កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣២)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អែសរ៉ា ជំពួក៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនិងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា ដែលឲ្យ នោះបានពរជាជាងទទួល។ កិច្ចការ ២០:៣៥
នៅតាមកន្លែងធ្វើការផ្សេងៗខាងលោកិយ អ្នកដែលមានកម្លាំងពលកម្ម និងមានស្មារតីជាអ្នកធ្វើការដែលស្មោះត្រង់នឹងទទួលបានប្រាក់ខែយ៉ាង ខ្ពស់។ តើកិច្ចការនៃការផ្សព្វផ្សាយសេចក្តីពិតនិងការនាំមនុស្សមកថ្វាយព្រះគ្រិស្ត មិនមានសារៈសំខាន់ខ្លាំងជាងកិច្ចការធម្មតាផ្សេងៗទេឬអី? ហើយតើអ្នកដែលចូលរួមក្នុងកិច្ចការនេះដោយស្មោះត្រង់ មិនមានសិទ្ធិទទួលបានប្រាក់ខែច្រើនទេអី? តាមការប៉ាន់ប្រមាណរបស់យើងស្តីអំពីតម្លៃ នៃទំនាក់ ទំនងការងារដែលមានសីលធម៌និងកម្លាំងកាយមាំមួន យើងបង្ហាញពីការដឹងគុណរបស់យើងចំពោះឋានសួគ៌ផ្ទុយពីផែនដី។
ដើម្បីឲ្យអាចមានថវិកានៅក្នុងឃ្លាំងសម្រាប់គាំទ្រកិច្ចការរបស់ព្រះ និងដើម្បីបំពេញតាមការអំពាវនាវសុំជំនួយ ក្នុងកិច្ចការផ្សាយដំណឹងល្អ រាស្រ្តរបស់ព្រះចាំបាច់ត្រូវតែថ្វាយដោយអំណរនិងដោយសទ្ធា។ ការទទួលខុស ត្រូវដ៏ឧឡារិកនេះពឹងផ្អែកលើគ្រូគង្វាលទាំងឡាយ ក្នុងការបង្ហាញពីសេចក្តីត្រូវការនៃកិច្ចការរបស់ព្រះ នៅចំពោះមុខពួកជំនុំ និងបង្រៀនដល់ពួកគេឲ្យ មានការលះបង់។ នៅពេលគ្រូគង្វាលមិនអើពើអំពីរឿងនេះ ហើយពួកជំនុំក៏មិនបានយកចិត្តទុកដាក់អំពីសេចក្តីត្រូវការរបស់អ្នកដទៃ មិនមែនរងគ្រោះត្រឹមតែកិច្ចការរបស់ព្រះអម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ព្រះពរដែលត្រូវធ្លាក់មកលើពួកអ្នកជឿ ក៏ត្រូវបានដកហូតយកទៅវិញផងដែរ។
សូម្បីតែអ្នកក្របំផុតក៏អាចនាំយកតង្វាយមកថ្វាយព្រះជាម្ចាស់បានដែរ។ ពួកគេត្រូវតែចែករំលែកនូវព្រះគុណរបស់ព្រះគ្រិស្តដោយការលះបង់ខ្លួនឯង ដើម្បីជួយដល់អ្នកទាំងឡាយណាដែលត្រូវការខ្លាំងជាងសេចក្តីត្រូវការរបស់ពួកគេផ្ទាល់។ អំណោយទានរបស់ជនក្រីក្រ ផលផ្លែនៃការលះបង់ខ្លួនឯង បានឡើងទៅឯព្រះហាក់ដូចជាក្លិននៃគ្រឿងក្រអូប។ ហើយរាល់សកម្មភាពនៃការលះបង់ខ្លួនឯងពង្រឹងស្មារតីនៃការផ្តល់ផលប្រយោជន៍នៅក្នុងដួង ចិត្តអ្នកដែលបានឲ្យដោយភ្ជាប់អ្នកនោះឲ្យកាន់តែជិតស្និទ្ធទៅនឹងព្រះ ដែល ជាអ្នកមាន ប៉ុន្តែ បានត្រឡប់ជាអ្នកក្រ ដោយសារយើងរាល់គ្នាវិញ ដើម្បីឲ្យយើងបានក្លាយជាអ្នកមានដោយសារភាពកម្ររបស់ទ្រង់។
ទង្វើរបស់ស្ត្រីមេម៉ាយដែលបានយកកាក់ពីរ ជារបស់នាងមានដាក់ ចូលទៅក្នុងឃ្លាំង ត្រូវបានគេកត់ត្រាទុកសម្រាប់ជាការលើកទឹកចិត្ត ដល់អស់អ្នកដែលមានបំណងចង់ជួយដល់កិច្ចការរបស់ព្រះ ដោយសារអំណោយ របស់ពួកគេ ដោយកំពុងតែរងគ្រោះពីភាពក្រីក្ររបស់ខ្លួន។ ព្រះគ្រិស្តបានទាក់ទាញចំណាប់អារម្មណ៍ពួកសិស្សរបស់ទ្រង់មកឯស្រ្តីនេះ ដែលបាន ថ្វាយ «របស់ដែលនាងមានទាំងប៉ុន្មានសម្រាប់ចិញ្ចឹមជីវិតខ្លួនផង» (ម៉ាកុស ១២:៤៤) ។ ព្រះអង្គបានចាត់ទុកថា អំណោយរបស់ស្រ្តីនោះមានតម្លៃច្រើនជាងការថ្វាយតង្វាយជាច្រើនរបស់អ្នកដែលតង្វាយពួកគេមិនមែនជាការលះបង់ខ្លួនឯង ។ ពួកគេបានថ្វាយមួយចំណែកតូច ចេញពីទ្រព្យសម្បត្តិដែលសំបូរហូរហៀររបស់ពួកគេ ។ ដើម្បីថ្វាយតង្វាយរបស់នាង ស្ត្រីមេម៉ាយនោះបានទ្រាំទ្រនឹងការខ្វះខាតជីវភាពចាំបាច់ប្រចាំជីវិតដោយទុកចិត្តដល់ ព្រះ ដើម្បីផ្គត់ផ្គង់ដល់តម្រូវការរបស់នាងសម្រាប់ថ្ងៃស្អែក ។ ព្រះអង្គសង្គ្រោះបានមានបន្ទូលពីនាងថា «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង» (ខ ៤៣) ។ ដោយព្រះបន្ទូលនេះ ទ្រង់បានបង្រៀនថាអំណោយទាន មិនមែនត្រូវបានវាយតម្លៃដោយបរិមាណនោះទេ ប៉ុន្តែ ដោយសារចំនួនដែលសមាមាត្រទៅនឹងការថ្វាយ និងគោលបំណងដែលនៅក្នុងចិត្តអ្នកថ្វាយឯណោះទេ។
នៅក្នុងកិច្ចការរបស់លោក ក្នុងចំណោមពួកជំនុំ សាវ័កប៉ុលបាន ខំប្រឹងប្រែង មិនចេះនឿយហត់ ដើម្បីបំផុសគំនិតក្នុងចិត្តអ្នកដែលបានកែប្រែចិត្តអ្នកជឿថ្មីៗ ឲ្យចង់ធ្វើកិច្ចការធំៗ សម្រាប់បុព្វហេតុនៃព្រះ ។ ជាញឹកញាប់ លោកបានដាស់តឿនពួកគេឲ្យអនុវត្តការលះបង់។ លោកបានមានប្រសាសន៍ទៅពួកចាស់ទុំនៅក្រុងអេភេសូរ អំពីកិច្ចការដែលលោកបានធ្វើពីមុននៅក្នុងចំណោមពួកគេ លោកបានមានប្រសាសន៍ថា «ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនិងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា ដែលឲ្យនោះបានពរជាជាងទទួល» ។ លោកបានសរសេរទៅកាន់បងប្អូននៅក្រុងកូរិនថូសថា «អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ» (កិច្ចការ ២០:៣៥ និងកូរិនថូសទី២ ៩:៧, ៧)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មានមនុស្សដែលចែកផ្សាយទ្រព្យតែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាតតែគេចេះតែខ្វះខាតវិញ។ (សុភាសិត ១១:២៤)