ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣០)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក២៧

លោកប៉ុលបានដាស់តឿនបងប្អូនរបស់លោកឲ្យសួរខ្លួនឯង ពីការដែលពាក្យសម្តីនិងទង្វើរបស់ពួកគេមានឥទ្ធិពល ទៅលើអ្នកដទៃ និងដែលមិន មានឥទ្ធិពលអ្វីសោះ ទោះបីជាមិនមានតិចតួចយ៉ាងណាក៏ដោយ ក៏ត្រូវតែ ប្រុងប្រយ័ត្នដែរ ក្រែងពាក្យសម្តីនិងទង្វើទាំងនោះហាក់ដូចជាបានលុបបំបាត់ការថ្វាយបង្គំរូបព្រះ ឬប្រមាថមើលងាយដល់អ្នកដែលមានជំនឿខ្សោយ ។ «ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សម្រាប់ចម្រើនសិរីល្អដល់ព្រះចុះ កុំឲ្យធ្វើជាទីបង្អាក់ចិត្ត ដល់ពួកសាសន៍យូដា ឬសាសន៍ ក្រិក ឬពួកជំនុំនៃព្រះឡើយ»។

ប្រសាសន៍ព្រមានរបស់សាវ័កប៉ុល ដល់ពួកជំនុំនៅក្រុងកូរិនថូសនេះអាចអនុវត្តបានគ្រប់ពេល ហើយជាពិសេសនៅសម័យសព្វថ្ងៃយើងនេះ ។ ដោយមានប្រសាសន៍ថាការគោរពរូបព្រះ លោកចង់សំដៅទៅលើមិនត្រឹមតែការគោរពថ្វាយបង្គំរូបព្រះប៉ុណ្ណោះទេ តែលោកថែមទាំងសំដៅទៅលើការស្រឡាញ់ខ្លួនឯង ការស្រឡាញ់ភាពស្រណុកសុខស្រួល ការទោរទន់ ទៅតាមចំណង់នៃការបរិភោគនិងសេចក្តីប្រាថ្នាផងដែរ ។ ការបង្ហាញពីជំនឿ លើព្រះគ្រិស្តតែមួយមុខ ការមានចំណេះដឹងដ៏អំនួតអំពីសេចក្តីពិត មិនបានធ្វើឲ្យមនុស្សក្លាយទៅជាគ្រិស្តបរិស័ទនោះទេ។ សាសនាមួយ ដែលស្វែងរកតែការស្កប់ស្កល់ដល់ភ្នែក ត្រចៀក និងរសជាតិ ឬការតាំងចិត្តបំពាននឹងក្រឹត្យវិន័យដោយចេតនា នោះមិនមែនជាសាសនារបស់ព្រះគ្រិស្តទេ។

តាមរយៈការប្រៀបធៀបពួកជំនុំ ទៅនឹងរូបកាយរបស់មនុស្ស សាវ័កប៉ុល បានបង្ហាញពីទំនាក់ទំនង និងភាពសុខដុមរមនា យ៉ាងជិតស្និទ្ធ នៅក្នុងចំណោមសមាជិកទាំងអស់នៃពួកជំនុំរបស់ព្រះគ្រិស្ត។ លោកបានសរសេរ ថា «ដ្បិតយើងទាំងអស់គ្នា ទោះបើជាសាសន៍យូដា ឬសាសន៍ក្រិកបាវបម្រើ ឬអ្នកជាក្តី យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែមួយ ដោយសារ ព្រះវិញ្ញាណតែមួយ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែមួយដែរ រូបកាយមិនមែនសុទ្ធតែមានអវយវៈតែមួយទេ គឺមានច្រើនវិញ បើសិនជា ជើងនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិន មែនជាដៃ នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី ហើយបើសិនជាត្រចៀកនឹងនិយាយថា អញមិនមែនរបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាភ្នែក នោះតើមិនមែនជារបស់ផងរូបកាយ ដោយ ហេតុតែប៉ុណ្ណោះឬអី បើរូបកាយទាំងស្រុងសុទ្ធតែជាភ្នែក នោះតើនឹងស្តាប់ នៅត្រង់ណា បើរូបកាយទាំងស្រុង សុទ្ធតែជាត្រចៀក នោះតើនឹងដឹងក្លិន នៅត្រង់ណា តែព្រះទ្រង់បានដាក់ចុះនូវអវយវៈនីមួយៗ ក្នុងរូបកាយតាម ព្រះហឫទ័យទ្រង់ បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែមួយនោះតើរូបកាយ នឹងនៅឯណា? តែមានអវយវៈជាច្រើនវិញ ប៉ុន្តែ រូបកាយតែមួយទេ ហើយ ភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ ឬក្បាលនិយាយ ទៅជើងថា អញមិនត្រូវការនឹងឯងដែរនោះឡើយ ប៉ុន្តែ អស់ទាំងអវយវៈ ក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជា ជាងវិញ ហើយអវយវៈណាក្នុងរូបកាយ ដែលយើងស្មានថា មិនគួររាប់អាន ប៉ុន្មាន នោះយើងបានរាប់អានលើសទៅទៀត ឯអវយវៈណារបស់យើង ដែលមិនល្អមើល នោះបានល្អមើលកាន់តែខ្លាំងឡើងទៅទៀត តែអវយវៈ ណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំ រូបកាយ ព្រមទាំងប្រទានឲ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាង ទៅទៀត ដើម្បីមិនឲ្យមានសេចក្តីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ តែឲ្យអវយវៈទាំងប៉ុន្មាន បានជួយគាំពារគ្នាទៅវិញទៅមក ដូច្នេះ បើអវយវៈមួយ ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា បើមួយបានតម្កើងឡើង នោះទាំងអស់ នឹងបានរីករាយជាមួយដែរ អ្នករាល់គ្នាជារូបកាយនៃព្រះគ្រិស្ត ហើយជា អវយវៈរបស់រូបកាយរៀងខ្លួន»។

ហើយបន្ទាប់មក លោកប៉ុលបានបញ្ជាក់ពីសារៈសំខាន់នៃសេចក្ដីស្រឡាញ់ ដែលពួកអ្នកដើរតាមព្រះគ្រិស្តគួរតែថែរក្សាដោយរីករាយ នៅក្នុងពាក្យពេចន៍ដែលជាប្រភពនៃការជំរុញការលើកទឹកចិត្តដល់បុរសនិងនារីទាំងឡាយ ចាប់តាំងពីថ្ងៃនោះ មកទល់នឹងពេលនេះ យ៉ាងដូច្នេះ៖ «ទោះបើខ្ញុំចេះនិយាយជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន និងភាសារបស់ពួក ទេវតាផង តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ បើខ្ញុំចេះអធិប្បាយ ហើយស្គាល់អស់ទាំងសេចក្តីអាថ៌កំបាំង និងគ្រប់ទាំងចំណេះវិជ្ជា ហើយបើខ្ញុំមានគ្រប់ទាំងសេចក្តីជំនឿល្មមនឹងឲ្យភ្នំរើចេញបាន តែគ្មានសេចក្តីស្រឡាញ់ នោះ ខ្ញុំមិនជាអ្វីទេ បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិខ្ញុំជាអាហារដល់គេ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍ ដល់ខ្ញុំសោះ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គ្មាន​ចៅហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ​បាន​ស្គាល់​សេចក្តី​អាថ៌កំបាំង​នោះ​ឡើយ បើ​បាន​ស្គាល់នោះ​គេ​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​ដ៏​មាន​សិរី​ទេ។​ ​ ​(កូរិនថូសទី១ ២:៨)

Powered by CAM