ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣២)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អែសរ៉ា ជំពួក៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ រីឯ​ការ​ទាំង​នោះ​បាន​កើត​មក​ដល់​គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក សំរាប់​ជា​សេចក្តី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា ដែល​យើង​នៅ​គ្រា​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប ។ កូរិនថូសទី១ ១០:១១

ពួកអ្នកជឿនៅទីក្រុងម៉ាសេដូនសឹងតែទាំងអស់ សុទ្ធតែជាអ្នកក្រីក្រខាងទ្រព្យសម្បត្ដិនៃលោកិយ ប៉ុន្ដែ ចិត្ដរបស់ពួកគេពោរពេញដោយសេចក្ដីស្រឡាញ់ចំពោះព្រះនិងសេចក្ដីពិតរបស់ទ្រង់ ហើយពួកគេបានថ្វាយដោយអំណរដើម្បីគាំទ្រដំណឹងល្អ ។ នៅពេលមានការប្រមូលតង្វាយទូទៅនៅព្រះវិហារនៃសាសន៍ដទៃ ដើម្បីជួយឩបត្ថម្ភដល់ពួកអ្នកជឿសាសន៍យូដា នោះ​​សទ្ធារបស់ពួកអ្នកដែលបានកែប្រែចិត្ដនៅម៉ាសេដូនត្រូវបានលើកឡើងជាគំរូ ដល់ពួកជំនុំដទៃ។ ក្នុងការសរសេរទៅកាន់បងប្អូននៅក្រុងកូរិនថូស សាវ័កប៉ុលបានទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេទៅកាន់ «ព្រះគុណ​នៃព្រះ ដែលបានផ្តល់មកពួកជំនុំទាំងប៉ុន្មាន នៅស្រុកម៉ាសេដូនថា កាលមានសេចក្តីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង នោះសេចក្តីអំណរជាបរិបូរ និងសេចក្តីកម្សត់ទុគ៌តរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធា​ដ៏លើស​លប់វិញ ដ្បិតខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តតាមកម្លាំងគេ ហើយហួសកម្លាំង​គេផង ក៏សូមយើងខ្ញុំដោយពាក្យទទូចអង្វរ ឲ្យយើងខ្ញុំទទួលយកទាន​របស់គេនេះ ដែលជាសេចក្តីប្រកបក្នុងការងារសម្រាប់ពួកបរិសុទ្ធ មិនមែនដូចជាយើងខ្ញុំបានសង្ឃឹមតែប៉ុណ្ណោះទេ គឺគេបានប្រគល់ខ្លួនគេទៅព្រះអម្ចាស់ជាមុនដំបូង ហើយដល់យើងខ្ញុំថែមទៀត តាមបំណងព្រះហឫទ័យព្រះ បានជាយើងខ្ញុំទូន្មានទីតុស តាមការដែលគាត់បានចាប់ផ្តើមធ្វើហើយ ឲ្យ​គុណនេះបានពេញខ្នាត នៅក្នុងពួកអ្នករាល់គ្នាដែរ» (កូរិនថូសទី២ ៨:១-៤)។

ឆន្ទៈនៃការលះបង់នៃពួកអ្នកជឿនៅម៉ាសេដូន បានកើតឡើង​ជាលទ្ធផលនៃការកែប្រែចិត្តទាំងស្រុង។ ដោយការជំរុញពីព្រះវិញ្ញាណនៃព្រះ ពួកគេ «បានប្រគល់ខ្លួនគេទៅព្រះអម្ចាស់ជាមុនដំបូង» (កូរិនថូសទី២ ៨:៥) បន្ទាប់​មក ពួកគេសុខចិត្តលះបង់ទ្រព្យសម្បត្តិរបស់ពួកគេ ដោយសទ្ធា ដើម្បីគាំទ្រ​ដល់​ដំណឹងល្អ។ មិនចាំបាច់ជំរុញពួកគេឲ្យថ្វាយទេ ផ្ទុយទៅវិញពួកគេសប្បាយចិត្ដដោយមានឯកសិទ្ធិលះបង់នូវអ្វីៗដែលចាំបាច់ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកដទៃ ។ នៅពេលដែលសាវ័កប៉ុលបានឃាត់ពួកគេ គេបានបង្ខំលោកឲ្យទទួលយកតង្វាយរបស់ពួកគេ ។ នៅក្នុងភាពសាមញ្ញនិងភាពសុចរិតរបស់ពួកគេ និងនៅក្នុងសេចក្តីស្រឡាញ់របស់ពួកគេចំពោះបងប្អូន ពួកគេបានលះបង់ខ្លួនឯងដោយអំណរ ហើយទង្វើនេះ មាន​ពោរពេញ​ទៅដោយផលនៃក្ដីមេត្តា។

នៅពេលលោកប៉ុលចាត់ទីតុសទៅទីក្រុងកូរិនថូស ដើម្បីពង្រឹង​អ្នក​ជឿ​នៅទីនោះ លោកបានណែនាំគាត់ឲ្យស្ថាបនាពួកជំនុំនោះដោយព្រះគុណនៃការឲ្យ ហើយនៅក្នុងសំបុត្រផ្ទាល់ខ្លួន ផ្ញើទៅកាន់ពួកអ្នកជឿ លោកក៏បានបន្ថែមការអំពាវនាវរបស់លោកផ្ទាល់ផងដែរ។ លោកបានអង្វរថា «ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើគុណនេះរឹតតែច្រើនឡើង ដូចជាបានចម្រើនក្នុងគ្រប់សេចក្តីឯទៀត គឺក្នុងសេចក្តីជំនឿ ពាក្យសម្តី ចំណេះ សេចក្តីឧស្សាហ៍​គ្រប់​ជំពូក ហើយក្នុងសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា ដល់យើងខ្ញុំដែរ» ។ «ឥឡូវនេះ ចូរបំពេញការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមដែលមានដូចជាបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបនឹងធ្វើមកហើយនោះដែរ ដ្បិតបើសិនជាប្រុងប្រៀបនឹងធ្វើហើយ នោះព្រះទ្រង់ទទួលអ្នកតាម​ដែល​មាន មិនមែនតាមដែលគ្មាននោះទេ» ។ «ហើយព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចម្រើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចម្រើនឡើង ខាងឯការល្អគ្រប់ជំពូក ដូចសេចក្តី​ដែល​ចែងទុកមកថា ទ្រង់បានចែកសុសសាយ ទ្រង់បានប្រទានទៅ​ពួក​ទ័លក្រ សេចក្តីសុចរិតទ្រង់នៅជាប់អស់កល្បជានិច្ច រីឯព្រះដែលទ្រង់​ផ្គត់​ផ្គង់ពូជសម្រាប់អ្នកដែលព្រោះ និងអាហារសម្រាប់បរិភោគផង នោះទ្រង់​នឹងផ្គត់ផ្គង់ ហើយចម្រើនពូជដែលអ្នករាល់គ្នាព្រោះនោះដែរ ព្រមទាំង​ចម្រើន​ផលពីការសុចរិតរបស់អ្នករាល់គ្នាផង ដូច្នេះ អ្នករាល់គ្នានឹងបានចម្រើនកាន់តែច្រើនឡើងគ្រប់ជំពូក សម្រាប់ជាការសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតសេចក្តីអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា» (កូរិនថូសទី២ ៨:៧ , ១១, ១២ និង ៩:៨-១១)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យតែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួងហែង​ហួស​ខ្នាតតែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។ ​(សុភាសិត ១១:២៤)

Powered by CAM