ថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៨)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក១៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង វា​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា។​ កិច្ចការ ២០:២៩

ការសម្រេចចិត្តរបស់ភូឈួយក្រុង និងមន្រ្តីថ្នាក់ខ្ពស់ៗដទៃទៀតនៅក្នុងទីក្រុងបានកំណត់នៅចំពោះមុខហ្វូងមនុស្សថា លោកប៉ុលគឺជាមនុស្សគ្មានកំហុសដោយទង្វើខុសច្បាប់ណាមួយទេ ។ នេះគឺជាជ័យជម្នះមួយទៀតរបស់គ្រិស្តសាសនា ទៅលើជំនឿខុសឆ្គងនិងជំនឿទៅលើមន្តអាគម ។ ព្រះបានលើកតាំងតុលាការជាន់ខ្ពស់ឡើង ដើម្បីផ្តល់យុត្ដិធម៌ដល់សាវ័ករបស់ទ្រង់ ហើយទប់ទល់ហ្វូងមនុស្សពីកំហឹងច្របូកច្របល់ ។ ចិត្តរបស់លោកប៉ុលពោរពេញទៅដោយការដឹងគុណដល់ព្រះ ដែលបានជួយការពារអាយុ ជីវិតរបស់លោក និងបានថែរក្សាគ្រិស្តសាសនាមិនត្រូវអាម៉ាស់ដោយភាពចលាចលនៅទីក្រុងអេភេសូរ។

«លុះក្រោយដែលការចលាចលនោះ បានស្ងប់ស្ងាត់ហើយ នោះប៉ុល ហៅពួកសិស្សមក រួចលាគេ ចេញទៅឯស្រុកម៉ាសេដូនវិញ» ។ ក្នុងដំណើរនេះមានបងប្អូនដ៏ស្មោះត្រង់ពីរនាក់មកពីទីក្រុងអេភេសូររួមដំណើរជាមួយលោកឃីទីកុសនិងទ្រភីម។

កិច្ចការរបស់លោកប៉ុលនៅក្រុងអេភេសូរត្រូវបានបញ្ចប់ ។ ការងាររបស់លោកនៅទីនោះគឺជាកិច្ចការដែលមានការពិបាកនិងការព្រួយបារម្ភឥតឈប់ឈរ។ លោកបានបង្រៀនដល់ពួកបណ្តាជនជាសាធារណៈ និង ពីផ្ទះមួយទៅផ្ទះមួយ ដោយការណែនាំនិងការព្រមានដល់ពួកគេទាំងទឹកភ្នែកជាច្រើន ។ លោកបានទទួលការប្រឆាំងជាបន្តបន្ទាប់ពីសំណាក់សាសន៍ យូដា ដែលបានបាត់បង់ឱកាសក្នុងការបំផុសពួកបណ្តាជនឲ្យប្រឆាំងនឹងលោក។

ហើយខណៈដែលមានការប្រយុទ្ធជាមួយនឹងការប្រឆាំងនេះ ដោយជំរុញកិច្ចការនៃដំណឹងល្អទៅមុខដោយចិត្តពុះកញ្រ្ជោល និងថែរក្សាពួកជំនុំដែលនៅវ័យក្មេងខ្ចីនៅឡើយ លោកប៉ុលបានទ្រាំទ្របន្ទុកយ៉ាងធ្ងន់ធ្ងរជំនួសពួកជំនុំទាំងអស់។

ដំណឹងពីការបោះបង់ជំនឿនៅក្នុងពួកជំនុំដែលលោកបានបង្កើត បានបណ្តាលឲ្យលោកមានទុក្ខព្រួយជាខ្លាំង ។ លោកភ័យខ្លាចក្រែងការខំប្រឹងរបស់លោក ដើម្បីពួកគេក្លាយទៅជាឥតប្រយោជន៍។ លោកបានចំណាយពេលជាច្រើនយប់ដោយមិនបានសម្រាន្ត ដើម្បីអធិដ្ឋាននិងគិតពិចារណាដោយស្មោះ នៅពេលដែលលោកបានជ្រាបអំពីវិធីដែលពួកគេនឹងប្រើដើម្បីទប់ទល់នឹងកិច្ចការរបស់លោក ។ ពេលលោកមានឱកាស និងពេលដែល ស្ថានភាពចាំបាច់របស់ពួកគេ លោកបានសរសេរសំបុត្រផ្ញើទៅពួកជំនុំ ដើម្បីផ្តល់ឱវាទ ដាស់តឿន និងលើកទឹកចិត្ដដល់ពួកគេ។ នៅក្នុងសំបុត្រ ទាំងនេះ សាវ័កប៉ុលមិនបានគិតពីការពិបាកផ្ទាល់ខ្លួនរបស់លោកផ្ទាល់ទេ ប៉ុន្តែ លោកតែងតែក្រឡេកមើលទៅការងារនិងការរងទុក្ខរបស់លោក នៅក្នុងបុព្វហេតុនៃការងាររបស់ព្រះគ្រិស្ត ។ ភាពកាចសាហាវ គុកច្រវាក់ ភាពត្រជាក់ និងការស្រេកឃ្លាន សេចក្តីវិនាសតាមផ្លូវគោក និងតាមផ្លូវទឹក នៅក្នុងទីក្រុង និងនៅក្នុងវាលរហោស្ថាន ដោយសារតែបងប្អូនរួមជាតិ របស់លោក និងសាសន៍ដទៃ និងពីសំណាក់បងប្អូនដែលក្បត់ជំនឿ លោកបានរងទ្រាំការលំបាកទាំងអស់នេះដើម្បីជាប្រយោជន៍ដល់ដំណឹងល្អ ។ លោកត្រូវបានគេ «មួលបង្កាច់» «ប្រមាថមើលងាយ» បង្កើត «ការបំផ្លិច បំផ្លាញអ្វីៗទាំងអស់» «និយាយបំផ្លើស» «ធ្វើទុក្ខបុកម្នេញ» «មានសេចក្តី វេទនាគ្រប់ទីកន្លែង» «មានសេចក្តីអន្តរាយ រាល់ពេលវេលា» «ត្រូវប្រគល់ដល់សេចក្តីស្លាប់ជាដរាប ដោយព្រោះព្រះយេស៊ូវ»។

នៅកណ្តាលព្យុះនៃការប្រឆាំងបក់បោកយ៉ាងខ្លាំងឥតស្រាកស្រាន្ត សន្ធឹកគ្រាំគ្រេងនៃខ្មាំងសត្រូវ និងការបោះបង់ចោលពីសំណាក់មិត្ដភក្ដិ សាវ័កដ៏រឹងមាំរូបនេះ ស្ទើរតែបាក់ទឹកចិត្តទាំងស្រុង ។ ប៉ុន្តែ លោកបានសម្លឹង មើលទៅកាល់វ៉ារី ហើយភាពក្លៀវក្លាថ្មីនេះបានជំរុញលោកឲ្យផ្សព្វផ្សាយចំណេះដឹងនៃការឆ្កាងព្រះគ្រិស្ត ។ លោកបានដើរតាមផ្លូវក្រាលឈាមដែលព្រះគ្រិស្តបានយាងពីមុខលោក ។ លោកមិនបានគេចវេះពីសង្រ្គាមឡើយ ទាល់តែលោកបានដោះគ្រឿងសឹករបស់លោកដាក់នៅទៀបព្រះបាទនៃព្រះដ៏ប្រោសលោះរបស់លោកជាមុនសិន។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួតដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ។​(កូរិនថូសទី១ ១:១៨)

Powered by CAM