀមដែលត្រូវគេសម្លាប់ តាំងពីកំណើតលោកិយមក» (វិវរណៈ ១៣:៨) ។ លោកបានលើកតម្កើងព្រះគ្រិស្តឲ្យមនុស្សអាចយល់បាន ថាកិច្ចការរបស់ទ្រង់គឺជាកូនសោសម្រាប់បើកគម្ពីរសញ្ញាចាស់ ដើម្បីចូលទៅកាន់ទ្រព្យសម្បត្តិដ៏បរិបូររបស់ពួកគេ។
ដូច្នេះ ដំណឹងល្អត្រូវបានប្រកាសផ្សាយនៅទីក្រុងថែស្សាឡូនីច ដោយអំណាចដ៏អស្ចារ្យ ហើយបានទាក់ទាញចំណាប់អារម្មណ៍ក្រុមជំនុំជាច្រើននាក់។ «ពួកអ្នកនោះខ្លះក៏យល់ព្រម ហើយបានចូលខាងប៉ុល និងស៊ីឡាស ព្រមទាំងពួកសាសន៍ក្រិកសន្ធឹក ដែលតែងតែថ្វាយបង្គំព្រះ និងពួកស្រីអ្នកមុខជាក្រែលដែរ»។
ចំណែកនៅកន្លែងដែលពួកលោកបានចូលទៅដល់កាលពីមុន ពួកសាវ័កបានជួបជាមួយនឹងការប្រឆាំងយ៉ាងខ្លាំងក្លា។ «ពួកសាសន៍យូដាដែលមិនព្រមជឿ» គេ «មានចិត្តឈ្នានីស» ។ កាលណោះពួកយូដាទាំងនេះមិនពេញចិត្តនឹងរដ្ឋអំណាចរ៉ូមទេ ព្រោះកន្លងមកថ្មីៗនេះពួកគេបានបង្កើតការបះបោរនៅទីក្រុងរ៉ូម។ ពួករដ្ឋអំណាចរ៉ូមបានឃ្លាំមើលពួកគេដោយការសង្ស័យ ហើយសេរីភាពរបស់ពួកគេក៏ត្រូវបានរឹតបន្តឹង។ ឥឡូវនេះ បានមើលឃើញឱកាសមួយក្នុងការកេងយកចំណេញពីកាលៈទេសៈ ដើម្បីបង្កើតការពេញចិត្តសម្រាប់ពួកគេ ហើយនៅពេលជាមួយគ្នានោះ ពួកគេបានស្តីបន្ទោសដល់ពួកសាវ័ក និងអ្នកដែលបានផ្លាស់ប្តូរជំនឿមកជឿសាសនាគ្រិស្ត។
ពួកគេបានធ្វើការនោះដោយរួបរួមជាមួយនឹង «មនុស្សពាលអនាថាខ្លះមក» រួចប្រមូលបានមនុស្សយ៉ាងសន្ធឹក «ទៅបង្កើតវឹកវរក្នុងទីក្រុង» ដោយសង្ឃឹមថាអាចនឹងរកពួកសាវ័កឃើញ ពួកគេ «នាំគ្នាទៅចោមព័ទ្ធផ្ទះយ៉ាសុន» ប៉ុន្តែ រកប៉ុលនិងស៊ីឡាសមិនឃើញឡើយ «លុះរកមិនឃើញ» ហ្វូងមនុស្សដែលគ្មានសណ្តាប់ធ្នាប់នេះ «ក៏ចាប់យ៉ាសុន និងពួកជំនុំខ្លះ កន្ត្រាក់ដឹកនាំទៅដាក់នៅមុខចៅហ្វាយទីក្រុង ដោយស្រែកថា ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ ឯយ៉ាសុននេះ ជាអ្នកបានទទួលគេ ពួកនោះប្រព្រឹត្តសុទ្ធតែខុសនឹងបញ្ញត្តិរបស់សេសារ ដោយនិយាយថា មានស្តេចមួយទៀត ឈ្មោះយេស៊ូវ»។
ខណៈដែលពួកគេមិនអាចរកលោកប៉ុលនិងស៊ីឡាសឃើញ ពួកតុលាការបានឲ្យលោកយ៉ាសុនបង់ប្រាក់ធានា ដើម្បីរក្សាភាពស្ងប់ស្ងាត់។ ដោយព្រួយបារម្ភក្រែងមានអំពើហិង្សាកាន់តែខ្លាំងឡើង «ពួកជំនុំក៏ឲ្យប៉ុល និងស៊ីឡាស ចេញទៅឯក្រុងបេរា ទាំងយប់ភ្លាម»។
អស់អ្នកដែលបង្រៀនអំពីសេចក្តីពិតនៅសម័យសព្វថ្ងៃនេះ មិនត្រូវបាក់ទឹកចិត្តឡើយ នៅពេលជួបនឹងការទទួលយកដោយការមិនពេញចិត្តដែលលោកប៉ុលនិងសហការីរបស់លោកបានទទួលពីសំណាក់ពួកអ្នកដែលពួកលោកធ្វើការបម្រើនោះឡើយ។ អ្នកនាំសារនៃឈើឆ្កាងត្រូវតែប្រដាប់កាយដោយការចាំយាមនិងការអធិដ្ឋាន ហើយបោះជំហានទៅមុខ ដោយជំនឿនិងសេចក្តីក្លាហាន ព្រមទាំងបំពេញកិច្ចការនៅក្នុងព្រះនាមនៃព្រះយេស៊ូវជានិច្ច។ ពួកគេត្រូវតែលោកតម្កើងព្រះគ្រិស្តថា ជាអ្នកសម្របសម្រួលរបស់មនុស្សនៅរោងឧបោសថនៃឋានសួគ៌ ជាព្រះដែលជាមជ្ឈមណ្ឌលសម្រាប់ចែកចាយអំពីតង្វាយយញ្ញបូជានៃគម្ពីរសញ្ញាចាស់ទាំងអស់ ដែលពួកអ្នកបំពានទៅនឹងក្រឹត្យវិន័យរបស់ព្រះអាចនឹងរកឃើញនូវសេចក្តីសុខសាន្តនិងការអត់ឱនទោសនៅក្នុងតង្វាយធួននឹងបាបរបស់ទ្រង់។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប្រយោជន៍នឹងតាំងចិត្តអ្នករាល់គ្នាឲ្យបរិសុទ្ធ ឥតសៅហ្មងនៅចំពោះព្រះដ៏ជាព្រះវរបិតារបស់យើងរាល់គ្នាក្នុងកាលដែលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងទ្រង់យាងមកជាមួយនឹងអស់ទាំងអ្នកបរិសុទ្ធរបស់ទ្រង់។ (ថែស្សាឡូនីចទី១ ៣:១៣)