កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក៣៤
ដោយយោងទៅលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ លោកប៉ុលបាន បង្ហាញថា ក្នុងការជ្រើសរើសបំពេញកិច្ចរបស់ព្រះគ្រិស្ត លោកមិនត្រូវមាន គំនិតអាត្មានិយម ដែលគិតតែពីប្រយោជន៍ខ្លួនឯងនោះទេ ពីព្រោះផ្លូវរបស់លោកមានពេញទៅដោយការពិបាកនិងការល្បួង ។ លោកបានសរសេរថា «យើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តី វិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោល នៅម្នាក់ ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ យើងខ្ញុំផ្ទុកសេចក្តីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសម្តែងមក ក្នុងរូបកាយយើងខ្ញុំដែរ»។
លោកប៉ុលបានរំឭកបងប្អូនរបស់លោកថា ក្នុងនាមជាអ្នកនាំសាររបស់ព្រះគ្រិស្ត លោកនិងពួកអ្នកដែលធ្វើការជាមួយលោក ត្រូវតែបន្តជួបនឹងសេចក្តីវិនាសជានិច្ច។ ការពិបាកដែលពួកគេបានស៊ូទ្រាំកំពុងបោកបក់យក កម្លាំងរបស់ពួកគេ។ លោកបានសរសេរថា «ដ្បិតយើងរាល់គ្នាដែលរស់នៅ នោះយើងត្រូវប្រគល់ដល់សេចក្តីស្លាប់ជាដរាប ដោយព្រោះព្រះយេស៊ូវ ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសម្តែងមក ក្នុងរូបសាច់យើង ដែលតែងតែស្លាប់នេះ ហេតុនោះបានជាសេចក្តីស្លាប់កំពុងតែចម្រើនឡើងក្នុងយើងខ្ញុំ តែជីវិតចម្រើនក្នុងអ្នករាល់គ្នាវិញ»។ ការរងទុក្ខវេទនាខាងរាងកាយ តាមរយៈការអត់ឃ្លាន និងការខិតខំប្រឹងប្រែងទាំងនេះ ពួកអ្នកបម្រើព្រះគ្រិស្តកំពុងអនុលោមទៅតាមការសុគតរបស់ទ្រង់។ ប៉ុន្តែ ការងារដែលនាំឲ្យស្លាប់នៅក្នុងពួកគេ កំពុងនាំមកនូវជីវិតខាងព្រលឹងវិញ្ញាណ និងការព្យាបាលដល់អ្នកក្រុងកូរិនថូស ដែលដោយសារការជឿទៅលើសេចក្តីពិត នាំឲ្យពួកគេមានចំណែក នៃជីវិត អស់កល្ប ។ នៅក្នុងគំនិតនេះ សិស្សរបស់ព្រះយេស៊ូវត្រូវតែប្រុងប្រយ័ត្នកុំឲ្យបង្កើនការពិបាកនិងបន្ទុករបស់អ្នកធ្វើការ ដោយការព្រងើយកន្តើយនិងការមិនពេញចិត្តឡើយ។
លោកប៉ុលបានបន្តថា «ហើយដែលមានចិត្តជឿដូចគ្នា ត្រូវនឹងសេចក្តី ដែលចែងទុកមកថា ខ្ញុំបានជឿ បានជាខ្ញុំនិយាយ» ។ ដោយជឿជាក់យ៉ាងពេញទំហឹងទៅលើភាពពិតប្រាកដនៃសេចក្ដីពិត ដែលព្រះបានប្រទានដល់ លោក នោះគ្មានអ្វីដែលនាំឲ្យប៉ុលរិះគន់ដល់ព្រះបន្ទូលរបស់ព្រះ ដោយលាក់ពុតឬលាក់បាំងនូវការជឿជាក់នៅក្នុងចិត្តលោកឡើយ។ លោកមិន បានដេញតាម ទ្រព្យសម្បត្តិ កិត្តិយស ឬការកម្សាន្តដោយអនុលោមទៅតាមគំនិតរបស់លោកិយទេ ទោះបីជាលោកត្រូវបានគេធ្វើទុក្ខទោស ដោយសារតែជំនឿដែលលោកបានផ្សព្វផ្សាយដល់ពួកអ្នកក្រុងកូរិនថូសក៏ដោយ ក៏លោកមិនភ័យខ្លាចដែរ ដ្បិតលោកដឹងច្បាស់ថាព្រះបានសុគតហើយមានព្រះជន្មរស់ឡើងវិញ ទ្រង់នឹងប្រោសលោកឲ្យរស់ពីផ្នូរឡើងវិញ ហើយនាំ ទៅឯព្រះវរបិតា។
លោកបានមានប្រសាសន៍ថា «ពីព្រោះគ្រប់ទាំងអស់សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណ ដែលចម្រើនឡើង ដោយសារមនុស្សជាច្រើន បានបណ្តាលឲ្យមានសេចក្តីអរព្រះគុណចម្រើនជាបរិបូរណ៏ឡើង ដល់សិរីល្អនៃ ព្រះលើសទៅទៀត»។ ពួកសាវ័កមិនបានផ្សាយដំណឹងល្អដោយការពង្រីកបំប៉ោងទេ ។ គឺជាក្តីសង្ឃឹមនៃការជួយសង្រ្គោះដល់មនុស្ស ដែលនាំឲ្យពួក គេលះបង់ជីវិតដើម្បីកិច្ចការនេះ ។ ហើយដោយសារក្តីសង្ឃឹមនេះហើយ ដែលបានរារាំងពួកគេមិនឲ្យបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដោយសារតែការគំរាមកំហែងដោយគ្រោះថ្នាក់ ឬការរងទុក្ខលំបាកពិតប្រាកដផ្សេងៗ។
លោកប៉ុលបានមានប្រសាសន៍ថា «ហេតុនោះយើងខ្ញុំមិនណាយចិត្ត ឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ» ។ លោកប៉ុលបានដឹងពីអំណាចនៃសត្រូវ ។ ប៉ុន្ដែ ទោះជាកម្លាំងខាងកាយរបស់លោកបានធ្លាក់ចុះក៏ដោយ ក៏លោកបានប្រកាសដំណឹងល្អរបស់ព្រះគ្រិស្តយ៉ាងស្មោះត្រង់និងឥតកោតក្រែងដែរ។ ដោយពាក់គ្រឿងសឹក របស់ព្រះវីរបុរសនៃឈើឆ្កាងនេះបានបោះជំហានទៅមុខនៅក្នុងជម្លោះនេះ។ សំឡេងស្រែកហ៊ោរបស់លោកបានប្រកាសពីជ័យជម្នះរបស់លោកនៅក្នុង សមរភូមិ។ លោកបានសម្លឹងមើលទៅឯរង្វាន់នៃពួកអ្នកស្មោះត្រង់ ដែល លោកបានស្រែកដោយជ័យជម្នះថា «ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះឋិតថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែល មើលមិនឃើញ នោះនៅឋិតថេរអស់កល្បជានិច្ចវិញ»។
ការនិយាយដោយស្មោះត្រង់និងទាក់ទាញចិត្ត គឺជាការអំពាវនាវរបស់សាវ័កប៉ុលដែលបងប្អូនរបស់លោកនៅទីក្រុងកូរិនថូសពិចារណាពីក្ដីស្រឡាញ់ ដែលគ្មានគូប្រៀបរបស់ព្រះដ៏ប្រោសលោះរបស់ពួកគេ។ លោកបានសរសេរ ថា «ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់ នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយគង់តែទ្រង់បានត្រឡប់ ជាក្រដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារ សេចក្តីកម្ររបស់ទ្រង់»។ អ្នកដឹងពីកម្ពស់ដែលទ្រង់បានឱនចុះ ពីជម្រៅនៃការបន្ទាបខ្លួនដែលទ្រង់បានយាងចុះមក ។ ដោយបានយាងតាមផ្លូវនៃការលះបង់និងការបន្ទាបព្រះកាយ ទ្រង់មិនបានងាកចេញឡើយ រហូតដល់បានលះបង់ព្រះជន្មរបស់ទ្រង់។ នៅចន្លោះបល្ល័ង្កនិងឈើឆ្កាងមិនមានការសម្រាក សម្រាប់ទ្រង់ឡើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា។ (កូរិនថូសទី១ ៣:១៦)