ថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៩)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក២០

សាវ័កប៉ុលបានដឹងថាគាត់មានសេរីភាពក្នុងការនិយាយពីរបៀប និងមនុស្សដែលបានប្រាប់លោកអំពីការបែកបាក់នៅក្នុងពួកជំនុំនោះ។ «ឱបង ប្អូនអើយ ពីព្រោះមានពួកអ្នកផ្ទះនាងខ្លូអេបានប្រាប់ខ្ញុំ ពីដំណើរអ្នករាល់គ្នា ថា តែងតែមានសេចក្តីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា»។

លោកប៉ុលជាសាវ័កដែលព្រះបណ្ដាលចិត្ត ។ សេចក្ដីពិតដែលគាត់បានបង្រៀនដល់អ្នកដទៃ ជាសេចក្តីដែលលោកបានទទួល «ដោយការ បើក​សម្តែង» ប៉ុន្តែ ព្រះអម្ចាស់មិនបានបើកសម្តែងដល់លោកដោយផ្ទាល់ គ្រប់ពេលវេលា ដោយសារស្ថានភាពនៃរាស្ដ្ររបស់ទ្រង់នោះទេ។ ក្នុង​ករណី​នេះ ពួកអ្នកដែលចាប់អារម្មណ៍នឹងការីកចម្រើនរបស់ពួកជំនុំនៅទីក្រុង កូរិនថូស ហើយដែលបានឃើញអំពើអាក្រក់លូនចូលក្នុងពួកជំនុំនោះ បានបង្ហាញរឿងនេះនៅចំពោះមុខសាវ័កប៉ុល ហើយចេញពីការបើកសម្តែងរបស់ព្រះដែលលោកធ្លាប់បានទទួល លោកបានរៀបចំជំនុំជម្រះពីលក្ខណៈនៃការរីកចម្រើនទាំងនេះ។ ទោះបីជាព្រះអម្ចាស់មិនបានប្រទានការបើកសម្តែងថ្មី សម្រាប់ពេលពិសេសនោះក៏ដោយ ក៏អ្នកដែលពិតជាស្វែងរកពន្លឺ បាន​ទទួលយកសាររបស់លោក ថាជាការបើកបង្ហាញគំនិតរបស់ព្រះគ្រិស្តដែរ ។ ព្រះជាម្ចាស់បានបង្ហាញដល់លោកនូវការលំបាកនិងគ្រោះថ្នាក់ ដែលនឹង​កើតឡើងនៅក្នុងពួកជំនុំ ហើយនៅពេលដែលអំពើអាក្រក់ទាំងនេះបានកើតឡើង សាវ័កប៉ុលបានទទួលស្គាល់សារៈសំខាន់​នៃការពិបាកនិង​គ្រោះ​ថ្នាក់ទាំងនោះ ។ ព្រះបានតាំងលោកសម្រាប់ជាការការពារដល់ពួកជំនុំ។ លោកត្រូវថែរក្សាមនុស្ស ជាអ្នកដែលត្រូវទទួលខុសត្រូវចំពោះព្រះ ហើយតើការនេះមិនសមស្របនិងត្រឹមត្រូវសម្រាប់លោក ក្នុងការកត់សម្គាល់ពីរបាយការណ៍ដែលទាក់ទងនឹងភាពអនាធិបតេយ្យនិងការបែងចែកក្នុងចំណោមពួកគេទេឬ? ប្រាកដណាស់ ហើយការប្រដៅតម្រង់របស់លោក ដែល​លោកបានទូន្មានដល់ពួកគេ គឺជាការពិតដែលបានសរសេរក្រោមការបណ្តាលចិត្តពីព្រះវិញ្ញាណនៃព្រះ ដូចជាសំបុត្រផ្សេងៗទៀតរបស់លោកដែរ។

សាវ័កប៉ុលមិនបាននិយាយអំពីគ្រូក្លែងក្លាយ ដែលចង់បំផ្លាញផលផ្លែនៃការងាររបស់លោកនោះទេ។ ដោយសារភាពងងឹតនិងការបែកបាក់នៅក្នុងពួកជំនុំ លោកបានបញ្ឈប់ពួកគេដោយវាងវៃ ពីការអាក់អន់ចិត្តទៅនឹងប្រសាសន៍របស់លោកនេះ ដោយខ្លាចក្រែងការថ្លែងបែបនោះនឹងបង្វែមនុស្សមួយចំនួនឲ្យបែរចេញពីសេចក្ដីពិតទាំងស្រុង ។ លោកបានទាក់ទាញចំណាប់​អារម្មណ៍របស់ពួកគេ មកកាន់កិច្ចការរបស់លោក ក្នុងចំណោមពួកគេ ជា «មេជាងដ៏ចំណាន» ដែលបានដាំជើងជញ្ជាំងនៅលើជញ្ជាំងដែលអ្នកដទៃបានសាងសង់ ។ ប៉ុន្ដែ លោកមិនបានលើកតម្កើងខ្លួនឯងទេ។ ដ្បិតលោក​បានប្រកាសថា «ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ» ។ លោកមិនបានអះអាងថាជាប្រាជ្ញារបស់លោកទេ តែលោកបានទទួលស្គាល់ថាមានតែព្រះចេស្តាររបស់ព្រះតែមួយគត់ ដែលជួយលោកឲ្យបង្ហាញ​សេចក្ដី​ពិត ដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ ។ ដោយបានរួបរួមជាមួយព្រះគ្រិស្ត ដែលជាគ្រូបង្រៀនដ៏អស្ចារ្យបំផុត ព្រះបានអនុញ្ញាតឲ្យលោកប៉ុលបង្រៀនមេរៀននៃប្រាជ្ញារបស់ព្រះ ដែលបានបំពេញតាមតម្រូវការចាំបាច់របស់មនុស្សគ្រប់ស្រទាប់វណ្ណៈ ហើយដែលអាចអនុវត្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងនៅក្រោមគ្រប់លក្ខខណ្ឌទាំងអស់។

ក្នុងចំណោមអំពើអាក្រក់ធ្ងន់ៗ ដែលបានកើតឡើងក្នុងចំណោមពួកអ្នកជឿនៅក្រុងកូរិនថូសនោះ គឺជាការវិលត្រឡប់ទៅរកទំនៀមទម្លាប់នៃការនិយមសាសន៍ដទៃដ៏ថោកទាបជាច្រើន។ អតីតអ្នកដែលបានកែប្រែចិត្ត​ម្នាក់ ដែលបានបោះបង់ជំនឿកន្លងមក ការប្រព្រឹត្ដអសីលធម៌ខាងផ្លូវភេទ​របស់​គេមានភាពធ្ងន់ធ្ងរជាខ្លាំង រហូតដល់សូម្បីតែពួកអ្នកដែលមានសីលធម៌ទាបបំផុតនៃពិភពសាសន៍ដទៃទៀតក៏លាន់មាត់ថាជាការអាក្រក់ណាស់ផងដែរ។ សាវ័កប៉ុលបានអង្វរដល់ពួកជំនុំឲ្យដកយកចេញពីពួកគេនូវ «មនុស្សអាក្រក់​នោះ» ។ លោកបានដាស់តឿនពួកគេថា «តើមិនដឹងថាដំបែរតែបន្តិច អាចធ្វើឲ្យម្សៅទាំងអស់ដោរឡើងទេឬអី?»

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួតដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ។​ ​(កូរិនថូសទី១ ១:១៨)

Powered by CAM