កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣២)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អែសរ៉ា ជំពួក១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តើអ្នករាល់គ្នាមិនដឹងទេឬអី ថាពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែ១ទេដែលបានរង្វាន់ ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ។ កូរិនថូសទី១ ៩:២៤
តាមរយៈប្រព័ន្ធតង្វាយនៃក្តីមេត្តាករុណានេះ ព្រះអម្ចាស់បានព្យាយាមបង្រៀនដល់សាសន៍អ៊ីស្រាអែលថា អ្វីគ្រប់យ៉ាងត្រូវតែថ្វាយដល់ទ្រង់ជាដំបូងបង្អស់។ ហេតុនេះហើយបានជាពួកគេត្រូវចងចាំថា ព្រះគឺជាម្ចាស់ស្រែចម្ការ និងគោក្របី ហ្វូងពពែ ហ្វូងចៀម ទាំងអស់របស់ពួកគេ និងថាទ្រង់ជាព្រះដែលបានបញ្ជូនពន្លឺព្រះអាទិត្យ និងទឹកភ្លៀង ដល់ពួកគេ ដើម្បីឲ្យភោគផលបានដុះលូតលាស់ និងចាស់ទុំ រហូតដល់បានប្រមូលផល។ អ្វីៗទាំងអស់ដែលពួកគេមានគឺជារបស់ទ្រង់ ពួកគេគ្រាន់តែជាអ្នកថែរក្សារបស់ទ្រង់ប៉ុណ្ណោះ។
ព្រះអង្គមិនមានជាគោលបំណងចង់ឲ្យពួកគ្រិស្តបរិស័ទដែលបានទទួលច្រើនលើសពីសាសន៍យូដា ថ្វាយតង្វាយដល់ទ្រង់ដោយសទ្ធា តិចជាង សាសន៍យូដានោះឡើយ ។ ព្រះអង្គសង្គ្រោះបានមានបន្ទូលថា «ឯអ្នកណា ដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ នោះនឹងត្រូវវាយតិចវិញ ឯអស់អ្នកណាដែលគេប្រគល់ទុកជាច្រើនឲ្យ នោះគេនឹងទារជាច្រើនពីអ្នក នោះវិញ» (លូកា ១២:៤៨)។ ការលះបង់ដែលព្រះបានទាមទារពីពួកសាសន៍ ហេព្រើរ គឺដើម្បីជាប្រយោជន៍ដល់ប្រទេសរបស់ពួកគេ សព្វថ្ងៃនេះកិច្ចការរបស់ព្រះបានពង្រីកនៅគ្រប់ទីកន្លែងលើផែនដីទាំងមូល។ ព្រះគ្រិស្តបានដាក់រតនសម្បត្តិនៃដំណឹងល្អនៅក្នុងដៃពួកអ្នកដែលដើរតាមទ្រង់ ហើយទ្រង់បានដាក់ការទទួលខុសត្រូវនៃការផ្សព្វផ្សាយដំណឹងល្អនៃសេចក្ដីសង្គ្រោះ ដល់លោកិយទាំងមូលនៅលើពួកគេ។ ពិតប្រាកដណាស់ កាតព្វកិច្ចរបស់ យើងធំធេងជាងកិច្ចការរបស់សាសន៍អ៊ីស្រាអែលពីបុរាណឆ្ងាយណាស់។
នៅពេលដែលកិច្ចការរបស់ព្រះរីកចម្រើន នោះការអំពាវនាវទាមទារ ជំនួយកាន់តែមានច្រើនឡើងដែរ។ ហើយដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ រកជំនួយនេះ ពួកជំនុំនៅទីក្រុងត្រូវតែយកចិត្តទុកដាក់ទៅនឹងការបង្គាប់ឲ្យ «នាំយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ» (ម៉ាឡាគី ៣:១០) ។ ប្រសិនបើអ្នកដែលអះអាងថាជាគ្រិស្តបរិស័ទស្មោះត្រង់ក្នុងការថ្វាយតង្វាយដប់ហូតមួយ និងតង្វាយសទ្ធា នោះឃ្លាំងរបស់ព្រះនឹងបានពេញហៀរ ។ ពេលនោះនឹងមិនចាំបាច់មានការតាំងពិពណ៌ ការលក់ឆ្នោត ឬការជប់លៀងសប្បាយ រីករាយ ដើម្បីរក្សាសុវត្ថិភាពថវិកាសម្រាប់គាំទ្រដល់ដំណឹងល្អឡើយ។
អារក្សបានល្បួងមនុស្សឲ្យប្រើប្រាស់ទ្រព្យសម្បត្តិរបស់គេសម្រាប់ភាពហ៊ឺហាផ្ទាល់ខ្លួន សម្រាប់បរិភោគតាមចំណង់ចិត្ត សម្រាប់ការតុបតែង ផ្ទាល់ខ្លួន ឬសម្រាប់តុបតែងលម្អក្នុងផ្ទះរបស់ពួកគេ ។ ចំពោះវត្ថុទាំងនេះ សមាជិកពួកជំនុំជាច្រើនមិនស្ទាក់ស្ទើរក្នុងការចំណាយលុយដោយសេរីឡើយ ហើយរហូតមានការខ្ជះខ្ជាយហួសហេតុទៀតផង ។ ប៉ុន្តែ នៅពេលមានការអំពាវនាវសុំឲ្យថ្វាយដល់ឃ្លាំងរបស់ព្រះជាម្ចាស់ ដើម្បីបន្តកិច្ចការរបស់ទ្រង់នៅលើផែនដី នោះពួកគេបែរជាស្ទាក់ស្ទើរទៅវិញ ។ ប្រហែលពួក គេគិតថា ពួកគេមិនអាចធ្វើបានល្អជាងនេះទេ ពួកគេបានថ្វាយតង្វាយតិចជាងចំនួនដែលពួកគេតែងតែចំណាយសម្រាប់ការឥតប្រយោជន៍ ដែល មិនចាំបាច់។ ពួកគេមិនបានបង្ហាញសេចក្ដីស្រឡាញ់ពិតប្រាកដចំពោះកិច្ចការរបស់ព្រះគ្រិស្តទេ ហើយមិនចាប់អារម្មណ៍យ៉ាងស្មោះត្រង់ទៅនឹងសេចក្តីសង្គ្រោះដល់មនុស្សឡើយ។ ជីវិតគ្រិស្តបរិស័ទបែបនោះរួញខ្លីនិងមានជំងឺហើយ!
អ្នកណាដែលមានចិត្តពោរពេញដោយសេចក្តីស្រឡាញ់របស់ព្រះគ្រិស្ត នឹងចាត់ទុកការថ្វាយតង្វាយនេះមិនមែនគ្រាន់តែជាកាតព្វកិច្ចប៉ុណ្ណោះទេ តែជាសេចក្តីរីករាយដើម្បីជួយជំរុញឲ្យកិច្ចការដ៏ខ្ពស់បំផុត និងបរិសុទ្ធបំផុត ដែលព្រះបានប្រទានដល់មនុស្សឲ្យមានដំណើរការឆ្ពោះទៅមុខ ជាកិច្ចការ នៃការបង្ហាញដល់ពិភពលោកនូវភាពសំបូរហូរហៀរនៃសេចក្តីល្អសេចក្តីមេត្តាករុណា និងសេចក្តីពិត។
គឺជាវិញ្ញាណនៃការលោភលន់ដែលនាំមនុស្សឲ្យរក្សាទុកទ្រព្យសម្បត្តិដែលជាចំណែករបស់ព្រះ សម្រាប់បំពេញសេចក្ដីប្រាថ្នារបស់ខ្លួនឯង ហើយគំនិតនេះជាការស្អប់ខ្ពើមជាខ្លាំងចំពោះទ្រង់ នៅពេលសព្វថ្ងៃនេះ ក៏ដូចជាការដែលទ្រង់បានបន្ទោសដល់ពួកបណ្តាជនតាមរយៈហោរារបស់ទ្រង់ ដោយមានបន្ទូលថា «ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ ប៉ុន្តែ ឯងរាល់ គ្នា បានកោងយករបស់អញហើយ រួចបែរជាសួរថា តើយើងបានកោងយក របស់ទ្រង់ឯណា? គឺក្នុងតង្វាយ១ភាគក្នុង១០ ហើយក្នុងតង្វាយលើកចុះ ឡើងនោះឯង ឯងរាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្តាសា ហើយ ដោយព្រោះតែងតែកោងយករបស់អញយ៉ាងដូច្នេះ» (ម៉ាឡាគី ៣:៨, ៩)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មានមនុស្សដែលចែកផ្សាយទ្រព្យតែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាតតែគេចេះតែខ្វះខាតវិញ។ (សុភាសិត ១១:២៤)