ថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អែសរ៉ា ជំពួក៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ មិនមែនថា យើងខ្ញុំគ្មានអំណាចនោះទេ គឺយើងខ្ញុំចង់ធ្វើជាគំរូឲ្យអ្នករាល់គ្នាត្រាប់តាមយើងខ្ញុំវិញទេតើ។ ថែស្សឡូនីចទី២ ៣:៩
នៅគ្រប់សម័យកាល សាតាំងបានព្យាយាមបំផ្លាញដល់ការខិតខំ នៃអ្នកបម្រើរបស់ព្រះដោយបញ្ចូលស្មារតីជំនឿជ្រុលនិយម ។ ដូច្នេះ សព្វថ្ងៃនេះក៏មានមនុស្សដូចនៅសម័យលោកប៉ុល និងសម័យសតវត្សរ៍ក្រោយៗ មកទៀត ក្នុងកំឡុងពេលនៃការកែទម្រង់ដែរ ។ លោកវ៉ាយគ្លីហ្វ៊ី លូធើរ និង អ្នកផ្សេងទៀតជាច្រើន ដែលបានផ្តល់ជាព្រះពរដល់ពិភពលោកដោយ ឥទ្ធិពល និងជំនឿរបស់ពួកគេ បានជួបប្រទះនូវឧបាយកលដែលសត្រូវ ព្យាយាមដឹកនាំឲ្យធ្លាក់ចូលទៅក្នុងការជឿស៊ប់ទៅលើជំនឿជ្រុលនិយម គំនិតមិនត្រឹមត្រូវនិងគ្មានតុល្យភាព ។ ពួកមនុស្សដែលដើរផ្លូវខុសបានបង្រៀនថាការទទួលបានភាពបរិសុទ្ធពិតប្រាកដលើកតម្កើងគំនិតឲ្យខ្ពស់ជាគំនិតខាងលោកិយ ហើយនាំមនុស្សឲ្យឈប់ធ្វើការទាំងស្រុង ។ អ្នកខ្លះទៀតដែលមានទស្សនៈជ្រុលនិយមអំពីបទព្រះគម្ពីរ បានបង្រៀនថា ការធ្វើការគឺជា អំពើបាប គឺគ្រិស្តបរិស័ទមិនគួរគិតអំពីសុខុមាលភាពផ្ទាល់ខ្លួនឬក្រុមគ្រួសាររបស់ពួកគេទេ ប៉ុន្តែ គួរតែលះបង់ជីវិតរបស់ពួកគេទាំងស្រុងដល់កិច្ចការខាងវិញ្ញាណ ។ ការបង្រៀននិងគំរូរបស់សាវ័កប៉ុលគឺជាការ ស្ដីបន្ទោសទៅលើទស្សនៈជ្រុលនិយមបែបនេះ។
លោកប៉ុលមិនបានទីពឹងលើកិច្ចការនៃដៃរបស់លោកទាំងស្រុងនោះទេ កាលលោកស្នាក់នៅទីក្រុងថែស្សាឡូនីច ដោយយោងទៅលើបទពិសោធន៍របស់លោកនៅទីនោះ ក្រោយមក លោកបានសរសេរទៅកាន់ពួកអ្នកជឿនៅទីក្រុងភីលីព ក្នុងការទទួលស្គាល់អំណោយទានដែលលោកបានទទួលពីពួកគេ កាលលោកស្នាក់នៅទីនោះ ដោយមានប្រសាសន៍ថា «ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងពីរដងផង» (ភីលីព ៤:១៦)។ មិនមែនដោយសាររឿងដែលលោកបានទទួលជំនួយនេះទេ ដែលធ្វើឲ្យលោកធ្វើជាគំរូអំពីការព្យាយាមយ៉ាងប្រុងប្រយ័ត្ននៅចំពោះអ្នកក្រុងថែស្សាឡូនីច ដើម្បីកុំឲ្យអ្នកណាម្នាក់មានសិទ្ធិរិះគន់លោកអំពីការលោភលន់ ហើយអ្នកដែលមានគំនិតនិយមបក្សពួកទាក់ទងនឹងការធ្វើការ ដោយដៃត្រូវបានទទួលការស្តីបន្ទោសនោះ។
នៅពេលលោកប៉ុលបានមកដល់ទីក្រុងកូរិនថូសជាលើកដំបូង លោកបានរកឃើញថាលោកកំពុងឋិតនៅក្នុងចំណោមបណ្តាជនដែលសង្ស័យអំពីបំណងរបស់ជនបរទេស ។ ជនជាតិក្រិកនៅតាមមាត់សមុទ្រគឺជាអ្នកពូកែខាងជំនួញ ។ ពួកគេបានទទួលការបណ្តុះបណ្តាលខ្លួនឯង នៅក្នុងជំនាញ នៃការធ្វើអាជីវកម្ម ជាយូរយារមកហើយ ដែលពួកគេជឿថាការបានទទួល គឺជាព្រះ និងថាការរកលុយបាន ទោះតាមមធ្យោបាយល្អឬមិនល្អក្តី គឺជាការ គួរឲ្យកោតសរសើរ ។ សាវ័កប៉ុលបានស្គាល់ច្បាស់ពីលក្ខណៈរបស់ពួកគេ ហើយលោកមិនបានផ្តល់ឱកាសឲ្យពួកគេនិយាយថាលោកបានអធិប្បាយដំណឹងល្អដើម្បីធ្វើឲ្យខ្លួនមានបានឡើយ ។ លោកប្រហែលជាបានទទួលការគាំទ្រពីពួកអ្នកស្ដាប់នៅក្រុងកូរិនថូស ប៉ុន្តែ លោកសុខចិត្តលះបង់សិទ្ធិ នេះ ក្រែងអត្ថប្រយោជន៍និងភាពជោគជ័យ ក្នុងនាមជាគ្រូគង្វាលរបស់លោកត្រូវរងរបួសដោយការសង្ស័យដ៏អយុត្តិធម៌ ថាលោកកំពុងផ្សាយដំណឹងល្អ ដើម្បីទទួលបានចំណេញ ។ លោកបានព្យាយាមដកយកឱកាសនៃការធ្វើជាតំណាងមិនត្រឹមត្រូវ ដើម្បីធ្វើឲ្យកម្លាំងនៃសាររបស់លោកមិនត្រូវបាត់បង់ឡើយ។
បន្ទាប់ពីលោកបានមកដល់ទីក្រុងកូរិនថូសភ្លាម លោកប៉ុលបានរកឃើញ «សាសន៍យូដាម្នាក់ ឈ្មោះអ័គីឡា ដែលកើតនៅស្រុកប៉ុនតុស ជាអ្នកទើប នឹងមកពីស្រុកអ៊ីតាលី ព្រមទាំងព្រីស៊ីល ជាប្រពន្ធគាត់ផង» ។ ពីព្រោះមាន មុខរបរ «ជាជាងតង់ដូចគ្នា» ជាមួយនឹងលោក ។ ដោយមានការត្រាស់បង្គាប់តាមព្រះរាជក្រឹត្យរបស់ព្រះរាជាក្លូឌាស ដែលបានបង្គាប់ដល់សាសន៍យូដាទាំងអស់ឲ្យចាកចេញពីទីក្រុងរ៉ូម អ័គីឡានិងព្រីស៊ីលបានមកដល់ក្រុងកូរិនថូស ជាកន្លែងដែលពួកគេបានបង្កើតមុខរបរជាអ្នកធ្វើតង់ ។ លោកប៉ុលបាន សាកសួររកពួកគេ ហើយបានដឹងថាពួកគេជាអ្នកកោតខ្លាចដល់ព្រះ និងកំពុង ស្វែងរកចៀសវាងពីឥទ្ធិពលអាក្រក់ដែលនៅជុំវិញពួកគេ «គាត់ក៏អធិប្បាយនៅក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សម្រាក ព្រមទាំងបញ្ចុះបញ្ចូលពួកសាសន៍យូដា និងសាសន៍ក្រិកឲ្យជឿផង» (កិច្ចការ ១៨: ២-៤)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេដោយសេចក្តីព្រួយលំបាកជាច្រើន។ (ធីម៉ូថេទី១ ៦:១០)