ថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០
​​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៣)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី១ ជំពូក២០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ សូម​ឲ្យ​ព្រះអម្ចាស់​ចំរើន​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​ពេញពោរ​ហូរហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ដល់​មនុស្ស​ទាំង​អស់​ផង ដូច​ជា​យើង​ខ្ញុំ​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា​ដែរ។ ថែស្សាឡូនីចទី១ ៣:១២

មនុស្សល្បីៗនៅទីក្រុងអាថែនមិនចង់ឲ្យមានគ្រូបង្រៀនណាម្នាក់ នៅ ក្នុងទីក្រុងរបស់ពួកគេ ដែលបង្រៀនអំពីគោលលទ្ធិថ្មីនិងចម្លែកនោះទេ។ ពួកមនុស្សទាំងនេះខ្លះបានស្វែងរកលោកប៉ុល ហើយបានចូលទៅសន្ទនា ជាមួយនឹងលោក មិនយូរប៉ុន្មាន ហ្វូងមនុស្សដែលជាអ្នកស្តាប់ បានប្រមូល គ្នាជំុវិញពួកលោក ។ មានពួកគេខ្លះបានរៀបចំចំអកឲ្យពួកសាវ័ក ថាជាអ្នកដែលទន់ទាបជាងពួកគេជាខ្លាំង ទាំងខាងសង្គមនិងទាំងខាងប្រាជ្ញា ហើយពួកអ្នកទាំងនេះបាននិយាយចំអកនៅក្នុងចំណោមពួកគេថា «តើអ្នកដែលនិយាយប៉ប៉ាច់នេះចង់ថាដូចម្តេច?» ខ្លះទៀតថា «មើលទៅដូចជាគាត់សម្តែងពីព្រះដទៃទេ ដ្បិតឮគាត់ប្រាប់គេពីព្រះយេស៊ូវ ហើយពីសេចក្តីរស់ពីស្លាប់ ឡើងវិញ»។

នៅក្នុងចំណោមមនុស្សដែលបានជួបលោកប៉ុលនៅទីផ្សារនោះមាន «ពួកអេពីគួរ និងពួកស្ទអ៊ីកខ្លះ ជាអ្នកប្រាជ្ញបរមត្ថ»។ ប៉ុន្តែ មិនយូរប៉ុន្មាន ពួកគេនិងពួកអ្នកដែលបានមកទាក់ទងជាមួយនឹងលោកបានដឹងថាចំណេះ ដឹងរបស់សាវ័កប៉ុលមានច្រើនជាងចំណេះដឹងរបស់ពួកគេជាខ្លាំង។ អំណាចដ៏មានប្រាជ្ញារបស់សាវ័កប៉ុលតម្រូវឲ្យពួកអ្នកចេះដឹងគោរពដល់លោក ខណៈ ដែលភាពស្មោះត្រង់ ហេតុផលជាក់លាក់ និងអំណាចនៃការអធិប្បាយរបស់លោកបានទាក់ទាញចំណាប់អារម្មណ៍អ្នកស្តាប់ទាំងអស់ ។ អ្នកស្តាប់របស់លោកបានដឹងអំពីរឿងពិតដែលថា លោកមិនមែនជាអ្នកដែលមិនសូវមានបទពិសោធន៍ទេ ប៉ុន្តែ លោកអាចជួបជាមួយនឹងមនុស្សគ្រប់ស្រទាប់វណ្ណៈ ក្នុងការជជែកវែកញែកដែលគេអាចយល់បាន ដើម្បីគាំទ្រដល់គោលលទ្ធិដែលលោកបានបង្រៀន។ ដូច្នេះ សាវ័ករូបនេះបានឈរយ៉ាងរឹងមាំដោយ គ្មានការភ័យខ្លាចប្រឈមមុខ ជាមួយនឹងពួកអ្នកប្រឆាំង ផ្គូរផ្គងសេចក្តីពិតជាមួយនឹងសេចក្តីពិត ទស្សនវិជ្ជា ជាមួយនឹងទស្សនវិជ្ជា វោហារសាស្រ្ត ជាមួយនឹងវោហារសាស្រ្ត។

ពួកអ្នកប្រឆាំងដែលមិនជឿសាសនារបស់លោកបានទាក់ទាញអារម្មណ៍របស់លោកទៅឯលោកសូក្រាត ជាអ្នកដែលគេបង្គាប់ឲ្យយកទៅសម្លាប់ ដោយសារលោកបានបង្កើតព្រះចម្លែកៗ ហើយពួកគេបានទូន្មានដល់លោកប៉ុលកុំឲ្យយកជីវិតរបស់លោកទៅប្រថុយរបៀបនោះឡើយ។ ប៉ុន្តែ សុន្ទរកថារបស់សាវ័កប៉ុលបានបង្វែរចំណាប់អារម្មណ៍របស់ពួកបណ្តាជន ហើយប្រាជ្ញាដ៏មានឥទ្ធិពលរបស់លោកទាមទារឲ្យមានការគោរព និងការកោត សរសើរ។ លោកមិនបានស្ងៀមស្ងាត់ដោយសារវិទ្យាសាស្រ្ត ឬការចំអកឡកឡឺយរបស់ពួកទស្សនវិទូនោះទេ ហើយលោកមានទំនុកចិត្តលើខ្លួនឯងថា លោកបានប្តេជ្ញាចិត្តសម្រេចកិច្ចការរបស់លោកនៅក្នុងចំណោមពួកគេ និងនិយាយប្រាប់អំពីរឿងរ៉ាវរបស់លោក ទោះបីជាមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ហើយពួកគេក៏បានតាំងចិត្តស្តាប់យ៉ាងយកចិត្តទុកដាក់។

ពួកគេក៏បាននាំលោកទៅកាន់ទីទួលអើរីយ៉ូស។ ទីនេះគឺជាកន្លែងដែលពិសិដ្ឋបំផុតនៅទីក្រុងអាថែន ហើយពិធីខាងសាសនានិងការជួបជុំគ្នានៅទីនេះធ្វើឲ្យកន្លែងនោះបានក្លាយទៅជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលមនុស្សជាច្រើនមានការភ័យតក់ស្លុត។ គឺនៅកន្លែងនេះហើយដែលមនុស្ស បានធ្វើសកម្មភាព​ជាចៅក្រមចុងក្រោយបង្អស់ ទៅលើសីលធម៌សំខាន់ៗទាំងឡាយ ក៏ដូច​ជា​សំណួរខាងរដ្ឋប្បវេណីដែរ ដែលតែងតែពិចារណាយ៉ាងយកចិត្តទុកដាក់ អំពីរឿងរ៉ាវដែលទាក់ទងទៅនឹងសាសនា។

នៅទីនេះ ជាកន្លែងដាច់ឆ្ងាយពីសូរសំឡេងនិងពីផ្លូវដែលមានហ្វូង មនុស្សមមាញឹកញាប់ដៃញាប់ជើង និងឆ្ងាយពីការពិភាក្សានៃហ្វូងមនុស្សដ៏ច្របូកច្របល់ មនុស្សអាចឮសំឡេងរបស់សាវ័កប៉ុលដោយគ្មានការរំខាន ។ ពួកអ្នកកវី សិល្បករ ទស្សនវិទូ សុទ្ធសឹងតែជាអ្នកប្រាជ្ញនៃទីក្រុងអាថែន បានប្រជុំគ្នានៅជុំវិញលោក ហើយពោលទៅកាន់លោកថា «តើលោកអាចប្រាប់ឲ្យយើងដឹងអំពីលទ្ធិថ្មីដែលលោកបង្រៀននោះបានឬទេ? ដ្បិតយើង បានឮលោកថ្លែងរឿងចំឡែកៗ យើងចង់ដឹងអត្ថន័យណាស់ ។ អ្នកក្រុង អាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វី ផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗនោះឡើយ»។

នៅពេលដែលមានការទទួលខុសត្រូវយ៉ាងធំនេះ សាវ័កបាន រក្សាភាពស្ងៀមស្ងាត់និងភាពម្ចាស់ការ ។ ចិត្តរបស់លោកឆេះឆួលទៅដោយសារៈដ៏សំខាន់ ហើយសម្តីដែលបានចេញពីបបូរមាត់របស់លោកមក បានបំផ្លាស់ បំប្រែអ្នកស្តាប់របស់លោកថា លោកមិនមែនជាមនុស្សដែលចេះតែនិយាយប៉ប៉ាច់ប៉ប៉ោចនោះឡើយ ។ លោកបានមានប្រសាសន៍ថា «ឱពួកអ្នកនៅ ក្រុងអាថែនអើយ» «ក្នុងការទាំងអស់ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់ ដ្បិតកំពុងដែលខ្ញុំដើរចុះឡើងមើលប្រដាប់ប្រដា ដែលអ្នករាល់គ្នាគោរពបូជា នោះខ្ញុំឃើញមានអាសនាមួយដែលមានចារិក ថា ព្រះដ៏ពុំស្គាល់ ដូច្នេះ ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះដែលអ្នករាល់គ្នាគោរពបូជា ដោយឥតស្គាល់នោះឯង»។ ជាមួយនឹងប្រាជ្ញានិងចំណេះទូទៅ របស់ពួកគេ គេមិនបានស្គាល់ព្រះដែលបានបង្កើតលោកសន្និវាសនេះទេ។ តែក៏មានពួកគេខ្លះចង់ទទួលពន្លឺដ៏ធំដែរ។ ពួកគេបានឈោងទៅរកព្រះដ៏គ្មានព្រំដែន។

លោកប៉ុលបានបញ្ចេញបន្ទុកនៃចិត្តរបស់លោក ដោយដៃលាតសន្ធឹងទៅកាន់ព្រះវិហារដែលមានពេញទៅដោយរូបចម្លាក់ ហើយបានបង្ហាញឲ្យឃើញនូវជំនឿខុសនៃសាសនានៅទីក្រុងអាថែន។ អ្នកស្តាប់ដែលមានប្រាជ្ញាបំផុតរបស់លោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេ បានឮហេតុផលរបស់លោក។ លោកបង្ហាញដល់ពួកគេថាលោកបានស្គាល់កិច្ចការនៃសិល្បៈរបស់ពួកគេ អក្សរសាស្រ្តនិងវប្បធម៌របស់ពួកគេ។ ដោយចង្អុលទៅរូបសំណាកនិងរូបព្រះរបស់ពួកគេ លោកបានប្រកាសប្រាប់ថា មនុស្សមិនអាចផ្សាភ្ជាប់ព្រះទៅនឹងទម្រង់នៃស្នាដៃរបស់មនុស្សឡើយ។ រូបចម្លាក់នេះ ទោះបីជាល្អយ៉ាងណាក៏ដោយ ក៏មិនអាចតំណាងឲ្យសិរីល្អនៃព្រះយេហូវ៉ាបានដែរ។ លោកបានរំឭកដល់ពួកគេថារូបចម្លាក់ទាំងនេះមិនមានជីវិតទេ ប៉ុន្តែ ត្រូវបានគ្រប់គ្រងដោយអំណាចរបស់មនុស្សអាចកម្រើកបាន តែនៅពេលដែលមនុស្សយកដៃទៅរំកិលប៉ុណ្ណោះ ហើយហេតុដូច្នេះ អ្នកណាដែលថ្វាយបង្គំដល់រូបនោះ អ្នកនោះឯងធំប្រសើរជាងរូបដែលខ្លួនថ្វាយបង្គំនោះ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប្រយោជន៍​នឹង​តាំង​ចិត្ត​អ្នក​រាល់​គ្នាឲ្យ​បរិសុទ្ធ ឥត​សៅហ្មងនៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​របស់​យើង​រាល់​គ្នាក្នុង​កាល​ដែល​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើងទ្រង់​យាង​មកជា​មួយ​នឹង​អស់​ទាំង​អ្នក​បរិសុទ្ធ​របស់​ទ្រង់។ (ថែស្សាឡូនីចទី១ ៣:១៣)

Powered by CAM