ថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០
​​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៣)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី១ ជំពូក១៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ «គូរ​ឲ្យ​យើង​ខ្ញុំ​នៅ​ក្រុង​អាថែន​តែ​ម្នាក់​ឯង​ចុះ»។ ថែស្សាឡូនីចទី១ ៣:១

លោកប៉ុលបានប្រញាប់រួសរាន់ចេញពីទីក្រុងបេរាដែលមិនបានផ្តល់ឱកាសដល់លោក ហើយបានគិតថានឹងទៅសួរសុខទុក្ខបងប្អូននៅទីក្រុងថែស្សាឡូនីច។

លុះបានមកដល់ទីក្រុងអាថែន លោកប៉ុលបានបញ្ជូនបងប្អូនដែលបានមកជាមួយលោកពីក្រុងបេរា ឲ្យនាំដំណឹងទៅប្រាប់លោកស៊ីឡាសនិងធីម៉ូថេឲ្យមកជួបនឹងលោកជាបន្ទាន់ ។ លោកធីម៉ូថេបានមកដល់ទីក្រុងបេរាមុនពេលលោកប៉ុលបានចេញដំណើរមក ហើយបាននៅបន្តកិច្ចការដែលបានចាប់ផ្តើមឡើងយ៉ាងល្អនៅទីនេះជាមួយនឹងលោកស៊ីឡាស ព្រមទាំងបានបង្រៀនដល់អ្នកជឿថ្មីអំពីគោលការណ៍នៃសេចក្តីជំនឿផងដែរ។

ទីក្រុងអាថែនគឺជារាជធានីនៃពួកអ្នកមិនជឿសាសនា។ នៅទីនេះ លោកប៉ុលមិនបានជួបជាមួយនឹងមនុស្សល្ងិតល្ងង់ មនុស្សស្រទាប់ក្រោមដែល ឆាប់ជឿ ដូចកាលនៅទីក្រុងលីស្រ្តានោះទេ ប៉ុន្តែ លោកបានជួបជាមួយនឹងមនុស្សដែលមានឈ្មោះល្បីខាងចំណេះវិជ្ជានិងមានវប្បធម៌ខ្ពស់ម្តង។ រូប ចម្លាក់របស់ព្រះក្លែងក្លាយ និងរូបវីរបុរសនិងកវីនៃប្រវត្តិសាស្រ្តបានទាក់ ភ្នែកនៅគ្រប់ទិសទី នៅពេលដែលជាងចម្លាក់និងវិចិត្រករល្បីៗបានបង្ហាញពីសិរីរុងរឿងនៃប្រទេសជាតិនិងប្រជាប្រិយភាពនៃការថ្វាយបង្គំរូបសំណាក របស់ពួកអ្នកដែលមិនជឿសាសនា។ វិញ្ញាណរបស់ប្រជារាស្រ្ត ត្រូវបានពោរពេញទៅដោយសម្រស់នៃភាពរុងរឿងនៃសិល្បៈ។ នៅតាមបង្កាន់ដៃនៃរាល់ទីបរិសុទ្ធនិងព្រះវិហារ លម្អដោយរូបធំៗ ដែលមាន​តម្លៃរកកាត់ថ្លៃមិនបាន។ ជោគជ័យនៃស្នាដៃនិងទង្វើរបស់បុរសល្បីៗត្រូវបានរំឭកដោយ រូបចម្លាក់ ស្តូបអនុស្សាវរីយ៍ និងបន្ទះថ្ម។ ទាំងអស់នេះ​បានធ្វើឲ្យទីក្រុងអាថែន ក្លាយទៅជាទីប្រជុំនៃសិល្បៈដ៏សំបូរបែប។

លោកប៉ុលបានសម្លឹងមើលទៅឯសម្រស់នៃភាពថ្កុំថ្កើងដែលនៅជុំវិញលោក ហើយបានឃើញទីក្រុងទាំងមូលថ្វាយបង្គំរូបព្រះ ចិត្តរបស់លោកពោរពេញដោយសេចក្តីច្រណែនជំនួសព្រះ ដែលលោកបានឃើញគេប្រមាថគ្រប់ទីកន្លែង ហើយចិត្តលោកពោរពេញទៅដោយសេចក្តីអាណិតអាសូរដល់ប្រជារាស្រ្តនៅក្រុងអាថែន ដែលមិនបានដឹងអ្វីពីព្រះសោះ ទោះបីជាពួកគេមានវប្បធម៌ល្បីល្បាញយ៉ាងណាក៏ដោយ។

សាវ័កប៉ុលមិនត្រូវបានបោកបញ្ឆោតដោយអ្វីដែលលោកបានឃើញ នៅក្នុងតំបន់ដែលមានការចេះដឹងនេះទេ។ និស្ស័យខាងព្រលឹងវិញ្ញាណរបស់លោកមានភាពរស់រវើកជាខ្លាំង ដល់ការទាក់ទាញពីរឿងរ៉ាវ នៃឋានសួគ៌ ដែលធ្វើឲ្យអំណរនិងសិរីរុងរឿងនៃពួកអ្នកមានដែលមិនធ្លាប់បានវិនាសមិនមានតម្លៃ នៅក្នុងក្រសែភ្នែករបស់លោក ដោយសារភាពអ៊ឹកធឹកនិងភាពរុងរឿងដែលនៅព័ទ្ធជុំវិញលោក ។ កាលលោកបានឃើញភាពល្អឆើតឆាយនៃទីក្រុងអាថែន លោកបានដឹងអំពីអំណាចនៃការទាក់ទាញទឹកចិត្ត ទៅលើអ្នកស្រឡាញ់សិល្បៈនិងវិទ្យាសាស្រ្ត ហើយគំនិតរបស់លោកបានដិតដាមយ៉ាងជ្រៅ ដោយសារៈសំខាន់នៃកិច្ចការដែលនៅចំពោះមុខលោក។

នៅក្នុងទីក្រុងដ៏ធំដែលគេមិនបានថ្វាយបង្គំព្រះនេះ លោកប៉ុលត្រូវបានសង្កត់សង្កិនដោយអារម្មណ៍ឯកោ ហើយមានចិត្តអាណិតអាសូរនិងចង់ជួយដល់អ្នករួមការងាររបស់លោកកន្លងមក ខណៈដែលទំនាក់ទំនងជាមិត្តភាពត្រូវបានផ្សាភ្ជាប់ លោកមានអារម្មណ៍ឯកោខ្លាំងមែនទែន។ នៅក្នុងសំបុត្រ របស់លោក ផ្ញើទៅកាន់ពួកជំនុំនៅទីក្រុងថែស្សាឡូនីច លោកបានបញ្ជាក់ ពីអារម្មណ៍របស់លោក ជាពាក្យសម្តីយ៉ាងដូច្នេះ៖ «គួរឲ្យយើងខ្ញុំនៅក្រុងអាថែនតែម្នាក់ឯងចុះ» (ថែស្សឡូនីចទី១ ៣:១)។ ឧបសគ្គដែលពុំអាចពុះពារបានយ៉ាងជាក់ច្បាស់នៅចំពោះមុខលោក ធ្វើឲ្យលោកហាក់ដូចជាអស់សង្ឃឹមថានឹងអាចទាក់ទាញទឹកចិត្តរបស់ពួកបណ្តាជនបាន។

កាលលោកកំពុងរង់ចាំលោកស៊ីឡាសនិងធីម៉ូថេ លោកប៉ុលមិនបានខ្ជិលច្រអូសទេ។ លោក «ក៏ជជែកពន្យល់ដល់សាសន៍យូដា និងពួកអ្នកដែលថ្វាយបង្គំក្នុងសាលាប្រជុំគេ ហើយនៅទីផ្សារ ជាមួយនឹងអស់អ្នកដែលមក ជួបនឹងគាត់រាល់តែថ្ងៃដែរ» ។ ប៉ុន្តែ កិច្ចការចម្បងរបស់លោកនៅទីក្រុងអាថែន គឺផ្សាយដំណឹងល្អនៃសេចក្តីសង្រ្គោះដល់អ្នកមិនយល់ដឹងអំពីព្រះ និងព្រះរាជគោលបំណងរបស់ទ្រង់ ជំនួសពូជមនុស្សមានបាប។ មិនយូរ ប៉ុន្មានសាវ័កប៉ុលបានជួបនឹងអ្នកមិនជឿព្រះនៅក្នុងទម្រង់ដ៏ប៉ិនប្រសប់និងគួរឲ្យស្រើបស្រាល។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប្រយោជន៍​នឹង​តាំង​ចិត្ត​អ្នក​រាល់​គ្នាឲ្យ​បរិសុទ្ធ ឥត​សៅហ្មងនៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​របស់​យើង​រាល់​គ្នាក្នុង​កាល​ដែល​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើងទ្រង់​យាង​មកជា​មួយ​នឹង​អស់​ទាំង​អ្នក​បរិសុទ្ធ​របស់​ទ្រង់។ (ថែស្សាឡូនីចទី១ ៣:១៣)

Powered by CAM