កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣០)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក២៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ គឺនិយាយតាមតែប្រាជ្ញានៃព្រះវិញ ជាសេចក្តីអាថ៌កំបាំងដ៏លាក់ទុក ដែលព្រះបានគិតគូ តាំងពីមុនអស់ទាំងកល្ប សំរាប់ជាសិរីល្អដល់យើងរាល់គ្នា។ កូរិនថូសទី១ ២:៧
លោកប៉ុលបានដឹងថាសង្គ្រាមរបស់លោកប្រឆាំងនឹងអំពើអាក្រក់នឹងមិនចប់ទេ ដរាបណាលោកនៅមានជីវិតរស់នៅ ។ លោកបានដឹងពីតម្រូវការនៃការការពារខ្លួនយ៉ាងតឹងរ៉ឹងដែលសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមនឹងមិនអាចយកឈ្នះចិត្តពុះកញ្រ្ជោលខាងវិញ្ញាណបានឡើយ។ លោកបានបន្ដប្រឆាំងនឹងទំនោរចិត្ដពីធម្មជាតិ អស់ពីអំណាចរបស់លោក ។ លោកបានរក្សាពីមុខលោកនូវឧត្តមគតិដើម្បីសម្រេចបានជោគជ័យ ហើយលោកបានខិតខំប្រឹងប្រែងសម្រេចគោលដៅនេះដោយការគោរពតាមក្រឹត្យវិន័យរបស់ព្រះ។ លោកបានអនុវត្តតាមពាក្យរបស់លោក ចំណង់ចំណូលចិត្តរបស់លោកត្រូវបានដាក់នៅក្រោមការគ្រប់គ្រងរបស់ព្រះវិញ្ញាណនៃព្រះ។
គឺដោយគោលបំណងដែលចេញពីដួងចិត្តតែមួយគត់ គឺការចង់បាន ជ័យជម្នះ ក្នុងការរត់ប្រណាំងដើម្បីឲ្យបានជីវិតអស់កល្ប នេះហើយ ដែល លោកប៉ុលប្រាថ្នាចង់ឃើញ មាននៅក្នុងជីវិតអ្នកជឿនៅទីក្រុងកូរិនថូស ។ លោកបានដឹងថាដើម្បីឈានដល់ខ្នាតគំរូរបស់ព្រះគ្រិស្ត សម្រាប់ពួកគេ ពួកគេត្រូវមានការលំបាកក្នុងជីវិត ដែលពួកគេនឹងមិនមានការស្រាកស្រាន្តទេ លោកបានអង្វរពួកគេឲ្យខិតខំធ្វើការទៅតាមច្បាប់ ដើម្បីស្វែងរកសេចក្តីស្រឡាញ់និងភាពល្អប្រសើរខាងសីលធម៌ ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានអង្វរពួកគេឲ្យលះបង់រាល់ទម្ងន់ទាំងឡាយដើម្បីឈានទៅរកគោលដៅនៃភាពគ្រប់លក្ខណ៍នៅក្នុងព្រះគ្រិស្ត។
លោកប៉ុលបានចង្អុលបង្ហាញបងប្អូននៅក្រុងកូរិនថូស ទៅឯបទពិសោធន៍ នៃសាសន៍អ៊ីស្រាអែលពីបុរាណ ទៅឯព្រះពរដែលជារង្វាន់ដល់ការស្ដាប់បង្គាប់របស់ពួកគេ និងទៅឯការជំនុំជម្រះដែលបានកើតឡើងដោយសារការរំលងនឹងក្រឹត្យវិន័យរបស់ពួកគេ។ លោកបានរំឭកពួកគេអំពីការ អស្ចារ្យដែលព្រះបានដឹកនាំសាសន៍ហេព្រើរចេញពីស្រុកអេស៊ីព្ទ ក្រោមការ ការពារពីដុំពពកនៅពេលថ្ងៃ និងបង្គោលភ្លើងនៅពេលយប់ ។ ហេតុនេះព្រះបានដឹកនាំពួកគេធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមដោយសុវត្ថិភាព ខណៈដែលកងទ័ពអេស៊ីព្ទបានដេញតាមហើយត្រូវលង់ទឹកស្លាប់ទាំងអស់។ តាមរយៈទង្វើទាំងនេះព្រះបានទទួលស្គាល់សាសន៍អ៊ីស្រាអែលថាជាពួកជំនុំរបស់ទ្រង់។ ពួកគេ «គ្រប់គ្នាបានបរិភោគចំណីអាហារដដែលខាងព្រលឹងវិញ្ញាណ ហើយគ្រប់គ្នាបានផឹកទឹកដដែលខាងព្រលឹងវិញ្ញាណដែរ ដ្បិតបានផឹកពីថ្មដាខាងព្រលឹងវិញ្ញាណដែលតាមគេ ឯថ្មដានោះ គឺជាព្រះគ្រិស្ត» ។ ជនជាតិហេព្រើរមានព្រះគ្រិស្តជាអ្នកដឹកនាំពួកគេ នៅគ្រប់ទាំងការធ្វើដំណើររបស់ពួកគេ។ ថ្មដែលលោកម៉ូសេបានវាយ ជានិមិត្តរូបតំណាងឲ្យព្រះគ្រិស្ត ដែលនឹងត្រូវរងរបួសដោយសារការរំលងរបស់មនុស្ស ខ្សែទឹកនៃសេចក្ដីសង្រ្គោះអាចហូរដល់មនុស្សទាំងអស់។
ទោះបីព្រះជាម្ចាស់បានបង្ហាញការសព្វព្រះហឫទ័យដល់សាសន៍ ហេព្រើរបែបនេះក៏ដោយ ក៏ការជំនុំជម្រះរបស់ព្រះបានធ្លាក់មកលើពួកគេ ដោយសារតែពួកគេមានចិត្តត្រេកត្រអាលទៅនឹងភាពហឺហានៅឯស្រុកអេស៊ីព្ទ និងដោយសារតែអំពើបាបនិងការប្រឆាំងបះបោររបស់ពួកគេដែរ។សាវ័កប៉ុលបានបង្គាប់ឲ្យអ្នកជឿនៅទីក្រុងកូរិនថូស យកចិត្តទុកដាក់ទៅនឹងមេរៀនដែលមាននៅក្នុងបទពិសោធន៍របស់សាសន៍អ៊ីស្រាអែល ។ លោកបានមានប្រសាសន៍ថា «ការទាំងនោះបានត្រឡប់ជាគំរូដល់យើងប្រយោជន៍កុំឲ្យយើងប្រាថ្នាចង់បានសេចក្តីអាក្រក់ ដូចជាគេឡើយ»។ លោកបានបង្ហាញពីការដែលស្រឡាញ់ភាពស្រណុកស្រួល និងភាពសប្បាយរីករាយដែលបានរៀបចំផ្លូវសម្រាប់អំពើបាប ដែលនាំឲ្យមានសេចក្តីក្រោធរបស់ព្រះជាម្ចាស់។ នៅពេលដែលជនជាតិអ៊ីស្រាអែលអង្គុយស៊ីផឹក ហើយក្រោក ឡើងរាំរែក នោះពួកគេបានបោះបង់ចោលការកោតខ្លាចព្រះដែលពួកគេ បានដឹង នៅពេលពួកគេគោរពតាមក្រឹត្យវិន័យ ហើយពួកគេបានធ្វើរូបគោ មាស ជាតំណាងឲ្យព្រះ រួចក្រាបថ្វាយបង្គំ ។ ហើយក្រោយពីបានរីករាយនឹងពិធីជប់លៀងដ៏អ៊ឹកធឹក ដែលបានផ្សារភ្ជាប់ជាមួយនឹងការថ្វាយបង្គំព្រះបាលពេអរសាសន៍ហេព្រើរជាច្រើននាក់បានធ្លាក់ចូលទៅក្នុងការលោភលន់។ សេចក្តីក្រោធរបស់ព្រះក៏បានកើតឡើង ហើយតាមការត្រាស់ បង្គាប់របស់ទ្រង់ «មនុស្សបីសែនពីរម៉ឺននាក់» ត្រូវបានសម្លាប់ដោយរោគពិសនៅក្នុងមួយថ្ងៃ។
សាវ័កប៉ុលបានមានប្រសាសន៍ទៅកាន់ពួកអ្នកក្រុងកូរិនថូសថា «បាន ជាអ្នកណាដែលស្មានថាខ្លួនឈរ ត្រូវប្រយ័ត្នក្រែងលោដួល» ។ ប្រសិនបើពួកគេអួតខ្លួននិងមានទំនុកចិត្តលើខ្លួនឯង មិនអើពើនឹងការចាំយាម និង អធិដ្ឋាន ពួកគេនឹងធ្លាក់ចូលក្នុងអំពើបាបដ៏ធ្ងន់ធ្ងរ ដោយទាមទារឲ្យសេចក្ដីក្រោធរបស់ព្រះធ្លាក់មកលើខ្លួនជាក់ជាមិនខាន ។ ក៏ប៉ុន្ដែ លោកប៉ុលនឹងមិនធ្វើឲ្យគេធ្លាក់ទឹកចិត្ដឬបាត់បង់សេចក្តីក្លាហានទេ ។ លោកបានផ្តល់នូវការ ធានាអះអាងថា «រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គ្មានចៅហ្វាយណាក្នុងលោកីយ៍នេះបានស្គាល់សេចក្តីអាថ៌កំបាំងនោះឡើយ បើបានស្គាល់នោះគេមិនបានឆ្កាងព្រះអម្ចាស់ដ៏មានសិរីទេ។ (កូរិនថូសទី១ ២:៨)