កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក៣២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តើអ្នករាល់គ្នាមិនដឹងទេឬអី ថាពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែ១ទេដែលបានរង្វាន់ ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ។ កូរិនថូសទី១ ៩:២៤
ដោយដឹងពីទំហំនៃកិច្ចការនេះ លោកប៉ុលបានឩទានឡើងថា «តើអ្នកណាគួរនឹងសេចក្តីទាំងនេះ»។ តើនរណាអាចអធិប្បាយពីព្រះគ្រិស្ត ក្នុងរបៀបដែលសត្រូវរបស់ទ្រង់គ្មានហេតុផលនឹងមើលងាយដល់អ្នកនាំសារ ឬដល់សារដែលអ្នកនោះបញ្ចេញ? លោកប៉ុលចង់សង្កត់ទៅលើគំនិតរបស់អ្នកជឿដទៃទៀត អំពីកិច្ចការដ៏ឧឡារិករបស់ដំណឹងល្អ ។ ការស្មោះត្រង់ក្នុងការផ្សព្វផ្សាយព្រះបន្ទូល ដែលរួបរួមជាមួយនឹងជីវិតដ៏បរិសុទ្ធនិងឋិតថេរតែមួយមុខគត់ ដែលអាចធ្វើឲ្យព្រះទទួលយកការខិតខំប្រឹងប្រែងនៃអ្នកបម្រើរបស់ទ្រង់ និងបានជាប្រយោជន៍ដល់មនុស្សឯទៀតផង ។ ពួកគ្រូគង្វាលរបស់យើងនៅសម័យសព្វថ្ងៃនេះ ដែលមានបន្ទុកនៃកិច្ចការយ៉ាងធ្ងន់ធ្ងរ អាចនឹងឧទានដោយអំណរ ជាមួយនឹងសាវ័កប៉ុលថា «តើអ្នកណាគួរនឹងសេចក្តីទាំងនេះ?»
មានអ្នកបានចោទប្រកាន់លោកប៉ុលពីការលើកតម្កើងខ្លួនឯង នៅក្នុងការសរសេរសំបុត្រលើកមុនរបស់លោក ។ ឥឡូវនេះ សាវ័កប៉ុលបានថ្លែងសំដៅទៅលើរឿងនេះ ដោយសួរសមាជិកនៃពួកជំនុំ ក្រែងពួកគេវិនិច្ឆ័យពីគោលបំណងរបស់លោក ។ លោកបានសួរថា «ដូច្នេះ តើយើងចាប់តាំងផ្ទុកផ្តាក់ខ្លួនយើងខ្ញុំម្តងទៀតឬអី តើយើងខ្ញុំត្រូវការនឹងសំបុត្រផ្ទុកផ្តាក់ខ្លួនយើងនឹងអ្នករាល់គ្នា ឬត្រូវការនឹងអ្នករាល់គ្នាឲ្យសំបុត្រផ្ទុកផ្តាក់យើងនឹងគេ ដូចជាអ្នកខ្លះត្រូវការឬអី?» ពួកអ្នកជឿដែលបានផ្លាស់ប្តូរទីលំទៅកន្លែងថ្មី តែងតែយកលិខិតសរសើរពីពួកជំនុំដែលពួកគេធ្លាប់បានរួបរួមជាមួយ។ ប៉ុន្តែ ពួកមេដឹកនាំ ដែលជាស្ថាបនិកនៃពួកជំនុំទាំងនេះមិនត្រូវការការសរសើរបែបនេះទេ។ អ្នកជឿនៅទីក្រុងកូរិនថូស ដែលត្រូវបានដឹកនាំឲ្យបែរចេញពីការថ្វាយបង្គំរូបព្រះក្លែងក្លាយ មករកសេចក្ដីជំនឿនៃដំណឹងល្អនោះ គឺជាការសរសើរដែលលោកប៉ុលត្រូវការ។ ការទទួលសេចក្ដីពិតរបស់ពួកគេ និងការកែប្រែឡើងវិញដែលបានកើតឡើងនៅក្នុងជីវិតរបស់ពួកគេ បានបញ្ចេញជាទីបន្ទាល់ដ៏វាងវៃចំពោះភាពស្មោះត្រង់នៃការងារ និងអំណាចរបស់លោក ក្នុងការទូន្មាននិងដាស់តឿនដល់អ្នកបម្រើរបស់ព្រះគ្រិស្ត។
លោកប៉ុលបានចាត់ទុកពួកបងប្អូននៅទីក្រុងកូរិនថូស ថាជាទីបន្ទាល់ របស់លោក ។ លោកបានមានប្រសាសន៍ថា «គឺអ្នករាល់គ្នាជាសំបុត្ររបស់យើងខ្ញុំហើយ ទាំងកត់ទុកក្នុងចិត្តយើងខ្ញុំផង ដែលមនុស្សទាំងអស់ក៏ដឹង ហើយអានមើលដែរ ដោយបានសម្តែងមកច្បាស់ថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រិស្ត ដែលយើងខ្ញុំបានតែងទុក ដោយការងារយើងខ្ញុំ មិនមែន សរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់ ក៏មិនមែន លើបន្ទះថ្មដែរ គឺក្នុងចិត្តខាងសាច់ឈាមវិញ»។
ការកែប្រែចិត្ដរបស់មនុស្សមានបាប និងគំនិតដ៏បរិសុទ្ធតាមរយៈសេចក្តីពិត គឺជាភស្ដុតាងដ៏រឹងមាំបំផុត ដែលបញ្ជាក់ថាអ្នកបម្រើម្នាក់ត្រូវបានព្រះត្រាស់ហៅឲ្យបម្រើការងារ។ ភស្ដុតាងនៃភាពជាសាវ័ករបស់អ្នកនោះត្រូវបានកត់ត្រាទុក នៅក្នុងដួងចិត្តពួកអ្នកដែលបានកែប្រែចិត្ដ ហើយត្រូវបានធ្វើទីបន្ទាល់ដោយជីវិតថ្មីរបស់ពួកគេ។ ព្រះគ្រិស្តត្រូវបានបង្កើតឡើងនៅក្នុងចិត្ត ជាក្តីសង្ឃឹមដ៏មានសិរីល្អ ។ គ្រូគង្វាលត្រូវបានពង្រឹងយ៉ាងរឹងមាំដោយសារត្រានៃកិច្ចការរបស់ខ្លួន។
សព្វថ្ងៃនេះពួកអ្នកបម្រើរបស់ព្រះគ្រិស្ត គួរតែមានទីបន្ទាល់ដូចគ្នានឹងអ្វីដែលពួកជំនុំនៅទីក្រុងកូរិនថូសបានធ្វើ ចំពោះការងាររបស់លោកប៉ុលដែរ។ ប៉ុន្តែ ទោះបីជានៅសម័យសព្វថ្ងៃនេះមានគ្រូអធិប្បាយជាច្រើនក៏ដោយ ក៏នៅមានការខ្វះខាតអ្នកបម្រើដែលបរិសុទ្ធជាមនុស្សដែលពោរពេញទៅដោយ សេចក្តីស្រឡាញ់ ដែលមាននៅក្នុងព្រះទ័យរបស់ព្រះគ្រិស្តដែរ។ មានអំនួត ការមានទំនុកចិត្តលើខ្លួនឯង ការស្រឡាញ់លោកិយ កំហុសឆ្គងដ៏ជូរចត់ និងការច្រណែន គឺជាផលផ្លែដែលកើតមានឡើងដោយមនុស្សជាច្រើនដែលអះអាងថាខ្លួនជាអ្នកកាន់សាសនារបស់ព្រះគ្រិស្ត។ ជីវិតរបស់ពួកគេមានលក្ខណៈផ្ទុយស្រឡះពីព្រះជន្មរបស់ព្រះអង្គសង្រ្គោះ ជារឿយៗ គេតែងតែបង្ហាញទីបន្ទាល់ដ៏គួរឲ្យសោកស្ដាយ ដល់អត្តចរិតនៃអ្នកធ្វើការខាងព្រលឹងវិញ្ញាណដែលគេបានបំផ្លាស់បំប្រែ។
មិនអាចមានកិត្តិយសណាសម្រាប់មនុស្ស ដែលប្រសើរជាងការដែលព្រះទទួលយកថាជាអ្នកបម្រើដំណឹងល្អដែលមានសមត្ថភាពនោះឡើយ។ ប៉ុន្ដែ សូមកុំឲ្យអស់អ្នកដែលព្រះអម្ចាស់បានប្រទានពរជាអំណាចនិងភាពជោគជ័យនៅក្នុងកិច្ចការរបស់ទ្រង់ មានអំនួតឡើយ ពួកគេត្រូវតែពឹងផ្អែកទៅលើព្រះទាំងស្រុង ដោយដឹងថាខ្លួនគេគ្មានអំណាចអ្វីទេ។ ពួកគេនឹង និយាយជាមួយលោកប៉ុលថា «មិនមែនថា យើងខ្ញុំពូកែល្មមដោយខ្លួនឯង និងគិតស្មានថា មានអ្វីកើតពីខ្លួនយើងខ្ញុំនោះឡើយ តែដែលយើងខ្ញុំពូកែ នោះមកតែពីព្រះទេ ដែលទ្រង់បានប្រោស ឲ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបម្រើនៃសញ្ញាថ្មីបាន»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា។ (កូរិនថូសទី១ ៣:១៦)