ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣០)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក២៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ប៉ុន្តែ នៅ​ក្នុង​ចំណោម​មនុស្ស​គ្រប់​លក្ខណ៍ នោះ​យើង​ខ្ញុំ​ក៏​និយាយ​តាម​ប្រាជ្ញា​ដែរ តែ​មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ៍​នេះ ឬ​របស់​ពួក​ចៅហ្វាយ​នៅ​លោកីយ៍​នេះ ដែល​ត្រូវ​សាបសូន្យ​នោះ​ទេ។​ កូរិនថូសទី១ ២:៦

ព្រះអង្គសង្គ្រោះមានបន្ទូលថា «បើដៃអ្នកនាំឲ្យគេរវាតចិត្ត នោះចូរកាត់ វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃវិញ ជាជាងមានដៃទាំងពីរ ហើយធ្លាក់ទៅនរក នៅក្នុងភ្លើងដែលពន្លត់មិនបានជាកន្លែងដែលមានដង្កូវ មិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ បើជើងអ្នកនាំឲ្យគេរវាតចិត្ត នោះចូរកាត់វាចោលទៅស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតជើងវិញជាជាងមាន ជើងទាំងពីរ ហើយត្រូវបោះចោលទៅនរក នៅក្នុងភ្លើងដែលពន្លត់មិនបាន» (ម៉ាកុស ៩:៤៣-៤៥)។ ប្រសិនបើដើម្បីជួយសង្រ្គោះរាងកាយពីសេចក្តីស្លាប់ ត្រូវតែកាត់ជើងឬដៃចេញ ឬសូម្បីតែភ្នែកត្រូវបានខ្វេះចេញដែរនោះ តើគ្រិស្តសាសនិកគួរតែបោះបង់ចោលអំពើបាប ដែលនាំមកនូវសេចក្តីស្លាប់នោះឲ្យបានស្មោះអស់ពីចិត្តយ៉ាងណាទៅ។

កីឡាកររត់ប្រណាំងក្នុងល្បែងបុរាណ បន្ទាប់ពីពួកគេបានចុះចូលទៅនឹងការលះបង់ខ្លួនឯង និងគោរពវិន័យយ៉ាងតឹងរ៉ឹងរួចមក ក៏ពួកគេមិនប្រាកដក្នុងចិត្តថានឹងទទួលបានជ័យជម្នះដែរ។ លោកប៉ុលបានសួរថា «តើអ្នករាល់ គ្នាមិនដឹងទេឬអី ថាពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែមួយទេដែលបានរង្វាន់?» ទោះជាអ្នករត់ប្រណាំងទាំងអស់ខំប្រឹងប្រែងយ៉ាងស្វាហាប់ដើម្បីឲ្យបានទទួលរង្វាន់ យ៉ាងណាក៏ដោយ ក៏មានតែម្នាក់ទេដែលអាចឈ្នះបានទទួលរង្វាន់។ មានតែដៃមួយទេដែលអាចចាប់យក កម្រងផ្កាដែលគេចង់បាន។ កីឡាករខ្លះខំប្រឹងប្រែងដើម្បីទទួលបានរង្វាន់ ប៉ុន្តែ នៅពេលដែលពួកគេទៅដល់ ដៃដែលកាន់រង្វាន់នោះ ស្រាប់តែមាន ម្នាក់បានទៅដល់មុន ទៅចាប់យករង្វាន់ដែលកីឡាករចង់បានគ្រប់គ្នានោះរួចទៅហើយ។

នេះមិនមែនជាករណីនៅក្នុងសង្គ្រាមរបស់គ្រិស្តបរិស័ទទេ។ គ្មាននរណា​ម្នាក់ដេញតាមស្ថានភាពដែលធ្វើឲ្យខកចិត្តនៅចុងបញ្ចប់នៃការប្រកួតឡើយ។ ក៏គ្មាននរណាម្នាក់ដែលខំខ្នះខ្នែងអស់ពីចិត្តដែលមិនទទួលបានជោគជ័យដែរ ។ ការរត់ប្រណាំងគឺមិនមែនរកអ្នកដែល មានល្បឿនលឿន ជាងគេ ហើយក៏មិនមែនជាការប្រកួតប្រជែងរកជើងខ្លាំងដែរ។ ទាំងពួកបរិសុទ្ធ​ដែលទន់ខ្សោយ ក៏ត្រូវបានពាក់មកុដសិរីល្អនៃភាពមិនចេះស្លាប់ដូចជាអ្នកខ្លាំងបំផុតដែរ ។ មនុស្សទាំងអស់ដែលឈ្នះ តាមរយៈព្រះចេស្តានៃព្រះគុណ​របស់ព្រះ គឺជាអ្នកដែលនាំជីវិតរបស់ពួកគេឲ្យស្របតាមព្រះហឫទ័យរបស់ព្រះគ្រិស្ត ។ ការអនុវត្តនៅគ្រប់ទាំងសកម្មភាពនៃជីវិត ទៅតាមគោលការណ៍ដែលបានកំណត់ក្នុងព្រះបន្ទូលរបស់ព្រះ ជារឿយៗត្រូវបានគេចាត់ ទុកថាជារឿងមិនសំខាន់ ជារឿងតូចតាចបំផុតដែលត្រូវយកចិត្តទុកដាក់ ។ ប៉ុន្តែ នៅក្នុងទិដ្ឋភាពនៃបញ្ហាដែលមានគ្រោះថ្នាក់គ្មានអ្វីតូចពេកក្នុងការ ជួយឬការបន្ទុចបង្អាក់ឡើយ។ រាល់ទង្វើរបស់ខ្លួនមានទម្ងន់ទៅលើការកំណត់ ជ័យជម្នះឬបរាជ័យនៃជីវិត។ ហើយរង្វាន់ដែលបានប្រគល់ជូនដល់អស់អ្នកដែលឈ្នះនឹងសមាមាត្រទៅនឹងថាមពលនិងភាពស្មោះត្រង់ដែលពួកគេបានខំប្រឹងប្រែង។

សាវ័កប៉ុលបានប្រៀបធៀបខ្លួនលោកទៅនឹងកីឡាកររត់ប្រណាំង នៅ ក្នុងការប្រកួតមួយ ដែលបានខំប្រឹងប្រែងអស់ពីសរសៃសសូង ដើម្បីទទួល បានរង្វាន់ ។ លោកមានប្រសាសន៍ថា «បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែន បែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជា ដាល់ខ្យល់ទេ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ» ។ ដើម្បីកុំឲ្យលោករត់បែបមិនស្គាល់ផ្លូវ ឬដោយព្រាវៗនៅក្នុងការប្រណាំងរបស់យើងជាគ្រិស្តបរិស័ទ លោកប៉ុលបានខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្លា។ ពាក្យថា «ខ្ញុំ បានវាយដំរូបកាយខ្ញុំ» មានន័យថាវាយដំដោយដាក់ វិន័យយ៉ាងតឹងរ៉ឹងដល់ បំណងប្រាថ្នានិងចំណង់ចំណូលចិត្តរបស់ខ្លួនឯង។

លោកប៉ុលបារម្ភក្រែង លោកបានអធិប្បាយប្រដៅដល់អ្នកដទៃ ហើយ លោកត្រូវចោលចេញវិញ លោកបានដឹងថាប្រសិនបើលោកមិនបានអនុវត្តតាមគោលការណ៍ដែលលោកបានជឿនិងបានអធិប្បាយនោះទេការងាររបស់ លោកដែលបានធ្វើជំនួសអ្នកដទៃនឹងមិនអាចជួយគាត់បានទេ ។ ការសន្ទនា របស់លោក ឥទិ្ធពលរបស់លោក ការបដិសេធន៍មិនព្រមបំពេញសេចក្តីត្រូវ ការរបស់ខ្លួនឯងរបស់លោក ត្រូវតែបង្ហាញថាជំនឿរបស់លោកមិនមែនគ្រាន់តែជាវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការរស់នៅដែលមានទំនាក់ទំនងជាមួយព្រះជារៀងរាល់ថ្ងៃ។ គោលដៅមួយដែលលោកតែងតែរក្សានៅពីមុខលោក ហើយខំព្យាយាមយ៉ាងខ្លាំងដើម្បីឲ្យបានសម្រេចគឺ «សេចក្តីសុចរិតដែលមកពីសេចក្តីជំនឿដល់ព្រះគ្រិស្ត» (ភីលីព ៣:៩)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គ្មាន​ចៅហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ​បាន​ស្គាល់​សេចក្តី​អាថ៌កំបាំង​នោះ​ឡើយ បើ​បាន​ស្គាល់នោះ​គេ​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​ដ៏​មាន​សិរី​ទេ។​ ​ ​(កូរិនថូសទី១ ២:៨)

Powered by CAM