ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣១)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក៣១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចំណែក​ជា​មួយ​គ្នា​ក្នុង​ដំណឹង​ល្អ។ កូរិនថូសទី១ ៩:២៣

លោកប៉ុលបានរងបន្ទុកខាងផ្លូវចិត្តជំនួសពួកជំនុំអស់ពេលមួយរយៈ ជាបន្ទុកដ៏ធ្ងន់ដែលលោកសឹងតែមិនអាចទ្រាំទ្របាន ។ គ្រូក្លែងក្លាយបានព្យាយាមបំផ្លាញឥទ្ធិឫទ្ធិរបស់លោក ក្នុងចំណោមពួកអ្នកជឿ ហើយជំរុញដាក់បញ្ចូលគោលលទ្ធិរបស់ពួកគេជំនួសសេចក្ដីពិតនៃដំណឹងល្អវិញ។ ភាពអល់អែកនិងការធ្លាក់ទឹកចិត្ដដែលនៅព័ទ្ធជុំវិញលោកប៉ុល ត្រូវបានបង្ហាញឲ្យឃើញនៅក្នុងប្រសាសន៍របស់លោកថា «យើងខ្ញុំមានបន្ទុកយ៉ាងធ្ងន់ក្រៃលែង ហួសពីកម្លាំងនៃយើងខ្ញុំទៅទៀត ដល់ម៉្លេះបានជាយើងខ្ញុំអស់សង្ឃឹមនឹងនៅរស់ផង»។

ប៉ុន្ដែ ឥឡូវនេះមូលហេតុមួយដែលបណ្ដាលឲ្យមានការព្រួយបារម្ភនោះត្រូវបានដកចេញហើយ ។ នៅពេលដឹងដំណឹងនៃការទទួលយកសំបុត្ររបស់លោក ពីសំណាក់ពួកជំនុំនៅក្រុងកូរិនថូស លោកប៉ុលបានបកស្រាយពីសេចក្តីត្រេកអររបស់លោកថា «សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រិស្ត ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កម្សាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កម្សាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកម្សាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ គឺដោយសារ​សេចក្តី​ក្សាន្ត​នោះឯង ដែលព្រះបានកម្សាន្តចិត្តយើងស្រេចហើយ ដ្បិតដូចជាសេចក្តីទុក្ខលំបាករបស់ព្រះគ្រិស្ត បានចម្រើនឡើងដល់យើងរាល់គ្នាយ៉ាងណា នោះសេចក្តីក្សាន្តចិត្តនៃយើងរាល់គ្នា ក៏ចម្រើនដោយសារព្រះគ្រិស្តបែបដូច្នោះដែរ ដូច្នេះ បើសិនជាយើងខ្ញុំកើតមានសេចក្តីវេទនា នោះគឺសម្រាប់ជាសេចក្តីកម្សាន្តចិត្ត និងសេចក្តីសង្គ្រោះដល់អ្នករាល់គ្នា ជាសេចក្តីដែល​បាន​កើត​មក ដោយការទ្រាំទ្រ និងសេចក្តីទុក្ខលំបាកដដែល ដែលយើងខ្ញុំក៏រងទុក្ខដែរ ហើយយើងខ្ញុំមានសង្ឃឹមដល់អ្នករាល់គ្នាមាំមួនផង ដោយដឹងថា អ្នករាល់គ្នានឹងបានចំណែកក្នុងសេចក្តីកម្សាន្តចិត្ត ដូចជាបានចំណែកក្នុងការទុក្ខលំបាកនោះដែរ»។

ក្នុងការសម្តែងសេចក្តីអំណររបស់លោក ចំពោះការកែប្រែចិត្ត និង​ភាពរីកចម្រើន ក្នុងព្រះគុណរបស់ព្រះ របស់ពួកគេ លោកប៉ុលបាន​សរសើរ​តម្កើងដល់ព្រះ ចំពោះការផ្លាស់ប្តូរចិត្តនិងជីវិតរបស់ពួកគេ ។ លោកបាន​មានប្រសាសន៍ថា «តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជម្នះក្នុងព្រះគ្រិស្ត ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែងផង ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រិស្តដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ» ។ ជាទំនៀមទម្លាប់នៅសម័យនោះ មេទ័ពណាដែលទទួលបានជ័យជម្នះនៅក្នុងសង្គ្រាម អាចនាំយក​ឈ្លើយ​សឹក​ទាំងខ្សែៗ ត្រឡប់មកស្រុកវិញជាមួយខ្លួន ។ ក្នុងឱកាសបែបនេះ គេបានតែងតាំងឲ្យមានអ្នកដុតកំញាណ (ធួប) ហើយនៅពេលដែលកងទ័ពបានដើរដង្ហែរក្បួនយ៉ាងក្លៀវក្លាវិលត្រឡប់មកកាន់មាតុភូមិវិញ ក្លិនក្រអូបបានជះទៅលើឈ្លើយសឹកដែលគេនឹងត្រូវសម្លាប់ ជាក្លិននៃសេចក្តីស្លាប់ ដោយបង្ហាញថាពួកគេជិតដល់ពេលត្រូវគេសម្លាប់ហើយ។ ប៉ុន្តែ ចំពោះអ្នកជាប់ឃុំដែលបានពេញចិត្តពីសំណាក់អ្នកដែលចាប់ពួកគេ និងជាអ្នកដែលគេរក្សាទុកជីវិតរបស់ខ្លួន ក្លិននោះគឺជាការជួយសង្រ្គោះជីវិតរបស់គេទៅវិញ ដែលបង្ហាញថាសេរីភាពរបស់ពួកគេជិតមកដល់ហើយ។

ឥឡូវនេះ លោកប៉ុលពោរពេញដោយជំនឿនិងសេចក្ដីសង្ឃឹម ។ លោកបានជ្រាបថាសាតាំងមិនអាចមានជ័យជម្នះលើកិច្ចការរបស់ព្រះនៅទីក្រុងកូរិនថូសបានទេ ហើយដោយពាក្យសរសើរតម្កើង លោកបានថ្លែងអំណរគុណចេញពីដួងចិត្តរបស់លោក ។ លោកនិងអ្នកធ្វើការជាមួយលោកនឹងអបអរសាទរជ័យជម្នះរបស់ពួកគេ លើសត្រូវរបស់ព្រះគ្រិស្ត និងសេចក្ដីពិត ដោយការចេញទៅជាមួយសន្ទុះចិត្តពុះកញ្រ្ជោលថ្មី ដើម្បីពង្រីកចំណេះដឹងអំពីព្រះអង្គសង្រ្គោះ ។ ដូចជាក្លិនក្រអូបចេញពីផ្សែងនៃដំណឹងល្អ ដែលត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។ ចំពោះអស់អ្នកដែលបានទទួលយកព្រះគ្រិស្ត សារនោះគឺជាក្លិននៃជីវិតមួយហើយមួយទៀត។ រីឯអស់អ្នកដែលត្រូវវិនាសដោយគ្មានជំនឿក្លិននោះគឺជាក្លិននៃសេចក្តីស្លាប់មួយហើយមួយទៀត។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថាព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា។ ​(កូរិនថូសទី១ ៣:១៦)

Powered by CAM