ថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣០)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក២៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះ​ទ្រង់​បាន​សំដែង ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្តី​ទាំង​នោះ ដោយសារ​ព្រះវិញ្ញាណ​ទ្រង់ ដ្បិត​ព្រះវិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្តី​ជ្រាល​ជ្រៅ​នៃ​ព្រះ​ដែរ ។​ កូរិនថូសទី១ ២:១០

សាវ័កប៉ុលបានទាញការយកចិត្តទុកដាក់របស់បងប្អូននៅទីក្រុងកូរិនថូស ឆ្ពោះទៅកាន់ជ័យជម្នះនាពេលព្រឹកនៃការរស់ឡើងវិញ ជាពេលដែលពួក បរិសុទ្ធដែលបានដេកលក់ទាំងអស់នឹងត្រូវបានលើកឲ្យរស់ពីស្លាប់ឡើងវិញ ហើយរស់នៅជារៀងរហូត ជាមួយនឹងព្រះអម្ចាស់របស់ពួកគេ។ សាវ័កប៉ុល បានមានប្រសាសន៍ថា «នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្តីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុងមួយរំពេចវិញ គឺក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះក្នុងកាលដែលឮសូរត្រែក្រោយ បង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញមិនពុករលួយ ទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ ដ្បិតត្រូវតែរូបកាយដ៏ពុក រលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយវិញ ហើយរូបកាយដែល រមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញដែរ កាល ណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយ ហើយ រូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញ នោះទើបនឹងបានសម្រេចតាមពាក្យ ដែលចែងទុកមកថា សេចក្តីជ័យជម្នះបានលេបសេចក្តីស្លាប់បាត់ហើយ ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្តីស្លាប់អើយ ជ័យជម្នះរបស់ឯងនៅឯណា? … តែអរព្រះគុណដល់ ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជម្នះ ដោយសារ ព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើង»។

ភាពរុងរឿងគឺជាជ័យជម្នះដែលកំពុងរង់ចាំពួកអ្នកស្មោះត្រង់ ។ ដោយដឹងពីលទ្ធភាពនៅចំពោះមុខពួកអ្នកជឿនៅទីក្រុងកូរិនថូស បានជាសាវ័កប៉ុល បានខំប្រឹងប្រែងបង្ហាញដល់ពួកគេឲ្យងាកបែរចេញពីការលើកស្ទួយភាពអាត្មានិយមនិងតណ្ហា ហើយលើកតម្កើងជីវិតដោយក្តីសង្ឃឹមនៃភាពមិនចេះស្លាប់វិញ ។ លោកបានដាស់តឿនពួកគេឲ្យស្មោះត្រង់នឹងការត្រាស់ហៅ​ដ៏ខ្ពស់របស់ពួកគេនៅក្នុងព្រះគ្រិស្ត ។ លោកបានអង្វរថា «បងប្អូន​ស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នា​ខំប្រឹងធ្វើក្នុង​ព្រះ​អម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ»។

ដូច្នោះសាវ័កប៉ុលបានព្យាយាមកែតម្រូវគំនិតនិងការប្រព្រឹត្ដដែលមិនត្រឹមត្រូវ និងមានគ្រោះថ្នាក់ក្នុងពួកជំនុំនៅក្រុងកូរិនថូស នៅក្នុងលក្ខណៈដែលមានការសម្រេចចិត្ត និងគួរឲ្យចាប់អារម្មណ៍បំផុត ។ លោកបាន​និយាយ​យ៉ាងច្បាស់ នៅក្នុងសេចក្តីស្រឡាញ់ចំពោះព្រលឹងវិញ្ញាណរបស់ពួកគេ។ នៅក្នុងការព្រមាននិងការបន្ទោសរបស់លោក ពន្លឺពីបល្ល័ង្ករបស់ព្រះបានភ្លឺមកលើសម្តីទាំងនោះ ដើម្បីលាតត្រដាងអំពើបាបដ៏លាក់កំបាំង ដែលបានធ្វើឲ្យជីវិតរបស់ពួកគេស្មោកគ្រោក ។ តើពួកគេនឹងទទួលពន្លឺនោះដោយរបៀបណាទៅ?

ក្រោយពីសំបុត្រនោះត្រូវបានផ្ញើទៅរួចហើយ លោកប៉ុលខ្លាចក្រែងអ្វីដែលលោកបានសរសេរនោះនឹងប៉ះពាល់ធ្ងន់ធ្ងរដល់អស់អ្នកដែលលោកចង់ឲ្យគេទទួលបាននូវអត្ថប្រយោជន៍នោះ ។ លោកព្រួយបារម្ភលែងហ៊ានមានប្រសាសន៍បន្ថែមទៀត ហើយជួនកាលលោកមិនចង់ឲ្យគេនឹកចាំពាក្យរបស់លោកថែមទៀតផង ។ អស់អ្នកដែលមានការទទួលខុសត្រូវចំពោះពួកជំនុំជាទីស្រឡាញ់ ឬស្ថាប័នក្នុងពួកជំនុំ ដូចជាសាវកប៉ុល អាចកោត​សរសើរ​ខ្លាំង​បំផុត ចំពោះការធ្លាក់ទឹកចិត្តនៃវិញ្ញាណ និងការថ្កោលទោសខ្លួនឯង របស់លោក។ អ្នកបម្រើរបស់ព្រះដែលទទួលបន្ទុកកិច្ចការរបស់ទ្រង់សម្រាប់ពេលបច្ចុប្បន្ននេះ នឹងជួបប្រទះនូវបទពិសោធន៍ដូចគ្នានឹងកិច្ចការរបស់ពួកសាវ័កដែរ ដូចជា ជម្លោះ និងបន្ទុកនៃកង្វល់ ដែលបានធ្លាក់មកលើសាវ័ក​ប៉ុល​ដ៏អស្ចារ្យនេះផងដែរ។ បន្ទុកនៃការបែងចែកនៅក្នុងពួកជំនុំ ការជួបជាមួយ​នឹង​ការរមិលគុណ និងការក្បត់ ពីមនុស្សមួយចំនួនដែលលោកមានការអាណិតអាសូរនិងជួយគាំទ្រ ដោយដឹងពីគ្រោះថ្នាក់នៃពួកជំនុំ ដែលបាន​ទទួលរងអំពើទុច្ចរិត បានបង្ខំឲ្យលោកខិតខំធ្វើបន្ទាល់ ក្នុងការស្ដីបន្ទោស​ដល់អំពើបាប លោកបាននៅក្នុងពេលវេលាតែមួយដែលមានបន្ទុកនៃការភ័យខ្លាច ដែលលោកត្រូវប្រឈមមុខដោះស្រាយដោយការតស៊ូស្វិតស្វាញ។ លោកបានរង់ចាំទទួលដំណឹងល្អអំពីការទទួលសាររបស់លោក ទាំង​ព្រួយ​បារម្ភជាខ្លាំង។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថាព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា។ ​(កូរិនថូសទី១ ៣:១៦)

Powered by CAM