កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣០)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក២៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដើម្បីកុំឲ្យសេចក្តីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ។ កូរិនថូសទី១ ២:៥
នៅពេលដែលអ្នកឈ្នះបានឈានដល់គោលដៅ សំឡេងទះដៃអបអរសាទររបស់អ្នកគាំទ្រជាច្រើនកុះករ បានឮរំពងអាកាស និងខ្ទ័រត្រឡប់មកវិញចេញពីទួលនិងភ្នំដែលនៅជុំវិញ អាជ្ញាកណ្តាលបានប្រគល់និមិត្តរូបនៃ ជ័យជម្នះដល់កីឡាករជ័យលាភីនៅចំពោះមុខទស្សនិកជនជាច្រើនកុះករ មកុដនៃជ័យជម្នះនិងធាងចាក នៅដៃស្តាំរបស់កីឡាករនោះ គេបានច្រៀងចម្រៀងនៃការកោតសរសើរនៅពាសពេញទាំងដែនដី ឪពុកម្តាយរបស់គេក៏បានទទួលចំណែកនៃកិត្តិយសរបស់ពួកគេដែរ ហើយសូម្បីតែទីក្រុងដែលកីឡាករនោះបានកើត ក៏មានកិត្តិយសយ៉ាងខ្ពស់ដោយបានបង្កើតអត្តពលិកដ៏អស្ចារ្យរូបនេះមកផងដែរ។
ក្នុងការប្រៀបធៀបពីការរត់ប្រណាំងទាំងនេះ ថាជារូបភាពនៃសង្គ្រាម របស់គ្រិស្តបរិស័ទលោកប៉ុលបានសង្កត់ធ្ងន់ទៅលើការរៀបចំដ៏ចាំបាច់ ដើម្បីទទួលបានជោគជ័យរបស់កីឡាករក្នុងការប្រកួត គឺត្រូវមានវិន័យចាំបាច់ របបអាហារដែលមានកំណត់ត្រឹមត្រូវ។ លោកបានប្រកាសថា «ហើយអស់ អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក»។ អ្នករត់ប្រណាំងបានបោះបង់ចោលការបណ្តែតបណ្តោយទាំងឡាយណា ដែលនឹងធ្វើឲ្យចុះខ្សោយដល់អំណាចខាងរាងកាយ ហើយដោយហ្វឹកហាត់សាច់ដុំរបស់គេឲ្យរឹងមាំនិងមានការធុញទ្រាំ ដោយមានវិន័យយ៉ាងហ្មឹងម៉ាត់ជាបន្តបន្ទាប់ ដើម្បីកាល ណាថ្ងៃប្រកួតចូលមកដល់ ពួកគេអាចដាក់អំណាចនៃកម្លាំងរបស់ពួកគេទាំងអស់ទៅក្នុងការប្រកួតនោះ ។ ចុះចំណែកគ្រិស្តបរិស័ទដែលហាក់ដូចជាបាត់បង់ចំណាប់អារម្មណ៍នៃជីវិតអស់កល្បរបស់ពួកគេទៅហើយនោះ ត្រូវកំណត់របបចំណីអាហារនិងចំណង់ចំណូលចិត្តផ្សេងៗ ឲ្យនៅក្រោមការគោរពហេតុផលនិងព្រះហឫទ័យរបស់ព្រះ ខ្លាំងជាងកីឡាកររត់ប្រណាំង នេះយ៉ាងណាទៅ! លោកមិនដែលអនុញ្ញាតឲ្យការយកចិត្តទុកដាក់របស់លោកត្រូវបានបង្វែរដោយការកម្សាន្ត ភាពស្រណុកសុខស្រួល ឬការបន្ធូរ បន្ថយឡើយ។ គ្រប់ទម្លាប់និងចំណង់ចំណូលចិត្ដទាំងអស់របស់គេ ត្រូវតែបានដាក់កំណត់ឲ្យមានវិន័យយ៉ាងតឹងរ៉ឹង។ ហេតុផល ភាពរីករាយ ដោយការបង្រៀននៃព្រះបន្ទូលរបស់ព្រះ និងការដឹកនាំដោយព្រះវិញ្ញាណទ្រង់ ត្រូវតែគ្រប់គ្រងលើចិត្តរបស់ពួកគេ។
ហើយបន្ទាប់ពីបានធ្វើកិច្ចការនេះរួចរាល់ហើយ គ្រិស្តបរិស័ទត្រូវតែដាក់ចេញនូវការព្យាយាមយ៉ាងខ្លាំងក្លាបំផុត ដើម្បីទទួលបានជ័យជម្នះ។ នៅក្នុងការប្រកួតកីឡារបស់អ្នកក្រុងកូរិនថូស ពីរបីជំហានចុងក្រោយបង្អស់របស់កីឡាករ ត្រូវតែប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីរក្សាល្បឿនឲ្យនៅតែ លឿនដដែល។ ដូចគ្នានេះដែរ គ្រិស្តបរិស័ទដែលជិតដល់ទិសដៅទៅហើយ នោះ ត្រូវតែបន្ថែមល្បឿនឲ្យបានខ្លាំងជាងពេលដែលទើបតែចាប់ផ្តើមកិច្ចការរបស់ខ្លួនទៅទៀតដែរ។
លោកប៉ុលបង្ហាញភាពផ្ទុយគ្នារវាងពានរង្វាន់ដែលជ័យលាភីកីឡាកររត់ប្រណាំងបានទទួល ទៅនឹងមកុដនៃសិរីរុងរឿងដ៏អស់កល្ប ដែលព្រះនឹងប្រទានដល់លោកដែលជាអ្នករត់ប្រណាំងដ៏មានជោគជ័យនៃការរត់ប្រណាំងរបស់គ្រិស្តបរិស័ទ ។ លោកបានមានប្រសាសន៍ថា «គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដមួយ ដែលមិនចេះពុករលួយឡើយ» ។ ដើម្បីទទួលបានពានរង្វាន់ដែលមិនចេះពុករលួយ ពួកអ្នករត់ប្រណាំងជនជាតិក្រិកបានរក្សាខ្លួនមិនឲ្យមានគ្រោះថ្នាក់ ឬការគ្មានវិន័យឡើយ ។ យើងកំពុងខំប្រឹងប្រែងដើម្បីទទួលបាននូវរង្វាន់ដ៏មានតម្លៃលើសលប់ គឺជាមកុដនៃជីវិតអស់កល្ប។ យើងត្រូវប្រុងប្រយ័ត្នចំពោះការខិតខំប្រឹងប្រែងរបស់យើង! យើងត្រូវតែលះបង់ខ្លួនឯងឲ្យខ្លាំងជាងកីឡាកររត់ប្រណាំង!
នៅក្នុងសំបុត្រផ្ញើទៅកាន់សាសន៍ហេព្រើរ លោកប៉ុលបានចង្អុលបង្ហាញគោលបំណងនៃការលើកទឹកចិត្តតែមួយគត់ ដែលបង្ហាញពីលក្ខណៈនៃការរត់ប្រណាំងរបស់ពួកគ្រិស្តបរិស័ទដើម្បីឲ្យបានជីវិតអស់កល្ប «ដូច្នេះ ដែលមានស្មរបន្ទាល់មួយហ្វូងធំម៉្លេះ នៅព័ទ្ធជុំវិញយើង នោះត្រូវឲ្យយើងចោល អស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយ ត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ទាំងរំពឹងមើលដល់ ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសម្រេចសេចក្តីជំនឿរបស់យើងដែល ទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាស នោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ» (ហេព្រើរ ១២:១, ២) ។ ដើម្បីរត់ប្រណាំងឲ្យបានជីវិតអស់កល្ប គ្រិស្តបរិស័ទត្រូវតែលះបង់ចោលនូវ ការច្រណែន ការព្យាបាទគំនិត អាក្រក់ សម្តីអាក្រក់ និងការលោភលន់។ ពួកគេត្រូវតែបោះបង់ចោលនូវទម្លាប់ឬការអនុវត្តន៍ដែលនាំឲ្យមានអំពើបាប និងនាំឲ្យខូចកិត្តិនាមដល់ព្រះគ្រិស្ត និងអ្វីដែលទ្រង់បានលះបង់។ ព្រះពរ នៃឋានសួគ៌ពុំអាចកើតមានដល់មនុស្សណា ដែលបំពានទៅលើគោលការណ៍នៃអំពើត្រឹមត្រូវដ៏អស់កល្បឡើយ។ អំពើបាបតែមួយល្មមគ្រប់គ្រាន់អាចនឹងបន្ទាបបន្ថោកអត្តចរិត និង ដឹកនាំ អ្នកដទៃ ឲ្យដើរតាមផ្លូវខុសបាន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គ្មានចៅហ្វាយណាក្នុងលោកីយ៍នេះបានស្គាល់សេចក្តីអាថ៌កំបាំងនោះឡើយ បើបានស្គាល់នោះគេមិនបានឆ្កាងព្រះអម្ចាស់ដ៏មានសិរីទេ។ (កូរិនថូសទី១ ២:៨)