ថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី២៩)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងសំបុត្រទីមួយទៅកាន់ពួកជំនុំនៅទីក្រុងកូរិនថូស។​

សារនៃការព្រមាននិងការទទូចអង្វរ

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក១៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រោះ​អ្នក​រាល់​គ្នា​បាន​ចំរើន​ឡើង​គ្រប់​ជំពូក ដោយសារ​ទ្រង់ គឺ​ក្នុង​គ្រប់​ទាំង​ពាក្យ​សំដី និង​ចំណេះ​ទាំង​អស់​ដែរ ។​ កូរិនថូសទី១ ១:៥

សំបុត្រទីមួយដល់ពួកជំនុំនៅក្រុងកូរិនថូសត្រូវបានសរសេរដោយសាវ័កប៉ុល នៅចុងបញ្ចប់នៃការស្នាក់នៅរបស់លោក ក្នុងទីក្រុងអេភេសូរ ។ លោកមិនបានចាប់អារម្មណ៍ ឬខិតខំប្រឹងប្រែងចំពោះអ្នកណា ឲ្យខ្លាំងជាងពួកអ្នកជឿនៅទីក្រុងកូរិនថូសឡើយ ។ លោកបានធ្វើការក្នុងចំណោមពួកគេអស់រយៈពេលមួយឆ្នាំកន្លះ ដោយចង្អុលប្រាប់ពួកគេអំពីព្រះអង្គសង្រ្គោះដែលបានជាប់ឆ្កាងនិងបានមានព្រះជន្មរស់ឡើងវិញ ថាជាមធ្យោបាយតែ មួយគត់នៃសេចក្ដីសង្រ្គោះ ហើយបានជំរុញពួកគេឲ្យទីពឹងទាំងស្រុងទៅលើអំណាចនៃព្រះគុណដែលបំផ្លាស់បំប្រែរបស់ទ្រង់ ។ មុននឹងទទួលយកអ្នកដែលផ្លាស់ប្តូរជំនឿចូលមកកាន់គ្រិស្តសាសនា លោកបានបង្រៀនជាពិសេសដល់ពួកគេយ៉ាងប្រុងប្រយ័ត្ន ជាបុព្វសិទ្ធិនិងភារកិច្ចរបស់អ្នកជឿជា គ្រិស្តបរិស័ទ ហើយលោកបានខិតខំយ៉ាងស្មោះដើម្បីជួយពួកគេឲ្យស្មោះត្រង់ទៅនឹងកិច្ចសន្យាក្នុងពិធីបុណ្យជ្រមុជទឹករបស់ពួកគេ។

លោកប៉ុលមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅទៅលើជម្លោះ ដែលមនុស្សគ្រប់រូបត្រូវទប់ទល់ជាមួយភ្នាក់ងាររបស់អារក្ស ដែលកំពុងព្យាយាមបោកបញ្ឆោតនិងដាក់អន្ទាក់ហើយលោកបានធ្វើការយ៉ាងនឿយហត់ ដើម្បីពង្រឹងនិងបញ្ជាក់ដល់អ្នកដែលមានក្ដីជំនឿនៅក្មេងខ្ចីនៅឡើយ ។ លោកបានអង្វរករពួកគេឲ្យថ្វាយខ្លួនចំពោះព្រះទាំងស្រុង ។ ដ្បិតលោកបានដឹងថា នៅពេលដែលចិត្តខកខានមិនបានធ្វើការចុះចូលនេះ នោះគេនឹងមិនលះចោល អំពើបាបឡើយ ហើយចំណង់នៃការបរិភោគនិងតណ្ហានៅតែទាមទារចំណេះដឹងបន្ថែម រួចការល្បួងនឹងបំភ័ន្តដល់មនសិការ ជាក់ជាមិនខាន។

ការចុះចូលនេះត្រូវតែពេញលេញទាំងស្រុង ។ រាល់ចិត្តដែលមានភាព កម្សោយ មន្ទិលសង្ស័យ និងមានការពិបាក ដែលងាកបែរទៅរកព្រះជាម្ចាស់ទាំងស្រុង នោះត្រូវបានដាក់ក្នុងទំនាក់ទំនងដោយផ្ទាល់ជាមួយភ្នាក់ងារដែលជួយឲ្យគេមានជ័យជម្នះ ។ ឋានសួគ៌នៅជិតគេបង្កើយ ហើយអ្នកនោះមានការគាំទ្រនិងជំនួយពីពួកទេវតានៃសេចក្ដីមេត្តាករុណា នៅគ្រប់ពេលពិបាកៗនិងពេលមានសេចក្តីត្រូវការ។

សមាជិកពួកជំនុំនៅក្រុងកូរិនថូសត្រូវបានហ៊ុំព័ទ្ធដោយការថ្វាយបង្គំរូបព្រះ និងភាពទាក់ទាញឲ្យមានការស្រើបស្រាលខាងកាមគុណគ្រប់ទម្រង់ច្រើនបំផុត។ ខណៈដែលសាវ័ក ប៉ុលបាននៅជាមួយពួកគេ ឥទ្ធិពលទាំងនេះមានអំណាចមកលើពួកគេតិចតួចទេ។ សេចក្ដីជំនឿដ៏រឹងមាំរបស់ លោកប៉ុល ការអធិដ្ឋានដ៏ស្មោះស្ម័គ្ររបស់លោក និងពាក្យសម្តីផ្អែមល្ហែមដែលលោកបង្រៀនដោយយកចិត្តទុកដាក់ ហើយជាពិសេស ជីវិតដ៏សុចរិតរបស់លោកបានជួយពួកគេឲ្យលះបង់ខ្លួនឯង ដើម្បីជាប្រយោជន៍ដល់ព្រះ គ្រិស្ត ជាជាងការរីករាយជាមួយនឹងការសប្បាយខាងអំពើបាប។

ទោះជាយ៉ាងនេះក៏ដោយ បន្ទាប់ពីការចាកចេញរបស់សាវ័កប៉ុលមក ស្ថានភាពមិនល្អក៏បានកើតឡើង ។ ស្រងែដែលសត្រូវបានសាបព្រោះ បានដុះឡើងនៅក្នុងចំណោមស្រូវ ហើយស្រងែទាំងនេះនឹងចាប់ផ្ដើមបង្កើតផលផ្លែអាក្រក់របស់ខ្លួននៅពេលដ៏ខ្លីខាងមុខ ។ នេះគឺជាពេលវេលានៃការពិបាកដ៏ធ្ងន់ធ្ងរសម្រាប់ពួកជំនុំនៅទីក្រុងកូរិនថូស។ សាវ័កប៉ុលលែងនៅជា មួយពួកគេ ដើម្បីដាស់តឿនចិត្ដរបស់ពួកគេ និងជួយដល់ពួកគេក្នុងការព្យាយាមរស់នៅឲ្យស្របជាមួយនឹងព្រះ តទៅទៀតហើយ ហើយមនុស្សជាច្រើនបានលែងយកចិត្តទុកដាក់និងបានធ្វេសប្រហែសបន្តិចម្តងៗ ព្រមទាំងបានបណ្តោយឲ្យរសជាតិពីធម្មជាតិនិងចំណង់ចំណូលចិត្ដគ្រប់គ្រងលើពួក គេ។ អ្នកដែលតែងតែបានលើកទឹកចិត្តពួកគេជារឿយៗ ឲ្យមានឧត្តមគតិបរិសុទ្ធខ្ពង់ខ្ពស់ និងមានភាពទៀងត្រង់ លែងនៅជាមួយពួកគេទៀតហើយ មនុស្សដែលបានប្រែចិត្ដរួចហើយ និងបានបោះបង់ចោលទម្លាប់អាក្រក់របស់គេចោលបានវិលត្រឡប់ទៅរកអំពើបាបដ៏ថោកទាបនៃសាសន៍ដទៃវិញនោះមានចំនួនមិនតិចទេ។

លោកប៉ុលបានសរសេរយ៉ាងសង្ខេបទៅកាន់ពួកជំនុំ ដោយដាស់តឿន ពួកគេ «កុំឲ្យរួម» ជាមួយសមាជិកដែលនៅតែបន្ដប្រព្រឹត្តខុសសីលធម៌ឡើយ ប៉ុន្ដែ អ្នកជឿជាច្រើននាក់បានវង្វេងចេញពីអត្ថន័យនៃប្រសាសន៍របស់សាវ័កប៉ុល បានបង្ករឿងដល់ប្រសាសន៍របស់លោក ហើយយកលេសដោះសាខ្លួនពីការមិនយកចិត្តទុកដាក់ទៅនឹងការបង្រៀនរបស់លោក។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួតដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ។​(កូរិនថូសទី១ ១:១៨)

Powered by CAM