ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក៣៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ មើលសេចក្តីស្រឡាញ់យ៉ាងណាហ្ន៎ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយ៍មិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ។ យ៉ូហានទី១ ៣:១
សាវ័កប៉ុលបានសង្កត់ធ្ងន់ទៅលើចំណុចមួយហើយមួយទៀត ដើម្បីឲ្យអស់អ្នកដែលបានអានសំបុត្ររបស់លោក អាចយល់ច្បាស់អំពីការបន្ទាប ព្រះកាយដ៏អស្ចារ្យរបស់ព្រះអង្គសង្រ្គោះជំនួសពួកគេ។ ដោយបង្ហាញពី ព្រះគ្រិស្ត កាលទ្រង់មានភាពស្មើនឹងព្រះ និងកាលទ្រង់បានទទួលការគោរពពីសំណាក់ពួកទេវតា សាវ័កប៉ុលបានរៀបរាប់ពីទ្រង់រហូតដល់ពេល ដែលទ្រង់បានបន្ទាបព្រះកាយយ៉ាងទាបបំផុត ។ លោកប៉ុលបានជឿជាក់ថាប្រសិនបើលោកអាចពន្យល់ពួកគេឲ្យយល់ពីការលះបង់ដ៏អស្ចារ្យ ដែលព្រះមហាក្សត្រនៃឋានសួគ៌បានធ្វើ នោះភាពអាត្មានិយមទាំងអស់របស់ពួកគេនឹងត្រូវបានដកយកចេញពីជីវិតរបស់ពួកគេ ។ លោកបានបង្ហាញពីរបៀបដែលព្រះរាជបុត្រានៃព្រះបានលះបង់ចោលសិរីរុងរឿងរបស់ទ្រង់ ដោយស្ម័គ្រចិត្តមកទទួលយកធម្មជាតិជាមនុស្ស ហើយបន្ទាប់មក ទ្រង់បានបន្ទាបអង្គទ្រង់ជាអ្នកបម្រើដែលបានស្ដាប់បង្គាប់រហូតដល់សុគត «គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាង» (ភីលីព ២:៨) ដើម្បីឲ្យទ្រង់អាចលើកមនុស្សធ្លាក់ចុះ ពីការវិនាសទៅជាមានសេចក្តីសង្ឃឹម និងអំណរនៃឋានសួគ៌។
នៅពេលយើងសិក្សាពីចរិតលក្ខណៈរបស់ព្រះ នៅក្នុងពន្លឺនៃឈើឆ្កាង យើងឃើញថាសេចក្តីមេត្តាករុណានិងការអត់ឱនទោសលាយបញ្ចូលនឹងសមធម៌និងយុត្តិធម៌ ។ យើងមើលឃើញនៅកណ្តាលបល្ល័ង្ក មានព្រះមួយ អង្គ ដែលមានស្នាមរបួសនូវព្រះហស្ត ព្រះបាទ និងនៅចំហៀង ជាសញ្ញា សម្គាល់ នៃការរងទុក្ខវេទនា ដែលទ្រង់បានស៊ូទ្រាំដើម្បីផ្សះផ្សាមនុស្សជាមួយនឹងព្រះ ។ យើងឃើញព្រះវរបិតាដែលគ្មានទីបញ្ចប់ គង់នៅក្នុងពន្លឺ ដែលគ្មានអ្នកណា អាចមើលបាន ប៉ុន្តែ ទ្រង់បានទទួលយើងទៅឯទ្រង់ តាមរយៈព្រះរាជបុត្រារបស់ទ្រង់។ ពពកនៃការសងសឹកដែលបានគំរាមកំហែងត្រឹមតែទុក្ខវេទនានិងភាពអស់សង្ឃឹម នៅក្នុងពន្លឺដែលបានឆ្លុះបញ្ចាំងពីលើឈើឆ្កាង បង្ហាញពីការសរសេររបស់ព្រះថា ចូររស់នៅចុះ មនុស្សមាន បាបអើយ ចូររស់នៅចុះ! មនុស្សដែលស្តាយក្រោយអើយ! ចូររស់នៅចុះ អ្នកដែលមានចិត្តជឿអើយ! ខ្ញុំបានលោះអ្នកហើយ។
នៅក្នុងការសញ្ជឹងគិតពីព្រះគ្រិស្ត យើងកំពុងនៅលើច្រាំងទន្លេនៃសេចក្ដីស្រឡាញ់ដែលមិនអាចវាស់វែងបាន។ យើងខំប្រឹងប្រាប់អំពីសេចក្ដីស្រឡាញ់នេះ ហើយភាសានោះក៏ធ្វើឲ្យយើងបរាជ័យ ។ យើងពិចារណាពីព្រះជន្មរបស់ទ្រង់នៅលើផែនដី ការលះបង់របស់ទ្រង់សម្រាប់យើង ការងាររបស់ ទ្រង់នៅឋានសួគ៌ ជាមេធាវីរបស់យើង និងពីទីលំនៅដែលទ្រង់កំពុងរៀបចំសម្រាប់អ្នកដែលស្រឡាញ់ទ្រង់ ហើយយើងអាចគ្រាន់តែឩទានឡើងថា ឱកម្ពស់និងជម្រៅនៃក្ដីស្រឡាញ់របស់ព្រះគ្រិស្តអើយ! «នេះហើយជាសេចក្តី ស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់ យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាតង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង»។ «មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៎ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកិយមិនស្គាល់យើងទេ ពីព្រោះមិន ស្គាល់ទ្រង់ដែរ» (យ៉ូហានទី១ ៤:១០ និង ៣: ១)។
ចំពោះសិស្សពិតប្រាកដរបស់ព្រះយេស៊ូវ សេចក្ដីស្រឡាញ់នេះឆេះនៅលើអាសនានៃដួងចិត្ត ដូចជាភ្លើងដ៏ពិសិដ្ឋ។ សេចក្តីស្រឡាញ់នេះបានបង្ហាញនៅលើផែនដីនេះ តាមរយៈព្រះគ្រិស្ត ។ គឺនៅលើផែនដីនេះហើយ ដែលកូនចៅរបស់ទ្រង់ត្រូវឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់នេះតាមរយៈព្រះជន្មដ៏គ្រប់លក្ខណ៍ ។ ដូច្នេះមនុស្សមានបាបនឹងត្រូវបាននាំទៅកាន់ឈើឆ្កាងដើម្បីមើលកូនចៀមនៃព្រះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មានមនុស្សដែលចែកផ្សាយទ្រព្យតែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាតតែគេចេះតែខ្វះខាតវិញ។ (សុភាសិត ១១:២៤)