ថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក២១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ។ ម៉ាថាយ ១៨:១៨
អំពើអាក្រក់ដ៏ធ្ងន់ធ្ងរមួយទៀតដែលបានកើតឡើងនៅក្នុងពួកជំនុំគឺ បងប្អូនពួកជំនុំយកច្បាប់មកប្រឆាំងនឹងគ្នាទៅវិញទៅមក។ លោកប៉ុលបានរៀបចំវិធីសាស្រ្តជាច្រើន ដើម្បីដោះស្រាយការលំបាកក្នុងចំណោមពួកអ្នកជឿ។ ព្រះគ្រិស្តបានប្រទានការណែនាំយ៉ាងច្បាស់លាស់ដោយផ្ទាល់ អំពីរបៀបកែសម្រួលដល់បញ្ហាទាំងនេះ ។ ព្រះអង្គសង្គ្រោះបានទូន្មានថា «បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនិងគាត់ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ តែបើគាត់មិនព្រមស្តាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬពីរនាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់ពីរឬបីនាក់ បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅឋានសួគ៌ដែរ ហើយបើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅឋានសួគ៌ដែរ» (ម៉ាថាយ ១៨:១៥-១៨)។
លោកប៉ុលមិនបានសរសេរពាក្យដាស់តឿននិងពាក្យស្ដីបន្ទោសចំៗ ទៅកាន់ពួកអ្នកជឿនៅក្រុងកូរិនថូស ដែលបានមើលលែងឃើញដំបូន្មានត្រង់ៗរបស់លោកនោះទេ ។ លោកបានសួរថា «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានរឿងទាស់នឹងអ្នកឯទៀត តើហ៊ានប្តឹងដល់ពួកមនុស្សទុច្ចរិត មិនប្តឹងដល់ពួកបរិសុទ្ធវិញទេឬអី តើមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះលោកិយដែរទេឬ ដូច្នេះ បើអ្នករាល់គ្នានឹងជំនុំជម្រះលោកិយបាន នោះតើមិនគួរនឹងជំនុំជម្រះការតូចបំផុតនេះបានដែរទេឬអី តើមិនដឹងថា យើងរាល់គ្នានឹងជំនុំជម្រះ ដល់ទាំងពួកទេវតាផងទេឬអី ដូច្នេះ ចំណង់បើការនៅជីវិតនេះ តើលើសជាងអម្បាលម៉ានទៅទៀត ចុះបើអ្នករាល់គ្នាមានរឿងអ្វីពីជីវិតនេះ នោះតើនឹងយកមនុស្ស ដែលពួកជំនុំរាប់អានតិចជាងគេ ឲ្យបានជំនុំជម្រះរឿងនោះឬអី ដែលខ្ញុំនិយាយដូច្នេះ គឺដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីខ្មាសវិញ តើគ្មានអ្នកមានប្រាជ្ញាណាក្នុងពួកអ្នករាល់គ្នា សូម្បីតែមួយ ដែលអាចនឹងជំនុំជម្រះរឿង ដែលពួកបងប្អូនប្តឹងប្តល់គ្នាទេឬអី បានជាពួកបងប្អូនកើតក្តីនឹងគ្នា ហើយនៅមុខពួកអ្នកដែលមិនជឿផងដូច្នេះយ៉ាងនោះ មានពេញជាកំហុស ក្នុងពួកអ្នករាល់គ្នាហើយ គឺដែលគ្រាន់តែកើតក្តីនឹងគ្នាទៅវិញទៅមកនោះឯង ហេតុអ្វីបានជាមិនស៊ូទ្រាំក្នុងការអាក្រក់នោះ? … ដែលទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ដរាបដល់ចុងបំផុតឲ្យបានឥតកន្លែងបន្ទោសបាន ក្នុងថ្ងៃនៃព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើង ឯព្រះដែលបានហៅអ្នករាល់គ្នាមក ឲ្យមានសេចក្តីប្រកបនឹងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើង?»
សាតាំងព្យាយាមឥតឈប់ឈរដើម្បីបង្ហាញការមិនទុកចិត្ត ការផ្លាស់ប្តូរ និងភាពវឹកវរក្នុងចំណោមរាស្ដ្ររបស់ព្រះ។ ជាញឹកញាប់ យើងត្រូវបានល្បួងឲ្យមានអារម្មណ៍ថាសិទ្ធិរបស់យើងត្រូវបានលុកលុយ សូម្បីតែនៅពេលគ្មានមូលហេតុពិតប្រាកដចំពោះអារម្មណ៍បែបនេះក្តី អស់អ្នកដែលស្រឡាញ់ខ្លួនឯងខ្លាំងជាងសេចក្ដីស្រឡាញ់របស់គេចំពោះព្រះគ្រិស្តនិងកិច្ចការរបស់ទ្រង់ នឹងយកផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនបង្អស់ ហើយពួកគេនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីរក្សាផលប្រយោជន៍ទាំងនោះ។ សូម្បីមនុស្សជាច្រើនដែលមើលទៅដូចជាគ្រិស្តបរិស័ទដែលមានមនសិការ ក៏ត្រូវបានរារាំងដោយមោទនភាពនិងតម្លៃផ្ទាល់ខ្លួន ពីការទៅរកបុគ្គលដែលពួកគេគិតថាខុសឆ្គងដោយសម្ងាត់ ដើម្បីអាចនិយាយឬអធិដ្ឋានជាមួយពួកគេ ដោយវិញ្ញាណនៃព្រះគ្រិស្ត ហើយអធិដ្ឋានជាមួយគ្នាទៅវិញទៅមកដែរ ។ នៅពេលពួកគេគិតថាខ្លួនគេរងរបួសដោយសារបងប្អូនរបស់ខ្លួន អ្នកខ្លះនឹងទៅរកច្បាប់តុលាការជំនួសឲ្យការធ្វើតាមគោលការណ៍របស់ព្រះអង្គសង្រ្គោះទៅវិញ។
គ្រិស្តបរិស័ទមិនគួរប្តឹងទៅតុលាការស៊ីវិល ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដែលអាចកើតឡើងក្នុងចំណោមសមាជិកពួកជំនុំទេ។ ការទាស់ទែងគ្នានេះគួរតែត្រូវបានដោះស្រាយក្នុងចំណោមគ្នាឯង ឬដោយពួកជំនុំ ស្របតាមការណែនាំរបស់ព្រះគ្រិស្ត។ ទោះជាត្រូវទទួលរងនូវអំពើអយុត្ដិធម៌ក៏ដោយ ក៏អ្នកដើរតាមព្រះយេស៊ូវដែលមានព្រះទ័យស្លូតបូតនិងរាបទាប ត្រូវតែស៊ូទ្រាំ «នឹងអំពើអាក្រក់» ជាជាងបើកបង្ហាញអំពើបាបរបស់បងប្អូនខ្លួននៅចំពោះពិភពលោក។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គ្មានចៅហ្វាយណាក្នុងលោកីយ៍នេះបានស្គាល់សេចក្តីអាថ៌កំបាំងនោះឡើយ បើបានស្គាល់នោះគេមិនបានឆ្កាងព្រះអម្ចាស់ដ៏មានសិរីទេ។ (កូរិនថូសទី១ ២:៨)