ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៣)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អែសរ៉ា ជំពួក៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឥឡូវ​នេះ បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ផ្តាំ​មក​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ផុត​ពី​គ្រប់​ទាំង​បង​ប្អូន​ណា ដែល​ប្រព្រឹត្ត​ខុស​របៀប ហើយ​មិន​ស្តាប់​តាម​បញ្ញត្ត​ដែល​បាន​ទទួល​ពី​យើង​ខ្ញុំ។ ថែស្សឡូនីចទី២ ៣:៦

ខណៈដែលលោកប៉ុលបានបង្រៀនព្រះគម្ពីរយ៉ាងប្រុងប្រយ័ត្ន ដល់ អ្នកដែលបានកែប្រែចិត្ដរបស់លោក អំពីការគាំទ្រដ៏ត្រឹមត្រូវដល់កិច្ចការរបស់ព្រះ ហើយនៅពេលដែលលោកបានអះអាងថាខ្លួនលោកគឺជាអ្នកបម្រើ នៃដំណឹងល្អ ជា «អ្នកដែលគ្មានច្បាប់នឹងធ្វើការរកស៊ីទេឬអី» (កូរិនថូសទី១ ៩:៦) នៅឯការងារខាងលោកិយ ដែលជាមធ្យោបាយនៃការចិញ្ចឹមជីវិតខ្លួនឯង តែមានពេលជាច្រើននៅក្នុងអំឡុងពេលនៃកិច្ចបម្រើរបស់លោក នៅក្នុងតំបន់ដែលមានអារិយធម៌ជឿនលឿនដ៏អស្ចារ្យ លោកបានប្រកបរបរសិប្បកម្មដើម្បីចិញ្ចឹមជីវិតខ្លួនឯង។

ក្នុងចំណោមសាសន៍យូដា ការធ្វើការងារពលកម្មមិនត្រូវបានគេគិតថា រឿងចម្លែក ឬទាបថោកនោះទេ។ ពួកសាសន៍ហេព្រើរត្រូវបានទទួលការណែនាំតាមរយៈលោកម៉ូសេ ឲ្យបង្រៀនកូនចៅរបស់ខ្លួន ឲ្យមានទម្លាប់ ឧស្សាហ៍ធ្វើការងារ ហើយអ្នកណាដែលបណ្តែតបណ្តោយឲ្យពួកយុវជនធំឡើងដោយមិនចេះធ្វើការពលកម្មនោះ ត្រូវចាត់ជាមនុស្សមានបាបទៀត ផង។ ទោះបីជាកុមារត្រូវបានទទួលការអប់រំសម្រាប់មុខនាទីដ៏បរិសុទ្ធ (ធ្វើ ការជាសង្ឃ) ក៏ដោយ ក៏ចំណេះដឹងអំពីជីវិតជាក់ស្តែង ត្រូវបានគេគិតថាជា ការចាំបាច់ដែរ។ យុវជនគ្រប់រូប មិនថាឪពុកម្តាយរបស់គេជាអ្នកមានឬអ្នកក្រទេ ត្រូវតែបានទទួលការបង្រៀនឲ្យចេះធ្វើការរកស៊ី។ ឪពុកម្តាយទាំងឡាយណាដែលមិនយកចិត្តទុកដាក់ក្នុងការផ្តល់ការហ្វឹកហ្វឺនបែបនេះដល់កូនៗ របស់ខ្លួន ត្រូវបានគេមើលឃើញថាបានចាកចេញឆ្ងាយពីការបង្រៀនរបស់ព្រះជាម្ចាស់ហើយ។ យោងតាមទំនៀមទម្លាប់នេះ លោកប៉ុលបានរៀនពី មុខរបរធ្វើតង់។

មុនពេលបានក្លាយជាសាវ័ករបស់ព្រះគ្រិស្ត លោកប៉ុលមានមុខតំណែង យ៉ាងខ្ពស់ ហើយមិនចាំបាច់ពឹងផ្អែកលើកម្លាំងកាយដើម្បីចិញ្ចឹមជីវិតទេ។ ប៉ុន្ដែ ក្រោយមក នៅពេលដែលលោកបានប្រើប្រាស់ទ្រព្យសម្បត្តិរបស់គាត់អស់ ដើម្បីជំរុញដល់កិច្ចការរបស់ព្រះគ្រិស្តរួចមក លោកបានឆ្លៀតយកពេលវេលាខ្លះដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ជាពិសេស ករណីនេះកើតឡើង នៅពេលដែលលោកបានធ្វើការនៅកន្លែងដែលមនុស្សមិនបានយល់ច្បាស់ពីគោលបំណងរបស់លោក។

គឺនៅក្រុងថែស្សាឡូនីចនេះហើយដែលយើងបានអានជាលើកដំបូងអំពីការធ្វើការងារដោយដៃរបស់លោកប៉ុល ដើម្បីឧបត្ថម្ភខ្លួនឯង ខណៈដែលលោកកំពុងអធិប្បាយព្រះបន្ទូល។ ក្នុងការសរសេរទៅកាន់ពួកជំនុំនៃពួកអ្នកជឿនៅទីនោះ លោកបានរំឭកពួកគេថា «ហើយទោះបើយើងខ្ញុំមាន អំណាច និងនៅជាបន្ទុក» លើអ្នករាល់គ្នា ហើយលោកបានបន្ថែមថា «ដ្បិត បងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើង ខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបាន ផ្សាយដំណឹងល្អពីព្រះ» (ថែស្សាឡូនីចទី១ ២:៦, ៩) ។ ហើយម្តងទៀតនៅ ក្នុងសំបុត្រទីពីររបស់លោក ទៅកាន់ពួកគេ លោកបានប្រកាសថា លោក និងមិត្តរួមការងាររបស់លោក កាលនៅជាមួយពួកគេមិនបាន «ទទួលទាន​នំប័ុងរបស់អ្នកណាទទេដែរ» គឺយើងខ្ញុំបានធ្វើការនឿយហត់ ហើយធ្ងន់ទាំង​យប់ទាំងថ្ងៃ លោកបានសរសេរថា «ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយនឹងយើងខ្ញុំឡើយ មិនមែនថា យើងខ្ញុំគ្មានអំណាចនោះទេ គឺយើងខ្ញុំចង់ធ្វើជាគំរូ ឲ្យអ្នករាល់គ្នាត្រាប់តាមយើងខ្ញុំវិញទេតើ» (ថែស្សាឡូនីចទី២ ៣: ៨, ៩)។

នៅទីក្រុងថែស្សាឡូនីច លោកប៉ុលបានជួបមនុស្សដែលមិនព្រមធ្វើការដោយដៃខ្លួន គឺទៅកាន់មនុស្សក្នុងស្រទាប់នេះហើយ ដែលក្រោយមក លោក បានសរសេរថា «ដ្បិតយើងខ្ញុំឮថា មានអ្នកខ្លះក្នុងពួកអ្នករាល់គ្នា ដែលប្រព្រឹត្ត ឥតរបៀប ឥតមានធ្វើការអ្វីសោះ គឺគេរវល់តែចំពោះការឥតប្រយោជន៍វិញ ដូច្នេះ យើងខ្ញុំផ្តាំមកមនុស្សយ៉ាងនោះ ហើយទូន្មានគេ ដោយព្រះយេស៊ូវ គ្រិស្ត ជាព្រះអម្ចាស់នៃយើងថា ឲ្យគេបរិភោគបាយរបស់ខ្លួនគេចុះ» កាលកំពុងធ្វើការនៅទីក្រុងថែស្សាឡូនីច លោកប៉ុលបានប្រុងប្រយ័ត្នក្នុងការធ្វើជាគំរូល្អដល់ពួកគេ ។ លោកបានសរសេរថា «កាលយើងខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា នោះក៏បានផ្តាំថា បើអ្នកណាមិនចង់ធ្វើការ មិនត្រូវទាំងឲ្យអ្នក នោះបរិភោគផង» (ខ ១១, ១២ និង ១០)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួងលោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្តី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេដោយ​សេចក្តី​ព្រួយ​លំបាក​ជា​ច្រើន។ ​(ធីម៉ូថេទី១ ៦:១០)

Powered by CAM