ថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី៣២)៖ ​​

ពួកជំនុំដែលមានចិត្តសទ្ធា

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក៣៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តើ​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​ធ្វើ​ការ​ព្រះ គេ​បរិភោគ​ដោយសារ​ព្រះវិហារ ហើយ​ពួក​អ្នក​ដែល​បំរើ​អាសនា ក៏​បាន​ចំណែក​ពី​អាសនា​ដែរ។ កូរិនថូសទី១ ៩:១៣​

នៅក្នុងសំបុត្រទីមួយរបស់លោកទៅកាន់ពួកជំនុំនៅទីក្រុងកូរិនថូស លោកប៉ុលបានបង្រៀនដល់ពួកអ្នកជឿអំពីគោលការណ៍ទូទៅ ដែលគាំទ្រដល់ការងាររបស់ព្រះនៅលើផែនដី ។ លោកបានសរសេរពីការងារជាសាវ័ករបស់លោកជំនួសពួកគេ ។ លោកបានសួរថា៖

«ចុះតើដែលមានអ្នកណាធ្វើជាទាហាន ហើយចាយតែប្រាក់ខ្លួនឯង​ឬទេ តើដែលមានអ្នកណាដាំចម្ការទំពាំងបាយជូរ រួចមិនបរិភោគផល​ពីចម្ការ​នោះ ឬដែលមានអ្នកណាឃ្វាលហ្វូងសត្វ ឥតផឹកទឹកដោះវាឬទេ ដែលខ្ញុំ​និយាយសេចក្តីទាំងនេះ នោះតើតាមតែរបៀបមនុស្សប៉ុណ្ណោះ ឯក្រឹត្យវិន័យ តើមិនថាដូច្នេះដែរទេឬ ដ្បិតមានសេចក្តីចែងទុកមក ក្នុងក្រឹត្យវិន័យ​ លោក​ម៉ូសេថា «កុំឲ្យឃ្លុំមាត់របស់គោ ដែលបញ្ជាន់ស្រូវឡើយ» នោះតើព្រះទ្រង់គិតដល់គោតែប៉ុណ្ណោះ ឬទ្រង់មានព្រះបន្ទូលដូច្នោះចំពោះយើងរាល់គ្នាដែរ គឺដោយព្រោះតែយើងរាល់គ្នាហើយ បានជាសេចក្តី​នោះបានចែង​ទុកមកដើម្បីឲ្យអ្នកណាដែលភ្ជួររាស់ បានភ្ជួររាស់ដោយសង្ឃឹម ហើយអ្នក​ណាដែលបញ្ជាន់ដោយសង្ឃឹម នោះនឹងបានតាមសេចក្តីសង្ឃឹមនោះឯង»។

សាវ័កប៉ុលបន្តសួរថា «បើសិនជាយើងខ្ញុំបានសាបព្រោះរបស់ខាងព្រលឹងវិញ្ញាណ នៅក្នុងពួកអ្នករាល់គ្នា ហើយច្រូតបានរបស់អ្នករាល់គ្នាខាងសាច់ឈាមវិញ នោះតើច្រើនហួសពេកឬអី បើអ្នកឯទៀតមានអំណាចលើអ្នករាល់គ្នា នោះតើយើងខ្ញុំមិនត្រូវមានលើសជាងគេទៅទៀតទេឬអី ប៉ុន្តែ យើងខ្ញុំមិនបានប្រើអំណាចនោះទេ យើងខ្ញុំបានទ្រទ្រង់ទាំងអស់វិញ ដើម្បីមិនឲ្យដំណឹងល្អនៃព្រះគ្រិស្តត្រូវបង្អាក់ឡើយ តើមិនដឹងទេឬអី ថាពួក​អ្នកដែលធ្វើការព្រះ គេបរិភោគដោយសារព្រះវិហារ ហើយពួកអ្នកដែល​បម្រើអាសនា ក៏បានចំណែកពីអាសនាដែរ ព្រះអម្ចាស់ទ្រង់ក៏បង្គាប់ឲ្យពួកអ្នកដែលផ្សាយដំណឹងល្អ បានរស់ដោយសារដំណឹងល្អដូច្នោះដែរ» (កូរិនថូសទី១ ៩:៧-១៤)។

នៅទីនេះសាវ័កប៉ុលបានយោងសំដៅទៅផែនការរបស់ព្រះជាម្ចាស់ សម្រាប់ការថែរក្សាពួកសង្ឃដែលបានបម្រើកិច្ចការនៅក្នុងព្រះវិហារ។ អស់អ្នកដែលត្រូវបានញែកចេញសម្រាប់មុខតំណែងដ៏បរិសុទ្ធនេះ ត្រូវបានគាំទ្រ ដោយពួកបងប្អូនរបស់ខ្លួន ដែលពួកគេបានបម្រើដោយព្រះពរខាងព្រះវិញ្ញាណ។ «អស់អ្នកក្នុងពូជពង្សរបស់លោកលេវីដែលបានទទួលមុខងារជាសង្ឃនោះ ក៏បានទទួលបញ្ជាឲ្យហូតយកតង្វាយដប់ហូតមួយពីប្រជាជន ស្របតាមក្រឹត្យវិន័យដែរ» (ហេព្រើរ ៧:៥) (គម្ពីរភាសាខ្មែរបច្ចុប្បន្ន)។ ព្រះបានជ្រើសរើសអំបូរលេវី សម្រាប់មុខតំណែងដ៏ពិសិដ្ឋ ទាក់ទងនឹង​ព្រះវិហារនិងភាពជាសង្ឃ។ ព្រះគម្ពីរបានចែងអំពីសង្ឃម្នាក់ថា «ដ្បិត​ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានរើសគេ … ឲ្យបានឈរធ្វើការងារ ដោយនូវព្រះនាមព្រះយេហូវ៉ាជានិច្ច» (ចោទិយកថា ១៨:៥) ព្រះជាម្ចាស់បានទាមទារចំនួនមួយភាគដប់ពីគ្រប់ទាំងចំណូល សម្រាប់ព្រះអង្គផ្ទាល់ ហើយព្រះអង្គបានចាត់ទុកការកេងទុកតង្វាយដប់ហូតមួយនេះទុក ថាជាការប្លន់​ពីព្រះអង្គដោយផ្ទាល់។

គឺផែនការសម្រាប់ការគាំទ្រពីកិច្ចការរបស់ពួកសង្ឃនេះហើយ ដែលលោកប៉ុលចង់បញ្ជាក់ នៅពេលដែលលោកបានមានប្រសាសន៍ថា «ព្រះអម្ចាស់ទ្រង់ក៏បង្គាប់ឲ្យពួកអ្នកដែលផ្សាយដំណឹងល្អ បានរស់ដោយ​សារដំណឹងល្អដូច្នោះដែរ»។ ហើយក្រោយមកទៀត នៅពេលដែលលោកបានសរសេរទៅកាន់លោកធីម៉ូថេ សាវ័កប៉ុលបានមានប្រសាសន៍ថា «ជើងឈ្នួល គួរឲ្យបានប្រាក់ឈ្នួលខ្លួន» (ធីម៉ូថេទី១ ៥:១៨)។

ការបង្វិលតង្វាយដប់ហូតមួយថ្វាយទៅព្រះ គឺជាផ្នែកមួយនៃផែនការរបស់ទ្រង់សម្រាប់គាំទ្រដល់កិច្ចការរបស់ព្រះអង្គ ។ អំណោយនិងតង្វាយជាច្រើនត្រូវបានញែកទុកដោយឡែកសម្រាប់ថ្វាយទៅព្រះ ។ នៅក្រោមប្រព័ន្ធតង្វាយនៃសាសន៍យូដា គេបានបង្រៀនដល់បណ្តាជនឲ្យស្រឡាញ់នូវស្មារតីលះបង់ ដើម្បីទ្រទ្រង់កិច្ចការរបស់ព្រះនិងការផ្គត់ផ្គង់ដល់សេចក្ដីត្រូវការរបស់អ្នកទ័លក្រ ។ មានតង្វាយស្ម័គ្រចិត្ត នៅក្នុងឱកាសពិសេសៗ​មួយ​ចំនួន ។ នៅរដូវចម្រូតនិងរដូវបេះផ្លែទំពាំងបាយជូរ ផលដំបូងនៃស្រែចម្ការ មានពោត ទឹកទំពាំងបាយជូរ និងប្រេងជាដើម ត្រូវបានញែកចេញទុកជាតង្វាយថ្វាយដល់ព្រះជាម្ចាស់។ ឯកួរស្រូវដែលជ្រុះ និងស្រូវនៅតាមជ្រុង ស្រែត្រូវទុកសម្រាប់ប់អ្នកក្រីក្រ។ ផលដំបូងនៃរោមចៀមនៅពេលកោររោមវា ផលស្រូវដំបូងចេញពីការបោកបែន ត្រូវញែកទុកសម្រាប់ថ្វាយទៅព្រះ។ ចំណែកកូនដំបូងនៃសត្វទាំងអស់ ហើយតម្លៃលោះកូនដំបូង ក៏ត្រូវតែថ្វាយ​ទៅព្រះដូចគ្នាដែរ ។ ផលដំបូងត្រូវយកទៅថ្វាយនៅចំពោះព្រះភ័ក្ត្រព្រះអង្គ នៅឯរោងឩបោសថ ហើយត្រូវតែលះបង់ទុកសម្រាប់ការប្រើប្រាស់របស់ពួកសង្ឃ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យតែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួងហែង​ហួស​ខ្នាតតែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។ ​(សុភាសិត ១១:២៤)

Powered by CAM