ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី៣១)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងសំបុត្រទីពីរទៅកាន់ពួកជំនុំនៅទីក្រុងកូរិនថូស។
សារនៃដំណឹងល្អត្រូវបានគេយកចិត្តទុកដាក់ស្តាប់
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក៣០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯព្រះដែលបានហៅអ្នករាល់គ្នាមក ឲ្យមានសេចក្តីប្រកបនឹងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះទ្រង់ស្មោះត្រង់។ កូរិនថូសទី១ ១:៩
ពីទីក្រុងអេភេសូរ លោកប៉ុលបានចេញដំណើរបំពេញបេសកកម្មនៅកន្លែងផ្សេងមួយទៀត នៅក្នុងអំឡុងពេលដែលលោកសង្ឃឹមថានឹងទៅមើលទិដ្ឋភាពកិច្ចការរបស់លោកដែលបំពេញកន្លងមក នៅទ្វីបអឺរ៉ុបម្ដងទៀត ។ ក្នុងការរង់ចាំនៅទីក្រុងត្រូអាសមួយរយៈ «ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះគ្រិស្ត» លោកបានរកឃើញបងប្អូនខ្លះដែលត្រៀមខ្លួនស្ដាប់តាមសាររបស់លោក។ «ហើយមានទ្វារបើកឲ្យខ្ញុំ ដោយនូវព្រះអម្ចាស់» ក្រោយមកលោកបានប្រកាសពីការងាររបស់គាត់នៅកន្លែងនេះ។ ប៉ុន្ដែ ដោយសារជោគជ័យរបស់លោកនៅក្រុងត្រូអាស លោកមិនអាចនៅទីនោះបានយូរទេ។ «មានសេចក្តីកង្វល់ខាងឯពួកជំនុំទាំងប៉ុន្មាន» ហើយជាពិសេសពួកជំនុំនៅក្រុងកូរិនថូសបានដិតដាមយ៉ាងធ្ងន់នៅក្នុងចិត្តរបស់លោក ។ លោកសង្ឃឹមថានឹងបានជួបលោកទីតុសនៅក្រុងត្រូអាស និងបានដឹងថាតើពាក្យនៃការទូន្មាននិងការស្តីបន្ទោស ដែលលោកបានផ្ញើទៅកាន់ពួកជំនុំនៅទីក្រុងកូរិនថូសនោះត្រូវបានគេទទួលយកយ៉ាងណាដែរ ប៉ុន្តែ នៅក្នុងរឿងនេះ លោកមាន ការខកចិត្តជាខ្លាំង ។ លោកបានសរសេរទាក់ទងនឹងបទពិសោធន៍នេះយ៉ាងដូច្នេះថា «នោះខ្ញុំឥតបានធូរក្នុងចិត្តសោះ ដោយហេតុរកទីតុស ជាបងប្អូនខ្ញុំមិនឃើញ» ។ ហេតុដូច្នេះហើយ លោកក៏បានចាកចេញពីទីក្រុងត្រូអាស ហើយឆ្លងទៅទីក្រុងម៉ាសេដូន ទីនោះហើយដែលលោកបានជួបលោកធីម៉ូថេនៅក្រុងភីលីព។
ក្នុងអំឡុងពេលនៃការព្រួយបារម្ភចំពោះពួកជំនុំនៅទីក្រុងកូរិនថូសនេះ លោកប៉ុលបានសង្ឃឹមពីការល្អបំផុត ប៉ុន្តែ នៅពេលខ្លះអារម្មណ៍សោកសៅយ៉ាងខ្លាំងបានបោកបក់មកលើគំនិតរបស់លោកទៅវិញ ដោយបារម្ភក្រែងពួកគេយល់ច្រឡំអំពីការទូន្មាននិងការស្តីបន្ទោសរបស់លោក ។ ក្រោយមក លោកបានសរសេរថា «នោះយើងខ្ញុំឥតមានសេចក្តីស្រាកស្រាន្ត ខាងសាច់ឈាមសោះ មានសុទ្ធតែសេចក្តីលំបាកវិញ គឺនៅខាងក្រៅមានសេចក្តីតតាំង ហើយខាងក្នុងមានសេចក្តីភ័យខ្លាច តែព្រះអង្គដែលកម្សាន្តចិត្តពួកអ្នកដែលត្រូវបន្ទាប ទ្រង់ក៏បានកម្សាន្តចិត្តយើងខ្ញុំ ដោយអ្នកទីតុសមកដល់»។
អ្នកនាំសារដ៏ស្មោះត្រង់នេះបាននាំមកនូវដំណឹងដ៏រីករាយ ថាការផ្លាស់ប្តូរដ៏អស្ចារ្យមួយបានកើតឡើងក្នុងចំណោមពួកអ្នកជឿនៅទីក្រុងកូរិនថូសហើយ ។ មនុស្សជាច្រើនបានទទួលយកការណែនាំដែលមាននៅក្នុងសំបុត្ររបស់លោកប៉ុល ហើយបានកែប្រែចិត្ដពីអំពើបាបរបស់គេ។ ជីវិតរបស់ពួកគេលែងជាការតិះដៀលដល់គ្រិស្តសាសនាតទៅទៀតហើយ ក៏ប៉ុន្តែបានក្លាយជាឥទ្ធិពលដ៏ខ្លាំងក្លាដើម្បីគាំទ្រដល់ការគោរពព្រះវិញ។
សាវ័កប៉ុលបានផ្ញើសំបុត្រមួយច្បាប់ទៀត ទៅកាន់បងប្អូននៅក្រុងកូរិនថូសដោយក្តីអំណរ ដើម្បីបង្ហាញភាពរីករាយនៅក្នុងចិត្តររបស់លោក ដោយព្រោះតែកិច្ចការដ៏ល្អដែលបានកើតឡើងនៅក្នុងចំណោមពួកគេ «ដ្បិតបើសិនជាខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដោយសំបុត្រនោះ ខ្ញុំក៏មិនស្តាយដែរ ទោះបើបានស្តាយពីមុនក៏មែន»។ នៅពេលមានកង្វល់ដោយការភ័យខ្លាចថាពាក្យសម្ដីរបស់លោកត្រូវគេមើលងាយ ជួនកាលលោកសោកស្តាយដោយបានសរសេរពាក្យខ្លាំងៗនិងចំៗ នោះដែរ។ លោកបានបន្តថា «គង់តែខ្ញុំអរក្នុងពេលឥឡូវនេះវិញ មិនមែនដោយព្រោះអ្នករាល់គ្នាកើតទុក្ខព្រួយទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយ រហូតដល់បានប្រែចិត្តវិញទេតើ ដ្បិតអ្នករាល់គ្នាបានកើតទុក្ខព្រួយ បែបដែលគាប់ព្រះហឫទ័យដល់ព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វី ដោយព្រោះយើងខ្ញុំឡើយ» ។ ការកែប្រែចិត្តនោះដែលត្រូវបានបង្កើតឡើងដោយឥទ្ធិពលនៃព្រះគុណរបស់ព្រះ ទៅលើចិត្តរបស់មនុស្ស នឹងនាំឲ្យមានការលន់តួនិងការលះបង់អំពើបាប។ នោះហើយគឺជាផលផ្លែដែលសាវ័កប៉ុលបានប្រកាស ត្រូវបានគេមើលឃើញនៅក្នុងជីវិតអ្នកជឿនៅទីក្រុងកូរិនថូស។ «នោះបានបង្កើតឲ្យអ្នករាល់គ្នាមានសេចក្តីសង្វាត សេចក្តីដោះសា សេចក្តីគ្នាន់ក្នាញ់ សេចក្តីភ័យខ្លាច សេចក្តីនឹករឭកសេចក្តីឧស្សាហ៍»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា។ (កូរិនថូសទី១ ៣:១៦)