ថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៨)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក១៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះលោហិត​ព្រះអង្គ​ទ្រង់​ចុះ។​ កិច្ចការ ២០:២៨

ដោយមិនអាចរកលោកប៉ុលដែលជាទិសដៅនៃកំហឹងរបស់ពួកគេឃើញ ហ្វូងមនុស្សដែលពោរពេញដោយកំហឹងបាន «គេស្រុះចិត្តគ្នាចាប់កន្ត្រាក់កៃយុស និងអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលដើរដំណើរជាមួយនឹង ប៉ុល នាំម្នីម្នាចូលទៅក្នុងរោងជំនុំ ឯប៉ុលគាត់គិតចូលទៅឯបណ្តាជនដែរ តែពួកសិស្សមិនព្រមឲ្យទៅទេ ហើយមានពួកចៅហ្វាយនៅស្រុកអាស៊ីខ្លះដែលស្រឡាញ់គាត់ ក៏ចាត់គេមកអង្វរថា សូមកុំឲ្យចូលទៅក្នុងរោងជំនុំនោះឡើយ»។

កន្លែងដែលលោកប៉ុលលាក់ខ្លួននោះនៅមិនឆ្ងាយប៉ុន្មានទេ ហើយមិនយូរប៉ុន្មានលោកបានដឹងពីគ្រោះថ្នាក់នៃបងប្អូនជាទីស្រឡាញ់របស់លោក ។ លោកបានបំភ្លេចនូវសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ហើយលោកចង់ទៅកន្លែងជំនុំជម្រះដើម្បីនិយាយទៅកាន់ក្រុមមនុស្សដែលកំពុងតែរំជើបរំជួលនេះ ។ ប៉ុន្តែ «ពួកសិស្សមិនព្រមឲ្យទៅទេ» ។ កៃយុសនិងអឺរីស្ដាកមិនមែនជាមុខសញ្ញាដែលពួកគេចង់រកនោះទេ ។ នឹងគ្មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ពួកគេទេ។ ប៉ុន្តែ កាលពួកគេមើលឃើញទឹកមុខស្លេកស្លាំងរបស់សាវ័ក ហ្វូង​មនុស្សដែលកំពុងតែរំជើបរំជួលយ៉ាងខ្លាំងផ្ទុះកំហឹងឡើង ហើយមិនមានមនុស្សណាមួយមានលទ្ធភាពជួយសង្គ្រោះជីវិតរបស់លោកបានឡើយ។

លោកប៉ុលនៅតែអន្ទះសាចង់ការពារសេចក្ដីពិត នៅចំពោះមុខហ្វូង មនុស្សដដែល ប៉ុន្តែ ទីបំផុត លោកបានទទួលការរារាំងដោយសារព្រមានពីរោងជំនុំ «ហើយមានពួកចៅហ្វាយនៅស្រុកអាស៊ីខ្លះដែលស្រឡាញ់គាត់ ក៏ចាត់គេមកអង្វរថា សូមកុំឲ្យចូលទៅក្នុងរោងជំនុំនោះឡើយ»។

ភាពច្របូកច្របល់នៅក្នុងរោងជំនុំបានកើនឡើងឥតស្រាកស្រាន្ត ។ «ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដ្បិតមនុស្សក្នុងចំណោមនោះ កំពុងជ្រួលជ្រើមជាខ្លាំង ច្រើនមិនដឹងជាគេប្រជុំគ្នាដោយហេតុអ្វីផង» ។ ការដែលលោកប៉ុលនិងគូកនរបស់លោកខ្លះមានសញ្ជាតិជាសាសន៍ហេព្រើរពីកំណើតមកនោះ ធ្វើឲ្យពួកសាសន៍យូដាមានចិត្តពុះកញ្រ្ជោលចង់បង្ហាញយ៉ាងច្បាស់ថាពួកគេមិនមានចិត្ដអាណិតអាសូរដល់លោក និងកិច្ចការរបស់ លោកឡើយ ។ ដូច្នេះ ពួកគេបាននាំមនុស្សរបស់ពួកគេផ្ទាល់មួយក្រុមដើម្បី បង្ករឿងនៅចំពោះមុខពួកបណ្តាជន ។ អ្នកដែលត្រូវបានគេជ្រើសរើសឲ្យនិយាយ គឺអ័លេក្សានត្រុស ជាជាងស្មិត ជាមនុស្សដែលក្រោយមកលោក ប៉ុលបានចាត់ទុកថាជាមនុស្សដែលធ្វើអំពើអាក្រក់ជាច្រើន មកលើរូបលោក (ធីម៉ូថេទី២ ៤:១៤) ។ អ័លេក្សានត្រុសគឺជាបុរសម្នាក់ដែលមានសមត្ថភាពយ៉ាងក្រៃលែង ហើយគាត់ប្រើរាល់ថាមពលដែលខ្លួនមានទាំងប៉ុន្មាន ដើម្បី បំផុសកំហឹងរបស់ពួកបណ្តាជន ប្រឆាំងនឹងលោកប៉ុលនិងគូកនរបស់លោក។ ប៉ុន្ដែ ហ្វូងមនុស្សបានឃើញថាអ័លេក្សានត្រុស គឺជាសាសន៍យូដា គេក៏បានច្រានគាត់ចេញពីហ្វូងមនុស្ស ហើយ «គេក៏ស្រែកឡើងព្រមគ្នាចំនួនប្រហែលជាពីរម៉ោងថា ព្រះឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស»។

នៅទីបំផុត ដោយការអស់កម្លាំងយ៉ាងទោរទន់ ពួកគេក៏បានឈប់ ហើយមានភាពស្ងៀមស្ងាត់មួយរយៈ ។ បន្ទាប់មក ភូឈួយទីក្រុងបានទាក់ទាញចំណាប់អារម្មណ៍របស់ហ្វូងមនុស្ស ហើយដោយតម្លៃនៃមុខនាទីរបស់ លោក ហ្វូងមនុស្សក៏ព្រមស្តាប់តាម ។ លោកបានជួបមនុស្សនៅលើដីផ្ទាល់របស់ពួកលោក ហើយបានបង្ហាញថាគ្មានហេតុផលណាមួយដែលគួរឲ្យមានការរំជើបរំជួលនៅពេលនេះទេ ។ លោកបានអំពាវនាវដល់មូលហេតុរបស់ពួកគេយ៉ាងដូច្នេះ៖ «នែ ពួកក្រុងអេភេសូរអើយ តើមានអ្នកឯណាដែល មិនដឹងថា ពួកអ្នកនៅក្រុងនេះ ជាអ្នកថែរក្សាព្រះវិហារនៃព្រះឌីអានដ៏ធំ ដែលធ្លាក់មកពីព្រះសេយូសនោះ? ដូច្នេះ ដែលសេចក្តីនោះជាពិតហើយ នោះគួរតែឲ្យអ្នករាល់គ្នាបានធ្វើដោយស្រួលទៅចុះ មិនត្រូវធ្វើដោយរលះរលាំងដូច្នេះឡើយ អ្នករាល់គ្នាបាននាំមនុស្សទាំងនេះមក ដែលមិនមែនជា ចោរលួចវិហារ ឬប្រមាថដល់ព្រះនៃអ្នករាល់គ្នាទេ ដូច្នេះ បើសិនជាដេមេទ្រាស និងពួកជាងដែលមកជាមួយគ្នានេះ មានរឿងអ្វីនឹងអ្នកណា នោះមានទីសម្រាប់ជំនុំជម្រះក្តីស្រាប់ ហើយមានទាំងពួកចៅក្រមផង ត្រូវឲ្យគេប្តឹងប្តល់គ្នាទៅ ចុះ តែបើអ្នករាល់គ្នាចង់សួរពីដំណើរណាទៀត នោះត្រូវតែបានសម្រេច ក្នុងជំនុំ ដែលប្រជុំតាមច្បាប់វិញ ដ្បិតខ្លាចក្រែងយើងត្រូវទោសជាពួកបះបោរ ដោយព្រោះរឿងដែលកើតមកនៅថ្ងៃនេះ ដ្បិតគ្មានហេតុណាមួយ ដែលយើងអាចនឹងដោះសាពីការប្រជុំនេះបានទេ កាលមានប្រសាសន៍សេចក្តី ទាំងនេះរួចហើយ នោះលោកឲ្យគេទៅវិញទៅ»។

ក្នុងសុន្ទរកថារបស់លោក ដេមេទ្រាសបានមានប្រសាសន៍ថា «មាន អន្តរាយកើតដល់យើងហើយ» ។ ពាក្យទាំងនេះបង្ហាញពីមូលហេតុពិត ប្រាកដដែលនាំឲ្យមានភាពច្របូកច្របល់នៅទីក្រុងអេភេសូរ ហើយក៏ជាមូលហេតុនៃការបៀតបៀនជាច្រើនដែលកើតឡើងដល់ពួកសាវ័កនៅក្នុងកិច្ចការរបស់ពួកគេដែរ ។ ដេមេទ្រាសនិងពួកជាងស្មិតរួមអាជីពរបស់គេបានមើលឃើញថាតាមរយៈការបង្រៀននិងការរីករាលដាលនៃដំណឹងល្អ អាជីវកម្មនៃការសិតរូបព្រះរបស់ពួកគេត្រូវជួបនឹងគ្រោះថ្នាក់ជាក់ជាមិនខាន ។ ប្រាក់ចំណូលរបស់ពួកសង្ឃនិងពួកជាងស្មិតដែលមិនជឿព្រះត្រូវ បានជាប់គាំង ហើយដោយសារហេតុនេះ ពួកគេបានក្រោកឡើងប្រឆាំងនឹងលោកប៉ុលយ៉ាងជូរចត់បំផុត។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួតដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ។​​(កូរិនថូសទី១ ១:១៨)

Powered by CAM