ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី៣០)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងសំបុត្រទីមួយទៅកាន់ពួកជំនុំនៅទីក្រុងកូរិនថូស។​

ការអំពាវនាចឲ្យឈានដល់ខ្នាតគំរូខ្ពស់បំផុត

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក២៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯ​ពាក្យ​សំដី និង​វោហារ​អធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គឧត្តមដែល​ពូកែ​បញ្ចុះបញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សំដែង​ចេញ​ជា​ព្រះវិញ្ញាណ និង​ព្រះចេស្តា​វិញ​ទេ​តើ។​ កូរិនថូសទី១ ២:៤

ដោយក្តីសង្ឃឹមនៃការបំផុសចំណាប់អារម្មណ៍យ៉ាងរស់រវើក នៅក្នុងគំនិតរបស់ពួកបងប្អូនអ្នកជឿនៅទីក្រុងកូរិនថូស អំពីសារៈសំខាន់នៃការដឹងខ្នាតយ៉ាងមាំមួន ការចេះប្រមាណយ៉ាងតឹងរ៉ឹង និងការខ្នះខ្នែងឥតឈប់ឈរក្នុងការបម្រើកិច្ចការរបស់ព្រះគ្រិស្ត នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកគេ លោកប៉ុលបានធ្វើការប្រៀបធៀបដ៏គួរឲ្យកត់សម្គាល់មួយ រវាងសង្គ្រាម នៃគ្រិស្តបរិស័ទ ទៅនឹងការរត់ប្រណាំង ដែលបានធ្វើឡើងនៅចន្លោះខេត្តជិតទីក្រុងកូរិនថូស។ នៅក្នុងចំណោមកីឡាទាំងអស់ដែលបានបង្កើតឡើងក្នុងចំណោមសាសន៍ក្រិកនិងសាសន៍រ៉ូម ការរត់ប្រណាំងមានលក្ខណៈ បុរាណ និងមានកិត្តិយសបំផុត ជាងកីឡាណាៗទាំងអស់ ។ អ្នកទស្សនា កីឡានោះមានព្រះមហាក្សត្រពួកអភិជននិងមន្រ្តីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។ ពួកយុវវ័យ ដែលមានឋានៈខ្ពស់និងមានទ្រព្យសម្បត្តិបានចូលរួមនៅក្នុងការប្រកួតនេះ ហើយបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ ឬវិន័យដ៏ចាំបាច់ ដើម្បីទទួលបានរង្វាន់។

ការប្រកួតនេះត្រូវបានគ្រប់គ្រងដោយបទបញ្ជាយ៉ាងតឹងរ៉ឹង ដែលមិន អាចតវ៉ាឡើយ ។ អ្នកដែលចង់ចុះឈ្មោះប្រកួតប្រជែងដើម្បីទទួលបានពានរង្វាន់ ដំបូងត្រូវទទួលការហ្វឹកហ្វឺនយ៉ាងប្រុងប្រយ័ត្នជាមុនសិន ។ ការបណ្តែតបណ្តោយទៅតាមចំណង់បរិភោគអាហារដែលនាំឲ្យមានការឈឺចាប់ ឬការ ពេញចិត្តផ្សេងៗ ដែលអាចកាត់បន្ថយភាពរឹងមាំផ្នែកគំនិតនិងរាងកាយត្រូវបានហាមឃាត់ជាដាច់ខាត។ ចំពោះអ្នកដែលមានក្តីសង្ឃឹមនៃភាពជោគជ័យ ក្នុងការហាត់ហ្វឹកហ្វឺនឲ្យមានកម្លាំងនិងល្បឿនសាច់ដុំត្រូវតែរឹងមាំ និង រហ័សរហួន ហើយត្រូវតែគ្រប់គ្រងសរសៃប្រសាទឲ្យបានល្អ ។ រាល់ចលនាទាំងអស់ត្រូវតែច្បាស់លាស់ គ្រប់ជំហានត្រូវតែស្វាហាប់និងមិនចេះនឿយហត់ ។ អំណាចខាងរាងកាយត្រូវតែឈានឲ្យដល់កម្រិតខ្ពស់បំផុត។

ខណៈដែលបេក្ខជនប្រកួតប្រជែងក្នុងការប្រណាំងបានបង្ហាញខ្លួននៅមុខទស្សនិកជន ដែលកំពុងរង់ចាំទស្សនា ឈ្មោះរបស់ពួកគេត្រូវបានប្រកាស ហើយច្បាប់នៃការប្រកួតក៏ត្រូវបានប្រកាសយ៉ាងច្បាស់ដែរ ។ បន្ទាប់មក ពួកគេបានចាប់ផ្តើមដំណាលគ្នា ចំណាប់អារម្មណ៍យ៉ាងយកចិត្តទុកដាក់របស់ទស្សនិកជន បានបំផុសគំនិតរបស់ពួកគេឲ្យប្តេជ្ញាចិត្តដណ្តើមយក ជ័យជម្នះ ។ អាជ្ញាកណ្តាលត្រូវបានដាក់ជិតទីផ្តាច់ព្រ័ត្រ ដើម្បីឲ្យពួកលោកអាចមើលឃើញការប្រកួតចាប់តាំងពីការចាប់ផ្ដើម រហូតដល់ទីបញ្ចប់ ហើយអាចប្រគល់រង្វាន់ដល់អ្នកឈ្នះពិតប្រាកដ។ ប្រសិនបើកីឡាករណាម្នាក់បានដល់គោលដៅ ដោយមិនគោរពទៅតាមច្បាប់នៃការប្រកួត អ្នកនោះនឹងមិនបានទទួលរង្វាន់នោះទេ។

នៅក្នុងការប្រកួតប្រជែងទាំងនេះ កីឡាករត្រូវប្រឈមនឹងហានិភ័យ ខ្ពស់ ។ អ្នកខ្លះមិនដែលបានជាសះស្បើយពីសភាពធ្ងន់ធ្ងរខាងរាងកាយដែលរងគ្រោះពីការប្រកួតនោះផង។ មិនមែនជារឿងចម្លែកទេ ដែលកីឡាករខ្លះមានហូរឈាមតាមមាត់និងច្រមុះ ហើយជួនកាលអ្នកកីឡាករខ្លះទៀតត្រូវបាត់បង់ជីវិត នៅពេលហៀបនឹងទទួលបានពានរង្វាន់ទៅហើយ ។ ប៉ុន្តែកីឡាករមិនបានសម្លឹងមើលទៅឯលទ្ធភាពនៃការរងរបួសអស់មួយជីវិត ឬ ការស្លាប់នេះថាជាហានិភ័យដ៏អស្ចារ្យ ក្នុងការរត់ឲ្យបានរង្វាន់ជាកិត្តិយសសម្រាប់កីឡាករដែលទទួលបានជោគជ័យនេះឡើយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គ្មាន​ចៅហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ​បាន​ស្គាល់​សេចក្តី​អាថ៌កំបាំង​នោះ​ឡើយ បើ​បាន​ស្គាល់នោះ​គេ​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​ដ៏​មាន​សិរី​ទេ។​ ​ ​(កូរិនថូសទី១ ២:៨)

Powered by CAM