ថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី២៣)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១៧:១១-៣៤។
ទីក្រុងបេរា និងទីក្រុងអាថែន
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក១៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរទៅចុះ ដ្បិតខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយ។ កិច្ចការ ២២:២១
នៅទីក្រុងបេរា លោកប៉ុលបានរកឃើញសាសន៍យូដាដែលចង់សង្កេតការណ៍ពីសេចក្តីពិតដែលលោកបានបង្រៀន។ លោកលូកាបានកត់ត្រាអំពីកំណត់ត្រានៃពួកគេយ៉ាងដូច្នេះ៖ «រីឯពួកអ្នកស្រុកនោះ មានចិត្តល្អជាងពួកអ្នកនៅថែស្សាឡូនីច គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃឲ្យបានដឹងជាសេចក្តីទាំងនោះត្រូវឬមិនត្រូវ»។
គំនិតរបស់ពួកអ្នកក្រុងបេរាមិនបានចង្អៀតចង្អល់ ដោយការប្រកាន់ពូជសាសន៍ទេ។ ពួកគេចង់សង្កេតពិនិត្យភាពពិតនៃគោលលទ្ធិដែលពួកសាវ័កបានអធិប្បាយ។ ពួកគេបានសិក្សាព្រះគម្ពីរមិនមែនដោយការចង់ដឹងចង់ឮទេ ប៉ុន្តែ ដើម្បីឲ្យពួកគេអាចដឹងថាតើព្រះគម្ពីរនោះបានសរសេរយ៉ាងដូចម្តេចអំពីព្រះមែស្ស៊ីដែលព្រះបានសន្យា ។ ពួកគេបានស្រាវជ្រាវកំណត់ត្រាក្នុងសំណេរនៃព្រះគម្ពីរនេះជារៀងរាល់ថ្ងៃ ហើយនៅពេលដែលពួកគេបានប្រៀបធៀបពីបទគម្ពីរមួយ ទៅបទគម្ពីរមួយ ពួកទេវតានៃឋានសួគ៌គង់នៅក្បែរពួកគេ បំភ្លឺគំនិតពួកគេ និងធ្វើឲ្យចិត្តគេមានចំណាប់អារម្មណ៍។
នៅកន្លែងណាដែលសេចក្តីពិតនៃដំណឹងល្អត្រូវបានប្រកាសផ្សាយ អ្នកដែលប្រាថ្នាចង់ប្រព្រឹត្តអំពើល្អ ត្រូវបានដឹកនាំឲ្យខំស្វែងយល់ពីព្រះគម្ពីរយ៉ាងយកចិត្តទុកដាក់ ។ នៅសម័យចុងក្រោយនៃប្រវត្តិសាស្រ្តផែនដីនេះ ប្រសិនបើអ្នកដែលបានសាកល្បងសេចក្តីពិតដែលត្រូវបានប្រកាស បានខំស្វែងយល់ពីព្រះគម្ពីរជារៀងរាល់ថ្ងៃ ហើយប្រៀបធៀបសារដែលពួកគេបានទទួលជាមួយនឹងព្រះបន្ទូលរបស់ព្រះ ដូចជាអ្នកក្រុងបេរានោះ ម្លេ៉ះសមសព្វថ្ងៃនេះមានអ្នកស្មោះត្រង់ទៅនឹងបញ្ញត្តិនៃក្រឹត្យវិន័យរបស់ព្រះជាច្រើន បើប្រៀបធៀបទៅនឹងពេលបច្ចុប្បន្ននេះ ដែលមានតែមួយចំនួនតូចប៉ុណ្ណោះ។ ប៉ុន្តែ កាលណាសេចក្តីពិតនៃព្រះគម្ពីរដែលមិនសូវមានប្រជាប្រិយត្រូវបានប្រកាស មនុស្សជាច្រើនមិនព្រមខិតខំស្វែងយល់ដោយខ្ជាប់ខ្ជួនទេ។ ទោះបីជាមិនអាចប្រឆាំងទៅនឹងការបង្រៀនយ៉ាងច្បាស់នៃព្រះគម្ពីរក៏ដោយ ក៏ពួកគេនៅតែបង្ហាញការស្ទាក់ស្ទើរក្នុងការសិក្សាពីភ័ស្តុតាងដែលបានផ្តល់ឲ្យនោះដែរ។ អ្នកខ្លះបានសន្មតថាទោះបីជាគោលលទ្ធិទាំងនេះពិតប្រាកដយ៉ាងណាក៏ដោយ ក៏ការទទួលយកឬមិនទទួលយកពន្លឺថ្មីនេះ វាមិនជាបញ្ហាអ្វីធ្ងន់ធ្ងរដែរ ហើយពួកគេបានប្រកាន់ខ្ជាប់នូវរឿងមិនពិតដែលខ្មាំងសត្រូវប្រើប្រាស់ដើម្បីដឹកនាំមនុស្សឲ្យវង្វេងនេះយ៉ាងសប្បាយរីករាយ។ ដូច្នេះ គំនិតរបស់ពួកគេត្រូវបានបិទបាំងឲ្យងងឹតដោយភាពខុសឆ្គង ហើយត្រូវបានបំបែកចេញពីឋានសួគ៌។
ព្រះនឹងជំនុំជម្រះមនុស្សគ្រប់គ្នាទៅតាមពន្លឺដែលព្រះអង្គបានប្រទានដល់ពួកគេ ។ ព្រះជាម្ចាស់បានចាត់រាជទូតរបស់ព្រះអង្គជាមួយនឹងព្រះរាជសារនៃសេចក្តីសង្រ្គោះ ហើយអ្នកដែលឮ ព្រះអង្គនឹងទទួលខុសត្រូវចំពោះរបៀបដែលពួកគេប្រព្រឹត្តទៅលើពាក្យសម្តីនៃអ្នកបម្រើរបស់ទ្រង់។ អស់អ្នកដែលស្វែងរកសេចក្តីពិតយ៉ាងស្មោះអស់ពីចិត្ត នឹងពិនិត្យអង្កេតយ៉ាងយកចិត្តទុកដាក់ នៅក្នុងពន្លឺនៃព្រះបន្ទូលរបស់ព្រះ ពីគោលលទ្ធិដែលបានបង្ហាញដល់ពួកគេ។
ពួកអ្នកមិនជឿជាសាសន៍យូដាដែលនៅទីក្រុងថែស្សាឡូនីច ដែលមានការច្រណែននិងសម្អប់ចំពោះពួកសាវ័ក ហើយដែលមិនសប្បាយចិត្តនឹងការបណ្តេញពួកសាវ័កចេញពីទីក្រុងរបស់ពួកគេនោះ បានតាមពួកសាវ័ក ទៅ ទីក្រុងបេរា ហើយបំផុសឲ្យមានភាពរំជើបរំជួលនៅក្នុងមនុស្សស្រទាប់ក្រោម ។ ដោយព្រួយបារម្ភក្រែងមានអំពើហិង្សាកើតឡើងដល់លោកប៉ុល ប្រសិនបើលោកបន្តនៅទីនោះតទៅទៀត បងប្អូនរួមជំនឿក៏បានបញ្ជូនលោកទៅកាន់ទីក្រុងអាថែន អមដំណើរដោយអ្នកក្រុងបេរាដែលទើបនឹងបានទទួលជំនឿកាលពីពេលថ្មីៗនេះមួយចំនួន។
ដូច្នេះការធ្វើទុក្ខបៀតបៀនបានតាមពួកគ្រូបង្រៀនពីសេចក្តីពិតពីទីក្រុងមួយទៅទីក្រុងមួយ។ សត្រូវរបស់ព្រះគ្រិស្តមិនអាចទប់ទល់នឹងការរីកចម្រើនទៅមុខនៃដំណឹងល្អបានទេ ប៉ុន្តែ ពួកវាមានជោគជ័យក្នុងការធ្វើឲ្យកិច្ចការរបស់ពួកសាវ័កជួបនឹងការពិបាកយ៉ាងក្រៃលែង។ ប៉ុន្តែ នៅចំពោះការប្រឆាំង និងទំនាស់នេះ លោកប៉ុលបានជំរុញកិច្ចការឆ្ពោះទៅមុខយ៉ាងរឹងមាំ ដោយប្តេជ្ញាចិត្តថានឹងអនុវត្តតាមព្រះរាជគោលបំណងដែលព្រះបានបើកបង្ហាញឲ្យលោកបានឃើញនៅទីក្រុងយេរូសាឡិមថា «ចូរទៅចុះ ដ្បិតខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយ» (កិច្ចការ ២២:២១) នោះឲ្យទាល់ តែបានសម្រេច។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប្រយោជន៍នឹងតាំងចិត្តអ្នករាល់គ្នាឲ្យបរិសុទ្ធ ឥតសៅហ្មងនៅចំពោះព្រះដ៏ជាព្រះវរបិតារបស់យើងរាល់គ្នាក្នុងកាលដែលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងទ្រង់យាងមកជាមួយនឹងអស់ទាំងអ្នកបរិសុទ្ធរបស់ទ្រង់។ (ថែស្សាឡូនីចទី១ ៣:១៣)